ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រី ភឿង សកុណា ទទួលបានវត្ថុ បុរាណចំនួន ៣ មុខ ដែលបន្សល់ទុកពីសម័យអង្គរ និងសម័យបារាំង ពីវត្តព្រះហស្ថក្បាល ក្នុងខេត្តពោធិ៍សាត់ ដើម្បីប្រមូលយកទៅរៀបចំអភិរក្ស និងដាក់តាំងបង្ហាញនៅសារមន្ទីរជាតិ ឱ្យសាធារណជនជាតិ និងអន្តរជាតិបានឈ្វេងយល់។
វត្ថុបុរាណទាំងនោះរួមមាន៖ ក្រឡធំ និងក្អមទឹក ដែលបានប្រើប្រាស់នាសម័យអង្គរ និងដាវត្រួតពលសម័យបារាំងផងដែរ ដែលត្រូវបានប្រគល់ដោយព្រះគ្រូចៅអធិការវត្តព្រះហស្ថក្បាល ។ នេះបើយោងតាមហ្វេសប៊ុករបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ ២០២៤។
ក្រសួងបានឱ្យដឹងថា ព្រះតេជព្រះគុណ សាយ ជីវ័ន ព្រះគ្រូចៅអធិការវត្តព្រះហស្ថក្បាល បានបង្ហាញវត្ថុបុរាណទាំងនោះជូនលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដោយមានថេរដីកាថា វត្ថុបុរាណក្រឡធំលាបស្រទាប់រលោងពណ៌ត្នោត ជាប្រភេទកម្រ ព្រោះក្រឡនេះមានទំហំធំនិងមានរូបរាងល្អពេញលេញ ដែលមិនធ្លាប់ប្រទះឃើញនាពេលកន្លងមក។
ព្រះអង្គបន្តថា ៖ «តាមរយៈការវិភាគលើរូបរាង សាច់ដី ក្បាច់លម្អ និងស្រទាប់រលោងក្រុមការងារជំនាញបានសន្និដ្ឋានថា ក្រឡធំនេះ ផលិតឡើងនៅសម័យអង្គរ រវាងស.វ.ទី ១២ -១៣។ ដោយឡែកតួនាទីនៃការប្រើប្រាស់ក្រឡធំនេះ ក្រុមការងារកំពុងវិភាគបន្ថែម»។
ព្រះតេជព្រះគុណ សាយ ជីវ័ន បន្តថា ចំណែកក្អមទឹកសម័យអង្គរនារវាងស.វ.ទី៩-១០ ជាប្រភេទភាជន៍រឹងគ្មានស្រទាប់រលោង ហើយច្រើនប្រទះឃើញនៅក្រុមឡបង្កោងនិងតានី ក្នុងតំបន់អង្គរ រីឯវត្ថុដាវត្រួតពលសម័យបារាំង នារវាងឆ្នាំ១៨៦៣-១៩៤០ បានប្រទះឃើញនៅក្នុងបរិវេណវត្តកាលពី ១០ ឆ្នាំ មុន។
ក្រោយពីពិនិត្យឃើញវត្ថុបុរាណទាំង៣នេះហើយ លោកស្រី ភឿង សកុណា បានទូលស្នើសុំវត្ថុបុរាណទាំងនោះ យកមករក្សាទុកនៅសារមន្ទីរជាតិដើម្បីអភិរក្ស ដាក់តាំងបង្ហាញ និងផ្សព្វផ្សាយជូនដល់សាធារណជនជាតិនិងអន្តរជាតិឈ្វេងយល់ពីភាពសម្បូរបែបនៃមរតកវប្បធម៌ខ្មែរដែលបន្សល់ទុក ក្រៅពីរូបចម្លាក់និងប្រាង្គប្រាសាទ។
លោកស្រីបានថ្លែងថា៖ «វត្ថុបុរាណទាំងនេះ ជាផ្នែកមួយនៃការបង្ហាញពីបរិបទនៃប្រវត្តិ សាស្ត្រនិងការវិវត្តអារ្យធម៌ខ្មែរសម័យអង្គររហូតដល់សម័យអាណានិគមបារាំង ហើយវត្ថុបុរាណហ្នឹងដែរនឹងត្រូវដាក់តាំងបង្ហាញនៅសារមន្ទីរជាតិកម្ពុជា ដើម្បីឈ្វេងយល់ពីឧត្តមប្រយោជន៍រួមសម្រាប់ជាតិ»។
ព្រះគ្រូចៅអធិការ បានយល់ព្រមប្រគល់វត្ថុបុរាណទាំងនោះ តាមការស្នើសុំ ហើយបច្ចុប្បន្ន វត្ថុបុរាណទាំង ៣ មុខ កំពុងរក្សាទុកនៅក្នុងរោងជាងជួសជុលនៃសារមន្ទីរជាតិ។
លោក ឈត ប៊ុនថង មន្ត្រីស្រាវជ្រាវផ្នែកទំនាក់ទំនង វប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិត្យសភាកម្ពុជា បានចាត់ទុកការទទួលបានវត្ថុបុរាណទាំងនោះ ជាភាពជោគជ័យថ្មីមួយដោយសារវត្ថុបុរាណ គឺមានតម្លៃជាប្រវត្តិសាស្ត្រផង ជាវប្បធម៌ផង និងបេតិកភណ្ឌរបស់ជាតិខ្មែរផងដែរ។
បន្ថែមពីនេះលោកថ្លែងថា វាក៏ជាមោទនភាពមួយ ដែលបង្ហាញឱ្យឃើញថា សង្គមខ្មែរនាសម័យបុរាណ ក៏មានភាពស៊ីវិល័យ ភាពជឿនលឿន តាមរយៈការបញ្ជាក់ពីរបស់របរដែលប្រើប្រាស់ ដែលត្រូវបានអ្នកជំនាន់ក្រោយស្រាវជ្រាវរកឃើញ។
លោកបញ្ជាក់ថា ក្រៅពីការប្រមូលវត្ថុបុរាណដែលរកឃើញយកមកអភិក្សនៅក្នុងសារមន្ទីរជាតិហើយ ក្រសួងវប្បធម៌ គួរតែមានការគិតគូរធ្វើយ៉ាងណាឱ្យនៅក្នុងតំបន់ឃុំ ស្រុក ដែលសម្បូររកឃើញវត្ថុបុរាណ ទទួលបានការចាប់អារម្មណ៍ពីភ្ញៀវទេសចរចូលមកទស្សនាកម្សាន្តក្នុងតំបន់នោះជាដើម៕