​លោក សោម សូ​រី​ដា សមាជិក​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជប​) បាន​អះអាងថា ការឃោសនាបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៥ ឆ្នាំ ​២០២៤ ក្នុង​រយៈពេល ១៤ ថ្ងៃ ដែលមាន​ការចូល​ប្រកួតប្រជែង​ពី​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​ឆន្ទៈ​ខ្មែរ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​គណបក្ស​កម្លាំង​ជាតិ បានបញ្ចប់​ទៅដោយ​ភាព​វិជ្ជមាន​។


លោក សោម សូ​រី​ដា សមាជិក គ​.​ជ​.​ប បាន​អះអាង​បែបនេះ ក្នុងពេល​ដឹកនាំ​កិច្ចប្រជុំ​ជាមួយ​ភាគី​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត ដើម្បី​បូកសរុប​ព្រឹត្តិការណ៍​នៃ​ការឃោសនាបោះឆ្នោត​ក្នុង​រយៈពេល​ ១៤ ថ្ងៃ សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា កាលពី​ថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២៤​។

តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន​របស់​ គ​.​ជ​.​ប លោក សោម សូ​រី​ដា បាន​ថ្លែងថា ក្នុង​រយៈពេល ១៤ ថ្ងៃ នៃ​យុទ្ធនា​ការឃោសនា​រក​សំឡេងឆ្នោត គ​.​ជ​.​ប សង្កេតឃើញថា គណបក្សនយោបាយ​ដែល​បាន​ចុះបញ្ជី​គណបក្ស​ឈរឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ តាម​មណ្ឌល​ភូមិភាគ​នីមួយៗ បានធ្វើ​សកម្មភាព​ឃោសនា​រក​សំឡេងឆ្នោត តាម​មធ្យោបាយ​រៀងៗ​ខ្លួន ក្នុង​បរិយាកាស​សន្តិសុខ សុវត្ថិភាព និង​សណ្ដាប់ធ្នាប់​សាធារណៈ​ល្អ មិនមាន​កើតឡើង​នូវ​រូបភាព​អវិជ្ជមាន​ណាមួយ​ឡើយ​។


លោក សោម សូ​រី​ដា ​ថ្លែងថា​៖ «​ជារួម គ​.​ជ​.​ប អាច​សន្និដ្ឋានបានថា ក្នុង​រយៈពេល ១៤​ ថ្ងៃ​កន្លងមកនេះ ការឃោសនាបោះឆ្នោត របស់​គណបក្សនយោបាយ​នៅតាម​បណ្តា​ខេត្ត និង​រាជធានី ចំណុះ​ភូមិភាគ បាន​ប្រព្រឹត្ត​ទៅដោយ​រលូន មានការ​យោគយល់​អធ្យាស្រ័យ​គ្នា មាន​កិច្ចសហការ​ពី​បណ្តា​ភាគី​ពាក់ព័ន្ធ​នានា​បានល្អ​ប្រសើរ ដែល​រក្សាបាន​នូវ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​ក្នុង​រាជធានី ខេត្ត នៃ​ភូមិភាគ​នីមួយៗ​»​។

តាមរយៈ​សកម្ម​ភាពជា​វិជ្ជមាន​ទាំងនេះ​លោក  សោម សូ​រី​ដា បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ពិសេស គណបក្សនយោបាយ ដែល​កាន់​តែមាន​ភាពចាស់ទុំ​ខាង​នយោបាយ ចូលរួម​គោរព និង​អនុវត្ត​ច្បាប់ បទបញ្ជា និង​នីតិវិធី រួម​នឹង​ក្រមសីលធម៌ សម្រាប់​ការបោះឆ្នោត និង​សហការ ផ្តល់ព័ត៌មាន គោរព​តាម​ការរៀបចំ ចាត់ចែង និង​សម្របសម្រួល​ពី​អាជ្ញាធរ និង គ​ធ​.​ខ​ប​។


ជាមួយគ្នា​នោះដែរ លោក​ក៏បាន​ថ្លែងអំណរគុណ​ដល់​អាជ្ញាធរ​រាជធានី ខេត្ត ដែល​បានផ្តល់​កិច្ចសហការ ជួយ​សម្របសម្រួល រក្សា​សន្តិសុខ សុវត្ថិភាព និង​រក្សា​សណ្តា​ប់ធា្ន​ប់​សាធារណៈ​ល្អ ដោយ​ពុំមាន​ការរើសអើង​។

បើតាម​លោក សោម សូ​រី​ដា ក្នុងអំឡុងពេល​នៃ​ការឃោសនា រក​សំឡេងឆ្នោត​នេះ​ផងដែរ គណបក្សនយោបាយ​ទាំង ៤ មានឱកាស​ផ្សព្វផ្សាយ​ដោយ​ស្មើភាព​គ្នា នូវ​គោលនយោបាយ និង​កម្មវិធី​នយោបាយ​របស់ខ្លួន​ជូន​ដល់​អ្នកបោះឆ្នោត និង​សាធារណជន តាមរយៈ​កម្មវិធី​ផ្សព្វផ្សាយ​គោលនយោបាយ​របស់​គណ​បក្សនយោបាយ ដែល​រៀបចំ​ដោយ គ​.​ជ​.​ប​។ ការផ្សព្វផ្សាយ​នេះ​ធ្វើឡើង​តាម​វិទ្យុ និង​ទូរទស្សន៍​របស់​រដ្ឋ​។

កាលពី​ថ្ងៃទី​ ២៣ ខែកុម្ភៈ គ​.​ជ​.​ប បានចេញ​សេចក្តីអំពាវនាវ​ដល់គ​ណ​បក្សនយោបាយ បេក្ខជន ភ្នាក់ងារ​គណបក្សនយោបាយ សមាជិក និង​អ្នកគាំទ្រ​គណបក្សនយោបាយ រួម​នឹង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​គ្រប់​ប្រភេទ ត្រូវ​រក្សា​ភាពស្ងប់ស្ងាត់ ចាប់ពី​ម៉ោង ១០:០០ យប់​ថ្ងៃទី​ ២៣ ខែកុម្ភៈ រហូតដល់​ម៉ោង ១២:០០ យប់​ថ្ងៃទី ​២៥ ខែកុម្ភៈ ឆ្នាំ ​២០២៤​។

ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃអាទិត្យ ទី​ ២៥ ខែកុម្ភៈ ឆ្នាំ​ ២០២៤ ចាប់ពី​វេលា​ម៉ោង ៧:០០​ព្រឹក ដល់​ម៉ោង ៣:០០​ រសៀល នៅតាម​ការិយាល័យ​បោះឆ្នោត​ទាំង ៣៣ ចំណុះឱ្យ​ភូមិភាគ​ទាំង ៨៕