​ភ្នំពេញៈ អង្គការ​ស្បៀង និង​កសិកម្ម​នៃ​អង្គការ​សហ​ប្រជា​ជាតិ (FAO) បាន​គាំទ្រ​អគ្គ​នាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ សហ​ការ​ជាមួយ​នាយកដ្ឋាន​គ្រប់គ្រង​ជំងឺឆ្លងនៃ​ក្រសួងសុខាភិបាល បាន​បើក​វេទិកា​ផ្សព្វផ្សាយ​អំពី​ជំងឺផ្តាសាយបក្សី និង​ជំងឺ​ឆ្កែឆ្កួត​ទៅកាន់​សិស្សានុសិស្ស និង​ពលរដ្ឋ​ប្រមាណ​ជា ៧ ០០០​ ​នាក់​នៅក្នុង​ខេត្ត​ចំនួន ៨​។​


​ខេត្ត​ទាំងនោះ​រួមមាន​៖ ខេត្តកំពង់ធំ កំពត កំពង់ឆ្នាំង ស្វាយ​រៀង ព្រៃវែង បាត់ដំបង សៀមរាប  ​និង​ខេត្តតាកែវ ដែល​សរុប​មាន​សិស្សានុសិស្ស​មកពី​សាលារៀន​ចំនួន ៣២ និង​ប្រជាពលរដ្ឋ​ចំនួន ៣២ ​ភូមិ ក្នុងនោះ​មាន​មនុស្ស​ប្រមាណ ​៧ ០០០ ​នាក់​បាន​ចូល​​រួម​ក្នុង​វេទិកា​ផ្សព្វផ្សាយ​នេះ​។ នេះ​បើ​យោងតាម​អង្គការ FAO បានឱ្យដឹង​នៅ​ថ្ងៃទី​ ២៤ ខែកុម្ភៈ ឆ្នាំ​ ២០២៤​។​

FAO​ បញ្ជាក់ថា​៖ «​វេទិកា​នេះ​ត្រូវបាន​ចូលរួម​ដោយ​សិស្ស​សា​​លា និង​ប្រជា​សហគមន៍​ដើម្បី​ផ្ស​​ព្វ​ផ្សាយ​ក៏ដូចជា​ផ្តល់​ចំណេះដឹង​ដល់​ពួកគាត់​ឱ្យ​យល់ដឹង​ពី​វិធី​សាស្ត្រ​ក្នុងការ​ការពារ​ខ្លួន​ពី​ជំងឺផ្តាសាយបក្សី និង​ជំងឺ​ឆ្កែឆ្កួត​។ ជាងនេះទៅទៀត​ គឺ​ដើម្បីឱ្យ​ពួក​គាត់​យក​ចំណេះដឹង​ទាំងនោះ​ទៅ​ចែករំលែក​ទៅកាន់​មិត្តភក្តិ និង​ក្រុមគ្រួសារ ដើម្បី​ចូលរួម​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​ទាំងនេះ​»​។​


​អង្គការ FAO បាន​បន្ថែមទៀតថា ​វេទិកា​ផ្សព្វផ្សាយ​ពី​ជំងឺផ្តាសាយបក្សី និង​ជំងឺ​ឆ្កែឆ្កួត​បានបញ្ចប់​ជា​ស្ថាពរ​នៅក្នុង​ខេត្តតាកែវ​នាពេល​ថ្មីៗ​នេះ ដោយមាន​ការបង្ហាញ​ពី​ស៊ុ​ភើ​មាន់ នៅក្នុង​ព្រឹត្តិ​ការណ៍​នេះ​ផងដែរ ដើម្បី​បង្ហាញ​ឱ្យ​កាន់​តែមាន​ភាព​ទាក់ទាញ និង​យកចិត្តទុកដាក់​លើ​ការការពារ និង​ការគ្រប់គ្រង​ជំងឺផ្តាសាយបក្សី ដែល​ជំងឺផ្តាសាយបក្សី​នេះ​នៅតែ​ជាការ​គំរាមកំហែង​ដ៏​សំខាន់​លើ​សុខភាព​សាធារណៈ​។​

​លោក ថៃ លី ប្រធាន​កា​រិ​យា​ល័យ​ផលិតកម្ម និង​ប​សុ​ព្យា​បាល​នៃ​មន្ទីរ​កសិកម្ម ខេត្តតាកែវ បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី ​២៦ ខែកុម្ភៈថា ​ក្រោម​ការគាំទ្រ​ពី​អង្គការ​ស្បៀង និង​កសិកម្ម​នៃ​សហប្រជាជាតិ (FAO) គឺ​អគ្គ​នាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ជាមួយ​នាយក​ដ្ឋា​ន​គ្រប់គ្រង​ជំងឺឆ្លង (CDC) ព្រមទាំង​មានការ​ចូលរួម​ពី​មន្ទីរ​ក​សិ​កម្ម​ខេត្តតាកែវ បានរួម​គ្នា​ធ្វើ​វេទិកា​ផ្សព្វផ្សាយ​ពី​ជំងឺផ្តាសាយបក្សី និង​ជំងឺ​ឆ្កែឆ្កួត ទៅដល់​សិស្សានុសិស្ស និង​ប្រជា​សហ​​គម​ន៍​សរុប​ចំនួន​ប្រមាណ​ជា ៩០០​ នាក់ ចាប់ពី​ថ្ងៃទី ​២១ រហូតដល់​ថ្ងៃទី​ ២៣ ​កុម្ភៈ ឆ្នាំ​ ២០២៤​។​


​លោក​ថា​៖ «​វេទិកា​ហ្នឹង គឺ​ពិត​ជាមាន​សារៈសំខាន់​ខ្លាំងណាស់ ពីព្រោះ​សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ គឺ​គាត់​នៅ​ជិត​ប្រភេទ​សត្វ​ទាំងនោះ ដែល​អាចមាន​ហានិភ័យ​ឆ្លង​ជំងឺ​មកលើ​ពួក​គាត់​។ ដូច្នេះ​ការផ្សព្វផ្សាយ​នេះ វា​ជា​សារ​មួយ​ដាស់តឿន​ឱ្យ​គាត់​មានការ​ប្រុងប្រយ័ត្ន​ក្នុងការ​ការ​ពារ​ខ្លួន​»​។

ទិកា​ផ្សព្វផ្សាយ​អំពី​ជំងឺផ្តាសាយបក្សី និង​ជំងឺ​ឆ្កែឆ្កួត​ទៅកាន់​សិស្សានុសិស្ស និង​ពលរដ្ឋ​។ រូបថត FAO

ក្រៅពី​វេទិកា​ផ្សព្វផ្សាយ​នេះ​កន្លងមក​នៅក្នុង​ខេត្តតាកែវ ក៏​តែងតែមាន​ការរៀបចំ​ផ្សព្វ​​ផ្សាយ​ពី​ជំងឺផ្ដាសាយបក្សី​ទៅកាន់​ប្រជាពលរដ្ឋ​ដែលជា​អ្នក​ចិញ្ចឹមសត្វ​រាល់ពេល​មានកម្ម​វិធី​ចុះ​តាម​មូលដ្ឋាន​ម្ដងៗ​។ ដោយ​ឡែក​ពាក់ព័ន្ធ​ជាមួយ​សិ​ស្សា​នុ​-​សិស្ស គឺ​មិនសូវ​បាន​ផ្សព្វផ្សាយ​ទេ ដូច្នេះ​ទើបតែ​មានការ​គាំទ្រ​ពី​អង្គការ FAO បានធ្វើការ​ផ្សព្វផ្សាយ​ខាងលើនេះ​។​

​ជុំវិញ​រឿងនេះ​លោក នុត​ សម្បត្តិ ប្រធាន​វិទ្យាស្ថាន​វេជ្ជ​​សាស្ត្រ ជីវសាស្ត្រ និង​កសិកម្ម នៃ​រាជបណ្ឌិត្យសភាកម្ពុជា បាន​ថ្លែងថា ការរៀបចំ​សហការគ្នា​ពី​ក្រសួងសុខាភិបាល និង​ក្រសួង​កសិកម្ម ដើម្បី​ផ្សព្វផ្សាយ​ពី​ជំងឺ​​ឆ្កែឆ្កួត និង​ជំងឺផ្ដាសាយបក្សី​នេះ វា​ពិតជា​ល្អ​មែនទែន ព្រោះ​សត្វ​ទាំង​ ២ ​ប្រភេទ​នេះ​បាន​កំពុង​រស់​នៅ​ជិត​ជាមួយ​ប្រជាពលរដ្ឋ​ជា​​ពិសេស​នៅតាម​មូលដ្ឋាន​សហ​​គម​ន៍​តែម្ដង​។ 

​លោក​បន្តថា សត្វ​ចិញ្ចឹម​ទាំង ​២ ​ប្រភេទ វា​អាច​បង្ក​ជំងឺឆ្លង​មក​មនុស្ស ខណៈ​ជំងឺ​ឆ្លង​ទាំងនោះ សុទ្ធតែជា​ប្រភេទ​ជំងឺ​ដែល​គ្រោះថ្នាក់ និង​ពិបាក​ក្នុងការ​ព្យាបាល​ឱ្យ​ជា​ជាដើម​។​

​លោក​សម្បត្តិ​ថា​៖ «​ដូច្នេះ​បើកាលណា​ប្រជាពលរដ្ឋ​យើង​មានចំណេះដឹង​ជ្រៅជ្រះ​ស្ដីពី​ការ​ការ​​ពារ​កុំឱ្យ​ឆ្លង​ជំងឺផ្ដាសាយបក្សី និង​ជំងឺ​ឆ្កែឆ្កួត គឺ​បានរួម​ចំណែក​ធ្វើឱ្យ​សុខភាព​សាធារណៈ​របស់​យើង ត្រូវបាន​ការពារ ហើយ​វា​ក៏​ផ្ដល់​ប្រយោជន៍​ទៅដល់​សហ​គ​មន៍​យើង បាន​ចៀស​ឆ្ងាយ​ពី​ជំងឺ​ទាំងអស់​នោះដែរ​»៕