ភ្នំពេញៈ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសថា លទ្ធផលបឋមនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី ៥ កាលពីថ្ងៃទី ២៥ ខែកុម្ភៈបង្ហាញថា គណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងគាំទ្រយ៉ាងច្រើនលើសលប់ គឺសរុបចំនួន ១០០៥២ សំឡេងនៅក្នុងមណ្ឌលភូមិភាគទាំង ៨ ដោយទទួលបានអាសនៈចំនួន ៥៥។
ជាមួយគ្នានោះដែរ គ.ជ.ប បានឱ្យដឹងនៅថ្ងៃទី ២៦ ខែកុម្ភៈថា គណបក្សឆន្ទៈខ្មែរទទួលបានសំឡេងឆ្នោត ១ ៣៩៤ សំឡេងទទួលបានចំនួន ៣ អាសនៈ ខណៈគណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សកម្លាំងជាតិ មិនទទួលបានអាសនៈនោះទេ។
លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា នៅ ថ្ងៃទី ២៦ កុម្ភៈ បានសម្តែងនូវការ ពេញចិត្តចំពោះលទ្ធផលដែលគណបក្សប្រជាជនកម្ពុជាទទួលបានពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានាពេលនេះ។
លោកថ្លែងថា លទ្ធផលនេះបង្ហាញថា ពលរដ្ឋនៅតែមានការគាំំទ្រគណបក្សប្រជាជនកម្ពុជា ខណៈកាលពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ ២០២៣ ប្រជាពលរដ្ឋបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនបានជាង ៨៣% ហើយការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ឆ្នាំ ២០២៤ នេះទទួលបានការគាំទ្រមានជាង ៨៥%។
លោក សុខ ឥសាន ថ្លែងថា៖ «ខ្ញុំពេញចិត្តចំពោះលទ្ធផលនេះ ព្រោះវាឡើងដល់ជាង ៨៥% ដែលពលរដ្ឋគាំទ្រ។ ក្នុងនាមខ្ញុំជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ក៏សូមថ្លែងអំណរគុណដល់លោកលោកស្រីដែលជាអង្គបោះឆ្នោត ដែលបានចេញទៅបោះឆ្នោត គ្រប់ការិយាល័យបោះឆ្នោតទាំង ៣៣ ក្នុងគោលជំហររឹងមាំ បានធ្វើឱ្យគណបក្សយើងទទួលបានលទ្ធផលយ៉ាងត្រចះត្រចង់»។
ចំណែកលោក គីមសួរ ភីរិទ្ធ ប្រធានក្រុមប្រឹក្សាវិន័យគណបក្សឆន្ទៈខ្មែរ ក៏បានថ្លែងដែរថា ទោះជាលទ្ធផលនៃការបោះឆ្នោតព្រឹទ្ធសភានេះមិនពេញចិត្តតាមការចង់បានក៏ដោយ ក៏ប៉ុន្តែគណបក្សឆន្ទៈខ្មែរពេញចិត្តនូវអ្វីដែលគណបក្សបានប្រឹងប្រែងធ្វើអស់ពីលទ្ធភាព។
លោកបានថ្លែងថា៖ «យើងបានធ្វើអស់ហើយ យើងធ្វើដោយសុចរិត។ ដូច្នេះផលដែលយើងទទួលបានមកយើងពេញចិត្ត។ គណបក្សឆន្ទៈខ្មែរទទួលបាន ៣ អាសនៈ។ ដូច្នេះ អ្នកដែលនៅជិតភ្លើងទៀននៅតែមានអ្នកស្មោះត្រង់ចំពោះអ្នកប្រជាធិបតេយ្យ»។
ចំណែកលោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ្វ៊ុនស៊ិនប៉ិច បានថ្លែងថា គណបក្សហ្វ៊ុនស៊ិនប៉ិចបានតាមដានយ៉ាងយកចិត្តទុកដាក់បំផុតនៃការវិវឌ្ឍចុងក្រោយនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ឆ្នាំ ២០២៤ ដោយបានកត់សម្គាល់ឃើញថា ការបោះឆ្នោតនេះបានប្រព្រឹត្តទៅប្រកបដោយបរិយាកាសនយោបាយល្អប្រសើរដែលអាចទទួលយកបាន។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានថ្លែងថា ដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាកាលពីថ្ងៃទី ២៥ ខែកុម្ភៈបានប្រព្រឹត្តទៅដោយរលូនប្រកបដោយសន្តិសុខ សុវត្ថិភាព និងគ្មានអំពើហិង្សាទេ។ សម្រាប់ការបោះឆ្នោតនេះ អវត្តមានអង្គបោះឆ្នោត ចំនួន ១៧ នាក់ និងមានការិយាល័យចំនួន ១១ ក្នុងចំណោមការិយាល័យ ៣៣ បានបិទ និងបន្តនីតិវិធីរាប់សន្លឹកឆ្នោត នៅមុនម៉ោង ៣ រសៀល។
លោក ហង្ស ពុទ្ធា ថ្លែងថា៖ «អ៊ីចឹងជាមួយនឹងបញ្ជីបោះឆ្នោតចំនួន ១១ ៧៤៧ នាក់ អវត្តមានចំនួន ១៧ នាក់ មានន័យថា អ្នកចេញទៅបោះឆ្នោត គឺមានដល់ ៩៩,៨៦% ហើយក៏មិនមានបណ្តឹងតវ៉ាដែរ មកដល់ពេលនេះ»។
នៅក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធកាលពីល្ងាចថ្ងៃទី ២៥ ខែកុម្ភៈ លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បញ្ជាក់ថា លទ្ធផលនៃការបោះឆ្នោតនឹងត្រូវបានត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងបូកសរុបក្នុងរាជធានី ខេត្តដោយ គធ.ខប យ៉ាងត្រឹមត្រូវតាមប្រមាណវិធីដោយដៃ និងតាមកុំព្យូទ័រ ដែលកំណត់ដោយ គ.ជ.ប និងដើម្បីពិនិត្យបញ្ជាក់ភាពត្រឹមត្រូវ និងសម្រេចជាលទ្ធផលបណ្តោះអាសន្ន និងលទ្ធផលផ្លូវការ។
លោក ប្រាជ្ញ ចន្ទ បន្ថែមថា ផ្អែកតាមប្រតិទិននៃការបោះឆ្នោត គ.ជ.ប នឹងបិទផ្សាយលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោត នៅថ្ងៃទី ២៩ ខែកុម្ភៈហើយប្រសិនបើគ្មានពាក្យបណ្តឹងតវ៉ា ឬពាក្យបណ្តឹងជំទាស់នឹងលទ្ធផលបណ្តោះអាសន្ននេះ លទ្ធផលផ្លូវការអាចនឹងប្រកាសនៅចន្លោះពីថ្ងៃទី ៤ ដល់ថ្ងៃទី ៦ ខែមីនា ឆ្នាំ ២០២៤។
លោកសង្កត់ធ្ងន់ថា៖ «ជារួម បរិយាកាសទូទៅជុំវិញការបោះឆ្នោតមានសភាពល្អប្រសើរ ដែលបង្កលក្ខណៈដល់ការបោះឆ្នោតប្រព្រឹត្តទៅដោយរលូន គ្មានអំពើហិង្សា គ្មានការគំរាមកំហែង និងពុំមានសកម្មភាពធ្វើឱ្យរាំងស្ទះដល់ដំណើរការបោះឆ្នោតឡើយ។ យើងអាចចាត់ទុកការបោះឆ្នោតនេះ ជាការប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងទទួលបានលទ្ធផលជោគជ័យគួរជាទីមោទនៈ»។
ក្រោយ គ.ជ.ប ប្រកាសលទ្ធផលបឋម បណ្តាគណបក្សនយោបាយនានា ដែលបានចងសម្ព័នភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា បានផ្ញើលិខិតអបអរសាទរ ចំពោះជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជា ដែលទទួលបានការគាំទ្រយ៉ាងច្រើនលើសលប់ ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី ៥ នាថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២៤។
ក្នុងលិខិតរបស់គណបក្សនយោបាយ ដែលបានផ្ញើជូនលោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាជាបន្តបន្ទាប់ បានលើកឡើងស្រដៀងគ្នាថា៖«ជ័យជម្នះដែលគណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងយ៉ាងច្រើនលើសលប់នេះ គឺបានបង្ហាញ និងឆ្លុះបញ្ចាំងពីភាពឈ្លាសវៃមោះមុតរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានដឹកនាំប្រកបដោយគតិបណ្ឌិតត្រឹមត្រូវ និងស្មារតីសាមគ្គីបង្រួបបង្រួមដើម្បីឧត្តមប្រយោជន៍ជាតិ និងរក្សាការពារ សុខសន្តិភាព ជូនប្រទេសជាតិឱ្យបានជានិរន្តរ៍ផងដែរ»៕