ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបង្ហាញពីយុទ្ធសាស្ត្រសំខាន់ៗ ដើម្បីធ្វើឱ្យស៊ីជម្រៅនូវទំនាក់ទំនងទ្វេភាគី ក្នុងការត្រួសត្រាយកិច្ចសហប្រតិបត្តិការថ្មីៗ និងពង្រីកឱ្យបានកាន់តែប្រសើរនូវពាណិជ្ជកម្ម និងការវិនិយោគ រវាងកម្ពុជា និងសហរដ្ឋអាមេរិក។
ដើម្បីពិភាក្សាលើទស្សនវិស័យរួម និងគោលដៅជាយុទ្ធសាស្ត្រនានា ក្នុងការជំរុញកំណើនពាណិជ្ជកម្ម និងការវិនិយោគ រវាងកម្ពុជា និងសហរដ្ឋអាមេរិកឱ្យបានកាន់តែប្រសើរថែម១កម្រិតទៀត កាលពីទី២៦ ខែកុម្ភៈ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានជួបជាមួយលោក Jim Jones នាយកប្រតិបត្តិក្រុមហ៊ុន Jones Group International ដែលកិច្ចពិភាក្សានេះមានគោលបំណងពិនិត្យលើចក្ខុវិស័យស្នូល ជំរុញកំណើនពាណិជ្ជកម្ម និងការវិនិយោគរវាងកម្ពុជា និងសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយរបស់ CDC។
លោក ស៊ុន ចាន់ថុល បានថ្លែងថា៖«កម្ពុជា មានគោលដៅជាយុទ្ធសាស្ត្រសំខាន់ៗ ដើម្បីធ្វើឱ្យស៊ីជម្រៅនូវទំនាក់ទំនងទ្វេភាគី ត្រួសត្រាយកិច្ចសហប្រតិបត្តិការថ្មីៗ និងពង្រីកឱ្យបានកាន់តែប្រសើរនូវពាណិជ្ជកម្ម និងការវិនិយោគ រវាងកម្ពុជា និងសហរដ្ឋអាមេរិក»។
គោលដៅជាយុទ្ធសាស្ត្រមួយចំនួនដែលលោកអនុប្រធានCDC បានលើកឡើងនូវគំនិតផ្ដួចផ្ដើមផ្សេងៗដូចជា ការបង្កើនកិច្ចសម្របសម្រួលពាណិជ្ជកម្មឱ្យរលូន រួមមានបង្កភាពងាយស្រួលលើនីតិវិធីគយ កាត់បន្ថយរបាំងពាណិជ្ជកម្ម និងបទប្បញ្ញត្តិរដ្ឋបាលជាដើម, លើកកម្ពស់តម្រូវការទីផ្សារ តាមរយៈការពង្រីក និងបញ្ជ្រៀតទីផ្សារសម្រាប់ផលិតផលកម្ពុជា(Made in Cambodia) ឬការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មដូចជា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី (FTA) ឬការពង្រឹងពាណិជ្ជកម្មដែលមានស្រាប់។បន្ថែមពីនោះ សហរដ្ឋអាមេរិកក៏អាចគាំទ្រការវិនិយោគរបស់កម្ពុជា តាមរយៈគំនិតផ្តួចផ្តើមដូចជា ជំនួយបច្ចេកទេស ការកសាងសមត្ថភាព និងសកម្មភាពលើកកម្ពស់ និងផ្សព្វផ្សាយការវិនិយោគជាដើម។
ក្នុងជំនួបនេះដែរលោក Jim Jones បានសង្កេតឃើញនូវភាពរីកចម្រើនរបស់កម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពិសេសបានចាប់អារម្មណ៍នូវការដាក់ចេញរបស់រាជរដ្ឋាភិបាលទិសដៅឆ្នាំ២០៣០ ក្នុងការប្រែក្លាយប្រទេសកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់។
លោក Jim ក៏ចាប់អារម្មណ៍ចំពោះទិសដៅរបស់កម្ពុជា ក្នុងការប្រែក្លាយខ្លួនពីប្រទេសប្រើប្រាស់កម្លាំងពលកម្មទៅជាប្រទេសប្រើប្រាស់ជំនាញបច្ចេកទេស និងផែនការរៀបចំឱ្យមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រើប្រាស់បច្ចេកវិទ្យាទំនើបជាដើម។
លោកបានបញ្ជាក់ថា៖«យើងបានត្រៀមខ្លួនរួចជាស្រេចដើម្បីជួយជំរុញឱ្យមានការកើនឡើងនូវពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំង២។ យើងជឿជាក់ថា តាមរយៈពាណិជ្ជកម្ម និងការវិនិយោគ នឹងជំរុញឱ្យទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងសហរដ្ឋអាមេរិក កាន់តែល្អកើនឡើង១កម្រិតទៀត»។
សូមជម្រាបថា Jones Group International (JGI) ជាក្រុមហ៊ុន ដែលផ្តល់សេវាកម្មប្រឹក្សាយុទ្ធសាស្ត្រជាសកល ដើម្បីជួយដៃគូ ក្នុងការបង្កើត និងបំពេញនូវចក្ខុវិស័យផ្លាស់ប្តូរសម្រាប់ការការពារជាតិ សន្តិសុខ និងវិបុលភាពរបស់ពួកគេ។
លោក Jim Jones បច្ចុប្បន្នគឺជានាយកប្រតិបត្តិនៃក្រុមហ៊ុន Jones Group International និងកំពុងដឹកនាំក្រុមជំនាញការប្រឹក្សាយោបល់លើគោលនយោបាយការបរទេស ផែនការយុទ្ធសាស្ត្រ សន្តិសុខជាតិ និងយុទ្ធសាស្ត្រយោធាផងដែរ។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានប្រាប់ឱ្យដឹងថា សហរដ្ឋអាមេរិកដែលជាទីផ្សារនាំចេញធំជាងគេរបស់កម្ពុជា ដែលមានផលិតផលជាចម្បងដូចជា ផលិតផលសម្លៀកបំពាក់ ស្បែកជើង កាបូប និងផលិតផលកសិកម្មមួយចំនួនទៀតផងដែរ។
លោកបានបន្ថែមថា បើមើលទៅលើរបាយការណ៍នាំចេញរបស់គយ បានបង្ហាញថា សហរដ្ឋអាមេរិកបានក្លាយជាអ្នកទិញនាំមុខគេនៃការនាំចេញរបស់កម្ពុជានៅក្នុងខែមករា ឆ្នាំ២០២៤ នេះដែលស្មើនឹងប្រមាណប្រហែល ១ ភាគ ៣ នៃការនាំចេញសរុបរបស់កម្ពុជាទៅកាន់ទីផ្សារពិភពលោក។
លោកបានបញ្ជាក់ថា ៖ «ដូចនេះ ការបង្កើនទំនាក់ទំនងល្អ ការរៀបចំយុទ្ធសាស្ត្រ និងយន្តការថ្មី របស់CDC គឺជាចលករ១បន្ថែមទៀត ក្នុងការជំរុញកំណើនពាណិជ្ជកម្ម និងការវិនិយោគពីអាមេរិកមកកម្ពុជា»។
យោងតាមទិន្នន័យ ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញថា នៅក្នុងខែមករា ឆ្នាំ២០២៤នេះ ការនាំចេញពីកម្ពុជាទៅកាន់សហរដ្ឋអាមេរិក មានចំនួនជាង ៦២៦ លានដុល្លារកើនឡើងជាង ១១ ភាគរយ។ ដោយឡែកការនាំចូលពីសហរដ្ឋអាមេរិកមានតម្លៃជាង ១៧ លានដុល្លារថយចុះ ៨ ភាគរយធៀបនឹងខែមករា ឆ្នាំ២០២៣៕