ភ្នំពេញៈ ឧបការី​រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិកបានបង្ហាញ​គោលជំហរ​របស់​រដ្ឋាភិបាល​​សហរដ្ឋអាមេរិក​ក្នុង​ការបន្ត​បង្កើន​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិ​​ការ​ជាមួយ​កម្ពុជា លើ​វិស័យ​ពាណិជ្ជ​កម្ម វិនិយោគ ទំនាក់ទំនង​ប្រជា​​ជន និង​ប្រជាជន​ព្រមទាំង​វិស័យ​ការពារជាតិ និង​សន្តិសុខ​ក៏ដូចជា​ជួយ​កម្ពុជា​ពង្រឹង​លទ្ធិ​ប្រជា​ធិ​ប​តេ​យ្យ សិទ្ធិមនុស្ស ជាដើម​។​


​លោក Daniel J. Kristenbrink ឧបការី​រដ្ឋមន្ត្រីការបរទេស​អាមេរិក​ទទួលបន្ទុក​កិច្ចការ​អា​​ស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក បង្ហាញ​ជំហរ​បែបនេះ នា​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោកនាយក​រដ្ឋ​​មន្ត្រី​ ហ៊ុន ម៉ា​ណែ​ត នា​វិមាន​សន្តិ​ភាព​កាលពី​រសៀល​ថ្ងៃទី ​២៦ ខែ​​កុម្ភៈ ឆ្នាំ​​ ២០២៤ ​អំឡុងពេល​ឧ​ប​ការី​រដ្ឋមន្ត្រីការបរទេស​អាមេរិក​រូបនេះ និង​គណៈប្រតិភូ​មក​បំ​ពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​។ នេះ​បើ​យោងតាម​ខ្លឹមសារ​ប្រកាស​ពី​បណ្តាញ​ផ្លូវការ​របស់លោក​ហ៊ុន ម៉ា​ណែ​ត​។​

​ក្នុងជំនួប​នោះ លោក Daniel J. Kristenbrink បង្ហាញ​ការអបអរ​ចំពោះ​លោក ​ហ៊ុន ម៉ា​ណែ​ត ដែល​បាន​ក្លាយជា​នាយករដ្ឋមន្ត្រី​អាណត្តិ​ទី​៧ ក៏ដូចជា​បង្ហាញ​ការកត់សម្គាល់​ពី​វឌ្ឍនភាព​នៃ​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក​ទាំង​ក្របខ័ណ្ឌ​ទ្វេភាគី និង​ពហុភាគី ហើយ​លោក​ក៏​រំឭក​ពី​ជំនួប​នាទី​ក្រុង​ញូវយ៉ក កាលពី​ខែកញ្ញា ឆ្នាំ​ ២០២៣ រវាង​លោក ​ហ៊ុន ម៉ា​ណែ​ត និង​លោក​ស្រី វិច​តូ​រី​យ៉ា នូ​លែ​ន (Victoria Nuland) អនុរដ្ឋមន្ត្រី​ការបរទេស​ស្ដីទី​អាមេរិក ផងដែរ​។​


​ទន្ទឹមនឹងនេះ​លោក​វាយតម្លៃ​ខ្ពស់​លើ​ជំហរ​រដ្ឋាភិបាល​កម្ពុជា​ចំពោះ​កិច្ចការ​តំបន់ និង​អន្តរជាតិ បូករួម​ជោគ​ជ័យ​របស់​កម្ពុជា​ក្នុងនាម​ជា​ប្រធាន​អាស៊ាន​កាលពី​ឆ្នាំ​២០២២ ខណៈ​សហរដ្ឋអាមេរិក នឹង​បន្ត​ធ្វើការ​ជិតស្និទ្ធ​ជាមួយ​ភាគី​កម្ពុជា​បន្ថែមទៀត អំឡុង​កម្ពុជា​នឹងត្រូវ​ធ្វើជា​អ្នកសម្របសម្រួល​ទំនាក់​ទំនង​សន្ទនា​រវាង​អាស៊ាន និង​សហ​​រដ្ឋ​អាមេរិក ចាប់ពី​ខែកក្កដា ឆ្នាំ ​២០២៤​ ដល់​ខែកក្កដា ឆ្នាំ​ ២០២៧​។

​ប្រភព​ដដែល​បញ្ជាក់ថា​៖ «​សម្តេច​ធិបតី និង​ឯកឧត្តម Daniel J. Kritenbrink បាន​ពិភាក្សា​អំពី​ការពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំង​ ២ ​បន្ថែមទៀត លើ​វិស័យ​ដែល​ផ្តល់​ប្រយោជន៍​ទៅវិញ​ទៅ​មក រួមមាន​វិស័យ​ពាណិជ្ជកម្ម វិនិយោគ ទំនាក់ទំនង​ប្រជាជន​និង​ប្រជាជន​ព្រមទាំង​វិស័យ​ការ​​ពារ​ជាតិ និង​សន្តិសុខ​ជាដើម​»​។​


​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា នា​ថ្ងៃទី​ ២៦ ខែកុម្ភៈ​នោះដែរ បានបញ្ជាក់​បន្ថែមថា ភាគី​ទាំង ​២ បាន​ពិភាក្សាគ្នា​ពី​កង្វល់​រួម ជុំវិញ​ការអនុវត្ត​ទណ្ឌ​កម្ម​របស់​អង្គការសហប្រជាជាតិ ដើម្បី​ប្រឆាំង​កូរ៉េខាងជើង ការ​ថ្កោលទោស​ទៅដល់​រុស្ស៊ី​ចំពោះ​សង្គ្រាម​ឈ្លានពាន​អ៊ុយ​ក្រែ​ន កម្មវិធី​ជំនួយ​បរទេស ការរុករក​ឈ្លើយសឹក និង​យុទ្ធជន​បាត់​ខ្លួន​ក្នុង​សង្គ្រាម​។ ភាគី​ទាំង​ ២​ ក៏បាន​លើកឡើង​ពី​ការពង្រឹង​ការ​អនុ​វត្ត​ច្បាប់​ដោយ​ពិនិត្យ​ទៅលើ​វឌ្ឍន​ភាព​នានា ដូចជា លទ្ធិ​ប្រជា​ធិ​ប​តេ​យ្យ សិទ្ធិមនុស្ស ការជួញដូរ​មនុស្ស បង្កើត​លទ្ធភាព​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ក៏ដូចជា​សន្តិសុខ​ក្នុង​តំបន់​។​

​លោក Daniel J. Kristenbrink លើកឡើងថា​៖ «​សហរដ្ឋ​អាមេរិក​នៅតែ​មានការ​ប្តេជ្ញាចិត្ត​ចំពោះ​ប្រជាជន​កម្ពុជា និង​បំណង​​ប្រាថ្នា​របស់​យើង ក្នុងការ​ចង់ឱ្យ​ប្រទេស​កម្ពុ​ជាមាន​វិបុលភាព លទ្ធិប្រជាធិបតេយ្យ និង​ឯករាជ្យ ដែល​ក្នុងនោះ សំឡេង​ទាំងអស់​ត្រូវបាន​គេ​ស្តាប់ និង​គោរព​ហើយ​អធិបតេយ្យភាព​របស់​ក​ម្ពុ​ជា​ត្រូវបាន​ការពារ​»​។​

​ទាក់ទិន​នឹង​បញ្ហា​នេះ លោក​ ឯម សុវណ្ណារ៉ា សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ យល់ថា ការលើកឡើង​ក៏ដូចជា​ជំហរ​របស់​ឧបការី​រដ្ឋមន្ត្រីការបរទេស​អា​មេ​​រិ​ក​ជា​ច្រកទ្វារ​ការទូត​មួយ​របស់​សហរដ្ឋអាមេរិក​ក្នុង​ទំនាក់ទំនង​ជាមួយ​កម្ពុ​ជា ប៉ុន្តែ​ភាគី​ទាំង ​២ ត្រូវ​ជជែក​គ្នា​ឱ្យ​ច្រើន​ដើម្បី​បំបាត់​ភាពមន្ទិលសង្ស័យ​។ ជាពិសេស​ពី​ខាង​កម្ពុជា​ត្រូវ​ព្យាយាម​ជជែក​ជាមួយ​អាមេរិក​ដើម្បី​សម្រួល​ទំនាក់ទំនង​ទ្វេភាគី ទៅលើ​ចំណុច​មិន​យល់​ស្របគ្នា និង​ការសង្ស័យ​មួយចំនួន តួយ៉ាង​បញ្ហា​មូល​ដ្ឋា​ន​ទ័ព​រាម​ជាដើម​។​

​ទាក់ទង​នឹង​ទំនាក់ទំនង​ទ្វេភាគី លោក​បញ្ជាក់ថា៖ «​ទំនាក់ទំនង​កម្ពុជា​-​អាមេរិក សព្វថ្ងៃ​មិនទាន់​ល្អ​ដូច​ពីមុន​ឆ្នាំ​ ២០១៧ នៅឡើយ​ទេ​ដែល​កាលនោះ​មាន​កិច្ច​សហ​ប្រតិបត្តិការ​នឹង​គ្នាច្រើន សូម្បី​សមយុទ្ធ​យោធា​រួមគ្នា សហរដ្ឋ​អាមេរិក​ក៏​ផ្តាច់​អាហារូបករណ៍​និស្សិត​យោធា​កម្ពុជា​មិនទាន់​ផ្តល់ឱ្យ​វិញ​។ ភាគី​កម្ពុជា​ត្រូវតែ​ឆ្លើយ​តប​ទៅនឹង​កង្វល់​របស់​សហ​រដ្ឋអាមេរិក ដើម្បី​បង្កើន​ការយល់​គ្នា​»​។​

​លោក​ ឯម សុវណ្ណារ៉ា បាន​បន្តថា កម្ពុជា​ត្រូវការ​ជា​ចាំបាច់​លើ​ទំនាក់ទំនង​ជាមួយ​សហ​រដ្ឋ​អា​មេ​​រិ​ក ខណៈ​សហរដ្ឋអាមេរិក​ជា​មហាអំណាច​មួយ​ដែលមាន​ឥទ្ធិ​ពល​ជាងគេ​នៅក្នុង​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ​។ សហរដ្ឋអាមេរិក​ក៏មាន​ឥទ្ធិពល​ក្នុង​ពិភពលោក​មាន​សម្ព័ន្ធមិត្ត​ច្រើន​ដែល​អាច​ផ្តល់​ការ​គាំពារ​ផ្នែក​ការទូត ហើយក៏​ជាទី​ផ្សារ​ពាណិជ្ជកម្ម​ធំជាងគេ​សម្រាប់​កម្ពុជា ផងដែរ​។​

​សម្រាប់​លោក​ ស៊ឺន សម អ្នក​​ជំនាញ​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា ចាត់​ទុក​ជំនួប​រវាង​ភាគី​ទាំង​ ២ ​ជា​រឿង​សំខាន់​ដែល​លោក​ចង់ឃើញ​ភាគី​ទាំង ​២ បង្កើន​ការជួបពិភាក្សាគ្នា​ឱ្យបាន​ញឹកញាប់​ដើម្បី​ស្វែងរក​ចំណុច​លើ​បញ្ហា​ខ្វែងគំនិត​គ្នា ដើម្បី​ពង្រឹង​ទំនាក់ទំនង ហើយ​នៅ​ចំពេល​ឆ្នាំនេះ កម្ពុជា​ជា​អ្នក​សម្របសម្រួល​ទំនាក់ទំនង​កិច្ច​​សន្ទនា​សហរដ្ឋអាមេរិក និង​អាស៊ាន​ផង​។

លោក​ផ្តល់យោបល់​ឱ្យ​ភាគី​ទាំង​ ២ ជជែក​លើ​បញ្ហា​ទាំងឡាយណា​ដែល​អាច​ធ្វើការ​ជាមួយគ្នា​បាន​ឬ​ចំណុច​យល់ស្រប​គ្នា ជាជាង​ជជែក​ពី​បញ្ហា​ដែល​មិនអាច​ធ្វើការ​ជាមួយគ្នា​កើត​។

លោក​ប្រាប់ថា​៖ «​កម្ពុជា និង​សហរដ្ឋអាមេរិក​នៅមាន​ការ​ខ្វែងគំនិត​គ្នា​ទៅលើ​លទ្ធិ​ប្រជា​ធិ​ប​តេ​យ្យ និង​សិទ្ធិមនុស្ស មិនមែន​កម្ពុជា​មិនមាន​ប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស​នោះទេ អាច​ថា ការបកស្រាយ​នៅមាន​ភាពខុសគ្នា ខណៈ​សហរដ្ឋ​អា​​មេ​រិ​ក​ខ្លួនឯង​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​ប្រទេស​កុម្មុយនីស្ត​តួយ៉ាង​វៀតណាម ដែល​ខុសប្លែក​ទាំង​លើកយក​ជា​រនាំង​នឹង​កម្ពុជា​»​។​

​ទោះយ៉ាងណា​លោក ​ស៊ឺន សម បញ្ជាក់ថា កម្ពុជា និង​អាមេរិក​បន្ត​ត្រូវការ​គ្នា​ជាខ្លាំង ហើយ​សហរដ្ឋ​​អាមេរិក​ក៏​ជាទី​ផ្សារ​សំខាន់​នៃ​ផលិតផល​កម្ពុជា​ផង ហើយ​កម្ពុជា​ទៀតសោត​ក៏​ជា​តម្រូវការ​សំខាន់​រប​ស់​សហរដ្ឋអាមេរិក​ក្នុង​យុទ្ធ​​សាស្ត្រ​ការទូត​នៅ​អាស៊ាន​ដោយ​កម្ពុជា​ជា​ប្រធាន​ប្តូរ​វេន និង​ថែម​ជា​អ្នកសម្របសម្រួល​កិច្ចសន្ទនា​អាស៊ាន​-សហរដ្ឋអាមេរិក​ផង​នៅពេលនេះ​៕