​ភ្នំពេញៈ ក្រសួងមហាផ្ទៃ និង​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​បានប្រកាស​ដាក់ឱ្យ​ប្រើប្រាស់​សៀវភៅ​ណែនាំ​ស្ដីពី​នីតិវិធី​ប្រតិបត្តិ​កិច្ចការពារ​កុមារ​សម្រាប់​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ ដើម្បីឱ្យ​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ ក៏ដូចជា​អង្គការ​មិនមែន​រដ្ឋាភិបាល បានដឹង​ពី​តួនាទី ភារ​កិច្ច​ក្នុងការ​ឆ្លើយតប​ផ្ដល់​សេវា​ជូន​កុមារ​ដែល​ទទួលរង​គ្រោះ​។​


​ការប្រកាស​ដាក់ឱ្យ​ប្រើប្រាស់​សៀវភៅ​ណែនាំ​នេះ​ធ្វើឡើង​កាល​ពី​សប្តាហ៍​មុន​ដោយសារ​ក្រសួង​ទាំង​​ ​២ បាន​សង្កេតឃើញថា ជា​រៀងរាល់ថ្ងៃ​កុមារ​នៅក្នុង​ប្រទេសកម្ពុជា​បន្ត​ទទួលរង និង​ជួបប្រទះ​អំពើហិង្សា ការកេងប្រវ័ញ្ច ការរំលោភបំពាន និង​ការមិន​អើពើ ខណៈដែល​ទម្រង់​នៃ​អំពើ​ទាំង​នោះ បាន​កើតឡើង​គ្រប់​មជ្ឈដ្ឋាន​ក្នុងសង្គម​ទាំង​អ្នកមាន និង​អ្នកក្រ ហើយ​និង​មាន​ស្ថានភាព​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ​។ 

​សៀវភៅ​នេះ បាន​ណែ​នាំឱ្យ​រដ្ឋបាល​រាជធានី ខេត្ត គណៈកម្មាធិការ​ពិគ្រោះ​យោបល់​កិច្ចការ​ស្ដ្រី និង​កុមារ​នៃ​មន្ទីរ​សង្គមកិច្ច​រាជធានី ខេត្ត អធិការ​ដ្ឋា​ន​នគរបាល​ក្រុង ស្រុក ខណ្ឌ រដ្ឋបាល​ឃុំ​-​សង្កាត់​គណៈ​ក​ម្មា​ធិ​ការទទួល​បន្ទុក កិច្ចការនារី និង​កុមារ​ឃុំ​-​សង្កាត់ និង​ប៉ុស្តិ៍​នគរ​បាល​រដ្ឋបាល​ឃុំ​-​សង្កាត់ ត្រូវអនុវត្ត​នីតិវិធី​ប្រតិបត្តិ​ស្ដីពី​កិច្ចការ​​ពារ​កុមារ ដើម្បី​បង្ការ ទប់ស្កាត់ និង​ឆ្លើយតប​ទៅនឹង​គ្រប់​ទម្រង់​នៃ​អំពើហិង្សា​លើ​កុមារ ការ​កេង​​ប្រវ័ញ្ច ការរំលោភបំពាន ឬក៏​ការមិន​អើពើ​។


ក្រៅពីនេះទៀត ស្ថាប័ន អង្គភាព និង​ភ្នាក់ងារ​ដែល​ធ្វើការ​ជាមួយនឹង​កុមារ​រួមមាន​៖ សាលារៀន ឬ​គ្រឹះស្ថាន​អប់រំ មណ្ឌល​សុខភាព មន្ត្រីនគរបាល ក៏ដូចជា​អង្គការ​មិនមែន​រាជរដ្ឋាភិបាល ដែល​អនុវត្ត​កម្មវិធី​សម្រាប់​កុមារ និង​ក្លិប​កុមារ ត្រូវ​តែងតាំង​មន្ត្រី​ទទួលបន្ទុក​កិច្ចការពារ​កុមារ​ដែល​ទទួលខុសត្រូវ​ក្នុងការ​រាយការណ៍​ពី​ការសង្ស័យថា​មាន​អំពើហិង្សា ឬ​ការរំលោភ​បំពាន ឬ​ការមិន​អើពើ ឬ​ការ​កេងប្រវ័ញ្ច​លើ​កុមារ​។​

​សៀវភៅ​នេះ​មាន​វិសាលភាព​អនុវត្តន៍​ចំពោះ​កុមារ​ទាំងអស់​ដែលមាន​អាយុ​ក្រោម​ ១៨ ​ឆ្នាំ និង​ធានាថា កុមារ​ទាំងអស់​ដែលមាន​វត្ត​មាននៅ​ក្នុងប្រទេស​កម្ពុ​ជា​ទទួលបាន​កិច្ចការពារ រាប់បញ្ចូល​ទាំង​កុមារ​ដែល​រង​ផលប៉ះពាល់​ដោយ​សារ​ការធ្វើ​ចំណាកស្រុក អំពើ​ជួញដូរ និង​កុមារ​គ្មាន​អត្តសញ្ញាណ​ពិតប្រាកដ មិន​ថា​មាន​សញ្ជាតិ​ខ្មែរ​ ឬ​មិនមាន​សញ្ជាតិ​ខ្មែរ​រស់នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​ស្របច្បាប់ ឬ​មិន​ស្របច្បាប់​នោះទេ គឺ​ត្រូវបាន​គ្របដណ្ដប់​ដោយ​នីតិវិធី​ប្រតិបត្តិ​នេះ​។​


​លោក​ ភី ណូ ប្រធាន​នាយក​ដ្ឋា​ន​កិច្ចការពារ​កុមារ នៃ​ក្រសួង​សង្គមកិច្ច បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​​ ២៥ ខែកុម្ភៈ​ថា ការអនុវត្ត​ទៅតាម​នីតិវិធី​នៅក្នុង​សៀវភៅ​ណែនាំ​នេះ មិនមែន​តែ​ស្ថាប័ន​រាជរដ្ឋាភិបាល​នោះទេ តែ​អង្គការ​​សង្គម​ស៊ីវិល​ក៏ត្រូវ​ធ្វើតាម​នីតិវិធី​ប្រតិបត្តិ​នេះដែរ ដើម្បី​ជា​កិច្ច​​អន្តរាគមន៍​រួមគ្នា ក្នុង​ការផ្ដល់សេវា​ជួយ​ដល់​កុមារ​ដែល​រងគ្រោះ​ពី​គ្រប់​ទម្រង់​នៃ​អំពើហិង្សា​ទាំង​​អស់នោះ​។

លោក​បញ្ជាក់ថា​៖ «​អ៊ីចឹង សារៈប្រយោជន៍​នៃ​សៀវ​ភៅ​ហ្នឹង គឺ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​នៅ​ថ្នាក់ក្រោម​ជាតិ ជាពិសេស​ឃុំ​-​សង្កាត់ ស្រុក គាត់​យល់ច្បាស់​អំពី​ភារកិច្ច​របស់ខ្លួន និង​នីតិវិធី​ជួយ​ទៅដល់​កុមារ​នៅពេល​កុមារ​មានការ​រំលោភបំពាន ការ​គំរាម​​កំហែង ឬក៏​ប្រឈម​នឹង​ការរង​​គ្រោះ​អ្វីមួយ​»​។ បន្ថែម​ពីនេះ ការ​អនុវត្ត​សៀវភៅ​ណែនាំ​នេះ ក៏បានផ្ដល់​ប្រយោជន៍​សម្រាប់​កុមារ ដើម្បី​ទទួលបាន​នូវ​កិច្ច​គាំពារ ការការពារ​ហើយ​និង​ទទួលបាន​សេវា​សមស្រប​ទៅតាម​រដ្ឋ​បាល​ថ្នាក់ក្រោម​ជាតិ​ដែលមាន​។​

​ទាក់ទង​នឹង​ការដាក់ឱ្យ​ប្រើប្រាស់​សៀវភៅ​ណែនាំ​នេះ លោក អំ សំអាត​ នាយក​ទទួលបន្ទុក​កិច្ច​ការ​ទូទៅ នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​ថ្លែងថា ការដាក់ឱ្យ​ប្រើប្រាស់​សៀវ​ភៅ​ណែនាំ​នេះ វា​ជា​រឿង​ល្អ​មួយ សម្រាប់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដើម្បីឱ្យ​ពួកគាត់​បានដឹង​ពី​ភារកិច្ច តួនាទី​ត្រូវអនុវត្ត ក៏ដូចជា​ចូលរួម​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ រួមគ្នា​ក្នុង​ការជួយ​ការពារ និង​ជួយសង្គ្រោះ​កុមារ​ដែល​ងាយ​រងគ្រោះ​។

លោក​បាន​ថ្លែងថា​៖ «​ដូច្នេះ​វា​គ្រាន់តែ​ជាគោលការណ៍​ណែនាំ​ទេ ប៉ុន្តែ​អ្វីដែល​សំខាន់បំផុត គឺ​ការអនុវត្ត​ច្បាប់​ទាក់ទង​នឹង​ការការពារ​កុមារ​។ អ៊ីចឹង​យើង​ត្រូវ​នាំគ្នា​ធ្វើ​ម៉េច​ដើម្បី​អនុវត្ត​ច្បាប់​ហ្នឹង​ឱ្យមាន​ប្រសិទ្ធភាព ជួយ​ការពារ​ទៅដល់​កុមារ និង​សង្គ្រោះ​កុមារ​ដែល​ត្រូវ​រងគ្រោះ​ដោយ​ការ​​រំលោភបំពាន​ផ្សេងៗ​»​។​

​សូមបញ្ជាក់ថា យោងតាម​ការអង្កេត​ប្រជាសាស្ត្រ និង​សុខភាព​នៅ​កម្ពុជា​ឆ្នាំ​ ២០២១-២០២២ បង្ហាញថា ចំនួន ៦៦%​ នៃ​កុមារ​កម្ពុជា​អាយុ​ពី ១ ​ឆ្នាំ ទៅ ​១៤ ​ឆ្នាំ ធ្លាប់​ទទួលរង​ការដាក់ពិន័យ​ពី​មនុស្សពេញវ័យ​នៅក្នុង​គ្រួសារ​របស់​ពួកគេ​។ 

​ទន្ទឹមគ្នានេះ នៅ​ឆ្នាំ​ ២០២២ ការសិក្សា​ស្ដីពី​ការបញ្ឈប់​គ្រោះ​ថ្នាក់​នៅ​កម្ពុជា ការកេងប្រវ័ញ្ច និង​រំលោភបំពាន​ផ្លូវភេទ​កុមារ​តាមរយៈ​អន​ឡាញ​បាន​រកឃើញ ១១%​ នៃ​អ្នកប្រើប្រាស់​អ៊ី​ន​ធឺ​ណិ​ត ដែលមាន​អាយុ​ចាប់ពី ១២​ ​ឆ្នាំ ទៅ​ ១៧​ ឆ្នាំ​ នៅ​កម្ពុជា​បានទទួល​រង​ការកេងប្រវ័ញ្ច និង​ការរំលោភបំពាន​ផ្លូវភេទ​តាម​ប្រព័ន្ធ​អន​ឡាញ​៕