​ភ្នំពេញៈ រដ្ឋបាល​រាជធានី​ភ្នំពេញ និង​ក្រុមការងារ​នៃ​មន្ទីរ​សុខាភិបាល​បាន​ចុះ​បាញ់ថ្នាំ​សម្លាប់​មូស​នៅតាម​សង្កាត់​ចំនួន​ ១០៥ នៅក្នុង​រាជធានី​ដែលជា​យុទ្ធនាការ​កម្ចាត់​មូស​ខ្លា និង​បំបាត់​ជំងឺគ្រុនឈាម ខណៈ​គិត​ត្រឹម ​៦ ​សប្តាហ៍​ដើមឆ្នាំ​នេះ ជំងឺគ្រុនឈាម​បាន​ឆ្លង​រាលដាល​ចំនួន ១ ០០០ ​នាក់​នៅ​រាជធានី​ភ្នំពេញ​។​


​ជំរុញ​ករណី​ជំងឺ​គ្រុនឈាម​នេះ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត ក៏បាន​លើកឡើង​នៅលើ​ហ្វេ​ស​ប៊ុ​កលោក​ពីថ្ងៃ​ទី​ ២៤ ខែកុម្ភៈ​ថា ការ​លើកកម្ពស់​សុខភាព និង​សុ​ខុ​មាល​ភាព​ពលរដ្ឋ​ គឺជា​អាទិភាព​ដ៏​សំខាន់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​ក្រសួង​ស្ថាប័ន និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ត្រូវ​បន្ត​យកចិត្តទុកដាក់​ជាប្រចាំ​។​ 

​លោក​បានឱ្យដឹងថា​៖ «​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​អនុវត្ត​យុទ្ធ​នា​ការ​កម្ចាត់​មូស​ខ្លា និង​គ្មាន​ជំងឺ​គ្រុនឈាម​គ្រប់​ទីតាំង​ភូមិ​ស្រា​ស្ត​ក្នុង​រាជធានី​ភ្នំពេញ​ដោយយោង​ទៅលើ​ស្ថានភាព​ជាក់ស្ដែង​នៃ​ការរីក​រាលដាល​ជំងឺគ្រុនឈាម​មានការ​កើនឡើង​»​។​ 


​ដោយសារ​ជំងឺគ្រុនឈាម​មានការ​កើនឡើង​គួរឱ្យ​បារម្ភ អភិបាល​រដ្ឋបាល​រាជធានី​ភ្នំពេញ​លោក​ ឃួ​ង ស្រេង កាលពី​សប្តាហ៍​មុន​បាន​ប្រជុំពិភាក្សា​ជាមួយ​មន្ទីរ​សុខាភិបាល មន្ទីរ​ពាក់ព័ន្ធ​ និង​អភិបាលខណ្ឌ​ទាំង​ ១៤ ​ដើម្បី​រិះរក​វិធានការ​កាត់បន្ថយ​ការ​​រីក​រាលដាល​នៃ​ជំងឺគ្រុនឈាម​។​នេះ​បើតាម​ហ្វេ​ស​ប៊ុ​ក​រដ្ឋបាល​រាជធានី​ភ្នំពេញ​។​

​លោក​ ឃួ​ង ស្រេង បាន​លើក​ឡើង​ថា​៖ «​តាមរយៈ​របាយការណ៍​ដែល​បានបង្ហាញ​ជំងឺគ្រុនឈាម​បានកើត​ឡើង​គួរឱ្យ​ព្រួយបារម្ភ​ដែល​ទាមទារ​ឱ្យ​យើង​គ្រប់គ្នា​មាន​វិធានការ​ដោះស្រាយ​ពិសេស​គឺ​អនុវត្ត​វិធានការ​បាញ់ថ្នាំ​មូស​នៅតាម​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ និង​ការប្រើប្រាស់​ថ្នាំ​អា​បែ​ត​សម្លាប់​ដង្កូវទឹក​ជាដើម​»​។​


​ជាមួយគ្នានេះ​លោក​បាន​ជំ​រុញឱ្យ​អាជ្ញាធរ​ខណ្ឌ​ទាំងអស់​ចុះ​ពិនិត្យមើល​មូលដ្ឋាន​របស់ខ្លួន​ជាពិសេស ទីតាំង​ដែល​បង្ក​ឱ្យ​មូស​អាច​រស់​នៅបាន​ដើម្បី​កម្ចាត់​មូស​ទាំងនោះ​ចោល​។​ 

​ជាមួយគ្នានេះ លោក ឃួ​ង ស្រេង ក៏បាន​ជំរុញ​ដល់​មន្ទីរ​សុខាភិបាល​ជា​ជំហាន​ដំបូង ត្រូវ​បាញ់ថ្នាំ​សម្លាប់​មូស​ខ្លា​នៅ​ខណ្ឌ​ចំនួន​ ៥ ឱ្យបាន​រួចរាល់​ក្នុង​រយៈពេល​ ១ ​សប្តាហ៍ រួច​បន្តទៅ​ខណ្ឌ​ផ្សេងទៀត​រហូត​បញ្ចប់​ទាំង ​១៤ ​ខណ្ឌ និង​ ១០៥​ សង្កាត់ នៅតាម​ប្រឡាយ លូ នានា ដើម្បី​លុបបំបាត់​ជំងឺគ្រុនឈាម​ឱ្យបាន​ទាំងស្រុង​។​

​លោក​បញ្ជាក់ថា​៖ «​មន្ទីរ​​សុខាភិបាល​ត្រូវតែដើរ​តួយ៉ាង​សំខាន់​ក្នុងការ​ធ្វើយ៉ាងណា​ឱ្យ​ប្រជាពលរដ្ឋ​មាន​ភាពកក់ក្តៅ​លើ​វិស័យ​សុខាភិបាល ពោលគឺ​ធ្វើយ៉ាងណា​កុំឱ្យ​ជំងឺគ្រុនឈាម​នេះ​កើនឡើង​ថែមទៀត​»​។​

​ក្រៅពីនេះ លោក ​ឃួ​ង ស្រេង បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​ចូលរួម​លុបបំបាត់​ជម្រក​មូស​ខ្លា ដូចជាកន្លែង​ទឹក​ដក់​ក្នុង​សម្បក​កង់ឡាន កង់​ម៉ូតូ សម្បក​កំប៉ុង ដប​វត្ថុ​ដក់​ទឹកភ្លៀង​ជាដើម  ​ដើម្បី​រួមចំណែក​កម្ចាត់​ជម្រក​មូស​ខ្លា​ដែលជា​ប្រភព​ចម្លងជំងឺ​គ្រុនឈាម​ឱ្យមាន​ប្រសិទ្ធភាព​។​

​ពាក់ព័ន្ធ​បញ្ហា​នេះ លោក ងី មាន​ហេង ប្រធាន​មន្ទីរ​សុខា​ភិ​​បាល​រាជធានី​ភ្នំពេញ​បានឱ្យដឹងថា ក្នុង​រយៈពេល ៦​ សប្តាហ៍​កន្លងមក ជំងឺគ្រុនឈាម​បាន​ឆ្លង​រាលដាល​ចំនួន ១ ០០០​ នាក់ នៅ​រាជធានី​ភ្នំពេញ​។​

​លោក​បាន​បន្តថា ជា​វិធានការ​បន្ទាន់ ក្រុមការងារ​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​ក្រុមការងារ​នៃ​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ ព្រមទាំង​មន្ត្រី​ពាក់ព័ន្ធ ដោយមាន​កិច្ចសហការ​ពី​កងពលតូច​លេខ​ ៧០ ​បាន​ចុះ​បាញ់ថ្នាំ​មូស​នៅ​សង្កាត់​ទាំង ១០៥​ ទូទាំង​រាជធានី​ភ្នំពេញ សំដៅ​លុបបំបាត់​មូស​ខ្លា​ឱ្យអស់ និង​គ្មាន​ជំងឺគ្រុនឈាម​យាយី​ដល់​ប្រជាពលរដ្ឋ​។  

​ក្រុមការងារ​បាន​ចុះ​ធ្វើ​យុទ្ធ​នា​ការបាញ់សម្លាប់​មូស​ខ្លា​នៅ​ខណ្ឌ​ចំនួន​ ៥ រួមមាន ខណ្ឌ​ដង្កោ ខណ្ឌ​កំបូល ខណ្ឌ​ពោធិ៍​​សែន​ជ័យ ខណ្ឌ​សែន​សុខ និង​ខណ្ឌមានជ័យ ដែលជា​ខណ្ឌ​មាន​បញ្ហា​ប្រឈម​ជំងឺគ្រុនឈាម​ខ្លាំងជាងគេ​។​ 

​យោងតាម​របាយការណ៍​ពី​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីត​សាស្ត្រ និង​បាណក​សាស្ត្រ​នៃ​ក្រសួង​សុខាភិបាល​បានឱ្យដឹងថា ឆ្នាំ ២០២៣ ជំងឺគ្រុនឈាម​សរុប​ចំនួន ៣៥ ៣៩០​ ករណី និង​ស្លាប់​ចំនួន​ ៩៩ ​នាក់ ​(​អត្រា​ស្លាប់ ០,២៨ ភាគរយ​)​ គឺ​កើនឡើង​ជិត ៣ ​ដង​ ធៀប​នឹង​ករណី​ឆ្នាំ​ ២០២២ ដែលមាន ១២ ៩៨៥​ ករណី និង​ស្លាប់ ១​ នាក់​៕