ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្តេជ្ញាបន្តស្តារ លើកស្ទួយ និងអភិវឌ្ឍទីក្រុងស្អាតដើម្បីជំរុញវិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ខណៈលោកស្នើគ្រប់ភាគីពាក់ព័ន្ធបន្តសហការចូលរួមអនុវត្តរាល់យុទ្ធនាការនានា ដើម្បីគាំទ្រដល់ចលនាប្រឡងប្រណាំងទីក្រុងស្អាតផងដែរ។
លោកបានលើកឡើងដូចនេះ តាមរយៈសារលិខិតរបស់លោកក្នុងឱកាសទិវាជាតិទីក្រុងស្អាតលើកទី១២ ឆ្នាំ ២០២៤ ក្រោមប្រធានបទ «ទីក្រុងស្អាតដើម្បីទេសចរណ៍» នៅថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២៤។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលជាប្រធានកិត្តិយសនៃគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បានលើកឡើងតាមរយៈសារលិខិតនេះថា ការប្រារព្ធទិវាជាតិទីក្រុងស្អាត ឆ្នាំ ២០២៤ ធ្វើឡើងដើម្បីបំផុសការលើកទឹកចិត្តដល់ជនរួមជាតិទាំងអស់ ជាពិសេសយុវជនឱ្យបន្តយកចិត្តទុកដាក់បន្ថែមទៀតក្នុងការលើកកម្ពស់ការអភិវឌ្ឍបៃតង ការផ្តល់នូវបដិសណ្ឋារកិច្ចល្អ និងភាពកក់ក្តៅសំដៅរួមចំណែកដល់ការអភិវឌ្ឍវិស័យទេសចរណ៍ និងការរីកចម្រើននៃសង្គមជាតិ។
លោកបានបញ្ជាក់ថា៖ «ទីក្រុងស្អាតគឺជាផលិតផលទេសចរណ៍ដ៏ទាក់ទាញមួយសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលអាចផ្តល់បទពិសោធន៍ និងការចងចាំ ហើយការរីកចម្រើននៃទីក្រុងនឹងចូលរួមចំណែកយ៉ាងសំខាន់ទៅដល់ការអភិវឌ្ឍវិស័យទេសចរណ៍ ដោយហេតុថា ទីក្រុងគឺជាបណ្ដុំសម្រាប់ការរស់នៅ ការសម្រាកលម្ហែ សកម្មភាព ទេសចរណ៍ ពាណិជ្ជកម្ម សេដ្ឋកិច្ច នយោបាយ និងវប្បធម៌ ជាដើម»។
លោកបានបន្ថែមថា ភាពជោគជ័យនៃវិស័យទេសចរណ៍វិញក៏នឹងចូលរួមដល់ការអភិវឌ្ឍទីក្រុងផងដែរ តាមរយៈកាលានុវត្តភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគគំរូថ្មីនៃការអភិវឌ្ឍនគរូបនីយកម្ម ការអភិរក្សបេតិកភណ្ឌទីក្រុង ការគិតគូរពីនិរន្តរភាពបរិស្ថាន ភាពស្អាត និងបៃតង ការកសាងហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ចាំបាច់នានាបម្រើដល់តម្រូវការរបស់ភ្ញៀវទេសចរជាដើម ដែលទាំងនេះនឹងជួយជំរុញឱ្យទីក្រុងកាន់តែមានភាពរស់រវើក។
ឈរលើស្មារតីនេះ ដើម្បីឆ្លើយតបនឹងប្រធានបទ «ទីក្រុងស្អាត ដើម្បីទេសចរណ៍» លោក ហ៊ុន ម៉ាណែត បានប្ដេជ្ញាបន្តស្តារ លើកស្ទួយ និងអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ដោយលោកក៏បានស្នើគ្រប់ភាគីពាក់ព័ន្ធទាំងអស់ បន្តសហការ ចូលរួមគាំទ្រ ឧបត្ថម្ភ និងអនុវត្តរាល់យុទ្ធនាការនានាដែលត្រូវបានដាក់ចេញដោយរាជរដ្ឋាភិបាល ដើម្បីគាំទ្រដល់ចលនាប្រឡងប្រណាំងទីក្រុងស្អាតផងដែរ។
ជុំវិញរឿងនេះ លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានលើកឡើងដែរថា ការប្តេជ្ញានេះ បង្ហាញពីការគិតគូរក្នុងនាមជាថ្នាក់ដឹកនាំដើម្បីជំរុញការអភិវឌ្ឍប្រទេសដោយផ្តោតសំខាន់លើភាពស្អាត អនាម័យ សំដៅឈានទៅប្រកួតប្រជែងនៅក្នុងតំបន់ និងពិភពលោក។
លោកស្រីបានថ្លែងថា៖ «ជារួមភ្ញៀវទេសចរ គេមិនចង់ទៅកន្លែងដែលមិនស្អាត កន្លែងណាដែលមានសំរាមនោះទេ គឺគេតែងតែចង់ទៅកន្លែងដែលស្អាត និងមានអនាម័យ មានផាសុកភាព ហេតុនេះយើងត្រូវតែចូលរួមអភិរក្ស និងលើកកម្ពស់ភាពស្អាត ដើម្បីលើកកម្ពស់សុខុមាលភាពក្នុងសង្គមក៏ដូចជាភាពប្រកួតប្រជែងនៅក្នុងតំបន់អាស៊ាន ជាពិសេសជួយទាញកំណើនភ្ញៀវទេសចរឱ្យនៅតែចងចាំកម្ពុជាហើយបន្តមកកម្សាន្តនៅកម្ពុជាជានិច្ច»។
តាមរយៈសារលិខិតដដែលនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាក៏បានសង្កត់ធ្ងន់ដែរថា ដើម្បីឆ្លើយតបនឹងការវិវឌ្ឍ និងនិន្នាការនៃការអភិវឌ្ឍថ្មីៗ កម្ពុជាបានដាក់ចេញយុទ្ធនាការ «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អបដិសណ្ឋារកិច្ចល្អ» ដែលជាយុទ្ធសាស្ត្រដ៏មានសារៈសំខាន់ក្នុងការចូលរួមអភិវឌ្ឍវិស័យទេសចរណ៍ជាមាសបៃតង តាមរយៈការប្រែក្លាយកម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយភាពស្អាត ឆ្លាត និងបៃតង។
ជាថ្មីម្តងទៀត រាជរដ្ឋាភិបាល ក៏បានស្នើឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ វិស័យឯកជន និងភាគីពាក់ព័ន្ធ បន្តចូលរួមគាំទ្រដល់យុទ្ធនាការចលនាប្រឡងប្រណាំងនិងការអនុវត្តស្តង់ដានានាដែលបានដាក់ចេញកន្លងមកឱ្យមានប្រសិទ្ធភាពបន្ថែមទៀតដើម្បីឱ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍ប្រកបដោយគុណភាពខ្ពស់។
នៅក្នុងឱកាសទិវាជាតិទីក្រុងស្អាតនៅថ្ងៃទី ២៧ ខែកុម្ភៈនេះ រដ្ឋបាលខណ្ឌ ៧ មករា ក៏បានរៀបចំពិធីអបអរសាទរ «ទិវាជាតិទីក្រុងស្អាត» ដោយមានការបញ្ជ្រាបការយល់ដឹង និងកម្មវិធីយុទ្ធនាការសម្អាតទីក្រុងតាមទីសាធារណៈ សួនច្បារផងដែរដោយក្នុងនោះមានការចូលរួមពីព្រះសង្ឃ យុវជន ស.ស.យ.ក, យុវជនកាកបាទក្រហមកម្ពុជា និងយុវជនកាយរឹទ្ធិ ប្រមាណជាង ៤០០ នាក់។ សូមបញ្ជាក់ដែរថា ឆ្នាំនេះជាឆ្នាំទី១២ ដែលកម្ពុជាបានរៀបចំទិវាជាតិទីក្រុងស្អាតដោយបានឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីទំនាក់ទំនងរវាង «ទីក្រុងស្អាត និងទេសចរណ៍»៕