រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ជួន ណារ៉ុន បានលើកឡើងថា វឌ្ឍនភាពនៃកំណែទម្រង់ក្នុងវិស័យអប់រំអំឡុងពេលជាង ១០ ឆ្នាំ និង ៥ ឆ្នាំ នៃកំណែទម្រង់សាលារៀន បានធ្វើឱ្យវិស័យអប់រំនៅកម្ពុជាមានភាពល្អប្រសើរឡើង ខណៈក្រសួងកំពុងជំរុញកំណែទម្រង់វិស័យអប់រំឈានទៅ ពង្រឹងគុណភាពសាលារៀនចាប់ពីថ្នាក់មត្តេយ្យដល់អនុវិទ្យាល័យ។
លោករដ្ឋមន្ត្រីបានថ្លែងបែបនេះ នាឱកាសអញ្ជើញចូលរួមក្នុងកម្មវិធីផ្សព្វផ្សាយរបាយការណ៍ ស្ដីពី “Skilling Cambodia for Accelerated Growth: Fixing the Foundation” រៀបចំឡើងដោយ ធនាគារពិភពលោក កាលពីថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២៤។ នេះបើតាមហ្វេសប៊ុកក្រសួងអប់រំ។
មានប្រសាសន៍ក្នុងឱកាសនេះ លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានថ្លែងអំណរចំពោះធនាគារពិភពលោក ដែលបានធ្វើការសិក្សា និងចងក្រងរបាយការណ៍នេះ ដើម្បីជាទុនគាំទ្រដល់ការងាររៀបចំគោលនយោបាយ និងការងារពាក់ព័ន្ធជាច្រើន ក្នុងគោលដៅពិនិត្យកំណែទម្រង់អប់រំជំរុញការសិក្សារៀនសូត្ររបស់កុមារ ក៏ដូចជាអរគុណដល់ដៃគូអភិវឌ្ឍទាំងអស់ដែលតែងតែគាំទ្រជ្រោមជ្រែងលើកស្ទួយវិស័យអប់រំនៅកម្ពុជា។
លោកបន្តថា ការវាយតម្លៃលទ្ធផលសិក្សាសិស្ស (SEA-PLM) និងការធ្វើតេស្តស្តង់ដា (PISA) ធ្វើឱ្យក្រសួងកំណត់រកឃើញបញ្ហាក្នុងប្រព័ន្ធអប់រំ ក៏ដូចជាអភិវឌ្ឍគោលនយោបាយចំគោលដៅដើម្បីឆ្លើយតបដោះស្រាយបញ្ហាប្រឈមនានាទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។
ឆ្លៀតក្នុងឱកាសនោះ លោកបានរំឭកថា ៖«វឌ្ឍនភាពនៃកំណែទម្រង់ក្នុងវិស័យអប់រំអំឡុងពេលជាង ១០ ឆ្នាំ និង ៥ ឆ្នាំ នៃកំណែទម្រង់សាលារៀន ដែលផ្ដោតលើ ការអនុវត្តកំណែទម្រង់ការគ្រប់គ្រងសាលា ការអភិវឌ្ឍគ្រូបង្រៀន ការពិនិត្យ និងកែលម្អសៀវភៅគោល និងធ្វើឱ្យប្រសើរឡើងនូវវិធីសាស្ត្របង្រៀន ការលើកកម្ពស់ការអប់រំបែបឌីជីថល ការអភិវឌ្ឍកម្មវិធីសិក្សា លើកកម្ពស់សុខភាពសិក្សា កម្មវិធីគាំទ្រតម្រូវការរបស់សិស្ស កម្មវិធីថែទាំ និង អប់រំកុមាតូច»។
លោកឱ្យដឹងទៀតថា ឆ្លើយតបនឹងលទ្ធផលទទួលបានពីការធ្វើតេស្តស្តង់ដា PISA រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអប់រំ កំពុងជំរុញកំណែទម្រង់វិស័យអប់រំឈានទៅ ពង្រឹងគុណភាពសាលារៀនចាប់ពីថ្នាក់មត្តេយ្យដល់អនុវិទ្យាល័យ និងលើកកម្ពស់លទ្ធផលសិក្សាសិស្ស ដោយបានកំណត់ការងារអាទិភាពមួយចំនួន។
ក្នុងនោះរួមមាន ១ ការពង្រឹងអភិបាលកិច្ច សាលារៀន ២ ការពិនិត្យ កែសម្រួល និងរៀបចំកម្មវិធីសិក្សា និង សកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របទៅតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង, វិន័យ, សីលធម៌ និង ឥរិយាបថរបស់សិស្ស ៣ ការយកចិត្ត ទុកដាក់លើសុខភាព របស់សិស្ស តាមរយៈ កម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាព ចំណីអាហារនៅតាមសាលារៀន និង ៤ ការជំរុញ និងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ ក្នុងការអប់រំស្របតាមពាក្យស្លោក “ភាពជាដៃគូរដ្ឋ និង សហគមន៍ ដើម្បីការអប់រំ”។
គួរជម្រាបថា ពិធីផ្សព្វផ្សាយខាងលើនេះ មានការចូលរួមពីលោកស្រី Mariam J. Sherma នាយិកាធនាគារពិភពលោក ប្រចាំប្រទេសកម្ពុជា មីយ៉ាន់ម៉ា និងឡាវ ,លោក Aaditya Mattoo ប្រធានសេដ្ឋវិទូរបស់ WB ប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក, លោក Cristian Aedo នាយកប្រតិបត្តិរបស់ WB, Education Global Practice, គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានគន្លឹះក្នុងវិស័យអប់រំ,ប្រធាន ECOSSOC និងថ្នាក់ដឹកនាំក្រោមឱវាទក្រសួង មន្ទីរអប់រំ យុវជន និងកីឡាទាំង ២៥ រាជធានី ខេត្ត, សាលាគរុកោសល្យ និងវិក្រឹតការ ទាំង ២៥ រាជធានី ខេត្ត សរុបចំនួន ១៣៣ រូប៕