​ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ ម៉ា​ណែ​ត និង​ភរិយា​គ្រោង​ទៅ​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​ប្រទេស​ម៉ាឡេស៊ី​ នៅ​ថ្ងៃទី​​ ២៧ ខែកុម្ភៈ ឆ្នាំ​ ២០២៤ ខាងមុខ ដើម្បី​ពង្រឹង​ទំនាក់ទំនង​ទ្វេ​​ភាគី ខណៈ​អ្នកនាំពាក្យ​រដ្ឋាភិបាល​ថា ដំណើរ​ទស្សនកិច្ច​នេះ​ដើម្បី​បង្កើន​ចំណង​កិច្ចសហប្រតិបត្តិការ​ដែល​មាន​ស្រាប់​រវាង​កម្ពុជា និង​ម៉ាឡេស៊ី​ជាពិសេស​ដើម្បី​កៀរគរ​ការវិនិយោគ និង​ទេស​ចរណ៍​មក​កម្ពុជា​។​


​ដំណើរ​បំពេញ​ទស្សនកិច្ច​ក្រៅ​​ប្រទេស​របស់​ប្រមុខ​រដ្ឋាភិបាល​លើក​នេះ ធ្វើឡើង​តប​តាម​ការអញ្ជើញ​របស់លោក ដា​តុ ស៊េរី អាន់​វ៉ា ប៊ី​ន​ អ៊ី​ប្រា​ហ៊ីម នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​។ នេះ​បើ​យោងតាម​ខ្លឹមសារ​ប្រកាស​ពី​បណ្តាញ​សង្គម​ផ្លូវការ​លោក​ហ៊ុន ម៉ា​ណែ​ត នៅ​ថ្ងៃទី​​ ២៥ ខែកុម្ភៈ​។​

​លោក ​ប៉ែន បូ​ណា ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល​បានឱ្យដឹង​នៅ​ថ្ងៃទី ២៥ ខែកុម្ភៈ​ថា ដំណើរ​ទស្សន​​កិច្ច​របស់លោក​ហ៊ុន ម៉ា​ណែ​ត ទៅកាន់​ម៉ាឡេស៊ី​លើក​នេះ​ជា​បេសកកម្ម​ការ​ទូត​សកម្ម​របស់លោក​ក្នុង​នយោបាយ​ការបរទេស​នៅ​ឆ្នាំ​ ២០២៤ ដែលជា​កិច្ចការ​ដើម្បី​បញ្ជាក់​ពី​ការពង្រឹង​ចំណងមិត្តភាព​ល្អ​ស្រាប់​រវាង​កម្ពុជា និង​ម៉ាឡេស៊ី បន្ត​ពី​រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក​អតីត​នាយករដ្ឋមន្ត្រី ហ៊ុន សែន​។​


​លោក​បាន​បញ្ជាក់ថា​៖ «​ម៉ាឡេស៊ី ជា​ប្រទេស​សមាជិក​អាស៊ាន​ដែល​ចាំបាច់​ណាស់​សម្រាប់​សម្តេច​ធិបតី ក្នុងនាម​លោក​ជា​ប្រមុខ​ដឹកនាំ​ថ្មី​របស់​រដ្ឋា​ភិ​បាល​កម្ពុជា​ត្រូវ​ទៅ​បំពេញ​ទស្សនកិច្ច​ជា​បន្តបន្ទាប់​ក្នុង​រង្វង់​សមាជិក​អាស៊ាន ដើម្បី​បញ្ជាក់​ពី​កិច្ចសហប្រតិបត្តិការ​ដែល​មាន​ស្រាប់​ប្រាប់​ភាគី​ដៃគូ និង​ពង្រឹង​មិត្តភាព​ឱ្យ​កាន់តែ​ស្អិតល្មួត​ថែមទៀត​»​។​

​លោក ​ប៉ែន បូ​ណា បាន​បន្តថា កម្ពុជា និង​ម៉ាឡេស៊ី​ មាន​ទំនាក់ទំនង​ល្អជា​ប្រពៃណី​នឹង​គ្នា​ស្រាប់ ខណៈ​លោក​ ហ៊ុន ម៉ា​ណែ​ត មេដឹកនាំ​ថ្មី​របស់​កម្ពុជា​កំពុង​បំពេញបេសកកម្ម​ការទូត​យ៉ាងសកម្ម​ទាំង​ក្នុង និង​ក្រៅប្រទេស ហើយ​ដំណើរ​ទៅកាន់​ម៉ាឡេស៊ី​នេះ​មិន​ខុសពី​រាល់ដង ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ប្រទេស ដើម្បី​ទាក់ទាញ​ការវិនិយោគ និង​ទេសចរណ៍ ដែល​នឹងមាន​កម្មវិធី​វេទិកា​ធុរកិច្ច​កម្ពុជា​-​ម៉ាឡេស៊ី ផងដែរ​។​


​លោក ស៊ឺន សម អ្នកជំនាញ​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​បានចាត់ទុក​ដំណើរ​​ទស្សនកិច្ច​របស់លោក​ហ៊ុន ម៉ា​ណែ​ត ទៅកាន់​ម៉ាឡេស៊ី​ថា ជា​រឿង​សំខាន់​ដោយសារ​ប្រទេស​ទាំង ​២ ​ជា​សមាជិក​អាស៊ាន​ដូចគ្នា​។​

​លោក​បាន​បន្តថា ដំណើរ​ទស្សន​កិច្ច​នេះ​ជាការ​ពង្រឹង​ទំនាក់ទំនង​ផ្ទៃ​ក្នុង​អាស៊ាន ក្រៅពី​ការ​រឹតចំណង​មិត្ត​ភាព​ទ្វេភាគី នៅ​ចំពោះមុខ​ម៉ាឡេស៊ី​ជា​ដៃគូ​ពាណិជ្ជកម្ម​លំដាប់​ទី​ ១៤ របស់​កម្ពុជា ហើយ​អាច​ពង្រឹង​ទំនាក់ទំនង​ប្រជាជន និង​ប្រជាជន ខណៈ​ម៉ាឡេស៊ី​ជា​ប្រទេស​អ្នក​កាន់សាសនា​មូស្លីម​ដ៏​ធំ​មួយ​ហើយ​នៅ​កម្ពុជា​ក៏មាន​ប្រជាជន​កាន់សាសនា​មូស្លីម​ច្រើន​ដែរ​។​

​លោក ​ស៊ឺន សម បាន​ថ្លែងថា​៖ «​ដំណើរ​ទស្សនកិច្ច​នឹង​ទៅ​រឹតចំណង​ផ្នែក​ការទូត​បន្ថែម ហើយ​ថ្នាក់ដឹកនាំ​ទាំង​ ២ អាច​ជជែក​គ្នា​លើ​ចំណុច ឬ​ប្រធានបទ​ដែល​មិនទាន់​យល់​គ្នា​លើ​ប្រការ​ណាមួយ​។ ក្នុង​អាស៊ាន ម៉ាឡេស៊ី​មានការ​អភិវឌ្ឍ​មួយ​ដែរ មាន​ទីផ្សារ​ធំ ហើយ​មាន​បច្ចេកវិទ្យា​ជឿនលឿន​ដែរ​ដែល​កម្ពុជា​គួរ​ទាញយក​សក្តានុពល​បន្ថែ​ម​។ កម្ពុជា​គួរតែ​សម្លឹងមើល​ទីផ្សារ​ម៉ាឡេស៊ី​ដែលជា​សមាជិក​អាស៊ាន ក្រៅពី​ទីផ្សារ​តំបន់​ផ្សេងៗ​»​។​

​បើតាម​លោក ស៊ឺន សម ទំនាក់​ទំនង​កម្ពុជា និង​ម៉ាឡេស៊ី​ស្ថិតក្នុង​ដំណាក់កាល​ត្រួតពិនិត្យ​គ្នា​នៅឡើយ បើទោះបី​មាន​ទំនាក់ទំនង​ល្អ​នឹង​គ្នា​ក្តី ដែល​កាលពី​ឆ្នាំ​២០២២ គ្រា​កម្ពុជា​ជា​ប្រធាន​អាស៊ាន អតីតរដ្ឋមន្ត្រី​ការ​បរទេស​ម៉ាឡេស៊ី​បាន​រិះគន់​កម្ពុជា​ខ្លាំងៗ​លើ​ការដឹកនាំ​អាស៊ាន ដោយ​លើកឡើងថា កម្ពុជា​មិនមាន​សមត្ថភាព​ដឹកនាំ និង​ដោះស្រាយ​បញ្ហា​អាស៊ាន​ជាដើម ហើយ​សមាជិកសភា​ម៉ាឡេស៊ី​មួយចំនួនទៀត​ក៏​ធ្លាប់​រិះគន់​លទ្ធិ​ប្រជា​​ធិបតេយ្យ​នៅ​កម្ពុជា​ផងដែរ​។​

​ទោះជា​យ៉ាងណា ប្រទេស​ទាំង ​២ ត្រូវការ​គ្នា​ទៅវិញទៅមក​ដែល​ទាមទារ​ការពង្រឹង​ចំណងមិត្តភាព​ទ្វេភាគី ដោយ​ថ្នាក់ដឹកនាំ​ប្រទេស​ទាំងសងខាង​គួរ​បង្កើន​ការជួបពិភាក្សាគ្នា​ជា​ញឹកញាប់​ដើម្បី​បកស្រាយ​ចំណុច​មិន​យល់​ស្របគ្នា ចៀសវាង​ការឆ្លើយ​ឆ្លង​គ្នា​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​។ នេះ​បើតាម​លោក ស៊ឺន សម បន្ថែម​។​

​ទាក់ទង​នឹង​គម្រោង​នៃ​ដំណើរ​ទស្សនកិច្ច​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​នេះដែរ ប្រជាពលរដ្ឋ និង​និស្សិត​កម្ពុជា​ដែល​កំពុង​រស់នៅ ធ្វើការ និង​សិក្សា​នៅ​ប្រទេស​ម៉ាឡេស៊ី​បាន​បង្ហោះ​សារ និង​វីដេអូ​ឃ្លី​ប​តាម​បណ្តាញ​សង្គម​ប្រកាស​ស្វាគមន៍ និង​គាំទ្រ​វត្ត​មាន​លោក​ហ៊ុន ម៉ា​ណែ​ត ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ម៉ាឡេស៊ី​នៅ​ចុងខែ​កុម្ភៈ​នេះ និង​ជូនពរ​លោក​ឱ្យបំពេញ​ទស្សនកិច្ច​ប្រកបដោយ​ជោគជ័យ​ផងដែរ​៕