លោក ​ហ៊ុន ម៉ា​នី រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ បាន​លើកឡើងថា តួនាទី​របស់លោក​ជា​ឧបនាយករដ្ឋមន្ត្រី​ទី​១១ ក្នុង​ជួរ​រដ្ឋាភិបាល​អាណត្តិ​ទី​៧ មិន​គ្រាន់តែ​ជា​តំណែង​នោះទេ ក៏ប៉ុន្តែ​ជា​ទំនួល​ខុសត្រូវ ទំនុកចិត្ត និង​ជា​ភារកិច្ច​ក្នុងការ​សម្រេច​ចក្ខុវិស័យ​ប្រមុខ​រដ្ឋាភិបាល​លើ​ការគ្រប់គ្រង កំណែទម្រង់ និង​ធ្វើ​ទំនើបកម្ម​រដ្ឋបាល​សាធារណៈ​។​


លោក​បានលើកឡើង​បែបនេះ​តាមរយៈ​សំណេរ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក កាលពី​ថ្ងៃទី​២៦ ខែកុម្ភៈ ជា​សំណេរ​ដែល​លោក​ឆ្លើយតប​ទៅនឹង​សារ​អបអរសាទរ និង​ជូនពរ​ពី​បណ្តា​ឥស្សរជន សហការី មិត្តភក្តិ និង​ប្រជាពលរដ្ឋ​នានា​ក្នុងឱកាស​ដែល​លោក​ត្រូវបានតែងតាំង​តួនាទី​ជា​ឧបនាយករដ្ឋមន្ត្រី​នាពេល​កន្លងទៅនេះ​។​

លោក ហ៊ុន ម៉ា​នី បានសរសេរថា ៖ «​តួនាទី​នេះ ជា​កិត្តិយស​ដ៏​ធំធេង​សម្រាប់​ខ្ញុំ ហើយក៏​ជាការ​ទទួលស្គាល់​កិច្ចខិតខំ​ប្រឹងប្រែង​ពី​បណ្តា​ថ្នាក់ដឹកនាំ មន្ត្រី​នានា​ដែល​ទទួលបន្ទុក​កិច្ចការងារ​ជា​រៀងរាល់ថ្ងៃ ជាពិសេស​ការទទួលស្គាល់​ពី​សារៈសំខាន់​របស់​ក្រសួង​មុខងារសាធារណៈ​ផ្ទាល់ លើ​ការគ្រប់គ្រង​និង​ដឹកនាំ​ការងារ​កែទម្រង់​វិស័យ​រដ្ឋបាល​សាធារណៈ​នេះ​ឱ្យ​កាន់តែ​ប្រសើរឡើង​»​។​


ជាមួយគ្នានេះដែរ លោក ហ៊ុន ម៉ា​នី ក៏បាន​ថ្លែងអំណរគុណ​ដល់​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន ម៉ា​ណែ​ត ដែល​ផ្តល់​សេចក្តីទុកចិត្ត​និង​ជឿជាក់​លើ​ក្រសួង​មុខងារសាធារណៈ ជាពិសេស​អង្គ​រដ្ឋសភា​ដែល​បោះឆ្នោត​ផ្តល់​តួនាទី​បន្ថែម​ជា​ឧបនាយករដ្ឋមន្ត្រី​ដល់​រូបលោក​។​

លោក ​ហ៊ុន ម៉ា​នី បាន​សង្កត់ធ្ងន់ថា​៖ «​ក្នុងតួនាទី​ជា​ឧបនាយករដ្ឋមន្ត្រី មិន​គ្រាន់តែ​ជា​តំណែង ឬ​ឋានៈ​ប៉ុណ្ណោះ​ទេ តែ​លើសពីនោះ​គឺជា​ទំនួល​ខុសត្រូវ​មួយ​ដែល​ត្រូវ​រែកពុន​ឱ្យបាន ក្នុង​បុព្វហេតុ​ជាតិ និង​ប្រជាជន​របស់​យើង​។ នោះ គឺជា​ការរួម​គ្នា​សម្រេច​នូវ​ភាពប្រសើរ​បន្ថែម និង​សម្រួច​អនាគត​នៃ​វិស័យ​រដ្ឋបាល​សាធារណៈ សម្រាប់​កូនចៅ​ជំនាន់​ក្រោយ ក្រោម​ចក្ខុវិស័យ និង​ម៌ា​គា​ដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​សម្តេច​ធិបតី នាយករដ្ឋមន្ត្រី​»​។​


លោក​ក៏បាន​ប្តេជ្ញាចិត្ត​បំពេញ​តួនាទី​ដើម្បី​សម្រេច​ចក្ខុវិស័យ​របស់​នាយក​រដ្ឋមន្ត្រី ក្នុងការ​គ្រប់គ្រង កំណែទម្រង់ និង​ធ្វើ​ទំនើបកម្ម​រដ្ឋបាល​សាធារណៈ​ដើម្បី​ឆ្លើយតប​ទៅនឹង​ទំនួល​ខុសត្រូវ​ដែល​រដ្ឋាភិបាល​ប្រគល់ជូន ខណៈ​បណ្តា​ថ្នាក់ដឹកនាំ​ទាំង​ផ្នែក​នយោបាយ និង​បច្ចេកទេស នៃ​ក្រសួង​មុខងារសាធារណៈ បានដឹង​ច្បាស់​ពី​តួនាទី និង​ត្រៀមខ្លួន​ឱ្យ​ស័ក្តិសម​នឹង​ទំនុកចិត្ត​និង​ការជឿជាក់ ដែល​នឹង​ខិតខំ​ទាំង​កម្លាំងកាយ ចិត្ត សម្រេច​ផែនការ​លើ​រដ្ឋបាល​សាធារណៈ​នេះ​។​

លោក​យង់ ពៅ អគ្គលេខាធិការ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា យល់ថា កិច្ចការ​កំណែទម្រង់រ​ដ្ឋ​បាល​សាធារណៈ​តទៅ​មុខ ជា​កិច្ច​ការលំបាក​សម្រាប់​លោក​ហ៊ុន ម៉ា​នី និង​ក្រសួង​មុខងារសាធារណៈ ដែល​បញ្ហា​ប្រឈម​ធំជាងគេ គឺ​ការកាត់បន្ថយ​ចំនួន​ថ្នាក់ដឹកនាំ​តាម​ក្រសួង​ដែលមាន​ចំនួន​លើសលប់​បើ​ធៀប​នឹង​មន្ត្រី​បច្ចេកទេស​ដែល​លោក​យល់ថា រដ្ឋាភិបាល​ត្រូវការ​មន្ត្រី​បច្ចេកទេស​បន្ថែមទៀត​។​

លោក​បាន​ប្រាប់ថា​៖ «​បញ្ហា​ប្រឈម​មួយទៀត​នោះ​ក្នុង​វិស័យ​មុខងារសាធារណៈ គឺ​មន្ត្រី​ច្រើន​មើលបំណាំ​គ្នា បាត់បង់​សមធម៌​នៅក្នុង​ការប្រកួតប្រជែង​។ មួយទៀត មន្ត្រី​ដែល​បំពេញការងារ​ជាក់ស្តែង​មានកំណត់ ហើយ​មន្ត្រី​មានតែ​ឈ្មោះ ហើយ​សំអាង​ទៅលើ​សាច់ញាតិ​ជាដើម​មាន​ច្រើន ដូច្នេះ​ការងារ​រដ្ឋ​មាន​ព្រំដែន​»​។​

លោក យង់ ពៅ ក៏បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ធ្វើកំណែទម្រង់​ជ្រើសរើស​ធនធានមនុស្ស​ក្នុង​ជួរ​រដ្ឋាភិបាល​ឱ្យ​ប្រកបដោយ​សមធម៌ គ្មាន​ការរើសអើង មិន​ប្រកាន់​និន្នាការ​ផ្សេងៗ ដោយ​កំណែទម្រង់​ប្រព័ន្ធ​រដ្ឋបាល​សាធារណៈ​នេះ​ត្រូវ​ផ្អែក​តាម​វិជ្ជាជីវៈ តម្រូវការ​ការងារ មនសិការ​ជាតិ បើ​ពុំ​នោះទេ កំណែទម្រង់​នេះ​នឹងមិន​ទទួលជោគជ័យ​ឡើយ​។​

សូមជម្រាបថា នៅ​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០២៤ លោក​ហ៊ុន ម៉ា​នី ត្រូវបានតែងតាំង​ជា​ឧបនាយករដ្ឋមន្ត្រី បន្ថែម​លើ​មុខងារ​ជា​រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ តាមរយៈ​ព្រះរាជក្រឹត្យ​តែងតាំង​ដោយ​ព្រះមហាក្សត្រ ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្តម សីហមុនី ក្រោយពី​សមាជិក​រដ្ឋសភា​ចំនួន ១២០ រូប បាន​បោះឆ្នោត​គាំទ្រ ជា​ឯកច្ឆន្ទ​ក្នុងសម័យ​ប្រជុំ​វិសាមញ្ញ​រដ្ឋសភា នីតិកាល​ទី​៧​។​

លោក​ ហ៊ុន ម៉ា​នី បាន​ឡើងកាន់តំណែង​ជា​រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ កាលពី​ខែសីហា ឆ្នាំ​២០២៣ ពោល គឺ​ក្រោយ​រដ្ឋាភិបាល​អាណត្តិ​ទី​៧ បាន​បង្កើតឡើង ហើយ​លោក​បាន​ថ្លែង​ប្តេជ្ញាចិត្ត​ជំរុញ​ការធ្វើកំណែទម្រង់ និង​ពង្រឹង​រដ្ឋបាល​សាធារណៈ និង​ការធ្វើ​ទំនើបកម្ម​ស្ថាប័ន​សាធារណៈ​ផងដែរ ជាមួយ​បេសកកម្ម​ធំៗ​ចំនួន ៣  ក្នុងនោះ​រួមមាន​៖ អនុវត្ត​ចក្ខុវិស័យ​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត​, ជំរុញ​កំណែទម្រង់ និង​ពង្រឹង​រដ្ឋបាល​សាធារណៈ​ប្រកបដោយ​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល​ក្នុង​រដ្ឋាភិបាល​អាណត្តិ​ទី​៧ ឆ្ពោះទៅ​ឆ្នាំ​២០២៨ និង​អនាគត និង​ចុងក្រោយ ចូលរួមចំណែក​ក្នុងការ​លើកស្ទួយ និង​ការធ្វើ​ទំនើបកម្ម​ស្ថាប័ន​សាធារណៈ​៕