ភ្នំពេញៈ សហព័ន្ធស្រូវអង្ករកម្ពុជាបានឱ្យដឹងថា នៅក្នុងឆ្នាំ ២០២៣ កម្ពុជាបានជាប់ចំណាត់ថ្នាក់លេខ ១០ ក្នុងចំណោមប្រទេស ផលិតអង្ករច្រើនជាងគេក្នុងពិភពលោកទាំងសម្រាប់ការប្រើប្រាស់នៅក្នុងស្រុក និងសម្រាប់នាំចេញ។
លោក ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានប្រាប់ឱ្យដឹងនៅថ្ងៃទី ២៦ ខែកុម្ភៈថា យោងតាមការធ្វើចំណាត់ថ្នាក់ របស់គេហទំព័រ SeaSia.co បានបង្ហាញថា នៅឆ្នាំ ២០២៣ ការផលិតអង្ករនៅអាស៊ីអាគ្នេយ៍ត្រូវបានគ្រប់គ្រងដោយប្រទេសចំនួន ៦ គឺឥណ្ឌូនេស៊ី វៀតណាម ថៃ ហ្វីលីពីន មីយ៉ាន់ម៉ា និងកម្ពុជា។
ក្នុងនោះឥណ្ឌូនេស៊ីនាំមុខគេក្នុងតំបន់ ដោយឈរនៅលំដាប់លេខរៀងទី៤ លើពិភពលោក ជាមួយនឹងការផលិតអង្ករបាន ៣៤ លានតោន ខណៈវៀតណាម ជាប់ចំណាត់ថ្នាក់លេខ ៥ ដោយផលិតអង្ករបាន ២៦,៩៤ លានតោន។
លោកបញ្ជាក់ថា៖ «កម្ពុជា យើងតូចតែក៏ជាប្រទេសធំ ផលិតស្រូវ និងកែច្នៃអង្ករបានជិត ៦ លានតោន ក្នុង ១ ឆ្នាំដែរលើពិភពលោក ដោយឈរលើលេខរៀងទី១០ លើពិភពលោក។ យើងពិតជាអរគុណខ្លាំងណាស់ដល់រាជរដ្ឋាភិបាល ដែលបានខិតខំប្រឹងប្រែងប្រែក្លាយពីប្រទេសខ្វះស្បៀង ពីទសវត្សរ៍ឆ្នាំ ៧០ ដល់ទសវត្សរ៍ ៩០ ក្លាយ មកជាប្រទេសផលិតហើយមានអតិរេកក្នុងការនាំចេញ»។
លោក យ៉ង សាំងកុមារ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទក៏បានប្រាប់ឱ្យដឹងដែរថា ចំណាត់ថ្នាក់ដែលកម្ពុជាទទួលបានក្នុងឆ្នាំ ២០២៣ នេះ មិនមែនជាលើកទី១ ទេ ដោយកម្ពុជាបានជាប់ចំណាត់ថ្នាក់លេខ ១០ នេះអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ គោលដៅទៅមុខទៀត ក្រសួងនឹងផ្តោតលើការបង្កើនគុណភាពអង្ករ និងកាត់បន្ថយថ្លៃដើមផលិត របស់កសិករច្រើនជាងការផ្តោតខ្លាំងពេកទៅលើការផលិតយកបរិមាណ។
លោកបញ្ជាក់ថា៖ «យើងចង់ធ្វើយ៉ាងណាឱ្យកសិករទទួលបានប្រាក់ចំណេញខ្ពស់ ព្រោះថា ការផលិតសម្រាប់សន្តិសុខស្បៀង មានន័យថា យើងផលិតលើសពីតម្រូវការ តែចង់បានលើសនេះ គឺការផលិតអង្ករដែលមានគុណភាព និងអាចកាត់ថ្លៃដើមផលិតរបស់កសិករឱ្យកាន់តែច្រើន និងអាចប្រកួតប្រជែងលើទីផ្សារ»។
លោក យ៉ង សាំងកុមារ បានបន្ថែមថា ក្រៅពីនេះ ក្រសួងកសិកម្ម ក៏កំពុងជំរុញលើការផលិតពូជស្រូវមួយចំនួនផងដែរ ដូចជាប្រភេទពូជផ្ការំដួល,ពូជសែនក្រអូប ដើម្បីបង្កើនការផលិតអង្ករប្រណីត។ ម្យ៉ាងវិញទៀត ទៅមុខ ការផលិតអង្ករ ក៏គិតគូរដល់និរន្តរភាពនៃបរិស្ថាន ជាពិសេសគុណភាពដី និងសុវត្ថិភាពចំណីអាហារផងដែរ។
ជាមួយគ្នានេះដែរ លោក ចាន់ សុឃាំង វិញយល់ឃើញថា សហព័ន្ធនឹងពិនិត្យមើលយុទ្ធសាស្ត្រ ដោយត្រូវផ្តោតទាំងគុណភាពអង្ករ និងបរិមាណសម្រាប់ការនាំចេញ។
លោកបានបញ្ជាក់ថា៖ «យើងត្រូវពង្រឹងទាំងគុណភាពពូជ អង្ករ និងការពង្រឹងបរិមាណ ព្រោះយើងឃើញថា ប្រជាកសិករយើងជាច្រើនដែលគាត់ពឹងផ្អែកលើការផលិតស្រូវនេះ ជាមុខរបរដើម្បីផ្គត់ផ្គង់ជីវភាពរបស់ពួកគាត់ទាំងអស់គ្នា។ ជាយុទ្ធសាស្ត្រ សម្រាប់ខ្ញុំយល់ថា យើងគួរតែផ្តោត និងពង្រឹងទៅលើទាំងគុណភាពអង្ករ និងបរិមាណ នៅក្នុងនោះដោយសារតែយើងមើលឃើញថា កសិករមួយចំនួនគាត់ចូលចិត្តការដាំដុះប្រភេទអង្ករសទូទៅសម្រាប់អ្នកដែលមានជីវភាពមធ្យម ព្រោះគាត់អាចទទួលទានបាន»។
លោកបន្តថា៖ «ដូច្នេះហើយប្រភេទអង្ករនេះ ទីផ្សារក៏វាមានភាពទូលំទូលាយដែរ។ ដោយឡែកមួយចំណែកទៀត យើងត្រូវផលិតជាប្រភេទអង្ករប្រណីត ដើម្បីចាប់យកទីផ្សារអង្ករប្រណីតដាច់ដោយឡែកមួយទៀត»។
យោងតាមរបាយការណ៍ពីសហព័ន្ធស្រូវអង្ករកម្ពុជា ការនាំចេញក្នុងខែមករា ឆ្នាំ ២០២៤ កម្ពុជាបាននាំចេញអង្ករចំនួន ៤៦ ២២១ តោន គិតជាទឹកប្រាក់បានចំនួន ៣២,៦២ លានដុល្លារ ខណៈការនាំចេញអង្ករ គឺធ្វើឡើងតាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៣២ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៤២។ ដោយឡែកការនាំចេញស្រូវទៅប្រទេសជិតខាងវិញ សម្រេចបាន ជិត ៦០ ម៉ឺនតោន ដែលគិតជាទឹកប្រាក់សរុបជាង ១៨៤ លានដុល្លារ៕