ភ្នំពេញៈ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានស្វាគមន៍ប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ និងគ្រប់ភាគីពាក់ព័ន្ធ ដែលចូលរួមជាមួយនឹងកម្ពុជា ក្នុងការរៀបចំកិច្ចប្រជុំសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន នៃអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤នេះ។
លោកបានលើកឡើងដូចនេះ ក្នុងជំនួបជាមួយនឹងលោក Martin Vavra ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឆែកប្រចាំកម្ពុជា ដើម្បីពិភាក្សាការងារ និងស្វែងយល់ពីវិស័យសកម្មភាពមីននៅកម្ពុជា កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤។
ក្នុងជំនួបនោះ ភាគីទាំង២ បានពិភាក្សាគ្នាដោយឆ្លុះបញ្ចាំងពីទំនាក់ទំនងទ្វេភាគី នូវមិត្តភាព និងកិច្ចសហការរវាងប្រទេសទាំង២។ ជាមួយគ្នានេះ លោក លី ធុជ ក៏បាននាំយកនូវការផ្តាំសួរសុខទុក្ខពីសំណាក់លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន ជូនចំពោះ លោក Martin Vavra និងសហការី ដែលបំពេញបេសកកម្មដ៏មានតម្លៃ ដើម្បីជាផលប្រយោជន៍រួម ពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការសម្រាប់ប្រជាជននៃប្រទេសទាំង២។
ជាមួយគ្នានោះ លោក លី ធុជ ក៏បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា និងការដាក់ចេញនូវចក្ខុវិស័យដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ដើម្បីឆ្ពោះទៅរកកម្ពុជាគ្មានមីនក្នុងឆ្នាំ២០២៥។
លោកបានបញ្ជាក់ថា ៖ «ភាពជាប្រធាន និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន នៃអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ ដែលការដំណើរការរៀបចំនេះ កម្ពុជាសូមស្វាគមន៍ និងត្រូវការការរួមចំណែកជួយគាំទ្រពីប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ និងគ្រប់ភាគីពាក់ព័ន្ធ ដើម្បីឱ្យកិច្ចប្រជុំនេះទទួលបានជោគជ័យតាមការគ្រោងទុក»។
ចំណែកលោក Martin Vavra ក៏បានសាទរចំពោះការរីកចម្រើនរបស់កម្ពុជា ក៏ដូចជាសមិទ្ធផលសម្រេចបានសម្រាប់វិស័យសកម្មភាពមីននៅកម្ពុជា។
ដោយឡែកពាក់ព័ន្ធនឹងការរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរ លោក Martin Vavra នឹងលើកយកសំណើរបស់កម្ពុជាដាក់ជូនរដ្ឋាភិបាលនៃសាធារណរដ្ឋឆែក ដើម្បីធ្វើការពិនិត្យ និងពិចារណា។ នេះបើយោងតាមអាជ្ញាធរមីន។
ទាក់ទងនឹងកិច្ចប្រជុំអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ដែលនឹងធ្វើឡើងចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែវិច្ឆិកាខាងមុខនេះដែរ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បានថ្លែងឱ្យដឹងថា ព្រឹត្តិការណ៍សៀមរាប-អង្គរ ដែលជាព្រឹត្តិការណ៍ពិភពលោកមួយគ្មានគ្រាប់មីន គឺជាផ្នែកនៃគោលដៅអនុសញ្ញាអន្តរជាតិអូតាវ៉ា។
លោកបានបន្តថា តាមនីតិវិធីនៃការអនុវត្តអនុសញ្ញានេះ នៅក្នុងរង្វង់៥ឆ្នាំម្តង ដែលហៅថា «review conference» ដែលមានន័យថា ការប្រជុំត្រួតពិនិត្យឡើងវិញពីការអនុវត្តអនុសញ្ញាអន្តរជាតិនេះ។
លោក ហេង រតនា បានបញ្ជាក់ថា ៖ «ការប្រជុំនៅខេត្តសៀមរាបនាចុងខែវិច្ឆិកាខាងមុខនេះ គឺជាព្រឹត្តិការណ៍នៃការត្រួតពិនិត្យឡើងវិញនូវការអនុវត្តអនុសញ្ញាលើកទី៥ ដែលធ្វើ៥ឆ្នាំម្តង ដែលក្នុងការប្រជុំលើកទី២១ នៃកិច្ចប្រជុំសហគមន៍អន្តរជាតិនាទីក្រុងហ្សឺណែវ បានអនុម័តជ្រើសរើសកម្ពុជាធ្វើជាទីតាំងសម្រាប់ប្រជុំត្រួតពិនិត្យឡើងវិញនេះ»។
លោកបញ្ជាក់ថា កម្ពុជាបានខិតខំប្រឹងប្រែងអនុវត្តនូវអនុសញ្ញានេះយ៉ាងខ្ជាប់ខ្ជួន ជាពិសេសការអនុវត្តអនុសញ្ញានូវមាត្រាទី៥ស្តីពីការបោសសម្អាតគ្រាប់មីនដែលមានកប់នៅក្នុងដីនៃរដ្ឋភាគីនីមួយៗធ្វើឱ្យអស់នៅត្រឹមឆ្នាំ២០២៥ ហើយដែលរាជរដ្ឋាភិបាលបានដាក់ចេញនូវផែនការយុទ្ធសាស្ត្រជាតិរបស់ខ្លួនដើម្បីសម្រេចគោលដៅនេះ៕