ភ្នំពេញៈ​មន្ត្រី​ជាន់​ខ្ពស់​នៃ​ក្រសួង​សា​ធារណ​ការ និង​ដឹក​ជញ្ជូន ​បានឱ្យ​ដឹង​ថា ការ​ដាក់​ផ្លាក​សញ្ញា​កំណត់​ល្បឿន​នៅ​តាម​តំបន់​នៃ​ទីប្រជុំ​ជន​ត្រូវ​បាន​ដាក់​នៅ​តាម​គ្រ​ប់​ផ្លូវ​ទាំងអ​ស់​រួច​ហើយ​ដោយធ្វើ​ឡើង​តាម​លក្ខណៈ​បច្ចេក​ទេស​ត្រឹម​ត្រូវ​ រីឯ​ការ​ដាក់​ផ្លាក​បន្ថែម​ គឺដើម្បី​បង្ហាញ​ឱ្យ​អ្នក​បើក​បរ​យល់​ច្បាស់​ពី​ល្បឿន​រថយន្ត​ក្នុង​ទីប្រជុំ​ជន​។​


​នេះ​ជា​អះ​អាង​របស់​លោក ​ផន រឹម អ្នក​នាំ​ពាក្យ​ក្រសួង​សា​ធារណ​ការ និង​ដឹក​ជញ្ជូន​នៅ​ថ្ងៃទី​ ២៦ ខែកុម្ភៈ ​បន្ទាប់​ពី​មន្ទីរ​សាធា​រណការ​និង​ដឹក​ជញ្ជូន​ខេត្តកំ​ពង់ធំបាន​ចាប់​ផ្ដើម​ដាក់​ផ្លាក​ប៉ាណូ​បន្ថែម​ទៀត​ ដើម្បី​បង្ហាញ​ឱ្យ​អ្នក​បើកប​រ​យល់​ច្បាស់​ពី​ការ​ប្រើ​ប្រាស់​ល្បឿន​រថ​យន្ត​ក្នុង​តំបន់​ទីប្រ​ជុំជ​នដែល​កំណត់​ត្រឹម ​៤០​ គីឡូ​ម៉ែត្រ​ ក្នុង ​១​ ម៉ោង ក្នុង​គោល​បំណង​រួមចំ​ណែក​កាត់ប​ន្ថយ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​នៅ​ទីប្រជុំ​ជន ​និង​តំបន់​ដែល​មាន​គ្រោះ​ថ្នាក់​ញឹក​ញាប់​។​

​លោក​បាន​ឱ្យ​ដឹង​ថា ការ​ដាក់​​ផ្ទាំង​ប៉ាណូដោយ​​មន្ទីរ​សា​ធារណ​ការ និង​ដឹកជ​ញ្ជូន​ខេត្ត​កំពង់​ធំ គឺជា​ការ​ជំរុញ​បន្ថែមឬ​ធ្វើ​ឱ្យ​អ្នក​បើក​បរ​កាន់តែ​មើល​ឃើញ​ ដាស់​ស្មារតី​ប្រុង​ប្រយ័ត្ន​ខ្ពស់​ដល់​អ្នក​បើក​បរក្នុង​ទីប្រជុំ​ជន​ឬ​កន្លែង​ដែល​តែង​តែ​មាន​គ្រោះ​ថ្នាក់​ញឹក​ញាប់​។​


​លោក ​ផន រឹម ​បាន​បញ្ជាក់​ថា​៖ «​មិន​ថាតែ​ទីប្រជុំ​ជន​ទេ ​ផ្លាក​សញ្ញា​កំណត់​ល្បឿន ​ត្រូវ​បាន​ដាក់​គ្រប់​ផ្លូវ​ទាំង​អស់ ដើម្បី​ដាស់​អា​រម្មណ៍​អ្នក​ប្រើ​ប្រាស់​ដង​ផ្លូវ​ឱ្យមាន​ស្មារតី​ប្រុង​ប្រយ័ត្ន​ជាប់​ជានិច្ច​ ចៀស​វាង​គ្រោះ​ថ្នាក់​ និង​ការ​បង្ក​គ្រោះ​ថ្នាក់​ដល់​អ្នក​ដទៃ​»​។​

​បើ​តាម​លោក​ ផន រឹម ​ក្រៅពី​​ការគិត​គូរ​នៅតំបន់​ទីប្រជុំ​ជន​ហើយ ​កន្លង​មក​ក្រសួង​បាន​ដាក់​ចេញ​ជា​គោល​ការណ៍​ណែនាំ​ស្តីពី​ការ​ផ្លាស់​ប្តូរ​ផ្លាក​សញ្ញា​កំណត់​ល្បឿន​អតិបរ​មា ត្រ​ង់​តំបន់​សាលា​រៀន ​(School​ Zone) មក​ត្រឹម​ល្បឿន ៣០ ​គីឡូ​ម៉ែត្រ​ ក្នុង​ ១ ​ម៉ោង ស្រប​តាម​ស្មារតី​នៃ​មហា​សន្និ​បាត​ទីក្រុង​ស្តុក​ខម ​ប្រទេស​ស៊ុយ​អែត ​កាលពី​ខែ​កុម្ភៈ​ ឆ្នាំ ​២០២០​។​


​លោក​ ជូ កូ​ឡា ប្រធាន​មន្ទីរ​សាធា​រ​ណការ និង​ដឹក​ជញ្ជូន​ខេត្ត​កំព​ង់ធំបាន​ឱ្យ​ដឹង​នៅ​ថ្ងៃទី ​២៦ ខែ​កុម្ភៈ​ថា កន្លង​មក​ផ្លាក​សញ្ញា​កំណត់​ល្បឿន​បើកបរ​នៅ​តាម​ដ​ងផ្លូវ​ក្នុង​តំបន់​ទីប្រជុំ​ជន ​គឺមាន​រួច​ហើយ​ ដូច្នេះ​ការ​ចាប់​ផ្ដើម​ដាក់​ផ្លាក​ប៉ាណូ​ឡើង​វិញ​ក្នុង​ការ​បង្ហាញ​ពី​តំបន់​ទីប្រជុំ​ជន​កំណត់​ល្បឿន​អតិប​រមា​៤០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង​សម្រាប់​រថ​យន្ត​គឺ​ដើម្បី​ឱ្យ​អ្នកបើ​កប​រ​យល់​កាន់​តែ​ច្បាស់​ពី​ល្បឿន​នៃ​ការ​ធ្វើ​ដំណើរ​។ 

​លោក​បាន​បន្ត​ថា កា​រចា​ប់ផ្ដើម​ដាក់​ផ្លាក​ប៉ាណូ​ឡើង​វិញ​នេះ នឹងត្រូវ​រៀបចំ​ឡើង​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​ទូទាំង​ខេត្ត​កំពង់​ធំ ខណៈ​ឥឡូវ​នេះ​ខាង​មន្ទីរ​​សា​ធារណការ​ខេត្ត​កំពុង​ដាក់​ផ្លាក​ប៉ាណូ​កំណត់​ល្បឿន​នេះ​នៅ​តាម​បណ្ដោយ​ផ្លូ​វជាតិ​លេខ​៦ក្នុង​តំបន់​ទីប្រជុំ​ជន ភូ​មិសាស្ត្រ​ក្រុង​ស្ទឹង​សែន ​ជា​មុន​សិន ​បន្ទាប់​មក​នឹង​រៀបចំ​ដាក់​នៅ​តាម​ផ្លូវ​ខេត្ត​ជា​បន្ត​បន្ទាប់​ទៀត​។​

​លោក​បាន​ថ្លែងថា​​៖«​ការ​ដាក់​ផ្លាក​ប៉ាណូ​នេះគឺ​ដើម្បី​រួម​ចំណែក​កាត់ប​ន្ថយ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​នៅ​ក្នុង​តំបន់​ទីប្រជុំ​ជន​ មួយ​ទៀត​ចង់​ឱ្យ​​អ្នកបើ​កបរ​មាន​ការយ​ល់​ដឹង​អំពី​ស្ថាន​ភាព​នៅ​តំបន់​ទីប្រជុំ​ជនឬ​តំបន់​មិន​មែន​ប្រជុំ​ជន ត្រូវ​​បើក​ល្បឿន​យ៉ាង​ម៉េច​»​។​

​ជុំវិញ​រឿងនេះ​ដែរ ​លោក ​គឹម បញ្ញា ​នាយក​អង្គការ​មូល​និធិ​បង្ការ​របួស​អាស៊ី​ប្រចាំ​កម្ពុជា​បាន​ឱ្យ​ដឹង​ដែរ​ថា ជា​ទូទៅ​នៅ​តាម​តំបន់​ទីប្រជុំ​ជន​គឺ​បាន​រៀបចំ​ដាក់​ផ្លាក​ល្បឿន​កំណត់​រួច​ហើយ​ ៤០​គីឡូ​ម៉ែត្រ​ក្នុង​១​ម៉ោង ​ដែល​វា​អាច​គ្រប់​គ្រាន់​ក្នុងការ​យល់​ដឹង​សម្រាប់​អ្នក​បើកប​រ​ដែល​បាន​ទទួល​ការ​បណ្ដុះ​បណ្ដាល​។ ក៏ប៉ុន្តែ​ទោះបី​ជា​យ៉ាងណា​ លោក​ថា នៅ​តំបន់​ទីប្រជុំ​ជន ​មាន​ការ​ដាក់​ផ្លាក​កំណត់​ល្បឿន​ឬ​មិន​មាន​ការ​កំណត់​ល្បឿន ​ក៏​អ្នក​បើក​បរ​ត្រូវ​តែ​បន្ថយល្បឿ​ន​ដែរ​។​

​លោក​ថា ​ដូច្នេះ​ប្រសិន​បើ​មាន​ការដាក់​ផ្លាក​ប៉ាណូ​បន្ថែម​ទៀត ​ដើម្បី​បង្ហាញ​ពី​ល្បឿន​កំណត់​ក្នុង​ទីប្រជុំ​ជន​ គួរតែ​ចាប់​ផ្ដើម​ដាក់​ផ្លាក​ជាផ្លូវកា​រ​កុំឱ្យ​ដូច​ផ្លាក​សញ្ញា​ពីមុន ​ពីព្រោះ​នៅ​លើ​ដង​ផ្លូវ​មិន​មែន​មាន​តែ​ប្រជា​ពល​រដ្ឋ​ខ្មែរ​ទេ​ដែល​បើក​បរ ​ក្នុង​នោះ​ក៏មាន​ជន​បរ​ទេស​ផង​ដែរ​។​

​លោក​បាន​បញ្ជាក់​ថា​៖ «​ខ្ញុំ​សុំ​ឱ្យ​ក្រសួង​ ស្ថាប័​ន​ពាក់ព័​ន្ធ ​សូម​ពិនិត្យ​ឡើងវិ​ញ​នូវ​ផ្លាក​សញ្ញា​ដែល​បាន​ដាក់​នេះ ដោយ​រៀបចំ​យ៉ាង​ណា​ឱ្យ​ផ្លាក​សញ្ញា​ទាំង​នោះ​មាន​លក្ខណៈ​ផ្លូវកា​រ ​ពីព្រោះ​មិន​មែន​មាន​តែ​ពលរដ្ឋ​យើង​នោះ​ទេ​ដែល​បើក​បរ​ ប៉ុន្តែ​ក៏​មាន​ជន​បរទេស​ដែល​បើក​បរ​លើ​ដង​ផ្លូវ​ដែរ ​ខណៈ​ផ្លាក​ប៉ាណូ​ដែល​ដាក់​បន្ថែម​ហ្នឹង ​វា​មើល​ទៅ​សម្រាប់​តែ​ជន​ជាតិ​យើង​»​។​

​ទន្ទឹម​នេះដែ​រ លោក ​គឹម បញ្ញា ក៏​ស្នើឱ្យ​មន្ត្រីន​គរបាល​ចរាចរ​ណ៍ ​ត្រូវ​បន្ត​ពង្រឹង​ការអ​នុវត្ត​ច្បាប់​ឱ្យ​មាន​តម្លា​ភាព ហើយ​ចំណែក​ឯ​ប្រជា​ពល​រដ្ឋ ក៏ត្រូវ​ប្រកាន់​ខ្ជាប់​នូវ​វិ​ធានការ​សុវត្ថិ​ភាព​ គោរព​ច្បាប់​ចរា​ចរ​ណ៍ ដើម្បី​ចៀស​វាង​ហានិ​ភ័យ​បង្ក​ឱ្យ​មាន​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ទាំង​ខ្លួន​ឯង​ ក៏ដូច​ជា​អ្នក​ដទៃ​៕