​ភ្នំពេញៈ កម្ពុជា និង​ម៉ាឡេស៊ី បាន​ឯកភាពគ្នា​ជំរុញ​កិច្ចសហប្រតិបត្តិការ​ និង​ទំនាក់ទំនង​ទ្វេភាគី​ឱ្យ​កាន់តែ​ស៊ីជម្រៅ​លើ​វិស័យ​ជាច្រើន ក្នុងនោះ​មាន​ទាំង​សន្តិសុខ និង​ការពារជាតិ ទេសចរណ៍ បច្ចេកវិទ្យា​ឌីជីថល ហិរញ្ញវត្ថុ និង​សន្តិ​សុខ​ថាមពល​។​


​ការឯកភាព​គ្នា​នេះ​ត្រូវបាន​ធ្វើឡើង​រវាង​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន​​ ​ម៉ា​ណែ​ត និង​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក​ដា​តុ ស៊េរី អាន់​វ៉ា ប៊ី​ន អ៊ី​ប្រា​ហ៊ីម ​(YB Dato' Seri Anwar Bin Ibrahim) នៅក្នុង​ជំនួប​ពិភាក្សា​ការងារ និង​ធ្វើ​សន្និសីទ​សារព័ត៌មាន​រួមគ្នា ក្រោយ​ជំនួប​ទ្វេភាគី​នាឱកាស​លោក​ហ៊ុន ម៉ា​​ណែ​ត បាន​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​ម៉ាឡេស៊ី នា​ថ្ងៃទី​ ២៧ ខែ​កុម្ភៈ ឆ្នាំ​ ២០២៤​។​

​នៅក្នុង​សុន្ទរកថា​នា​សន្និសីទ​សារព័ត៌មាន​រួមគ្នា​នា​ថ្ងៃ​ដដែល​នោះ​នាយករដ្ឋមន្ត្រី​ទាំង​ ២ បាន​ឯកភាពគ្នា​ជំរុញ​ទំនាក់ទំនង​ទ្វេភាគី ឱ្យ​កាន់តែ​រឹងមាំ​ថែមទៀត ខណៈ​ទំនាក់ទំនង​នេះ​មាន​ភាព​វិជ្ជមាន​ស្រាប់​តាំងពី​សម័យ​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​អតីត​នា​យក​រដ្ឋមន្ត្រី លោក​ហ៊ុន សែន ដែល​នឹង​បន្ត​ជំរុញ​ដើម្បី​ផលប្រយោជន៍​ទៅវិញទៅមក​។ 


​លោក​ ហ៊ុន ម៉ា​ណែ​ត ​ថ្លែងថា​៖ «​តាមរយៈ​ការធ្វើ​ទស្សនកិច្ច​ផ្លូវការ​របស់​ឯកឧត្តម​នាយករដ្ឋមន្ត្រី​ដា​តុ ស៊េរី អាន់​វ៉ា ប៊ី​ន អ៊ី​ប្រា​ហ៊ីម​កាលពី​ខែមីនា ឆ្នាំមុន​[​ទស្សនកិច្ច​ទៅ​កម្ពុជា​] និង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់ខ្ញុំ នាឱកាស​នេះ នឹង​រួមចំណែក​ក្នុងការ​ធ្វើឱ្យ​ទំនាក់ទំនង​ដ៏​យូរលង់​រវាង​កម្ពុជា​-​ម៉ាឡេស៊ី កាន់តែ​ស៊ីជម្រៅ​ថែមទៀត​»​។ លោក​បន្តថា ឆ្នាំនេះ​គឺជា​ខួប​លើក​ទី ​៦៧ នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង ២ ហើយ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ ទំនាក់ទំនង​នេះ​បាន​កើន​ឡើងដល់​កម្រិត​ថ្មី​នៅក្នុង​លក្ខ​​ខណ្ឌ​នៃ​ទំនាក់ទំនង​សេដ្ឋកិច្ច អន្តរ​កម្ម​កម្រិត​ខ្ពស់ ការផ្លាស់ប្តូរ​រវាង​ប្រជាជន និង​ប្រជាជន និង​ការពង្រឹង​ទំនាក់ទំនង​លើ​វិស័យ​ការពារជាតិ​។​

​លោក ហ៊ុន ម៉ា​ណែ​ត ​បញ្ជាក់ថា​៖ «​ក្នុងជំនួប​រវាង​ខ្ញុំ និង​ឯកឧត្តម​នាយក​រដ្ឋ​មន្ត្រី បានកត់សម្គាល់​នូវ​ការពេញចិត្ត និង​ការបោះ​ជំហាន​ជា​វិជ្ជមាន​ចាប់​តាំង​ពី​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​ឯកឧត្តម អាន់​វ៉ា មកកាន់​ប្រទេស​កម្ពុជា​កាលពី​ខែមីនា ឆ្នាំ​ ២០២៣ ​កន្លងទៅ​»​។ តាម​​រយៈ​ជំនួប​ពិភាក្សា​នេះ បានដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​ថ្មី ដើម្បី​ពង្រឹង​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំង​ ២ លើ​វិស័យ​ចាំបាច់​មួយចំនួន​។​


​យោងតាម​ខ្លឹមសារ​នៃ​ជំនួប​ទ្វេភាគី បានឱ្យដឹងថា លោក​ ហ៊ុន ម៉ា​ណែ​ត និង​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី មាន​សុទិដ្ឋិនិយម​ថា ទំនាក់ទំនង​រវាង​ក​ម្ពុ​ជា​-​ម៉ាឡេស៊ី នឹង​កាន់តែ​រឹងមាំ និង​អាច​ឈានដល់​កម្រិត​ទំនាក់ទំនង​ខ្ពស់​បន្ថែមទៀត​។ ខ្លឹមសារ​ដដែល​បន្តថា លោក ដា​តុ ស៊េរី អាន់​វ៉ា ប៊ី​ន អ៊ី​ប្រា​ហ៊ីម បាន​ស្វាគមន៍​ចំពោះ​ការអញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​ម៉ាឡេស៊ី​ក្នុងនាម​ជានា​យក​​រដ្ឋមន្ត្រី​របស់លោក ហ៊ុន ម៉ា​ណែ​ត និង​គណៈប្រតិភូ​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​។

ទន្ទឹមនឹងនេះ​លោកនាយក​រដ្ឋ​​មន្ត្រី​ម៉ាឡេស៊ី ក៏បាន​បញ្ជាក់ដែរថា តាម​​រយៈ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់លោក ហ៊ុន ម៉ា​ណែ​ត នាឱកាស​នេះ ទំនាក់​ទំនង​ទ្វេភាគី​កម្ពុជា​-​ម៉ាឡេស៊ី នឹង​កាន់​​តែ​រីកចម្រើន និង​រឹងមាំ​បន្ថែមទៀត​។​

​ខ្លឹមសារ​នៃ​ជំនួប​បានបង្ហាញ​ឱ្យដឹងទៀតថា សម​ភាគី​ទាំង ​២​ បាន​វាយតម្លៃ​ខ្ពស់​លើ​លទ្ធផល​នៃ​កិច្ច​សហប្រតិបត្តិ​ការ​ទ្វេភាគី​កន្លងមក និង​បាន​ផ្លាស់ប្ដូរ​យោបល់​ពី​ការពង្រឹង និង​ពង្រីក​កិច្ច​​សហប្រតិបត្តិការ លើ​វិស័យ​ជាច្រើន ដែល​រួមមាន​៖ វិស័យ​នយោបាយ ការ​​ពារ​ជាតិ សន្តិសុខ ពាណិជ្ជកម្ម និង​វិ​និ​យោគ ទេសចរណ៍ ការងារ ឧស្សាហកម្ម​អាហារ​ហា​ឡា​ល់ ទូរគមនាគមន៍ និង​បច្ចេកវិទ្យា​ព័ត៌មាន បច្ចេកវិទ្យា​ឌីជីថល និង​សន្តិសុខ​ថាមពល​។

​ក្នុងជំនួប​នេះ សម​ភាគី​ទាំង ​២ ក៏បាន​ពិភាក្សា​ក្នុងការ​ពិនិត្យ​លទ្ធភាព​ពង្រីក​ជើងហោះហើរ​ផ្ទា​ល់ពី​ម៉ាឡេស៊ី​ទៅកាន់​តំបន់​ទេសចរណ៍​សំខាន់ៗ​កម្ពុជា ដូចជា​ខេត្តសៀមរាប ផងដែរ​។ នេះ​បើ​យោងតាម​ខ្លឹមសារ​នៃ​ជំនួប​ទ្វេភាគី​ដដែល​នេះ​។ ប្រភព​ដដែល​បាន​បន្តថា ក្នុង​ក្របខ័ណ្ឌ នៃ​វិស័យ​ការពារជាតិ និង​សន្ដិសុខ សម​ភាគី​ទាំង​ ២ បាន​ឯកភាព​លើ​ការបន្ត​ជំរុញ​កិច្ចសហប្រតិបត្តិការ​រួម​មាន​៖ ការបណ្តុះបណ្តាល​ធនធាន​មនុស្ស ការកសាង​សមត្ថភាព ការផ្លាស់​ប្តូរ​ព័ត៌មាន និង​ការធ្វើ​លំ​ហាត់​រួមគ្នា​។

​ដោយឡែក លើ​វិស័យ​សន្តិសុខ​ថាមពល សម​ភាគី​ទាំង​ ២ ក៏បាន​ឯកភាព​ក្នុងការ​គាំទ្រ​ការសម្របសម្រួល​សម្រាប់​គម្រោង​ខ្សែ​បញ្ជូន​ថាមពល​ក្រោម​សមុទ្រ​ (​ឡាវ​-​កម្ពុជា​-​សិង្ហ​បុរី​) ដោយ​ឆ្លងកាត់​បាតសមុទ្រ​របស់​ប្រទេស​ម៉ាឡេស៊ី​។

​ជាងនេះទៅទៀត សម​ភាគី​ទាំង ​២ ​បាន​ឯកភាព​ក្នុងការ​ពិនិត្យ​លទ្ធភាព រៀបចំ​កិច្ចប្រជុំ នៃ​គណៈកម្មការ​ចម្រុះ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី (JCBC) នាពេលខាងមុខ​ដែល​ដឹកនាំ​ដោយ​រដ្ឋ​មន្ត្រី​ការបរទេស​នៃ​ប្រទេស​ទាំង​ ២​។

​ជុំវិញ​ទំនាក់ទំនង​កម្ពុជា និង​ម៉ាឡេស៊ី លោក ​សេង វណ្ណ​លី សាស្ត្រាចារ្យ​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ លើកឡើងថា ដំណើរ​ទស្សនកិច្ច​រប​ស់លោក​ហ៊ុន ម៉ា​ណែ​ត​នេះ​បង្ហាញ​ពី​ការយកចិត្តទុកដាក់​​របស់លោក​លើ​ទំនាក់ទំនង​ជាមួយ​ម៉ា​​ឡេ​ស៊ី ជាពិសេស​ជាមួយ​រដ្ឋាភិបាល​លោក​អាន់​វ៉ា ដោយ​អាចមាន​ការពង្រឹង​ទំនាក់ទំនង​រវាង​បុគ្គល​និង​បុគ្គល​ផង​។

​លោក​ យង់ ពៅ អគ្គលេខាធិការ​រាជ​បណ្ឌិត្យសភា​កម្ពុជា និង​ជា​អ្នកជំនាញ​វិទ្យាសាស្ត្រ​នយោបាយ​ថ្លែងថា ការបំពេញ​ទស្សនកិច្ច​នេះ​ជាការ​សម្តែង​ការគួរសម​ផង ជាការ​រឹតចំណង​ការទូត ហើយក៏​ជា​បែបបទ​ប្រូ​តូ​កូ​ល​ពិធីការ​របស់​អាស៊ាន​ផងដែរ​។

​លោក​បន្តថា​៖ «​ការបំពេញ​ទស្សនកិច្ច​នេះ​បានផ្តល់​នូវ​សារៈសំខាន់​ទាំង​កិច្ចការ​នយោបាយ សន្តិសុខ​នយោបាយ ពាណិជ្ជកម្ម និង​សង្គម​ផ្សេងទៀត​។ យើង​ឃើញថា សណ្តាប់ធ្នាប់​ពិភពលោក​ប​ច្ចុ​​ប្បន្ន​នេះ​កំពុង​ជំរុញឱ្យមាន​ទំនាក់ទំនង​ល្អ​រវាង​រដ្ឋ និង​រដ្ឋ ដូចគ្នានេះដែរ​ម៉ា​ឡេ​ស៊ី​និង​កម្ពុជា​នេះ​គឺជា​ចំណុច​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​ដើម្បី​ធានា​ឱ្យបាន​នូវ​សន្តិ​សុខ​សណ្តាប់ធ្នាប់​ក្នុង​តំបន់ និង​ពិភព​លោក​ផងដែរ​»៕