ក្រសួងធនធានទឹក និងឧតុនិយមបានឱ្យដឹងថា សកម្មភាពរបស់បុគ្គលដែលបានចាក់ថ្មចូលផ្ទៃទន្លេ ស្ថិតនៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម នឹងបង្កឧបសគ្គ ឬធ្វើឱ្យមានការរាំងស្ទះដល់លំហូរទឹកធម្មជាតិនៃទន្លេ ដែលត្រូវប្រឈមមុខផ្លូវច្បាប់ជាប់ពន្ធនាគារពី១ ទៅ ៥ ឆ្នាំ និងពិន័យជាប្រាក់ពី ៥ លាន រហូតដល់ ១០ លានរៀល។
ការបង្ហាញទិដ្ឋភាពផ្លូវច្បាប់នេះ បន្ទាប់ពីភាគីម្ចាស់ដីខាងលើ បានធ្វើសកម្មភាពចាក់ថ្មចូលផ្ទៃទន្លេប្រហែង ៥៥ ម៉ែត្រ និងគ្រោងចាក់បណ្តោយទន្លេប្រវែង ២៩៤,៦ ម៉ែត្រ (បច្ចុប្បន្នទើបចាក់បាន ១៣០ ម៉ែត្រ ) ដោយពុំមានច្បាប់អនុញ្ញាតឡើយ ដែលមានទីតាំងភូមិព្រៃទទឹង ឃុំឬស្សីស្រុក ស្រុកស្រីសន្ទរ ខេត្តកំពង់ចាម។
ពាក់ព័ន្ធផ្លូវច្បាប់វិញ ក្រសួងធនធានទឹក និងឧតុនិយមបានឱ្យដឹងថា សកម្មភាពចាក់ថ្មចូលផ្ទៃទន្លេ ដើម្បីចាក់ខ្សាច់លុបនេះ នឹងបង្កឧបសគ្គ ឬធ្វើឱ្យមានការរាំងស្ទះដល់លំហូរទឹកធម្មជាតិនៃទន្លេ ហើយជាបទល្មើសដែលមានបញ្ញត្តនៅក្នុងមាត្រា ៣៦ នៃច្បាប់ស្តីពីការគ្រប់គ្រងធនធានទឹកនៅកម្ពុជា។
សេក្តីប្រកាសព័ត៌មានរបស់ក្រសួងធានធានទឹក ចុះថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២៤ បញ្ជាក់ថា យោងតាមច្បាប់ខាងលើ «ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី ៥ លានរៀល ដល់ ១០ លានរៀល និង/ឬដាក់ពន្ធនាគារពី ១ ឆ្នាំ ដល់ ៥ ឆ្នាំ ចំពោះបុគ្គលដែលបង្កឧបសគ្គ ឬធ្វើឱ្យរាំងស្ទះដល់លំហូរទឹកធម្មជាតិនៃទន្លេ ស្ទឹង ព្រែក អូរ ប្រឡាយ ដោយគ្មានការអនុញ្ញាត។ គ្រប់ករណីមិនរាងចាល ត្រូវផ្តន្ទាទោសទ្វេមួយជាពីរ»។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ចាម ចុះថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២៤ ឱ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានពីករណីចាក់ថ្មចូលផ្ទៃទន្លេភ្លាម រដ្ឋបាលខេត្តបានចាត់តាំងលោក ស្រី សុភ័ក្ត្រ អភិបាលរងខេត្តកំពង់ចាម ដឹកនាំក្រុមការងារចុះពិនិត្យ ផ្តិតយករូបភាព ជួបជាមួយនឹងភាគីពាក់ព័ន្ធ និងបានរកឃើញថាពិតជាមានសកម្មភាពចាក់ថ្មចូលផ្ទៃទន្លេពិតប្រាកដមែន។
សេចក្តីប្រកាសបន្តថា សកម្មភាពនេះបានដំណើរការជិត ២ ខែមកហើយ ពោលតាំងពីថ្ងៃទី ២ ខែមករា ឆ្នាំ ២០២៤ មកម្ល៉េះ។
ជាវិធានការបន្ទាន់ រដ្ឋបាលខេត្តកំពង់ចាម បានកំណត់ឱ្យភាគីម្ចាស់ដី ដែលកំពុងធ្វើសកម្មភាពចាក់ថ្មចូលទន្លេនេះ
ត្រូវបញ្ឈប់សកម្មភាពចាក់ថ្មចូលផ្ទៃទន្លេដោយគ្មានច្បាប់អនុញ្ញាត ទោះក្នុងហេតុផលណាមួយក៏ដោយ។
ត្រូវធ្វើការកាយ និងយកថ្ម ដែលបានចាក់រួចហើយនេះចេញវិញឱ្យអស់យ៉ាងយូរក្នុងរយៈពេល ៧០ ថ្ងៃកំណត់ និងមិនត្រូវកាយពង្រាយទម្លាក់ចូលក្នុងទឹកទន្លេឡើយ ដើម្បីបញ្ចៀសផលប៉ះពាល់ទៅថ្ងៃក្រោយ សម្រាប់ការធ្វើចរាចរណ៍តាមផ្លូវទឹក។ ភាគីម្ចាស់ដី ត្រូវធ្វើសេចក្តីរាយការណ៍មករដ្ឋបាលខេត្តកំពង់ចាម ក្នុងរយៈពេល ១ ខែម្តង នៅរៀងរាល់ចុងខែនីមួយៗ ហើយក្រុមការងាររបស់រដ្ឋបាលខេត្តកំពង់ចាម នឹងចុះធ្វើការពិនិត្យ តាមដានការអនុវត្តវិធានការនេះ នៅរៀងរាល់មួយសប្តាហ៍ម្ដង ឬតាមពេលវេលាជាក់ស្តែង។
រដ្ឋបាលខេត្ត ក៏បានបញ្ជាក់ថា ចំពោះករណីនេះគ្រាន់តែជាវិធានការបឋមប៉ុណ្ណោះ ហើយជាវិធានការបន្ទាប់គឺរដ្ឋបាលខេត្ត កំពុងសិក្សាតាមផ្លូវច្បាប់ ដើម្បីស្នើដាក់បន្ទុកទៅលើជនល្មើសបន្ថែមទៀត។
ជាមួយគ្នានេះដែរ ក្រសួងធនធានទឹក និងឧតុនិយម ក៏ដូចជារដ្ឋបាលខេត្តកំពង់ចាម បានថ្លែងអំណរគុណដល់សាធារណជន អ្នកសារព័ត៌មាន ដែលបានផ្តល់ព័ត៌មានពិតប្រាកដទាន់ពេលវេលា ដែលអាចឈានដល់ការដាក់ចេញវិធានការតាមផ្លូវច្បាប់៕