​កោះកុងៈ រដ្ឋបាល​ឃុំ និង​សហ​​គម​ន៍​នេសាទ​សម្រស់​កោះ​ស្ដេច ខេត្តកោះកុង បាន​លែង​អណ្ដើក​សមុទ្រ ២​ ក្បាល​ ដែលជា​ប្រភេទ​កំពុង​រងគ្រោះថ្នាក់​ចូលទៅ​ទឹក​ធម្មជាតិ​វិញ ក្រោយពី​បាន​ជួយ​សង្គ្រោះ​ពេល​ជាប់​មង​។​


​អណ្ដើក​សមុទ្រ​ទាំង​ ២ ​ប្រភេទ​នេះ​រួមមាន ប្រភេទ​អណ្ដើក​ល្មិច  (Chelonia mydas)​ ទម្ងន់​ ៧,៥ គីឡូក្រាម និង​ប្រភេទ​អណ្ដើក​ក្រាស​ (Eretmochelys imbricata)​ មាន​ទម្ងន់​ ៧,២​ គីឡូក្រាម ដោយបាន​លែង​នៅ ឆ្នេរ​ពយ​ជប៉ុន ក្នុងភូមិ​ព្រែក​ស្មាច់ ឃុំ​កោះ​ស្ដេច ស្រុក​គិរីសាគរ ខេត្ត​កោះកុង ពីថ្ងៃ​ទី​ ២៤ ខែកុម្ភៈ​។ នេះ​បើ​យោងតាម​ហ្វេ​ស​ប៊ុ​ក​របស់​រដ្ឋបាល​ឃុំ​កោះ​ស្ដេច​។​

​រដ្ឋបាល​ឃុំ​បាន​លើកឡើងថា អណ្ដើក​ទាំង​ ២​ ក្បាល​នេះ គឺ​ទទួលបាន​ក្រោយពី​ការជួយ​សង្គ្រោះ​ពេល​ទាក់​ជាប់​មង​ខ្មោច ​[​មង​ចាស់​]​ របស់​អ្នកនេសាទ​នៅ​ជិត​កោះ​ម្នាស់ ។​


លោក​ អ៊ុក វិបុល ប្រធាន​​នាយកដ្ឋាន​អភិរក្ស​ជលផល នៃ​ក្រសួងកសិកម្ម​បានឱ្យដឹង​នៅ​ថ្ងៃទី​ ២៥ ខែកុម្ភៈ​ថា បច្ចុប្បន្ន​លោក​នៅ​មិនទាន់មាន​ទិន្នន័យ​ចំនួន​អណ្ដើក​សមុទ្រ​សរុប​ទេ ក៏ប៉ុន្តែ​គ្រាន់តែ​ដឹងថា​នៅ​ដើមឆ្នាំ​ ២០២៤ ​នេះ អណ្ដើក​សមុទ្រ​ត្រូវបាន​លែង​វិញ​ចំនួន ​១៥​ ក្បាល​។​

​លោក​បាន​បន្តថា អណ្ដើក​​សមុទ្រ​នេះ​ក៏មាន​វត្តមាន​ក្នុង​ខេត្ត​ចំនួន​ ៤ ​របស់​កម្ពុជា ​គឺ​ខេត្ត​កែប កោះកុង ខេត្តកំពត និង​ព្រះសីហនុ ប៉ុន្ដែ​ខេត្ត​ព្រះសីហនុ​មិនសូវមាន​ច្រើន​ទេ ព្រោះ​ខេត្ត​នេះ​មាន​ខ្សាច់ និង​មាន​ផ្កាថ្ម​ច្រើន​។​


​លោក អ៊ុក វិបុល ​បាន​ថ្លែងថា​៖ «​អណ្ដើក​សមុទ្រ កំពុង​ទទួលរង​កត្តា​គំរាមកំហែង​ពី​ការនេសាទ​ដោយ​ចៃដន្យ ការបំពុល​បរិស្ថាន​ដោយ​ការ​ចោល​ថង់​ប្លា​ស្ទិ​ក នៅពេល​អណ្ដើក​វា​ស៊ី បណ្ដាលឱ្យ​វា​ងាប់​។ ក្រៅពីនេះ​ក៏​រង​ការ​គំរាម​កំហែង​ពី​ការ​លួច​ចាប់​កាប់សាច់​ទិញ​-​លក់ ខណៈ​យើង​កំពុង​ប្រឹង​ប្រែង​ដោះស្រាយ​ជាមួយ​ដៃគូ​អភិរក្ស​ផ្សេងៗ​ដើម្បី​ទប់ស្កាត់​»​។​

​លោក​ថា ឥឡូវនេះ​រដ្ឋបាល​​ជលផល និង​ដៃគូ​ពាក់ព័ន្ធ​កំពុង​គិតគូរ​កំណត់​ឧបករណ៍​នេសាទ​ដើម្បី​កុំឱ្យ​ពេល​ប្រើ​ទៅ​អូស​ជាប់​អណ្ដើក​សមុទ្រ​បាន​៕