ប៉ៃលិន/បាត់ដំបងៈអាជ្ញាធរខេត្តប៉ៃលិន និងខេត្តផ្សេងៗទៀតបាន និងកំពុងប្រារព្ធពិធីអបអរសាទរអង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ដែលទទួលបានជយលាភី ដោយមានការរៀបចំដង្ហែក្បួនដើម្បីផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយអំពីការប្រកួតប្រជែងអង្គភាពផ្ដល់សេវាសាធារណៈគំរូទៅឆ្នាំបន្តបន្ទាប់ទៀត។
លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន រួមទាំងមន្ត្រីពាក់ព័ន្ធក្នុងខេត្ត បានចូលរួមអបអរសាទរដល់អនុវិទ្យាល័យភ្នំយ៉ាតដែលបានទទួលជយលាភីចំណាត់ថ្នាក់លេខ១ សម្រាប់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំប្រចាំឆ្នាំ២០២៣ នៅទូទាំងប្រទេសកម្ពុជានៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤។
លោកស្រី បាន ស្រីមុំ បានថ្លែងថា ការទទួលបាន ជយលាភីចំណាត់ថ្នាក់លេខ១ នេះ គឺកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ បុគ្គលិកអប់រំ សិស្សានុសិស្ស នៅក្នុងសាលារៀននេះដែលបានចូលរួមបំពេញកាតព្វកិច្ច តួនាទីតាមអ្វីដែលគោលការណ៍បានកំណត់ស្របពេលដែលខេត្តប៉ៃលិនអាចនឹងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការចូលរួមប្រកួតប្រជែងនៅថ្នាក់ជាតិ។
លោកស្រីបានបន្តថា ចំពោះសមិទ្ធផលនេះ គឺជាកិត្តិយសសម្រាប់ប៉ៃលិន ដែលបានផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ ក្នុងចំណោមខេត្តផ្សេងៗទៀត។
លោកស្រីបានបញ្ជាក់ថា៖«ក្រៅពីអនុវិទ្យាល័យភ្នំយ៉ាតបានទទួលជយលាភីហើយ យើងនឹងចូលរួមខិតខំបន្តទៀតធ្វើឱ្យអនុវិទ្យាល័យដែលខ្ញុំមើលឃើញចំនួន២កន្លែងទៀត នឹងធ្វើកិច្ចការងារនេះបន្តដើម្បីត្រៀមដាក់ប្រកួតប្រជែងនៅក្នុងឆ្នាំ២០២៥ ខាងមុខ»។
ទន្ទឹមនេះដែរ លោកស្រីក៏បានអំពាវនាវទៅដល់ថ្នាក់ដឹកនាំ បុគ្គលិកអប់រំ សិស្សានុសិស្សនៅក្នុងសាលារៀនផ្សេងទៀតបន្តចូលរួមសហការគ្នា ដើម្បីធ្វើឱ្យសាលារៀនរបស់ខ្លួនបានទទួលជយលាភីល្អ សម្រាប់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំនៅឆ្នាំក្រោយៗទៀត។
ដោយឡែក លោក លី វណ្ណៈ នាយករដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងដែរថា ថ្នាក់ដឹកនាំខេត្ត បានត្រៀមរៀបចំការអបអរសាទរដោយការដង្ហែក្បួននៅថ្ងៃទី២៩ ខែកុម្ភៈ ដើម្បីលើកទឹកចិត្តដល់កិច្ចខិតខំប្រឹងប្រែងក្នុងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋរបស់អង្គភាពជយលាភីទាំង៤របស់ខេត្តសៀមរាប។
លោកបានប្រាប់ថា៖«កិច្ចការនេះជាឆន្ទៈរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការគាំទ្រនិងលើកទឹកចិត្តដល់គ្រប់អង្គភាពផ្ដល់សេវាឱ្យចូលរួមប្រកួតប្រជែងការផ្ដល់សេវាសាធារណៈគំរូ ក្នុងគោលបំណងដើម្បីបង្កើនគុណភាព និងស័ក្ដិសិទ្ធិភាពនៃការផ្ដល់សេវាសាធារណៈ ដោយចាប់ផ្ដើមពីវិស័យអាទិភាពខ្ពស់ មានវិស័យអប់រំ ចាប់ពីកម្រិតសាលាបឋមសិក្សា និងអនុវិទ្យាល័យ ហើយនិងវិស័យសុខាភិបាលចាប់ពីកម្រិតមណ្ឌលសុខភាព»។
បើតាមលោក លោក លី វណ្ណៈ ចំពោះខេត្តសៀមរាប មានអង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលដែលទទួលបានជយលាភីមានចំនួន៤ រួមមានអនុវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុន ព្រះឥន្ទកោសាចំណាត់ថ្នាក់លេខ២,សាលាបឋមសិក្សាវត្តបូព៌ចំណាត់ថ្នាក់លេខ៣និងសាលាបឋមសិក្សាក្រវាន់ ចំណាត់ថ្នាក់លេខ៦។រីឯវិស័យសុខាភិបាលដែលទទួលបានជយលាភីគឺមានមណ្ឌលសុខភាពគោកចកទទួលបានចំណាត់ថ្នាក់លេខ២។
ដោយឡែកនៅខេត្ដបាត់ដំបង នាថ្ងៃទី២៦ ខែកុម្ភៈ ក៏មានពិធីដង្ហែពានជយលាភីសេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ឆ្នាំ២០២៣ ផងដែរ ដោយចាប់ផ្ដើមនៅសួនសម្តេចក្រឡាហោមវិមានឯករាជ្យ ក្រុងបាត់ដំបង និងមានការចូលរួមជាអធិបតីពីលោក សុខ លូ អភិបាល ខេត្តបាត់ដំបង។ នេះបើយោងតាមហ្វេសប៊ុករបស់លោកសុខ លូ ។
ប្រភពដដែលបានឱ្យដឹងថា ចំពោះអង្គភាពផ្តល់សេវាសាធារណ:គំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ឆ្នាំ២០២៣ សម្រាប់ខេត្តបាត់ដំបងរួមមាន សាលាបឋមសិក្សាសម្តេច ជា ស៊ីម ចំណាត់ថ្នាក់លេខ១ ស្ទួន សាលាបឋមសិក្សាវត្តចែងចំណាត់ថ្នាក់លេខ៧ និងអនុវិទ្យាល័យបាក់អំរែកចំណាត់ថ្នាក់លេខ១០។
សូមបញ្ជាក់ថា លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យទទួលស្គាល់ជយលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ ចាប់ពីកម្រិតបឋមសិក្សាមានចំនួន ១០ សាលា និងកម្រិតអនុវិទ្យាល័យមានចំនួន ១០ សាលា។ ដោយឡែកអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យសុខាភិបាលវិញ មានចំនួន ១០ អង្គភាពផងដែរ។
អង្គភាពផ្តល់សេវាសាធារណៈគំរូ ទាំងក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលដែលទទួលបានជយលាភីលេខ១ នឹងទទួលបានថវិកាចំនួន ២០០ លានរៀល។ នេះបើតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជាចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤៕