ភ្នំពេញៈ​ រដ្ឋាភិ​បាល​ជប៉ុន​បាន​ឯក​ភាព​ផ្តល់​ជំនួយ​ឥត​សំណង​ដល់​អង្គ​ការ​ក្រៅរ​ដ្ឋាភិបាល​ជប៉ុន ​សម្រាប់​គម្រោង​ចំនួន៣​ផ្សេងៗ​គ្នា ដែល​មាន​ទំហំ​ទឹក​ប្រាក់​ជាង ៧៦​ ម៉ឺន​ដុល្លារ​ ដើម្បី​គាំទ្រ​ដល់​ការ​លើក​កម្ពស់​ការ​អប់រំ​បរិ​ស្ថាន​ កែលម្អ​ការ​អប់រំ​កុមារ​តូច​ និង​លើក​កម្ពស់​ផ្នែក​វេជ្ជ​សាស្ត្រ​ក្នុង​តំបន់​នៅ​កម្ពុជា​។​


​ការ​ចុះ​ហត្ថ​លេខា​ផ្តល់​ជំនួយ​នេះ​បាន​រៀបចំ​ឡើង​នៅ​ថ្ងៃទី ​២៦​ ខែកុ​ម្ភៈ ដោយ​ជំនួយ​នេះ​ត្រូវបាន​ផ្តល់​ជូន​ក្រោម​គ្រោង​ការ​ជំនួយ​ឥត​សំណង​សម្រាប់​គម្រោង​អង្គ​ការ​ក្រៅ​រដ្ឋាភិ​បាល​ជ​ប៉ុន​។ 

​គម្រោង​ទី​១ ដែល​ផ្តល់​ជូន​នេះមា​ន​ទំហំ​ទឹក​ប្រាក់​ប្រមាណ ​១៦០​ ០០០ ដុល្លារ​អាមេរិក​ សម្រាប់​អនុវត្ត​ដោយ​អង្គកា​រ Nature Center Risen​ លើគម្រោង​លើក​កម្ពស់​ការ​អប់រំ​បរិស្ថាន​ ចា​ប់ពី​វ័យ​កុមារ​ភាព​ក្នុង​ប្រទេស​កម្ពុជា ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ដែល​កាន់​តែ​លំបាក​ទៅៗ​ ទន្ទឹម​នឹង​កំណើន​សេដ្ឋ​កិច្ច​។ 


​ដោយ​ឡែក គម្រោង​ទី​២ មាន​ថវិកា​ប្រមាណ ​៤១០ ​០០០ ​ដុល្លារ​អាមេរិក សម្រាប់​លើក​កម្ពស់​លទ្ធ​ភាព​ទទួល​បាន ​និង​គុណ​ភាព​នៃ​ការ​អប់រំ​កុមារ​តូច​របស់​សាលា​ម​តេ្ត​យ្យ​សិក្សា​រដ្ឋ ដែល​អនុវត្ត​ដោយ​អង្គ​ការ​សន្តិ​ស្ម័គ្រ​ចិត្ត​។ ក្នុង​គម្រោង​នេះមាន​សកម្មភាព​ចំនួន​ ៣​ នឹង​ត្រូវ​អនុវត្ត​ក្នុង​នោះ​ រួម​មាន​ ១-ការ​កែ​លម្អ​អគារ​មត្តេយ្យ​សិក្សា ​និង​សួន​កុមារ​, ២-​ការ​អភិវឌ្ឍ​សមត្ថ​ភាព​គ្រូម​ត្តេ​យ្យ​សិក្សា ​និង​មន្ត្រី​រដ្ឋ​បាលអប់រំ​ និង​៣-ការ​លើក​កម្ពស់​ការ​យល់​ដឹង​របស់​មាតា​បិតា ​ចំពោះ​ការ​អប់រំ​កុមារ​តូច​ នៅ​ក្នុងសា​លា​ម​ត្តេ​យ្យរ​ដ្ឋ ​ក្នុង​ខេត្ត​ឧ​ត្ត​រ​មាន​ជ័យ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភាគ​ពា​យព្យ​នៃ​ប្រទេស​កម្ពុជា​។​

​ចំណែក​គម្រោង​ទី​៣ ​មាន​ថវិកា​ប្រមាណ ​១៩០​ ០០០​ ដុល្លារ​អាមេរិក​ សម្រាប់​អនុវត្ត​ដោយ​អង្គការ​មូល​និធិ​សម្រាប់​ការ​អភិវឌ្ឍ​និង​ជំនួយ​សង្គ្រោះ​អន្តរ​ជាតិ​។ គម្រោង​នេះ​ មាន​គោល​បំណង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​កិច្ច​សហ​ប្រតិ​បត្តិការ​ក្នុងចំ​ណោម​មន្ទីរ​ពេទ្យ​ និង មណ្ឌល​សុខ​ភាព​ដោយ​ដាក់​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ក្រចេះ​ជា​​ស្នូល​សម្រាប់​ការ​វះកាត់​នៅភូមិ​ភាគ​ឦ​សាននៃ​ប្រទេស​កម្ពុជា​។​


​លោក ​តានី​ណៃ អ៊ី​ឈិ​តូ​មុ  ភារធារី​ស្តីទី​នៃ​ស្ថាន​ទូត​ជប៉ុន​ប្រចាំ​កម្ពុជាបាន​ថ្លែង​ក្នុង​ពិធី​ចុះ​ហត្ថ​លេខា​នោះ​ថា ​រដ្ឋាភិ​បាល​ជប៉ុន បាន​និង​កំពុង​ផ្តល់​ជំនួយ​ឥត​សំណង​ដល់​អង្គ​ការ​ក្រៅរ​ដ្ឋាភិ​បាល​ជប៉ុន ចាប់​តាំង​ពីឆ្នាំ​២០០២​ ដើម្បី​គាំទ្រ​គម្រោង​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច និង​សង្គម​របស់​ពួក​គេដែល​ត្រូ​វបាន​អនុវត្ត​នៅ​ក្នុង​ប្រទេស​ឬ​តំបន់​កំពុង​អភិ​វឌ្ឍន៍​​។ 

​លោក​បាន​បញ្ជាក់​ថា​៖«​ខ្ញុំ​មាន​សេចក្តី​សោម​នស្ស​រីករាយ​ដោយ​សង្កេតឃើ​ញថា ​​នាពេ​ល​ថ្មីៗ​នេះ​ ប្រទេស​កម្ពុជា​បាន​និង​កំពុង​អភិ​វឌ្ឍ​យ៉ាង​ឆាប់​រហ័ស​។ ទោះ​បីជា​យ៉ាង​ណា ​ខ្ញុំ​ក៏​ទទួល​ស្គាល់​ថា ​នៅតែមា​ន​បញ្ហា​ប្រឈមមួយ​ចំនួន​ដែល​ត្រូវ​ដោះ​ស្រាយដើម្បី​កែ​លម្អ​គុណ​ភាព​ជីវិត​របស់​ប្រជា​ជន​។ រដ្ឋាភិ​បាល​ជប៉ុន​ នឹងចូល​រួម​ចំណែក​ដោះ​ស្រាយ​បញ្ហា​នានា​ជប៉ុន​»​។

​ជា​មួយ​គ្នា​នោះ​ដែរ​ លោក​ស្រី​ អ៊ី​វ៉ា​ម៉ា មី​យោ​កុ ​តំណាង​អង្គ​ការ​ Nature Center Risen​ បាន​លើក​ឡើង​ដែរ​ថា ជា​មួយ​គម្រោង​នេះ អង្គកា​រ Nature Center Risen នឹង​ជួយ​ដល់​ការ​អប់រំ​បរិស្ថាន​នៅ​តាម​សា​លាម​ត្តេ​យ្យ​ក្នុង​ក្រុង​ព្រះ​សីហនុ​ដែល​គណៈ​កម្មាធិ​ការ​ប​រិ​ស្ថាន​នឹង​ត្រូវ​បង្កើត​ឡើង​នៅ​សា​លាម​ត្តេ​យ្យ ​ហើយ​គ្រូ​បង្វឹកជន​ជាតិ​ជប៉ុន​នឹង​អនុវត្ត​ការ​អប់​រំ ព្រម​ទាំង​បណ្ដុះ​បណ្ដាល​ជាក់​ស្តែង​ដល់​គ្រូ​បង្រៀន​។ 

​លោក​ស្រី​បាន​បញ្ជាក់​ថា​៖«​ក្រៅពី​នេះ ​គម្រោង​នេះ ​ក៏មាន​គោល​បំណង​កែ​លម្អ​ស្ថាន​ភាព​បរិស្ថាន ​ដែល​រួម​មាន ​សំរាម ​និង​រុក្ខ​ជាតិ​នៅ​ក្នុង​សាលា​ម​ត្តេ​យ្យ​តាម​រយៈ​ការ​ដំឡើង​ឧប​ករណ៍​អប់រំ​មួយ​ចំនួន ​ដូចជា ​ផ្ទាំង​រូបភាព​បំភ្លឺ​ និង​ប្រអប់​ជី​កំប៉ុស​ជា​ដើម​»​។​

​ចំណែក​ លោក​ស្រី គី​គុ​ជី អា​យ៉ា​ណុ ​តំណាង​ឱ្យ​អង្គ​ការ​សន្តិ​ស្ម័គ្រ​(SVA) បាន​ថ្លែងដែរ​ថា ​គម្រោង​នេះ​មាន​បំណង​ចង់​កែ​លម្អ​លទ្ធ​ភាព​ទទួល​បាន​ការ​អប់រំ ​និង​គុណ​ភាព​នៃសកម្ម​ភាព​អប់រំ ​ដោយ​ការ​កែ​លម្អ​បរិយា​កាស​អប់រំ​។ 

«​យើង​ចង់​រួម​ចំណែក​ក្នុង​ការ​ផ្សព្វ​ផ្សាយ​លទ្ធ​ភាព​ទទួល​បាន​ការ​អប់រំ​ផ្នែក​ម​ត្តេ​យ្យ​សិក្សា​ដែល​មាន​គុណ​ភាព​ខ្ពស់ ​និង​ស្មើ​ភាព​គ្នា ដូច​ដែល​មាន​ចែង​ក្នុង​ផែន​ការ​យុទ្ធ​សាស្ត្រ​អប់រំ ​២០១៩-​២០២៣»​។​លោក​ស្រី គី​គុ​ជី អា​យ៉ា​ណុ ​បញ្ជាក់ប​ន្ថែម​។​

ដោយឡែក លោក សាអេគិ ខាហ្សាតុ តំណាងអង្គការមូលនិធិសម្រាប់ការអភិវឌ្ឍន៍ និងជំនួយសង្រ្គោះអន្តរជាតិ បានឱ្យដឹងដែរថា ថវិកាប្រមាណ ១៩០ ០០០ ដុល្លារអាមេរិកនឹងផ្តល់នូវសកម្មភាពនានា ជូនបុគ្គលិកនៃមន្ទីរពេទ្យបង្អែកស្រុក និងមណ្ឌលសុខភាព ក្នុងការបង្កើនជំនាញ និងចំណេះដឹងរបស់ពួកគេ។

​លោក​បាន​បញ្ជាក់​ថា​៖«​តាម​រយៈ​គម្រោង​នេះ​ យើង​សង្ឃឹម​ថា ​មិន​ថា​អ្នក​ជំងឺ​រស់​នៅ​ទីណា​នោះទេ ​ពួក​គេ​នឹង​អាច​ទទួល​បាន​ការ​ព្យា​បាល​ឆាប់​រហ័ស និង​ត្រឹម​ត្រូវ​»​។​

​សូម​បញ្ជាក់​ដែរថា​ ក្នុង​រ​យៈ​ពេល​២០​ឆ្នាំ​ចុង​ក្រោយ​នេះ ស្ថា​នទូត​ជប៉ុន​បានផ្ត​ល់​ជំនួយ​ជាង​១៥០​គម្រោង​មក​ហើយ នៅក្នុង​ប្រទេស​កម្ពុជា តា​មរ​យៈ​កម្ម​វិធី​ជំនួយ​ឥត​សំណង​ដល់​អង្គ​ការ​ក្រៅ​រដ្ឋាភិ​បាល​ជប៉ុន​នេះ​។ គម្រោង​ដែល​កំពុង​អនុវត្ត​ទាំង​នេះ​ ក៏បាន​រួម​ចំណែក​ដោយ​ផ្ទាល់​ក្នុង​ការ​កែល​ម្អ​គុណ​ភាព​ជីវិត​របស់​ប្រជា​ជន​កម្ពុជា​ផង​ដែរ​៕