មជ្ឈមណ្ឌល​ជាតិប្រយុទ្ធ​នឹងជំងឺ​គ្រុនចាញ់ ប៉ារ៉ា​ស៊ីតសាស្រ្ត និងបាណក​សាស្រ្ត និងដៃគូ​ពាក់ព័ន្ធ បានដាក់ទិសដៅ​បន្ត ដើម្បី​ប្រយុទ្ធប្រឆាំង​នឹងជំងឺ​គ្រុនចាញ់ គ្រុនឈាម និងប្រយុទ្ធនឹង​ជំងឺ​ដង្កូវព្រូន តាមរយៈ​វិធានការ​ផ្តល់​ថ្នាំ ការព្យាបាល និងជំរុញ​ការលុបបំបាត់​ប្រភពបង្ក​បង្កើតកូនចៅ​សត្វមូសខ្លា ដើម្បីកម្ពុជា​មានការអភិវឌ្ឍ​ដោយ​និរន្តរភាព និងទទួល​បានសុខភាព​សាធារណៈ​កាន់តែល្អ​ប្រសើរ។


ការដាក់ទិសដៅ​នេះ បន្ទាប់ពី​មជ្ឈមណ្ឌល​ជាតិប្រយុទ្ធនឹង​ជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីត​សាស្រ្ត និងបាណក​សាស្រ្ត បាន​បើក​សន្និបាត​បូក​សរុប​ការងារ​ឆ្នាំ២០២៣ និងទិសដៅ​ការងារ​ឆ្នាំ២០២៤ រយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃ​ទី២០-២២ ខែកុម្ភៈ ឆ្នាំ ២០២៤ ដោយមានការចូលរួម​ពីមន្រ្តី​ក្រសួង​សុខាភិបាល តំណាងអង្គការ​សុខភាព​ពិភពលោក​ប្រចាំ​កម្ពុជា, UNOPS, PMI/USAID, និងតំណាង​អង្គការជាតិ-អន្តរជាតិ ដៃគូ​អភិវឌ្ឍ និងម្ចាស់​ជំនួយ ព្រមទាំង​សមាជិក សមាជិកា​នៃអង្គ​សន្និបាត ប្រមាណ ៣០០ នាក់។
 
សន្និបាតនេះ ធ្វើឡើង​ដើម្បី​ប្រមូលនូវធាតុ​ចូលជា​បទពិសោធន៍​អនុវត្ត​ជាក់ស្ដែង​ល្អៗ និងមានការពិគ្រោះ​យោបល់​បើកចំហ​ទូលំទូលាយ កំណត់បាន​នូវបញ្ហា​ប្រឈម ដើម្បី​ផ្តល់ដំណោះស្រាយ​ជាគន្លឹះ​ឱ្យកាន់តែ​មានប្រសិទ្ធភាព ពាក់ព័ន្ធកម្មវិធី​ជាតិទាំង ៣ គឺកម្មវិធី ប្រយុទ្ធនឹង​ជំងឺ​គ្រុនចាញ់ ជំងឺគ្រុន​ឈាម និងជំងឺ​ដង្កូវព្រូន។


 
បើតាមក្រសួង​សុខាភិបាល លទ្ធផលនៃ​អង្គសន្និបាត បានបង្ហាញ​នូវចំណុច​សំខាន់ៗ ដោយក្នុងនោះ​ករណីជំងឺ​គ្រុនចាញ់​ក្នុង​ឆ្នាំ២០២៣ មានជាង ១៣០០ ករណី។ ប៉ុន្តែ​ចំពោះ​ជំងឺ គ្រុនចាញ់​សន្ធំ​នៅសល់ ៣៤ ករណី នៅឆ្នាំ២០២៣​ដែលចំនួននេះ​មានការថយចុះ​យ៉ាងគំហុក​ប្រៀបធៀប​ឆ្នាំ២០២២។


 ក្រសួង​បានឱ្យដឹង​ថា វិធានការ​ចំពោះមុខ ត្រូវលុបបំបាត់​ជំងឺ​គ្រុន​ចាញ់​លាប់ តាមរយៈ​ផ្តល់ថ្នាំ​សមូហភាព​ដោយប្រើថ្នាំ​ក្លរ៉ូគីន (៤ខែ) និងព្យាបាល​ផ្តាច់ ៨ សប្តាហ៍​ដោយថ្នាំ​ព្រីម៉ាគីន​ដោយធ្វើ​តេស្ត G6PD ព្រមទាំង​មានក្រុមការងារ​ពិសេស​លុបបំបាត់​ជំងឺគ្រុន​ចាញ់​ដែលដឹកនាំ​ដោយ អភិបាលរង​ទទួល​បន្ទុកត្រូវដឹកនាំ​ប្រជុំ​ទៀងទាត់​ជាប្រចាំ​ត្រីមាស។ 

ចំពោះ​វិធានការ កម្មវិធី​គ្រុនឈាម​វិញ គឺត្រូវកាត់បន្ថយ​អត្រាឈឺ តាមរយៈ​កិច្ចសហការ​រឹងមាំ និងជិត​ដិតបំផុត ជំរុញការ​លុបបំបាត់​ប្រភពបង្ក​បង្កើត​កូនចៅ​សត្វ​មូសខ្លា ពិសេស​សម្បក​កង់ឡាន និងដាក់ថ្នាំ​បាណក​ឃាដ (អាបែត ឬ Bti) និងបញ្ជូនអ្នកជំងឺមកសេវាសាធារណៈឱ្យបានទាន់ពេល។
 
សម្រាប់​កម្មវិធី​ជាតិ​ប្រយុទ្ធប្រឆាំង​ដង្កូវព្រូន ក្រសួង​សុខាភិបាល បានជំរុញ​បន្ថែមគោលដៅ​គ្របដណ្តប់​ថ្នាំ​ទម្លាក់​ព្រូន ដល់ក្រុម​គោលដៅ ជាកុមារ និងស្ត្រី និងពន្លឿន​ការអនុវត្ត​សកម្មភាព​លុបបំបាត់​ជំងឺ​ព្រូន​ស៊ីស្តូ​នៅ​ឆ្នាំ២០២៥។


គួរជម្រាបថា បើតាមរបាយការណ៍​ពីអង្គសន្និបាត​ខាងលើ ករណី​ជំងឺ​គ្រុនចាញ់​ក្នុង​ឆ្នាំ២០២៣ មានចំនួន ១ ៣៨៤ ករណី គឺមានការ​ថយចុះ ៦៦% បើប្រៀបធៀប​ឆ្នាំ២០២២។ សម្រាប់​កម្មវិធី​ជាតិប្រយុទ្ធនឹង​ជំងឺ​គ្រុនឈាម កម្ពុជា​ធានា​បាននូវ​អត្រាស្លាប់​ឱ្យនៅ​អត្រាទាប​ជាង ០,១៥% ជារៀងរាល់ឆ្នាំ​ដែលស្របតាម​យុទ្ធសាស្រ្ត​សកល។ ឆ្នាំ២០២៣ ជំងឺគ្រុន​ឈាម​សរុបចំនួន ៣៥៣៩០ ករណី និងស្លាប់​ចំនួន ៩៩​នាក់ (អត្រា​ស្លាប់ ០,២៨%) គឺកើនឡើង​ជិត ៣ ដង​ធៀបនឹង​ករណី​ឆ្នាំ២០២២ ដែលមាន ១២ ៩៨៥ ករណី និងស្លាប់ ២១ នាក់។