​ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត បាន​លើកឡើងថា ការកែទម្រង់​របស់​រា​ជ​រដ្ឋា​ភិ​​បាល​អាណត្តិ​ថ្មី មិនមែន​ជាការ​ធ្វើ​បដិវត្តន៍​នោះទេ ប៉ុន្តែ​ជាការ​បន្ត​និរន្តរភាព ស្ថិរភាព​សង្គម និង​ផលប្រយោជន៍​ជាតិ ដោយ​បន្ថែមថា ការពង្រីក​សមិទ្ធផល​វិជ្ជមាន និង​ការកែលម្អ​កាត់​បន្ថយ​ភាពអវិជ្ជមាន គឺជា​គោល​​នយោបាយ​សំខាន់​របស់​រដ្ឋា​​ភិ​បាល​ដែល​ត្រូវអនុវត្ត​បន្ត​។​


​លោក​បាន​ថ្លែង​ដូចនេះ​នា​ថ្ងៃទី​ ២២ ខែកុម្ភៈ ក្នុង​ពិធី​ប្រកាស​ទទួលស្គាល់​ជយលាភី អង្គភាព​ផ្តល់​សេវាសាធារណៈ​គំរូ ដល់​អនុវិទ្យាល័យ​ចំនួន​ ១០ សាលា​បឋមសិក្សា​ចំនួន​ ១០ និង​មណ្ឌល​សុខភាព​ចំនួន ១០​ ផងដែរ​។​

​លោក​បាន​លើកឡើងថា ស្ថិត​​នៅក្រោម​ម្លប់​សុខសន្តិភាព រាជ​​រដ្ឋាភិបាល​នីតិកាល​ទី៧ ​នឹង​បន្ត​យកចិត្តទុកដាក់​ក្នុងការ​អភិ​វ​ឌ្ឍ​ប្រទេសជាតិ និង​ការងារ​កែ​ទម្រង់​សំខាន់ៗ​នៅក្នុង​គោល​ដៅ​បម្រើ​ឧ​ត្ត​ម​ប្រយោជន៍​ជាតិ​ដើម្បី​ឆ្លើយតបបាន​ទាន់ពេល​វេលា​ទៅនឹង​សំណូមពរ និង​សេចក្តីត្រូវការ​របស់​ប្រជាជន​។​


​លោក​បាន​បន្ថែមថា ដើម្បី​សម្រេច​នូវ​គោលដៅ​នេះ រាជ​រដ្ឋាភិបាល​បាន​ដាក់ឱ្យអនុវត្ត​នូវ​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់​​កាល​ទី១ ដើម្បី​កំណើន​សមធម៌ ប្រសិទ្ធភាព និង​ចីរភាព​សំដៅ​កសាង​មូលដ្ឋានគ្រឹះ​ឆ្ពោះទៅ​សម្រេចបាន​នូវ​ចក្ខុវិស័យ​កម្ពុជា​ជា​ប្រទេស​ដែលមាន​ចំ​ណូ​ល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​ ២០៣០ និង​ជា​ប្រទេស​ដែលមាន​ចំណូល​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​ ២០៥០​។​

​លោក ហ៊ុន ម៉ា​ណែ​ត ថ្លែងថា​៖ «​ការដាក់ចេញ​គោល​​នយោបាយ​របស់​យើង​គឺ​សំខាន់​ណាស់ រាជរដ្ឋាភិបាល​គ្រប់​អាណត្តិ​ទាំងអស់ គ្រប់កន្លែង​ទាំងអស់ និង​គ្រប់ពេល​ទាំង​អស់​ផ្តោតទៅលើ​គោលដៅ​ធំ ​២ គឺ​ទី​១ ​ពង្រីក​សមិទ្ធផល​វិជ្ជមាន​បន្ថែម​ជូន​ប្រជាពលរដ្ឋ និង​ទី​២ ខិតខំ​វាយតម្លៃ កែលម្អ​កាត់​បន្ថយ​ភាពអវិជ្ជមាន​»​។​


​លោកនាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា គោលនយោបាយ​រដ្ឋាភិបាល​ថ្មី​ប្រកាន់​គោលជំហរ​ ២ គឺ​និរន្តរភាព និង​សុគត​ភាព​នៃ​គោលដៅ​នយោបាយ​គឺ​បម្រើ​ប្រជាពលរដ្ឋ​ធ្វើឱ្យ​ប្រទេសជាតិ​កាន់តែ​រីកចម្រើន​ឈាន​ទៅជា​ប្រទេស​ដែលមាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​ ២០៥០ ហើយ​សុគត​​ភាព​គឺ​បន្ត​គោលនយោបាយ​ដែល​បាន​ដាក់ចេញ​។​

​លោក ហ៊ុន ម៉ា​ណែ​ត បាន​សង្កត់ធ្ងន់ថា​៖ «​យើង​អត់​ធ្វើ​បដិវត្តន៍​ទេ យើង​បន្ត​និរន្តរភាព ដែល​គោលនយោបាយ​ដដែល តែ​អ្វីដែល​ប្រែប្រួល​គឺ​ការ​ជ្រើស​រើស​អាទិភាព និង​វិធីសាស្ត្រ​ក្នុង​ការធ្វើ​ដើម្បី​សម្រេច​គោលដៅ​ដែល​ត្រូវមាន​ភាព​នវានុវត្តន៍ និង​ភាព​ច្នៃប្រឌិត​»​។​

​លោកនាយក​រដ្ឋមន្ត្រីក៏បាន​បញ្ជាក់​ឱ្យដឹង​ដែរ​ថា ក្នុង​អាណត្តិ​ទី​៧​ នេះ គឺជា​អាណត្តិ​ពង្រឹង មិន​​មែន​ជា​អាណត្តិ​ពង្រីក​នោះទេ ប៉ុន្តែ​បើ​ត្រូវការ​ពង្រីក​គឺ​ត្រូវមាន​ទឡ្ហីករណ៍​ច្បាស់លាស់ រួមទាំង​ការ​រើស​មន្ត្រី​ថ្មី​ផងដែរ​។​

​ឆ្លៀតឱកាស​នោះដែរ លោក ហ៊ុន ម៉ា​ណែ​ត ក៏បាន​រំលេច​ថា ការធ្វើជា​នាយករដ្ឋមន្ត្រី បើ​គ្មាន​សិទ្ធិ​ណែនាំ​ដល់​ក្រសួង​/​ស្ថាប័ន ក្រោម​ឱវាទ​ឱ្យ​ដាក់​ទិសដៅ​ការងារ​នោះទេ មិនដឹង​ធ្វើ​នាយក​រដ្ឋមន្ត្រី​ដើម្បី​អ្វី​ឡើយ​។​

​លោក​បាន​បញ្ជាក់ថា​៖ «​គេ​ថា​ឃើញតែ​លោក ហ៊ុន ម៉ា​ណែ​ត ធ្វើការ​គ្រប់កន្លែង​។ បើ​ធ្វើ​នាយក​រដ្ឋមន្ត្រី ហើយ​គ្មាន​សិទ្ធិ​ណែនាំ​ក្រសួង​-​ស្ថាប័ន ក្រោម​ឱវាទ​ឱ្យ​ដាក់​ទិសដៅ​ការងារ​នោះ តើ​ធ្វើ​នាយករដ្ឋមន្ត្រី​ធ្វើ​អី​? ខ្ញុំ​មិន​ទៅធ្វើ​ការជំនួស​រដ្ឋមន្ត្រី​ទេ តែ​ខ្ញុំ​មាន​សិទ្ធិ​ណែនាំ​ការអនុវត្ត​គោល​នយោបាយ ដែលជា​គោល​ដៅ​របស់​យើង​។ ខ្ញុំ​មាន​សិទ្ធិ​ផ្តល់​គោល​គំនិត​»​។​

​លោក យង់ ពៅ អគ្គលេខា​ធិ​ការ​រាជបណ្ឌិត្យសភាកម្ពុជាថ្លែងថា រាជរដ្ឋាភិបាល​កម្ពុជា​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ជា​ហូរហែ​មកនេះ​បាន​បន្ត​ដឹកនាំ​តាម​គោលនយោបាយ​របស់​គណ​បក្ស​ដែល​ឈ្នះឆ្នោត​ជា​លំដាប់​។ ដូចនេះ​មានន័យថា​ជា គោលនយោបាយ​ក្នុង​អា​ណ​ត្តិ​នីមួយៗ​ដោយ​ផ្អែកលើ​សមិទ្ធផល​អាណត្តិ​មុនៗ ព្រោះ​មិនមែនជា​គណបក្ស​ផ្សេងគ្នា​នោះទេ​។​

​លោក​បាន​បញ្ជាក់ទៀតថា​៖ «​ដូច្នេះ ការលើកឡើង​ពី​ការ​ពង្រឹង​សមិទ្ធផល​នេះ​គឺជា​ការ​ត្រឹមត្រូវ​ហើយ ពីព្រោះ​រដ្ឋា​ភិ​​បាល​ដែល​ដឹកនាំ​ដោយ​គណ​​បក្ស​ប្រជាជន​កម្ពុជា គឺ​គាត់​ត្រូវតែ​ពង្រីក​នូវ​សមិទ្ធផល​របស់គាត់​ប​ន្ថែ​ម​ទៀត​ជូន​ប្រជាពលរដ្ឋ ដែលជា​គុណប្រយោជន៍​សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​របស់​ប្រជាពលរដ្ឋ​»​។​

​លោក យង់ ពៅ បាន​បន្ថែមថា មួយទៀត​ក៏ត្រូវ​ព្យាយាម​កាត់​បន្ថយ ឬ​ដោះស្រាយ​បញ្ហា​នានា​ដែល​វា​រាំងស្ទះ ឬ​រំខាន​ដល់​ការ​អភិវឌ្ឍ​ដែលជា​ភាពអវិជ្ជមាន ដូចជា​មន្ត្រី​ខិលខូច​មួយ​ដែល​ធ្វើឱ្យប៉ះពាល់​ដល់​មុខមាត់​រាជ​រដ្ឋាភិបាល អ៊ីចឹង​គឺ​ត្រូវតែ​កែ​សម្រួល​ទៅលើ​ច្បាប់ ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ជាដើម​។​

​នាឱកាស​នោះដែរ លោក ហ៊ុន ម៉ា​នី រដ្ឋមន្ត្រីក្រសួង​មុខងារ​សាធារណៈ និង​ជា​ប្រធាន​គណៈ​កម្ម​ការវាយតម្លៃ​អង្គភាព​ផ្តល់​សេវាសាធារណៈ​ថ្នាក់ជាតិ បាន​លើកឡើងថា ការប្រកាស​ទទួល​​ស្គាល់​ជយលាភី អង្គភាព​ផ្តល់​សេវាសាធារណៈ​គំរូ​នាពេលនេះ ចំ​ថ្ងៃ​ដែល​ត្រូវជា​ខួប​រយៈពេល​ ៦​ ខែ​នៃ​ការចាប់ផ្តើម​ដំណើរការ​របស់​រាជរ​ដ្ឋា​ភិ​បាល នីតិកាល​ទី៧ នៃ​រដ្ឋសភា​។​

​លោក​បាន​បន្តថា​៖ «​ថ្ងៃ​ដ៏​វិសេស​នេះ បាន​ចារឹក​នូវ​សមិទ្ធ​ផល​ថ្មី​បន្ថែមទៀត​របស់​រាជរ​ដ្ឋា​ភិ​បាល​ក្នុង​ក្របខ័ណ្ឌ​នៃ​ការអនុវត្ត​វិធានការ​គន្លឹះ​ក្នុងការ​កែទម្រង់​ការពង្រឹង​គុណភាព ប្រសិទ្ធ​ភាព និង​សមិទ្ធកម្ម​របស់​មន្ត្រី និង​ស្ថាប័ន ការលើកកម្ពស់​គុណភាព​អប់រំ និង​សេវា​សុខា​ភិ​បាល​នៅ​មូលដ្ឋាន ដែលជា​មូល​ដ្ឋា​ន​នៃ​សុខសន្តិភាព និង​ស្ថិរ​ភាព​ដ៏​រឹងមាំ​របស់​កម្ពុជា​»​។​

​លោក ហ៊ុន ម៉ា​នី បាន​បន្ថែមថា សម្រាប់​ឆ្នាំ​ ២០២៤ ​នេះ គណៈកម្មការ​វាយតម្លៃ​អង្គភាព​ផ្តល់​សេវាសាធារណៈ​ថ្នាក់ជាតិ បានទទួល​ការសម្រេច​ជា​គោល​ការណ៍​រួចហើយ ដើម្បី​បន្ត​អនុវត្ត​ការវាយតម្លៃ និង​ការទទួល​ស្គាល់​អង្គភាព​ផ្តល់​សេវាសាធារណៈ គំរូ នៅ​កម្រិត​វិទ្យាល័យ និង​សា​​លាម​ត្តេ​យ្យ​សិក្សា​សម្រាប់​វិស័យ​អប់រំ និង​មន្ទីរពេទ្យបង្អែក​ផ្តល់​សេវា​សំណុំ​សកម្មភាព​បង្គ្រប់​កម្រិត ​១ កម្រិត​ ២ និង​កម្រិត​ ៣ សម្រាប់​វិស័យ​សុខាភិបាល និង​បានដាក់​ស្នើសុំ​ការប្រកាស​ជា​ផ្លូវការ​ពី​នាយករដ្ឋមន្ត្រី​នាពេល​នោះ​ផងដែរ​។​

​សូម​បញ្ជាក់ដែរថា ការ​វាយ​​តម្លៃ និង​ការទទួលស្គាល់​អង្គភាព​ផ្តល់​សេវាសាធារណៈ​គំរូ ក្នុង​វិស័យ​អប់រំ និង​វិស័យ​សុខា​ភិ​​បាល​នេះ បាន​អនុវត្ត​កាលពី​ខែមេសា ឆ្នាំ​២០១៨​។ នៅ​ឆ្នាំ ២០១៩ ក្រសួង​អប់រំ ក្រសួង​​សុខាភិបាល ក្រសួង​មុខងារ​សាធារណៈ និង​ក្រសួង​សេដ្ឋ​​កិច្ច និង​ហិរញ្ញវត្ថុ បានកំណត់​យក​វិទ្យាល័យ មន្ទីរពេទ្យបង្អែក​រាជ​ធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែល​ផ្តល់​សេវា​សំណុំ​សកម្ម​ភាព​បង្គ្រប់​កម្រិត ​១ កម្រិត​ ២ និង​កម្រិត​ ៣ ជា​អង្គភាព​គោល​​ដៅ​សម្រាប់​ការវាយតម្លៃ​៕