​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បានប្រកាស​ផ្អាក​ជា​បណ្តោះអាសន្ន​លើ​ការ​នាំចូល​គ្រឿងក្នុង​និង​បំណែក​សាច់​បង្កក​ចំនួន ៨ លេខ​កូដ​ទំនិញ ក្រោយពី​ការជូនដំណឹង​របស់​ក្រសួងពាណិជ្ជកម្ម និង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ កាលពី​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០២៤​។


យោងតាម​សេចក្តីជូនដំណឹង​ឱ្យដឹង​នៅ​ថ្ងៃទី​២៣ ខែកុម្ភៈ របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បានឱ្យដឹងថា អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា បាន​ក្រើនរំឭក​ដល់​ធុរជន​ពាក់ព័ន្ធ​ពី​ការសម្រេច​ផ្អាក​ជា​បណ្តោះអាសន្ន​របស់​ជ​រដ្ឋាភិបាល​នូវ​ការ​នាំចូល​មុខទំនិញ​គ្រឿងក្នុង និង​បំណែក​សាច់​បង្កក​រយៈពេល ៦ ​ខែ គិត​ចាប់ពី​ថ្ងៃទី​១២ ខែមីនា ដល់​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០២៤ ដោយមាន​អណ្តាត នៃ​សត្វ​គោក្របី​បង្កក​, មាន​ថ្លើម នៃ​សត្វ​គោក្របី បង្កក​, គ្រឿងក្នុង (Offal) បង្កក ផ្សេងទៀត​នៃ​សត្វ​គោក្របី ដែល​អាច​បរិភោគបាន​ក្រៅពី​អណ្តាត និង​ថ្លើម ថ្លើម​នៃ​សត្វ​ជ្រូក​បង្កក មាន​ភាគ​បំណែ​កសាច់​និង​គ្រឿងក្នុង (Offal) ផ្សេងទៀត ក្រៅពី​ថ្លើម នៃ​សត្វ​ជ្រូក ដែល​អាច​បរិភោគបាន​បង្កក មាន​ថ្លើម​នៃ​សត្វ​មាន់ បង្កក មាន​សាច់​និង​គ្រឿងក្នុង (Offal) បង្កក ផ្សេងទៀត​នៃ​សត្វ​មាន់ ដែល​អាច​បរិភោគបាន ក្រៅពី​ស្លាប​ទាំងមូល​ក្រៅពី​ថ្លើម និង​សាច់​ដែល​ត្រូវបាន​យក​ឆ្អឹង​ចេញ (Mechanically Deboned or Separated Meat) និង​មាន​ពោះវៀន ប្លោក និង​ក្រពះ ទាំងមូល ឬ​ជា​ផ្នែក​នៃ​សត្វ (​លើកលែង​ត្រី​) ស្រស់ ក្លាស្សេ បង្កក ប្រឡាក់​អំបិល ត្រាំ​ទឹកអំបិល ស​ម្ងួ​ត ឬ​ឆ្អើរ​រួច​។

 លោក ស្រ៊ុន ពៅ ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​២៥ ខែកុម្ភៈ​ថា ការប្រកាស​ផ្អាក​នាំចូល​សាច់​បង្កក​ជា​បណ្តោះអាសន្ន​នេះ​គឺជា​រឿង​ល្អ សម្រាប់​ឱ្យ​កសិករ ដែលជា​អ្នក​ចិញ្ចឹមសត្វ​បាន​ត្រៀមខ្លួន​សម្រាប់​ផ្គត់ផ្គង់ ទោះជា​បែបនេះ​ក្តី​តម្លៃ​សត្វ​ចិញ្ចឹម​នាពេល​ប​ច្ចុ​ប្ប​នេះ បាន​ធ្លាក់​ថ្លៃ ប្រមាណ ៧ ពាន់​រៀល ទៅ ៨ ពាន់​រៀល​ក្នុង​១​គីឡូក្រាម (​សត្វ​រស់​) ដែល​ធ្វើឱ្យ​អ្នក​ចិញ្ចឹម​កាន់តែ​លំបាក​។ 


ជាមួយនឹង​ការ​សាទរ​ចំពោះ​ការប្រកាស​ផ្អាក​នាំចូល​សាច់​បង្កក​នេះដែរ លោក ស្រ៊ុន ពៅ ក៏បាន​ស្នើឱ្យ​មន្ត្រី​របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ដែល​កំពុង​ប្រចាំការ​នៅ​មាត់ច្រក​នានា យកចិត្តទុកដាក់​លើ​ការឆែកឆេរ និង​ត្រួតពិនិត្យ ឱ្យបាន​ហ្មត់ចត់​ទៅលើ​ទូ​កុងតឺន័រ ដើម្បី​កុំឱ្យ​មាន​ជន​ឆ្លៀតឱកាស​បង្កប់​សាច់​បង្កក នាំ​ចូលមក​ប្រទេស​កម្ពុជា​ដោយ​ខុសច្បាប់​។​

លោក ស្រ៊ុន ពៅ បាន​ថ្លែងថា​៖ « វា​អត់​សំខាន់​ទេ រឿង​ប្រកាស​ផ្អាក​នាំចូល​នេះ សំខាន់​មានការ​អនុវត្ត​ច្បាប់​ត្រឹមត្រូវ​ឬ​អត់ ហើយ​បើ​ពួកគាត់​នៅតែ​មិន​ធ្វើ យើង​គឺ​នៅតែ​គ្មាន​សង្ឃឹម​»​។


 ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត នៅក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​២០២៣ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៤ របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ កាលពី​នៅ​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០២៤ បានលើកឡើង​ដែរ​ថា ចាប់ពី​ខែមីនា ខាងមុខនេះ រាជរដ្ឋាភិបាល នឹង​សម្រេច​ផ្អាក​ការនាំ​ចូល​សាច់ និង​គ្រឿងក្នុង​បង្កក​ក្នុង​រយៈពេល​៦​ខែ ហើយ​លោក​បាន​ជំ​រុញឱ្យ​គិតគូរ​ពី​ការរៀបចំ​បង្កក​សាច់​ដោ​យ​ខ្លួនឯង ទើប​មិនមាន​បញ្ហា​ប្រឈម​ពេល​បើក​ឱ្យ​នាំចូល​សាច់​បង្កក​ពី​ខាងក្រៅ​មកវិញ​។​

​លោក​បាន​បញ្ជាក់ថា​៖«​ការសម្រេច​ផ្អាក​ការនាំ​ចូល​សាច់​និង​គ្រឿងក្នុង​បង្កក​មួយរយៈ​ពេលនេះ ពុំមែន​ជា​វិធានការ​មួយ​ដែលមាន​ចីរភាព​នោះទេ ប៉ុន្តែ​ផ្ទុយ​មកវិញ យើង​ត្រូវខិតខំ​ប្រឹងប្រែង​រិះរក​វិធី​យ៉ាងណា​ដើម្បី​ឱ្យមាន​ចីរភាព ធ្វើឱ្យ​ការចិញ្ចឹម​សត្វ​របស់​យើង​មានការ​ប្រកួតប្រជែង​»​។​

​លោក ហ៊ុន ម៉ា​ណែ​ត បាន​សង្កត់ធ្ងន់ថា​៖«​ក្នុងពេលដែល​យើង​ផ្អាក​ការនាំ​ចូល​សាច់​និង​គ្រឿងក្នុង​បង្កក​ជា​បណ្តោះអាសន្ន​នេះដែរ យើង​អាច​បង្វែរ​ទៅកាន់​កសិករ​របស់​យើង ហើយ​រៀន​បង្កក​ទៅតាម​បច្ចេកទេស​របស់​យើង​វិញ​ដែល​នេះ​ជាការ​ជំរុញ​ការផ្គត់ផ្គង់​ផ្ទៃក្នុង មុនពេល​ដែល​យើង​បើក​ការ​នាំចូល​សាច់​និង​គ្រឿងក្នុង​បង្កក​នេះ​ឡើងវិញ​»៕