លោកស្រី ផែតុងតាន ស៊ីណាវ៉ាត្រា ប្រធានគណបក្សភឿថៃ រួមជាមួយប្រតិភូ គ្រោងនឺងមកបំពេញទស្សនកិច្ច នៅរាជធានីភ្នំពេញ ពីថ្ងៃទី១៨-១៩ ខែមីនា ឆ្នាំ២០២៤ ហើយគ្រោងនឺងជួបថ្នាក់ដឹកនាំកំពូលនៃគណបក្សប្រជាជនកម្ពុជា។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណបក្សប្រជាជនកម្ពុជានៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤។
ប្រភពដដែលបានឱ្យដឹងថា លោកស្រី ផែតុងតាន នឹងជួបលោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា លោក សាយ ឈុំ ប្រធានព្រឹទ្ធសភា លោកស្រី ឃួន សុដារី ប្រធានរដ្ឋសភា និងលោកហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។
ដំណើរទស្សនកិច្ចរបស់សមភាគីថៃនេះ ធ្វើឡើងក្រោយពីលោកហ៊ុន សែន បានធ្វើដំណើរទៅសួរសុខទុក្ខលោកថាក់ស៊ីន ស៊ីណាវ៉ាត្រា ដល់គេហដ្ឋាននៅទីក្រុងបាងកក នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ហើយលោកក៏បានយកឱកាសនោះអញ្ជើញលោកស្រី ផែតុងតាន មកបំពេញទស្សនកិច្ចនៅកម្ពុជា។
សេចក្ដីប្រកាសព័ត៌មានរបស់ CPP បានឱ្យដឹងថា៖ «ការផ្លាស់ប្ដូរទស្សនកិច្ចជាន់ខ្ពស់រវាងគណបក្សទាំង២នេះ គឺក្នុងគោលបំណងផ្លាស់ប្ដូរយោបល់លើកិច្ចសហប្រតិបត្តិការនៃប្រទេសជាប់ភូមិផងរបងគ្នា ដើម្បីបម្រើផលប្រយោជន៍រួមរបស់ប្រជាជន និងគណបក្សទាំង២ដោយផ្អែកលើចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងគណបក្សទាំង២»។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានប្រាប់ឱ្យដឹងនៅថ្ងៃទី២៥ ខែកុម្ភៈថា ដំណើរទស្សនកិច្ចរបស់ប្រធានគណបក្សភឿថៃមកកាន់កម្ពុជានេះ នឹងលើកកម្ពស់ទំនាក់ទំនងគណបក្សកាន់អំណាចនៃប្រទេសទាំង២ ដែលជះឥទ្ធិពលវិជ្ជមានដល់កិច្ចសហប្រតិបត្តិការដល់រដ្ឋាភិបាលថៃ និងកម្ពុជា ហើយអាចពន្លឿនការដោះស្រាយបញ្ហាជាប់គាំង ឬផលវិបាកដែលប្រទេសទាំង២ កំពុងជួបប្រទះ។
លោកបានបន្តថា៖ «ក្នុងទំនាក់ទំនងបក្សនិងបក្សនេះ យើងអាចពិភាក្សាគ្នា ឬមួយចុះកិច្ចព្រមព្រៀងគ្នាណាមួយ ឬចុះអនុស្សរណៈយោគយល់ (MoU) ជាមួយគ្នា ដើម្បីកំណត់កម្មវិធីត្រូវកិច្ចសហប្រតិបត្តិការគ្នា កម្មវិធីទស្សនកិច្ចរវាងថ្នាក់ដឹកនាំកំពូល ឬមន្ត្រីនៃគណបក្សទាំង២ផង។ ដំណើរទស្សនកិច្ចរបស់លោកស្រីប្រធានគណបក្សភឿថៃនេះ នឹងជំរុញទំនាក់ទំនងកាន់តែស៊ីជម្រៅរវាងគណបក្សកាន់អំណាចទាំង ២ ថែមទៀត។
លោកថ្លែងដោយបានបង្ហាញសុទិដ្ឋិយមខ្ពស់ចំពោះទំនាក់ទំនងល្អរវាងគណបក្សភឿថៃ និងប្រជាជនកម្ពុជា ដែលសាងឡើងដោយលោកអតីតនាយករដ្ឋមន្ត្រីហ៊ុន សែន ជាមួយអតីតនាយករដ្ឋមន្ត្រីថៃលោកថាក់ស៊ីន ស៊ីណាវ៉ាត្រា មិនធា្លប់មានក្នុងប្រវត្តិសាស្ត្រ ដែលនឹងរុញច្រានទំនាក់ទំនងរដ្ឋាភិបាលកំពុងដឹកនាំប្រទេសទាំងកម្ពុជា និងថៃ ក្នុងគោល ដៅពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្ម ដោះស្រាយបញ្ហារួម ការផ្លាស់ប្តូរប្រជា ជន និងប្រជាជន ជាពិសេសអាចជួយដោះស្រាយនិងជួយអន្តរាគមន៍ដល់ពលករខ្មែរដែលមានចំនួនច្រើនកំពុងបម្រើការនៅទឹកដីថៃផង។
ជាមួយគ្នាលោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងថា ដំណើរទស្សនកិច្ចនេះ បង្ហាញឱ្យឃើញពីភាពស្និទ្ធស្នាលរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សភឿថៃ ហើយក៏បង្ហាញពីកម្រិតទំនាក់ទំនងស៊ីជម្រៅរវាងឥស្សរជនជាន់ខ្ពស់នៃគណបក្សកាន់អំណាចទាំង២ ដែលមានលោកហ៊ុន សែន ពីភាគីកម្ពុជា និងលោកថាក់ស៊ីន ពីភាគីថៃ ហើយតមកជំនាន់អ្នកបន្តវេនគឺរវាងលោកហ៊ុន ម៉ាណែត និងលោកស្រីផែតុងតាន ស៊ីណាវ៉ាត្រា កូនស្រីលោកថាក់ស៊ីន។
លោកថា ការមានទំនាក់ទំនងល្អរវាងគណបក្សកាន់អំណាចទាំង២ ជាស្ពានចម្លងដល់ការបង្កើនកម្រិតទំនាក់ទំនងរវាងប្រទេសនិងប្រទេស បើសិនគ្មានកែប្រែប្រួលណាមួយជុំវិញនយោបាយផ្ទៃក្នុងនៃប្រទេសទាំង២ ជាពិសេសផ្ទៃក្នុងថៃតែម្តង ដែលនឹងរុញច្រានកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដែលមេដឹកនាំប្រទេសទាំង២ ទើបសម្រេចបានអំឡុងដំណើរទស្សនកិច្ចលោកហ៊ុន ម៉ាណែត ទៅកាន់ថៃនាពេលថ្មីៗនេះ។
លោកថ្លែងថា៖ «ការមានទំនាក់ទំនងរវាងប្រទេសជិតខាងពោលគឺកម្ពុជា និងថៃ គឺមានសារៈសំខាន់ដើម្បីពង្រឹងទំនាក់ទំនងលើវិស័យនយោបាយ សន្តិសុខ ការរួមគ្នាប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនិងឧក្រិដ្ឋកម្មឆ្លងដែន បញ្ហាគ្រឿងញៀន ការផ្លាស់ប្តូរពាណិជ្ជ កម្មនិងងវិនិយោគ លំហូរកម្លាំងពលកម្ម ការធ្វើពាណិជ្ជកម្មតាមបណ្តោយព្រំដែន និងជាពិសេសទៅលើវិស័យទេសចរណ៍ ខណៈភ្ញៀវទេសចរថៃកំពុងឈរលំដាប់ទី១ ជាភ្ញៀវបរទេសមកទស្សនាកម្ពុជា»។
លោកមាស នី អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងជាអ្នកតាមដានបញ្ហានយោបាយ បានអះអាងថា គណបក្សភឿថៃ និងគណបក្សប្រជាជនកម្ពុជា មានទំនាក់ទំនងល្អនឹងគ្នាជាយូរណាស់មកហើយដោយសារទំនាក់ទំនងជិតស្និទ្ធរវាងលោកហ៊ុន សែន និងលោកថាក់ស៊ីន ហើយដំណើរទស្សនកិច្ចរបស់កូនស្រីលោកថាក់ស៊ីន មកកម្ពុជានៅខែមីនា នេះជាសារបង្ហាញកាន់តែច្បាស់ពីការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងរវាងគណបក្សកាន់អំណាចទាំង២។
លោកបានថ្លែងថា៖ «យ៉ាងណា ខ្ញុំយល់ថា ការមានទំនាក់ទំនងល្អក្នុងកម្រិតនយោបាយរវាងប្រទេសទាំង២ ជារឿងល្អដើម្បីស្ថិរភាពរវាងប្រទេសទាំង២ ដើម្បីការពារបញ្ហាចារកម្ម ការរកស៊ីឆ្លងដែនខុសច្បាប់ អំពើឧក្រិដ្ឋកម្មឆ្លងដែននានា»៕