ភ្នំពេញៈ​ ក្នុង​ឆ្នាំ​ ២០២៣ ​កន្លង​ទៅ​ ​មូលនិ​ធិ​គន្ធ​បុប្ផា​កម្ពុជា​ បាន​ទទួល​ចំណូល​សរុប​ប្រមាណ ​២១,​០៨​ លាន​ដុល្លារអា​មេរិក​មកពី​ប្រភព​នានា​ដែល​ប្រៀប​ធៀប​នឹង​ឆ្នាំ​ ២០២២ គឺ​មាន​ការ​កើន​ឡើង​ ១៣​ ភា​គរយ​។នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌​មាន​ស្តីពីលទ្ធ​ផល​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​បរ​ធន​បាល​នៃ​មូល​និធិ​គន្ធ​បុប្ផា​កម្ពុជា​។​


​សេចក្តី​ប្រកាស​ព័ត៌​មាន​ចុះ​ថ្ងៃទី ​២០ ​ខែកុម្ភៈ​ ដែល​ទើប​ទទួល​បាន​កាល​ពី​ថ្ងៃទី ​២៦ ​ខែកុ​ម្ភៈ បាន​ឱ្យ​ដឹង​ថា ក្នុង​ឆ្នាំ​ ២០២៣​ មូល​និធិ​សរុប​ប្រមាណ ​២១,០​៨ លាន​ដុល្លារ​នេះ​ទទួល​បាន​ពី​ប្រភព​នានា​ដូច​ជា ​វិភាគ​ទាន​របស់​រាជ​រដ្ឋាភិ​បាល​ ការ​កាត់​កម្រៃ​ពី​ការ​លក់​សំបុត្រ​ចូល​ទស្សនា​តំបន់​រមណីយ​ដ្ឋាន​អង្គរ​  វិភាគ​ទាន​របស់​កាក​បាទ​ក្រហម និង​វិភាគ​ទាន​របស់​សប្បុ​រស​ជន​ទូទៅ​ជា​ដើម​។ 

​ប្រភព​ដដែល​បាន​បន្ត​ថា ​ទិន្នន័យ​នេះ បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ ២០២២​ ឃើញ​ថា ថវិកា​បរិច្ចាគ​ដែល​មូល​និធិ​គន្ធ​បុប្ផា​កម្ពុជា​ទទួល​បាន​មានកា​រ​កើន​ឡើង​ ១៣​ ភាគរយ ​និង​ទទួល​បាន​សមា​ជិក​សរុប​ចំនួន​ប្រមាណ ​២៧១ ៧០២ ​នាក់​។ ជា​មួយគ្នា​នេះ​មូលនិ​ធិ​គន្ធ​បុប្ផា​កម្ពុជា ​ក៏​បាន​ផ្ទេរ​ថវិកា​ជូន​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ចំនួន​ប្រមាណ ​៣,៥៨​ លាន​ដុល្លារ ​ផង​ដែរ​។​


​ទន្ទឹម​នឹង​ចំណូល​នេះ កាល​ពី​ឆ្នាំ​២០២៣ ​កន្ល​ងទៅ​ មន្ទី​រពេទ្យ​គន្ធ​បុប្ផា​ទាំង​នៅ​ភ្នំពេញ ​និង​នៅ​ខេត្ត​សៀម​រាប ក៏បាន​ចំណាយ​ថវិកា​សរុប​ប្រមាណ ​៤០,​៧១៥ លាន​ដុល្លារ ​ដើម្បី​បន្ត​បេសក​កម្ម​ផ្តល់​សេវា​ពិនិត្យ​ និង​ព្យា​បាល​ជំងឺ​ដល់​ ទារក ​កុមារ និង​ស្ត្រី​មាន​ផ្ទៃ​ពោះ ដោយ​ឥត​គិត​ថ្លៃ​ផង​ដែរ​។​

​តាម​រយៈ​សេចក្តី​ប្រកាស​ព័ត៌​មាន​ លោក​ឧបនា​យករ​ដ្ឋម​ន្ដ្រី អូន ​ព័ន្ធមុនី​រ័ត្ន ​រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច ​និង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​បរ​ធន​បាល​នៃ​មូលនិ​ធិ​គន្ធ​បុប្ផា​កម្ពុជាបាន​វាយ​តម្លៃ​ខ្ពស់​លើ​ការ​ខិត​ខំ​ប្រឹង​ប្រែង​បំពេញ​ការងារ​របស់​មូល​និធិ​នេះ ប្រក​បដោយ​វិជ្ជា​ជីវៈ​ខ្ពស់​ដើម្បី​ពិនិត្យ ​ព្យា​បាល ​និង​សង្គ្រោះ​កុមារ​កម្ពុជា​រាប់​លាន​នាក់​រហូត​មក​ដល់​បច្ចុប្បន្ន​។ 


​ជា​មួយ​គ្នានេះ​លោក​ក៏​បាន​អំពាវ​នាវ​ផង​ដែរ​ថា​៖«​ដើម្បី​បន្ត​និរន្ត​រ​ភាព​មន្ទីរ​ពេទ្យ​នេះ ​សូម​ឱ្យ​មាន​ការ​បរិច្ចាគ​ច្រើន​បន្ថែម​ទៀត ព្រោះ​ការ​ចូលរួ​ម​បរិច្ចាគ ​និង​ការ​លើក​ស្ទួយ​ស្មា​រតីខ្មែ​រ​ជួយ​ខ្មែរ​ឱ្យ​បាន​កាន់តែ​បាន​កាន់តែ​ទូលំទូ​លាយ ​និង​មិន​ត្រឹម​តែ​ជួយ​សង្គ្រោះ​ជីវិត​កុមារ​កម្ពុជា​រាប់​លាន​នាក់​នោះ​ទេ ​ថែម​ទាំង​បង្កើន​ស្មារតី​សាមគ្គី​ភាព​ក្នុង​សង្គម​កម្ពុជា​ឱ្យ​កាន់តែ​​រឹង​មាំ​ផង​ដែរ​»​។​

​ជុំវិញ​រឿង​នេះ​​ដែរ​ លោក នុត សម្បត្តិ ប្រធាន​វិទ្យា​ស្ថាន​ជីវ​សាស្ត្រ ​វេជ្ជ​សាស្ត្រ និ​ង​កសិ​កម្ម​នៃ​រាជ​បណ្ឌិត្យ​សភា
ក​ម្ពុជា​បាន​គាំទ្រ​ចំពោះ​ជំហរ​របស់​ក្រសួង ​និង​រាជ​រដ្ឋាភិ​បាល​កម្ពុជា​ក្នុង​ការ​គាំទ្រ​មូល​និធិ​និង​មន្ទីរពេ​ទ្យ​គន្ធ​បុប្ផា ដើម្បី​បន្ត​ដំណើរ​ការ​។​

​លោក​បាន​ថ្លែង​ថា​៖«​ការ​បន្ត​គាំទ្រ​ដល់​ការងារ​ដំណើរ​ការ​មន្ទីរពេ​ទ្យ​គន្ធ​បុប្ផា​ តាម​រយៈ​មូល​និធិ​គន្ធបុ​ប្ផា​គឺ​សំខាន់​ណាស់ ​ព្រោះ​ថា​ មន្ទីរពេ​ទ្យ​គន្ធ​បុ​ប្ឆា​ជា​គំរូ​មន្ទីរ​ពេទ្យ​នៃ​សេចក្តី​ស្រឡាញ់​​ចំពោះ​មនុស្ស​ជាតិ​ ហើយ​មន្ត្រី​បុគ្គលិក​ពេទ្យ​នៅ​ទី​នោះ​សង្គ្រោះ​កុមារ​បាន​ល្អ​ប្រកប​ដោយ​វិជ្ជា​ជីវៈ​។​ហេតុ​នេះ​ខ្ញុំ​ក៏​សំណូម​ពរ​ឱ្យ​រដ្ឋាភិ​បាល​ខិតខំ​ស្វែងរ​ក​ជំនួយ​នានា ​ដើម្បី​ជួយ​មូល​និធិ ​ក៏​ដូច​ជា​សូម​ឱ្យ​សប្បុរ​សជន​បន្ត​ជួយ​មន្ទីរ​ពេទ្យ​បន្ត​ទៀត​»​។​

​តាម​រយៈ​លទ្ធ​ផល​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​បរ​ធន​បាល​នៃ​មូល​និធិ​គន្ធ​បុប្ផា​កម្ពុជា​ក៏បាន​ប្តេជ្ញា​ថា នឹង​បន្ត​ខិត​ខំ​អំពាវ​នាវ​ដើម្បី​កៀរ​គរ​ថវិកា​បរិ​ច្ចាគ​ពី​សមា​ជិក​បច្ចុប្បន្ន ​ព្រមទាំ​ង​បំផុស​ការ​បរិច្ចាគ​ពី​សប្បុរ​សជន​​ទូទៅ​បន្ថែម​ទៀត​ តាម​រយៈ​សកម្ម​ភាព​​ផ្សេងៗ​ទៀត​ដើម្បី​បន្ត​សកម្ម​ភាព​របស់​ម​ន្ទីរ​ពេទ្យ​។​

​សូម​បញ្ជាក់ដែ​រថា​ កាល​ពី​ឆ្នាំ​២០២៣ ​មន្ទី​រពេទ្យ​គន្ធ​បុប្ផា​ទាំង​នៅ​ភ្នំពេញ ​និង​នៅ​ខេត្តសៀ​មរាប​ បានផ្ត​ល់​សេវា​ពិនិត្យ ​និង​ព្យា​បាល​ជំងឺ​ដល់ ​ទារក​ កុមារ​ និង​ស្ត្រី​មាន​ផ្ទៃ​ពោះ ​ដោយ​ឥត​គិតថ្លៃ​លើ​ករណី​សំខាន់ៗ​ជា​ច្រើន​។​

​ក្នុង​នោះ​រួម​មាន ​អ្នក​ជំងឺ​កុមារ​មក​​ពិគ្រោះ និង​ព្យាបា​ល​នៅ​ផ្នែក​ចំនួន ​៨៩៩​ ៦៩២ ក​រណី​, កុមារ​បាន​ចូល​មក​សម្រាក​ព្យា​បាល​ក្នុង​មន្ទីរពេ​ទ្យ​ចំនួន ​១៨៤ ​០៥៥ នា​ក់​, ស្ត្រី​មាន​ផ្ទៃពោះ​​បាន​ពិនិត្យ​ និង​ព្យាបា​ល​នៅ​ផ្នែក​ពិគ្រោះ​ជំងឺ​ក្រៅ (​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​សៀម​រាប​) ចំនួន​ ១០៨ ​៧១៩ ក​រណី និង​សម្រាល​កូន​បាន​ចំនួន ​២១ ​៦៤៤​ នាក់​, ជំងឺ​គ្រុន​ឈាម​ធ្ងន់​ធ្ងរ​ចំនួន​ ១៦ ​១៦០​ នាក់​, វះ​កាត់សរុប​ចំនួន​ ២៧ ​៧០០ នាក់​, កុមារ​មាន​ជំងឺ​បេះ​ដូង​ពី​កំណើត​ត្រូវ​បាន​វះ​កាត់​បេះ​ដូង និង​អន្ត​រាគម​ន៍​ឆ្លុះ​ភ្ជិតសរសៃ​​បេះ​ដូង​ចំនួន ​៩៤៩ ​នាក់​៕