​ភ្នំពេញៈ លោក ស សុខា រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានប្រកាស​បន្ត​គាំទ្រដល់​កម្មវិធី​កំណែទម្រង់​របស់​បណ្ឌិត្យ​សភា​នគរបាល​កម្ពុជា ក្នុងការ​អភិវឌ្ឍ​ធនធានមនុស្ស​ឱ្យបាន​គ្រប់គ្រាន់​ក្នុង​ជួរ​កងកម្លាំង​នគរ​បាល​ជាតិ ឱ្យមាន​សមត្ថភាព​និង​ជំនាញ​វិជ្ជាជីវៈ​ពិតប្រាកដ ដើម្បី​រក្សា​សន្តិសុខ សណ្ដាប់​​ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម ឱ្យបាន​ល្អប្រសើរ​ជូន​ជាតិ និង​ប្រជាពលរដ្ឋ ស្រប​តាម​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បញ្ច​កោណ​របស់​រាជរដ្ឋាភិបាល​។ 


​យោងតាម​ការផ្សាយ​កាលពី​ថ្ងៃទី​ ​២៦ ខែកុម្ភៈ នៅលើ​គេហទំព័រ​របស់​អគ្គស្ន​ង​ការ​នគរបាលជាតិ ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​រយៈពេល​ ៥​ ឆ្នាំ (២០១៩-២០២៣), ការប្រកាស​ឱ្យប្រើ​ប្រាស់​ផែនការ​យុទ្ធ​សាស្ត្រ​ដំណាក់កាល​ទី​៣ និង​ការសម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​សមិទ្ធផល​នានា​របស់​បណ្ឌិត្យ​សភា​នគរបាល​កម្ពុជា​។​

​ប្រភព​ដដែល​នេះ​បានឱ្យដឹងថា លោក ស សុខា បាន​ណែនាំ​ឱ្យ​បណ្ឌិត្យសភា​បន្ត​អនុវត្ត​កម្មវិធី​កំណែទម្រង់ បង្កើត​នូវ​គំនិត​ច្នៃប្រឌិត និង​នវានុវត្តន៍​ថ្មីៗ​បន្ថែមទៀត ដើម្បី​កសាង​ស្នាដៃ​ឈានទៅ​សម្រេចបាន​សមិទ្ធ​ផល​ថ្មីៗ​បន្ថែមទៀត ក្នុងការ​ផលិត​ចេញ​នូវ​មូលធន​មនុស្ស​ប្រកបដោយ​សក្ដានុពល ស្របតាម​ផែនការអភិវឌ្ឍន៍​ធនធានមនុស្ស​របស់​ក្រសួងមហាផ្ទៃ និង​តម្រូវការ​របស់​អង្គភាព​ប្រើ​​ប្រាស់​កងកម្លាំង​។​


​លោក ស សុខា ក៏បាន​ថ្លែង​រំឭក​ដល់​ថ្នាក់ដឹកនាំ​ក្រោម​ឱវាទ​ឱ្យមាន​ភាពស្មោះត្រង់ ក្នុងការ​ធ្វើតេស្ត​រកសា​រ​ធាតុ​ញៀន​ក្នុងចំណោម​មន្ត្រី និង​ការងារ​ផ្សេងៗ​ទៀត ដោយ​លោក​មិន​បណ្ដែតបណ្ដោយ​ឱ្យមាន​ចន្លោះប្រហោង​ឬ​ភាព​ឆក​ល្វែង​កើតមាន​ដោយ​ងាយៗ​ឡើយ​ក្នុង​យុទ្ធនាការ​ធ្វើតេស្ត​រកសា​រ​ធាតុ​ញៀន​លើ​មន្ត្រី​នគរ​បាល​ជាតិ​។

លោក​បាន​ក្រើន​រំឭក​កុំឱ្យ​ថ្នាក់ដឹកនាំ​ស្នងការ​ដ្ឋា​ន និង​អង្គភាព​ចំណុះ​ក្រសួង​មហាផ្ទៃ បិទបាំង​ករណី​រក​ឃើញ​មន្ត្រី​មាន​សារធាតុ​ញៀន ឬ​មន្ត្រី​ប្រើប្រាស់​គ្រឿងញៀន ដោយសារតែ​ការទទួលបាន​ផលប្រយោជន៍ ឬ​ការ​យោគ​យល់​ដល់​មន្ត្រី​ជិត​ដល់​អាយុ​ចូលនិវត្តន៍​ជាដើម ហើយក៏​សុំ​កុំឱ្យ​មានការ​ព្រួយបារម្ភ​ខ្លាច​បាត់​មន្ត្រី ពីព្រោះ​ក្រសួង​នឹង​ផ្ដល់​ចំនួន​ក្របខ័ណ្ឌ​ថ្មី​ជំនួស​ឱ្យ​អ្នក​ចាស់​ដែល​បាន​បណ្ដេញចេញ​។​


​លោក ឯក មនោ​សែន ប្រធាន​បណ្ឌិត្យសភា​នគរបាល​កម្ពុជា បានលើកឡើង​នូវ​សមិទ្ធផល​ធំៗ​ជាច្រើន​របស់​បណ្ឌិត្យសភា​នគរបាល​កម្ពុជា ដោយ​សម្រេចបាន ៨១,៧៤% នៃ​ផែនការ​ក្នុង​រយៈពេល​ ៥ ​ឆ្នាំ​កន្លងទៅ បើទោះបីជា​ជួប​វិបត្តិ​ជំងឺ​កូ​វីដ​ ១៩​ ក៏ដោយ​។

​លោក​បាន​លើកឡើងថា សន្និបាត​បាន​បង្កើតឱ្យមាន​ក្រុម​ពិភាក្សា និង​ឡើង​ធ្វើ​បទ​បង្ហាញ​លើ​ប្រធានបទ​ចំនួន​ ៧​ រួមមាន​៖ ការលើកកម្ពស់​ប្រសិទ្ធ​ភាព​ក្នុង​ការផ្ដល់សេវា​សម្រាប់​អ្នកសិក្សា​, ការបណ្ដុះ​គំនិត​ស្រាវជ្រាវ​ដល់​គ្រូ​នគរបាល​ជាតិ និង​និស្សិត​នគរបាល ដើម្បី​លើកកម្ពស់​គុណភាព​អប់រំ​,  ​ការរៀបចំ​ផែនការ​គ្រូ​បន្តវេន ដើម្បី​ធានា​និរន្តរភាព​នៃ​ការបណ្ដុះបណ្ដាល​, ការលើក​​កម្ពស់​ប្រសិទ្ធភាព​ការអនុវត្ត​វិន័យ​អ្នកសិក្សា​, ការលើក​កម្ពស់​គុណភាព និង​ប្រសិទ្ធ​ភាព​នៃ​ការរៀបចំ​សៀវភៅ​​គោល​, ការរៀបចំ​ខ្លួន​ឱ្យ​ក្លាយជា​បណ្ឌិត្យសភា​ឌីជីថល និង​ការជំរុញ​ការងារ​ស្រាវជ្រាវ​វិទ្យា​សាស្ត្រ​នគរបាល​ឱ្យ​ដំណើរការ​បានល្អ​។​

​លោក ជ័យ តិច អ្នកសិក្សា​ស្រាវជ្រាវ​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គមថ្លែងថា លោក​គាំទ្រ​លើ​កម្មវិធី​កំណែទម្រង់ របស់​បណ្ឌិត្យសភា​នគ​របាល​កម្ពុជា សម្រាប់​អភិវឌ្ឍ​មូលធន​មនុស្ស ព្រោះ​ការអភិវឌ្ឍ​មូលធន​មនុស្ស​ពិតជា​មាន​សារៈ​​សំខាន់​សម្រាប់​ប្រទេសជាតិ​ទាំងមូល និង​គ្រប់​វិស័យ​ទាំង​​អស់​។ ស្ថាប័ន​បណ្ឌិត្យសភា​​នគរបាល​កម្ពុជា ក៏​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​អភិវឌ្ឍ​មន្ត្រីនគរបាល ដើម្បី​ឱ្យមាន​សមត្ថភាព ពាក់ព័ន្ធ​នឹង​ច្បាប់ ការងារ​អនុវត្តន៍​សុចរិត​ភាព និង​ការអនុវត្ត​ឱ្យស្រប​តាម​តួ​នា​ទី​ក្នុងនាម​ជា​កងកម្លាំង​។ ជាក់​​ស្តែង​កន្លងមក​កងក​ម្លាំ​ង​មួយចំនួន មិនសូវ​ជា​យល់ច្បាស់​ពី​ច្បាប់ និង​ការអនុវត្ត​នីតិវិធី​មួយចំនួន​ដែលមាន​បច្ចុប្បន្នភាព​។​

​លោក​បាន​ថ្លែងថា​៖ «​ការផ្តល់​បច្ចុប្បន្នភាព និង​ចំណេះដឹង ជំនាញ សីលធម៌ ទៅដល់​កង​កម្លាំង​របស់​យើង​ពិត​ជាមាន​សារៈសំខាន់ និង​បន្តធ្វើ​ជាប់​រហូត ព្រោះ​វា​ស្របទៅនឹង​ការ​អភិវឌ្ឍ​ប្រទេសជាតិ​កម្មវិធី​ជាតិ គោលនយោបាយ និង​ច្បាប់​ដែល​បានអនុម័ត​ថ្មីៗ​។ មន្ត្រី​នគរបាល​ដែល​បាន​ចូល​សា​លា មិនសូវ​ជា​បញ្ហា​ទេ បញ្ហា តែ​អ្នក​មិនបាន​ចូល​សាលា តែងតែ​អនុវត្ត​ខុសពី​តួនាទី​ភារកិច្ច​របស់​កងកម្លាំង​»៕