ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​លោក ប៉ែន បូ​ណា បាន​លើកឡើងថា គណបក្ស​ប្រជាជន​កម្ពុជា​ក្លាយជា​ជម្រើស​តែ ​១ ​គត់​មិនអាច​ខ្វះ​បាន​របស់​ប្រជាពលរដ្ឋ​ខ្មែរ ខណៈ​អ្នកវិទ្យាសាស្ត្រ​នយោបាយ​កម្ពុជា​ចាត់ទុកថា ការលើកឡើង​នេះ​ពិតជា​ត្រឹមត្រូវ ព្រោះ​រាល់​ការបោះឆ្នោត​នីមួយៗ​នាពេល​កន្លងមក គណបក្ស​ប្រជាជន​កម្ពុជា​តែងតែ​ទទួល​សំឡេងគាំទ្រ​ច្រើន​លើសលប់​។​


លោក​បានលើកឡើង​បែបនេះ នៅលើ​ប្រព័ន្ធ​តេ​ឡេ​ក្រាម​របស់​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល កាលពី​ថ្ងៃទី​ ២៦ ខែកុម្ភៈ បន្ទាប់ពី​គណបក្ស​ប្រជាជន​កម្ពុជា បានទទួល​ជ័យជម្នះ​យ៉ាង​ភ្លូកទឹកភ្លូកដី សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៥ កាលពី​ថ្ងៃអាទិត្យ ទី ​២៥ ខែកុម្ភៈ ឆ្នាំ​ ២០២៤​។​

​លោក ប៉ែន បូ​ណា បាន​បន្តថា លទ្ធផល​នៃ​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៥ ​នេះ គឺជា​មហា​ជោគជ័យ​ថ្មី​មួយទៀត​សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា​។ លទ្ធផល​បឋម​បានទទួល​អាសនៈ ៥៥ ក្នុងចំណោម ៥៨ ដែល​កើតចេញពី​ការបោះឆ្នោត​អសកល​។ កាលពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧ នា​ខែកក្កដា ឆ្នាំ​ ២០២៣ គណបក្ស​ប្រជាជន​កម្ពុជា​បានទទួល​ដល់​ទៅ​ ១២០​ អាសនៈ​ក្នុងចំណោម ១២៥ អាសនៈ​ក្នុង​រដ្ឋសភា​។ 


លោក​បាន​បញ្ជាក់ថា​៖ «​ការបោះឆ្នោត​២​លើកចុងក្រោយ​នេះ ឆ្លុះបញ្ចាំង​ពី​មហា​ជោគជ័យ​ជា​ប្រវត្តិសាស្ត្រ​ក្នុងការ​បោះឆ្នោត​នៅ​កម្ពុជា​។ ជោគជ័យ​ដ៏​ធំធេង​នេះ​មិនមែន​កើតឡើង​ដោយ​ចៃដន្យ​ឡើយ ប៉ុន្តែ​វា​ជា​ផ្លែផ្កា​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​គណបក្សកាន់អំណាច​ដើម្បី​ប្រទេសជាតិ និង​ប្រជាពលរដ្ឋ​»​។

 លោក ប៉ែន បូ​ណា ថា​៖«​សម្តេច​តេ​ជោ ហ៊ុន សែន បុរស​ខ្លាំង​របស់​កម្ពុជា​ដែលជា​មេដឹកនាំ​ដ៏​ខ្លាំងពូកែ​គ្មាន​គូ​ប្រៀប គឺជា​អ្នក​សាង​ប្រវត្តិសាស្ត្រ​ដ៏​អស្ចារ្យ​សម្រាប់​កម្ពុជា​ក្នុងសម័យ​ទំនើប​។ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត គឺជា​អ្នកដឹកនាំ​បន្តវេន​ដ៏​មាន​សក្តានុពល ពោរពេញ​ដោយ​សមត្ថភាព និង​បាន​ដាក់ចេញ​គោលនយោបាយ​ដែល​ឆ្លើយតប​យ៉ាង​ល្អ​ទៅនឹង​សេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋ ហើយ​ដើរ​ស្រប​នឹង​និន្នាការ​របស់​ពិភពលោក​ទៀតផង​»​។ 


«​នេះ​គឺជា​ហេតុផល​គ្រប់គ្រាន់​ដែល​ធ្វើឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ក្លាយជា​ជម្រើស​តែ​១​គត់​មិនអាច​ខ្វះ​បាន​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ក្នុងពេល​បច្ចុប្បន្ន​ក៏ដូចជា​ពេលអនាគត​។ ទំនុកចិត្ត​និង​ការគាំទ្រ​ពេញទំហឹង​របស់​ប្រជាពលរដ្ឋគឺជា​បណ្ណ​ធានា​យ៉ាងរឹងមាំ​សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុងការ​គ្រង​តំណែង​ជា​គណបក្ស​ដឹកនាំ​ប្រទេស​ក្នុង​រយៈពេល​យូរ​តទៅទៀត​»​។ លោក ប៉ែន បូ​ណា បានបញ្ជាក់​បន្ថែម​។​

​លោក ស៊ឺន សម អ្នកជំនាញ​វិទ្យាសាស្ត្រ​នយោបាយ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា បាន​ថ្លែង​ដោយ​ទទួលស្គាល់ថា ការលើកឡើង​របស់លោក ប៉ែន បូ​ណា ពិតជា​ត្រឹមត្រូវ និង​មិន​ខុស​នោះទេ ពីព្រោះ​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា យកតែ​អង្គ​បោះឆ្នោត ដែល​បាន​ជាប់ឆ្នោត​កាលពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់ និង​តំណាងរាស្ត្រ​។ 

លោក​បាន​ថ្លែងថា​៖«​ជា​រឿង​ធម្មតា​ទេ អង្គ​បោះឆ្នោត​ដែល​មកពី​សមាជិក​គណ​បក្ស​ណា គឺ​ពួកគាត់​បោះឆ្នោត​ជូនសមា​ជិក​គណបក្ស​រប​ស់គា​ត់​។ ការពិត អង្គ​បោះឆ្នោត មាន​សិទ្ធិ​នៅក្នុង​ការបោះឆ្នោត​ដល់គ​ណ​បក្ស​ដែល​ខ្លួន​ស្រឡាញ់ ប៉ុន្តែ​ជា​ផ្លូវការ គឺ​អង្គ​បោះឆ្នោត​តែងតែ​បោះឆ្នោត​ជូន​គណបក្ស​ខ្លួន​ហើយ ដែល​ខ្លួន​ត្រូវបាន​ជ្រើសរើស​នៅក្នុង​គណបក្ស​ណាមួយ​នោះ​»៕