លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប ) បាន​អះអាងថា ការត្រួតពិនិត្យ និង​ផ្ទៀងផ្ទាត់​លទ្ធផល​បឋម នៃ​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៥ ទាំង​ ៨ ​ភូមិភាគ ដែល​បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី​ ២៥ ខែកុម្ភៈ ឆ្នាំ​ ២០២៤ បាន​រកឃើញថា​មាន​ភាពត្រឹមត្រូវ​ទាំងអស់​។​


​លោក​បានបញ្ជាក់​បែបនេះ នៅក្រោយ​ពេលដែល​ក្រុមការងារ​ត្រួតពិនិត្យ និង​ផ្ទៀងផ្ទាត់​របស់ គ​.​ជ​.​ប បានបញ្ចប់​ការត្រួតពិនិត្យ និង​ផ្ទៀងផ្ទាត់​ឡើងវិញ ដើម្បី​បញ្ជាក់​ពី​ភាពត្រឹមត្រូវ​នូវ​លទ្ធផល​នៃ​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៥ ឆ្នាំ​២០២៤ ដែល​គណៈកម្មការ​រាជធានី​-​ខេត្ត​រៀបចំ​ការបោះឆ្នោត (​គ​ធ​.​ខ​ប​) បាន​បញ្ជូនមក គ​.​ជ​.​ប នៅ​ទីស្តីកា​រគ​.​ជ​.​ប នៅ​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២៤​។

 លោក ហង្ស ពុទ្ធា បាន​បញ្ជាក់ថា សម្រាប់​ការ​ការត្រួតពិនិត្យ និង​ផ្ទៀងផ្ទាត់​លទ្ធផល​បឋម នៃ​ការបោះឆ្នោត ជ្រើសតាំង សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៥ ទាំង​៣៣ ការិយាល័យ មានការ​ចូលរួម​ឃ្លាំមើល​ពី​តំណាង​គណបក្សនយោបាយ​ចំនួន ២ គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​ឆន្ទៈ​ខ្មែរ តំណាង​អង្គការក្រៅរដ្ឋាភិបាល​ចំនួន ៤ ហើយ​និង​អ្នកយកព័ត៌មាន​ជាច្រើនរូប​ទៀត​។​


លោក​បាន​ថ្លែងថា​៖«​លទ្ធផល​បាន​រកឃើញថា ការរាប់​សន្លឹកឆ្នោត ហើយ​និង​ការ​បូកសរុប​ផ្សេងៗ ព្រមទាំង​ការបោះឆ្នោត និង​រាប់​សន្លឹកឆ្នោត គឺមាន​ភាពត្រឹមត្រូវ​ទាំងអស់​។ អ៊ីចឹង​!ផ្តើមចេញ​ពីនេះ គ​.​ជ​.​ប នឹង​រៀបចំ​ទៅជា​បញ្ជី​បោះឆ្នោត​បណ្តោះអាសន្ន ហើយ​បញ្ជី​បោះឆ្នោត​បណ្តោះអាសន្ន​នេះ នឹង​ផ្សព្វផ្សាយ​ជា​សាធារ​ណៈ ដើម្បី​ទុកឱ្យ​គណបក្សនយោបាយ​ធ្វើការ​ប្តឹង បើ​មិន​សុខចិត្ត​ ចំពោះ​លទ្ធផល​នៃ​ការបោះឆ្នោត​នេះ​»​។​
​ជុំវិញ​បញ្ហា​នេះដែរ លោក​តុ​ប ឫទ្ធី អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សេវាកម្ម​ច្បាប់ និង​បច្ចេកទេស នៃ​គ​.​ជ​.​ប​បាន​ប្រាប់​ក្រុម​អ្ន​ការ​ព័ត៌មាន​នៅ​ថ្ងៃទី​២៧ ខែកុម្ភៈ​ថា ក្រោយពី​គណៈកម្មការ​រាជធានី​-​ខេត្ត​រៀបចំ​ការបោះឆ្នោត បាន​បញ្ជូន​លទ្ធផល​ប​ឋ​ម ដែល​បាន​ត្រួតពិនិត្យ​នៅតាម​រាជធានី​-​ខេត្ត​នីមួយៗ គ​.​ជ​.​ប បានរៀបចំ​ក្រុមការងារ​ត្រួតពិនិត្យ​ជា ៣ ក្រុម​ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​ទៅលើ​ទម្រង់ ១១.១០ ទម្រង់ ១១.១១ និង​ទម្រង់ ១១.១៤​។​

​លោក​បាន​បញ្ជាក់ថា ការត្រួតពិនិត្យ និង​ផ្ទៀងផ្ទាត់​ឡើងវិញ​នូវ​លទ្ធផល​នៃ​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៥ ឆ្នាំ​២០២៤ ទៅលើ​ទម្រង់​ទាំងនេះ​ពុំមាន​អ្វី​ខុសឆ្គង​នោះទេ ឃើញថា ត្រឹមត្រូវ​ទាំងអស់​។​


​លោក តុ​ប ឫទ្ធី បាន​ថ្លែងថា​៖«​ក្រោយ​ការពិនិត្យ និង​ដាក់ជូន​គ​.​ជ​.​ប ពិនិត្យ និង​សម្រេច យើង​នឹងដាក់​ផ្សព្វផ្សាយ បណ្តោះអាសន្ន នៅ​ថ្ងៃទី​២៩ ខែកុម្ភៈ ឆ្នាំ​២០២៤ ខាងមុខនេះ​។ ក្រោយពី​គ​.​ជ​.​ប សម្រេច​ហើយ យើង​នឹង​បិទ​ផ្សាយ បណ្តោះអាសន្ន នៅពេល​ខាងមុខ​។ ក្រោយពី​ប្រកាស​លទ្ធផល​រួចហើយ យើង​ទុកឱ្យ​គណបក្សនយោបាយ ដែល​ចូលរួម ការបោះឆ្នោត មាន​សិទ្ធិ​ប្តឹងតវ៉ា ក្នុង​រយៈពេល​៧២​ម៉ោង ប៉ុន្តែ​បើ​មិនមាន​បណ្តឹង​ទេ គឺ​គ​.​ជ​.​ប នឹង​ប្រកាស​លទ្ធផល​ផ្លូវការ ទាំង​អាសនៈ និង​បេក្ខជន​ជាប់ឆ្នោត»​។​

បើតាម​លោក តុ​ប ឫទ្ធី គណបក្សនយោបាយ​ដែល​នាំមុខ​ចំពោះ​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នៅពេលនេះ គឺ​គណបក្ស​ប្រជាជន​កម្ពុជា គ្រប់​ភូមិភាគ​ទាំងអស់​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​គ​.​ជ​.​ប​បានឱ្យដឹងថា ក្រុម​ត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និង​បូកសរុប​លទ្ធផល​នៃ​ការបោះឆ្នោត នៃ​គ​.​ជ​.​ប ដែល​បែង​ចែកជា ៣​ក្រុម បាន​ត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និង​បូកសរុប​លទ្ធផល​នៃ​ការបោះឆ្នោត​តាម​ភូមិភាគ​នីមួយៗ​ដោយឡែក​ពីគ្នា​យ៉ាង​ល្អិតល្អន់ តាម​ប្រមាណ​វិធី​ដោយ​ដៃ និង​កម្មវិធី​ត្រួតពិនិត្យ និង​បូកសរុប​លទ្ធផល​នៃ​ការបោះឆ្នោត​តាម​មណ្ឌល​ភូមិភាគ​។

 ​ជា​លទ្ធផល ក្រុម​ត្រួតពិនិត្យ មិនបាន​រកឃើញ​កំហុស ឬ​ភាពមិនប្រក្រតី​ណាមួយ​ពាក់ព័ន្ធ​នឹង​ការ​គណនា​តួលេខ​លទ្ធផល​សំឡេងឆ្នោត​គាំទ្រ​គណបក្សនយោបាយ​នីមួយៗ​ដែល គ​ធ​.​ខ​ប ទាំង ២៥ បានបញ្ជាក់​ក្នុង​តារាង​បូកសរុប​លទ្ធផល​នៃ​ការបោះឆ្នោត​ក្នុង​រាជធានី​-​ខេត្ត (​ទ​.១១១០) កំណត់ហេតុ បូកសរុប​លទ្ធផល​នៃ​ការបោះឆ្នោត​ក្នុង​រាជធានី​-​ខេត្ត (​ទ​.១១១១) និង​ក្រដាស​លទ្ធផល​នៃ​ការបោះឆ្នោត​ក្នុង​រាជធានី​-​ខេត្ត (​ទ​.១១១៤) ឡើយ​។​

​សេចក្តីប្រកាស​បន្តថា ៖ «​តាម​បទបញ្ជា និង​នីតិវិធី​សម្រាប់​ការបោះឆ្នោត គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត ក្នុង​ភូមិភាគ ឬ​តំណាង​មាន​សិទ្ធិ​ប្ដឹងតវ៉ា​ទៅនឹង​លទ្ធផល​បណ្ដោះអាសន្ន​នៃ​ការបោះឆ្នោត​១​ផ្នែក ឬ​លទ្ធផល​ទាំងអស់​ទៅ គ​.​ជ​.​ប ឬ​ក្រុមប្រឹក្សាធម្មនុញ្ញ ក្នុង​រយៈពេល ៧២​ម៉ោង​យ៉ាងយូរ បន្ទាប់ពី​ការប្រកាស​លទ្ធផល​បណ្ដោះ​អាសន្ន​នៃ​ការបោះឆ្នោត​»​។

​សូមបញ្ជាក់ថា លទ្ធផល​បឋម នៃ​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៥ ដែល​បាន​ប្រព្រឹត្តទៅ​នា​ថ្ងៃទី​២៥ ខែកុម្ភៈ បាន​បង្ហាញថា​ គណបក្ស​ប្រជាជន​កម្ពុជា​ ទទួលបាន​សំឡេងគាំទ្រ​យ៉ាងច្រើន​លើស​លប់​​នៅក្នុង​មណ្ឌល​ភូមិភាគ​ទាំង ​៨ ដោយ​ទទួលបាន​អាសនៈ​ចំនួន ៥៥​ អាសនៈ​ ដែលមាន​សំឡេងឆ្នោត​សរុប​ចំនួន ១០ ០៥២ ​សំឡេង​។

 គណបក្ស​ឆន្ទៈ​ខ្មែរ  ដែល​បាន​ចូលរួម​ការបោះឆ្នោត​ព្រឹទ្ធសភា​នេះ ទទួលបាន​សំឡេងឆ្នោត ១ ៣៩៤​សំឡេង​ទទួលបាន​អាសនៈ​ចំនួន ៣​អាសនៈ​។ រីឯ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​គណបក្ស​កម្លាំង​ជាតិ មិន​ទទួលបាន​អាសនៈ​នោះទេ​៕