ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​កម្ពុជា និង​សម្តេចព្រះ​មហាក្សត្រី​ នរោត្តម មុនិ​នាថ សីហនុ នៅ​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២៤ បាន​យាង​ចាក​ចេញពី​រាជធានី​ភ្នំពេញ​ទៅ​ទីក្រុង​ប៉េកាំង​មួយរយៈ​ ដើម្បី​ពិនិត្យ​​ព្រះរាជសុខភាព តាម​កាលវិភាគ ​និង​វេជ្ជបញ្ជា​របស់​គ្រូពេទ្យ ដែល​ដំណើរ​យាង​នេះ​ធ្វើ​ឡើងជា​រៀងរាល់ ៦​ ខែម្តង​។​


​ក្នុងការ​ថ្វាយ​ព្រះរាជដំណើរ​ទ្រង់ មាន​វត្តមាន​លោក​សាយ ឈុំ ប្រធានព្រឹទ្ធសភា​, លោក​ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​, លោកស្រី​ ឃួន សុ​ដា​រី ប្រធានរដ្ឋសភា​, លោក​ ហេង សំរិន ប្រធានកិត្តិយស​នៃ​ឧត្ដមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​, លោក​ ហ៊ុន សែន ប្រធាន​ក្រុម​ឧត្ដមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង​ឥស្សរជន​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​កម្ពុជា​ ជាច្រើនរូប​ទៀត រួម​នឹង​​វត្តមាន​ឯកអគ្គរាជទូត​ចិន​ប្រចាំ​កម្ពុជា និង​មន្ត្រី​ស្ថានទូត​ផងដែរ​។​

នា​ថ្ងៃទី​២៤ ខែកុម្ភៈ ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី បានចេញ​ព្រះរាជសារ​ជូន​ជនរួមជាតិ ដោយ​ព្រះអង្គ​បាន​បញ្ជាក់ថា ទ្រង់​នឹង​អវត្តមាន​ពី​ប្រទេស​កម្ពុជា​មួយរយៈ ចាប់ពី​ថ្ងៃទី​២៦ ខែកុម្ភៈ ដើម្បី​ពិនិត្យ​ព្រះរាជសុខភាព​នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន​។​


ព្រះអង្គ​មាន​ព្រះបន្ទូល​ថា​៖ «​នៅក្នុង​ឱកាស​អវត្តមាន​របស់​ទូលព្រះបង្គំ ខ្ញុំព្រះករុណា សម្ដេច​វិបុល​សេនា​ភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នឹង​ទទួល​ជួយ​ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ​ក្នុងឋានៈ​ជា​ប្រមុខរដ្ឋស្ដីទី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​»​។​

សូមជម្រាបថា សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី និង​សម្តេចព្រះ​មហាក្សត្រី តែងមាន​ព្រះរាជដំណើរ​យាង​ទៅពិនិត្យ​សុខភាព​នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន នេះ​ជា​ទៀងទាត់​នៅ​រៀងរាល់ ៦​ខែម្តង ដែល​ព្រះរាជដំណើរ​គ្រា​មុន​ធ្វើឡើង​កាលពី​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០២៣​។


​លោក​ គិ​ន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា ថ្លែងថា ព្រះរាជដំណើរ​របស់​ព្រះមហាក្សត្រ​និង​សម្តេចម៉ែ យាង​ចេញ​ក្នុងអំឡុងពេល​ចំពេល​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៥​។​

លោក​ថ្លែងថា​៖ «​ការបោះឆ្នោត​លើក​នេះ មិន​ចោទ​ជា​បញ្ហា​ប្រឈម​លើ​ស្ថានភាព​នយោបាយ ឬ​ទាមទារ​ឱ្យមាន​ព្រះរាជអន្តរាគមន៍​សម្រាប់​ដោះស្រាយ​វិបត្តិ​នយោបាយ​ណាមួយ​រវាង​គណបក្ស​ដែល​ចូលរួម​ប្រកួតប្រជែង​ទេ​។ យើង​ឃើញ​បរិយាកាស​បោះឆ្នោត​តាំងពី​ដើមទី រហូតមកទល់​ឥឡូវ យើង​មិនឃើញ​មាន​ភាពមិនប្រក្រតី​ណាមួយ​ឡើយ ដែល​មិនឃើញ​សញ្ញាណ​ជាប់គាំង​នយោបាយ ការតវ៉ា​ពាក់ព័ន្ធ​នឹង​លទ្ធផល​បោះឆ្នោត​ដែរ ដែល​ការយាង​ចាកចេញ​របស់​ព្រះអង្គ មិន​ចោទ​ជា​បញ្ហា​ទេ​»​។​

​ចំពោះ​មតិសាធារណៈ​កន្លងមក ដែល​លើកឡើងថា ព្រះមហាក្សត្រ​តែង​យាង​ចាក​ចេញពី​ប្រទេស​កម្ពុជា ទៅ​ទីក្រុង​ប៉េកាំង​អំឡុង​ប្រទេស​មាន​ព្រឹត្តិការណ៍​នយោបាយ​ធំៗ ដូចជា​ការបោះឆ្នោត​ជាដើម លោក​គិ​ន ភា ចាត់ទុកជា​មតិ​រិះគន់​ដែល​មិនមាន​មូលដ្ឋាន​ច្បាស់លាស់​។​

លោក​ មាស នី អ្នកស្រាវជ្រាវ​ការអភិវឌ្ឍ​សង្គម និង​ជា​អ្នកតាមដាន​នយោបាយ​ក្នុងស្រុក ថ្លែងថា ដំណើរ​ព្រះមហាក្សត្រ​និង​សម្តេចម៉ែ​ទៅ​ទីក្រុង​ប៉េកាំង​ដើម្បី​ព្រះរាជសុខភាព​ជា​រឿង​សំខាន់ បើសិន​ស្ថានភាព​ព្រះរាជសុខភាព​ទ្រង់​ចាំបាច់​មានការ​ពិនិត្យ​។​

​លោក​បាន​ថ្លែងថា​៖ «​តាមផ្លូវ​ច្បាប់ ក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុ​ជា ព្រះមហាក្សត្រ​ជា​និមិត្តរូប​នៃ​យុត្តិធម៌​សង្គម ជា​និមិត្តរូប​នៃ​ភាពជា​អាជ្ញាកណ្តាល​នៅក្នុង​ដំណើរការ​បោះឆ្នោត​របស់​គណបក្សនយោបាយ​»​។​

លោក​ មាស នី ថ្លែងថា ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៥ នេះ គណបក្ស​ប្រជាជន​កម្ពុជា​ដែលជា​គណបក្សកាន់អំណាច​នឹង​ទទួលបាន​ជ័យជម្នះ ហើយ​អាច​គ្រប់គ្រង​ស្ថានការណ៍​ប្រទេស​បាន ដែល​នឹង​មិនកើត​ចលាចល​សង្គម​ណាមួយ​ឡើយ ហើយក៏​មិន​ទាមទារ​វត្តមាន​ព្រះមហាក្សត្រ​ដែរ​៕