​ភ្នំពេញៈ តំណាងរាស្ត្រ និង​សមាជិក​ក្រុមប្រឹក្សា​សរុប​ជាង ​១ ​ម៉ឺន​នាក់ បាន​ចេញទៅ​បោះឆ្នោត​ដើម្បី​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា​សម្រាប់​អាណត្តិ​ទី​ ៥ កាលពី​ព្រឹក​ថ្ងៃអាទិត្យ​ទី​ ២៥ ខែកុម្ភៈ ។ គណបក្សនយោបាយ​ចំនួន​ ៤ ​បាន​ចូល​​រួម​ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត​នេះ រួមមាន គណបក្ស​ប្រជាជន​កម្ពុជា គណ​បក្ស​ឆន្ទៈ​ខ្មែរ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​គណបក្ស​កម្លាំង​ជាតិ​។​


​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះ​ឆ្នោត​(​គ​.​ជ​.​ប​)​បានបញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ថា ការិយាល័យ​បោះ​ឆ្នោត​ទាំង ៣៣ ការិយាល័យ នៅតាម​រាជធានី ខេត្ត​ចំណុះឱ្យ​មណ្ឌលបោះឆ្នោត​ទាំង ​៨ បាន​បើក​ដំណើរ​ការព្រមៗ​គ្នា​នៅវេលា​ម៉ោង​ ៧ ​ព្រឹក​សម្រាប់​បម្រើឱ្យ ការបោះឆ្នោត​នេះ​ក្នុង​បរិយាកាស​មាន​សន្តិសុខ សុវត្ថិភាព​និង​សណ្ដាប់ធ្នាប់​ល្អ​។​

​លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ​.​ជ​.​ប បាន​ប្រាប់​អ្នកសារព័ត៌មាន​ក្នុងឱកាស​ចុះ​ពិនិត្យមើល​ការិយាល័យ​បោះឆ្នោត​នៅ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ រាជធានី​ភ្នំពេញ​ថា ការបោះឆ្នោត​នេះ​ប្រព្រឹត្តទៅ​ក្រោម​ការឃ្លាំមើល​ពី​អ្នកសង្កេតការណ៍​ជាតិ និង​អន្តរជាតិ ភ្ញៀវ​ពិសេស​ភ្នាក់ងារ​គណបក្សនយោបាយ អ្នកសារព័ត៌មាន​ជាតិ​និង​អន្តរជាតិ​ជាច្រើន​ផងដែរ​។​


​លោក​បញ្ជាក់ថា​៖«​ការបោះ​ឆ្នោត​នេះ​ក្រោម​ការឃ្លាំមើល​ពី​អ្នកសង្កេតការ​ជាតិប្រមាណ​ ៧៦០ ​នាក់ អ្នកសង្កេតការណ៍​អន្តរជាតិ​ ៣០ ​នាក់ ក្នុងនោះ​មាន​ភ្ញៀវ​ពិសេស​៣​នាក់​ហើយ​ភ្នាក់ងារ​គណបក្សនយោបាយ​យកចិត្តទុកដាក់​ជាង​អ្នកព័ត៌មាន និង​អ្នកសង្កេតការណ៍​ទៅទៀត គឺ​ ២២៨ ​នាក់ លោក ​(​គណបក្ស​)​ បានដាក់​នៅ​គ្រប់​ការិយាល័យ​ទាំង​ ៣៨»​។ 

​លោក ហង្ស ពុទ្ធា បញ្ជាក់ថា នៅក្នុង​ការិយាល័យ​បោះឆ្នោត​មណ្ឌល​រាជធានី​ភ្នំពេញ​ស្ថិតក្នុង​សាលា​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ មាន​អង្គ​បោះឆ្នោត​ចំនួន ៩១១ នាក់​ចែកចេញជា ​២ ​ការិយាល័យ​។ 


​លោក ហង្ស ពុទ្ធា បានបញ្ជាក់​ឱ្យដឹង​បន្ថែម​នៅ​រសៀល​ថ្ងៃទី​ ២៥​កុម្ភៈ​ថា តាម​របាយការណ៍​បឋម មាន​អង្គ​បោះឆ្នោត ដែលជា​ក្រុមប្រឹក្សាឃុំ​សង្កាត់ និង​សមាជិក​រដ្ឋសភា​បាន​ចេញទៅ​បោះឆ្នោត ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា​ចំនួន ៩៩,៨៦ %​ ដែលជា​តួលេខ​ខ្ពស់បំផុត ខណៈ​គ​.​ជ​.​ប មិនទាន់បាន​បូកសរុប​បញ្ចប់​នៅឡើយ​។ លោក​ថា ជាមួយគ្នានេះ ក្រុម​អ្នកសង្កេតការណ៍​ជាតិ និង​អន្តរជាតិ បានផ្តល់​នូវ​ទំនុកចិត្ត​ខ្ពស់ ចំពោះ​ដំណើរការ​បោះឆ្នោត​នេះ​ទាំងមូល​។ 

​លោក​សួស យ៉ា​មី សមាជិក​ក្រុមប្រឹក្សា​សង្កាត់​ទឹកល្អក់​ទី​ ១ ឱ្យដឹងថា ការបោះឆ្នោត​ជ្រើស​​តាំង​សមាជិក​ព្រឹទ្ធសភា​នេះ​មាន​សារៈសំខាន់​ខ្លាំងណាស់​ចំណុច​ទី​ ១ គឺ​លទ្ធិប្រជាធិបតេយ្យ​ដែលមាន​ប្រយោជន៍​សម្រាប់​គ្រប់​គណបក្សនយោបាយ​ទាំងអស់ ព្រោះ​ការបោះ​ឆ្នោះ​ព្រឹទ្ធសភា​នេះ មានការ​ចូលរួម​ពី​អង្គ​បោះឆ្នោត​នានា​។ ចំណុច​ទី​ ២ គឺ​ការកសាង និង​ការអភិវឌ្ឍ  គឺ​សំដៅ​ដល់​អ្នក​ដែល​ជាប់ឆ្នោត​ជា​សមាជិក​ព្រឹទ្ធ​សភា នឹងមាន​សំឡេង​ប្រៀបដូចជា​សមាជិកសភា​មួយរូប​ដែរ​។ 

​លោក សួស យ៉ា​មី បញ្ជាក់ថា ចំណុច​សំខាន់​ទី ​៣ សមាជិក​ព្រឹទ្ធសភា​ក៏មាន​សិទ្ធិ​ស្នើ​ក្នុង​ការកែលម្អ​ច្បាប់​ផងដែរ បើ​មើលឃើញថា ច្បាប់​ណា​មាន​ចំណុច​ខ្វះខាត​ឬ​ប៉ះពាល់​សិទ្ធិ​ពលរដ្ឋ​។ ​លោក ម៉ម សារិន ចៅសង្កាត់​ពងទឹក ក្នុង​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​បានឱ្យដឹងថា ការបោះ​ឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធ​សភា​នៅ​ការិយាល័យ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​មានដំណើរ​ការល្អ ទាំង​សណ្តាប់ធ្នាប់​ទូទៅ និង​ការតម្រង់​ជួរ​ចូល​បោះឆ្នោត​។​

​យ៉ាងណាក៏ដោយ លោក​បាន​បញ្ជាក់ថា ការិយាល័យ​បោះឆ្នោត​ដែល​មានតែ ​២​ ការិយាល័យ​សម្រាប់​មណ្ឌល​រាជធានី​ភ្នំពេញ ហាក់​មាន​ភាព​ចង្អៀត​បន្តិច អាច​នាំឱ្យមាន​ការពិបាក​ដល់​អង្គ​បោះឆ្នោត ដែលមាន​វ័យចាស់ មាន​ជំងឺ សុខភាព​មិនសូវ​ល្អ មិនអាច​ឈរ​តម្រង់​ជួរ​រង់ចាំ​យូរ​បាន​។ លោក​ម៉ម សារិន ថ្លែងថា​៖«​គឺ​វា​ចង្អៀត​បន្តិច​ហើយ​មនុស្ស​ច្រើន ការិយាល័យ​តិច ដែល​កា​​រិ​យា​ល័យ​យើង​មានតែ​២​ទាល់តែ​យើង​អត់ធ្មត់​បន្តិច បើសិនជា​ក្នុង​អាណត្តិ​ទៅមុខទៀត យើង​ពង្រីក​ការិយាល័យ​ថែម​១​ទៀត អាហ្នឹង​ល្បឿន​នៃ​ការបោះឆ្នោត​នេះ​បាន​លឿន កុំឱ្យ​គាត់​មក​បោះឆ្នោត​ឈរ​ចាំ​យូរ​»​។​

​យោងតាម​បញ្ជី​បោះឆ្នោត គ​.​ជ​.​ប អ្នកបោះឆ្នោត​មាន​ចំនួន​សរុប ១១៧៤៧ នាក់ ក្នុងនោះ​តំណាងរាស្ត្រ​ក្នុង​តំណែង​មាន​ចំនួន ១២៥ នាក់ និង​សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់​ទាំងអស់​ក្នុង​តំណែង ចំនួន​ ១១៦២២ នាក់​។​

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត បាន​ទៅ​បោះឆ្នោត​ជ្រើស​​តាំង​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី ​៥ ​នេះ​នៅ​ការិយាល័យ ១០០១ មណ្ឌល​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​។​

​អតីត​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន​ប្រធាន​ឧត្ដមក្រុមប្រឹក្សា​ព្រះមហាក្សត្រ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​សមាជិក​រដ្ឋសភា​បាន​ទៅ​បោះឆ្នោត​នៅ​មណ្ឌលបោះឆ្នោត​ភូមិភាគ​ទី ​៣ ស្ថិតក្នុង​ខេត្តកណ្តាល​។ លោក​ហ៊ុន សែន​បានប្រកាស​កាលពី​ខែកក្កដា​ឆ្នាំ​ ២០២៣ នៅក្រោយ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ ៣ ​ថ្ងៃ ថា លោក​នឹងត្រូវ​កាន់តំណែង​ជា​ប្រធានព្រឹទ្ធសភា​ជំនួស​លោក សាយ ឈុំ​។​

​ដោយឡែក លោក ហេង សំរិន អតីត​ប្រធានរដ្ឋសភា​និង​បច្ចុប្បន្ន​ជា​ប្រធានកិត្តិយស​ក្រុម​ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​និង​ជា​តំណាងរាស្ត្រ​បាន​ទៅ​បោះ​ឆ្នោត​នៅ​មណ្ឌលបោះឆ្នោត​ភូមិ​ភាគ​ទី ​២ ​ស្ថិតក្នុង​ខេត្ត​ត្បូងឃ្មុំ​។​

​លោក គីម​សួរ ភី​រិ​ទ្ធ ប្រធាន​ក្រុមប្រឹក្សាវិន័យ​គណបក្ស​ឆន្ទៈ​ខ្មែរ និង​ជា​បេក្ខជន​ពេញសិទ្ធិ​លេខ​រៀង​ទី​ ១ ប្រចាំ​មណ្ឌល​ភូមិ​ភាគ​ទី ​៧ (​ខេត្តកំពង់ឆ្នាំង កំពង់​ស្ពឺ កោះកុង ពោធិ៍សាត់ និង​ខេត្ត​ព្រះសីហនុ​) បានឱ្យដឹង​ដែរ​ថា ស្ថានភាព​សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី ​៥ ឆ្នាំ​ ២០២៤ នេះ គឺជា​ការបោះឆ្នោត​អសកល បាន​ប្រព្រឹត្ត​ទៅដោយ​រលូន​។​

​លោក​បន្តថា សម្រាប់​គណបក្ស​ឆន្ទៈ​ខ្មែរ ដែល​ចូលរួម​ការបោះ​​ឆ្នោត​នេះ​ពឹងផ្អែក​ទៅលើ​សមា​ជិ​ក​ក្រុមប្រឹក្សាឃុំ​សង្កាត់​របស់​គណបក្ស​ភ្លើងទៀន​និង​គណបក្ស​ដែលជា​សម្ព័ន្ធភាព​ឆ្ពោះទៅមុខ​។ គណបក្ស​ឆន្ទៈ​ខ្មែរ​សង្ឃឹមថា ក្រុមប្រឹក្សាឃុំ​សង្កាត់​ទាំងនោះ បោះឆ្នោត​ជូន​បេក្ខជន​គណ​​បក្ស​ឆន្ទៈ​ខ្មែរ តាម​ការណែនាំ​របស់​គ​ណ​បក្ស​របស់ខ្លួន ហើយ​គណបក្ស​ឆន្ទៈ​ខ្មែរ​សង្ឃឹមថា នឹង​ទទួលបាន​លទ្ធផល​ល្អ​សម្រាប់​ការបោះឆ្នោត​នេះ​។​

​លោក គីម​សួរ ភី​រិ​ទ្ធ បាន​បន្ថែមថា​៖«​គណបក្ស​ភ្លើងទៀន បានសម្រេច​ឱ្យ​គណបក្ស​ឆន្ទៈ​ខ្មែរ ដាក់​បញ្ជី​ចូលរួម​បោះឆ្នោត​។ ដូច្នេះ គណបក្ស​ឆន្ទៈ​ខ្មែរ ក៏ដូចជា​គណបក្ស​ភ្លើងទៀន​ដែរ ខ្ញុំ​​សង្ឃឹមថា លទ្ធផល​នឹង​ល្អប្រសើរ ហើយ​បើ​មិនបាន​បាត់​សំឡេង​ណាមួយ​ទេ គណបក្ស​នឹងមាន​សំឡេង​គ្រប់​មណ្ឌល​»​។​

​ជុំវិញ​បញ្ហា​នេះដែរ លោក ញឿ​ន រ៉ា​ដែន តំណាងរាស្ត្រ និង​ជា​អ្នកនាំពាក្យ​គណបក្ស​ហ្វ៊ុនន​ស៊ិនប៉ិច ដែល​បាន​ទៅ​ចូលរួម​បោះ​ឆ្នោត នៅ​មណ្ឌលបោះឆ្នោត ភូមិភាគ​ទី​២ បាន​លើកឡើងថា ស្ថានភាព​សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នេះ ពិនិត្យឃើញថា អង្គ​បោះ​ឆ្នោត បាន​ទៅ​បោះឆ្នោត និង​មាន​សណ្ដាប់ធ្នាប់​ល្អប្រសើរ​។​

​លោក សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ថ្លែង​នា​ថ្ងៃទី ​​២៥​​ ខែកុម្ភៈ ថា ស្ថាន​ភាព​នៃ​ការបោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា ឆ្នាំ​ ២០២៤ បាន​ប្រ​ព្រឹទ្ធ​ទៅដោយ​រលូន មាន​សន្តិសុខ​សណ្តាប់ធ្នាប់ សុវត្ថិភាព និង​គ្មាន​អំពើហិង្សា​ឡើយ​។ អង្គ​បោះឆ្នោត បាន​ទៅ​បោះឆ្នោត​ប្រកបដោយ​របៀបរៀបរយ​ដែល​អាច​ចាត់ទុកថា ពួកគាត់​ជា​គ្រូ​បង្រៀន​ប្រជាពលរដ្ឋ ឱ្យ​ចេះ​បោះឆ្នោត​។ លោក សុខ ឥសាន បានបញ្ជាក់​ទៀតថា ៖ «​ដោយ​ផ្អែកទៅលើ​សភាពការណ៍ ដូច្នេះហើយ យើង​សង្ឃឹមថា ការបោះ​​ឆ្នោត​ប្រព្រឹត្ត​ទៅដោយ​ជោគជ័យ ត្រចះត្រចង់ និង​ប្រកបដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​។ 

​សម្រាប់​លទ្ធផល គណបក្ស​ប្រជាន​កម្ពុជា រំពឹងថា នឹង​ទទួលបាន​ជោគជ័យ​តាម​ការ​​គ្រោងទុក​»៕