​ភ្នំពេញៈ របាយការណ៍​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​បង្ហាញថា ក្នុង​រយៈ​ពេល​ជិត ​២ ​ឆ្នាំ​មកនេះ សមត្ថ​កិច្ច​បាន​រឹបអូស​ឧបករណ៍​នេសាទ ឆក់​ត្រជាក់ និង​ក្តៅ​ជាង​ ១ ០០០​ គ្រឿង ក្នុង​បណ្តា​ខេត្ត​ចំនួន ​៦ ជាប់​បឹង​ទន្លេសាប​ក្នុងនោះ​តុលា​ការ​បានសម្រេច​ឃុំខ្លួន​ជនល្មើស​ចំនួន ៣១​ នាក់​។​


​របាយការណ៍​ក្រសួងកសិកម្ម បានឱ្យដឹង​នៅ​ថ្ងៃទី​ ២៧ ខែកុម្ភៈ​ថា ចាប់ពី​ថ្ងៃទី ​២៣ ខែមីនា ឆ្នាំ​ ២០២២ រហូតមកដល់​ថ្ងៃទី ​២៦ ខែកុម្ភៈ ឆ្នាំ​ ២០២៤ សមត្ថកិច្ច​ពាក់ព័ន្ធ​បានធ្វើការ​បង្ក្រាបបាន​ប​ទ​ល្មើស​នេសាទ​ក្នុង​ខេត្ត​ចំនួន​ ៦ ជាប់​បឹង​ទន្លេសាប​។

ឧបករណ៍​នេសាទ​ដែល​បាន​រឹបអូស​បានរួម​មាន​៖ អួន​អូស​ទឹកសាប​ចំនួន ៥៣ ​វង់​, ម៉ាញ់​ ១៤ ​វង់​, ឆក់​ត្រជាក់​និង​ក្តៅ ១ ៤៧៣ ​គ្រឿង​, ឈិ​ប​យន្ត ២៣ ​គ្រឿង​, អួន​ហ៊ុម ៣៣​ វង់​, របាំង​ស្បៃ​មុង និង​សាច់​អួន ​១ ៦៥០,៦១៧ ​ម៉ែត្រ​, លូ និង​លប ​១៥ ២២៩​ មាត់​, បង្គោល​ចម្រឹង​ ៧៦៨ ២១១​ ដើម​, ឈ្នក់​រួមផ្សំ​ភ្លើង​ ១១៩​ វង់​, កាណូត ១៧៦ ​គ្រឿង និង​ម៉ាស៊ីន ៨៤​ គ្រឿង​។​


​ក្រៅពី​ការ​រឹបអូស​ឧ​បក​រណ៍​នេសាទ​ហើយ ក្រសួង​ក៏បាន​បញ្ជូន​សំណុំរឿង​ទាំងនោះ ទៅ​តុលាការ​បាន​ចំនួន ៧១​ ករណី ហើយ​តុលាការ​បានចេញ​ដីកា​កោះហៅ​មនុស្ស​ ២០​ នាក់ ហើយ​និង​បានសម្រេច​ឃុំខ្លួន ​៣១ ​នាក់ ក្នុង​រយៈពេល​ជិត ២ ​ឆ្នាំនេះ​។​

​ក្រសួង​បញ្ជាក់ថា ការឃុំខ្លួន​ជនល្មើស និង​ការ​រឹបអូស​ឧបករណ៍​ទាំងនោះ ត្រូវបាន​បង្ក្រាប​នៅតាម​បណ្តា​ខេត្ត​ជាប់​បឹង​ទន្លេសាប​រួមមាន ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង សៀមរាប កំពង់ធំ និង​បន្ទាយមានជ័យ​។​


​សម្រាប់​ខេត្តកំពង់ឆ្នាំង បង្ក្រាបបាន​ឧបករណ៍​នេសាទ​ល្មើស ឆក់​ត្រជាក់ និង​ក្តៅ ៥៩១ ​គ្រឿង ​របាំង​ស្បៃ​មុង និង​សាច់​អួន​ចំនួន ១៩៩ ៨០២ ម៉ែត្រ​លូ និង​លប ​៣ ៩៣៨ ​មាត់ បង្គោល​ចម្រឹង ​១០៧ ៧៤៥​ ដើម កាណូត​ ១១ ​គ្រឿង និង​ម៉ាស៊ីន​កាណូត ​៣ គ្រឿង​។ ក្នុង​បទល្មើស​ទាំងនោះ​សមត្ថកិច្ច​បាន​បញ្ជូន​ជនសង្ស័យ​ទៅ​តុលាការ ​១១​ ករណី ក្នុងនោះ​ឃុំខ្លួន​បណ្តោះអាសន្ន ៤ ​នាក់​។​

​ចំណែក ខេត្តពោធិ៍សាត់​បង្ក្រាបបាន​ឧបករណ៍​នេសាទ​ល្មើស អួន​អូស​ទឹកសាប​ ១២ ​វង់​ឧបករណ៍​ឆក់​ត្រជាក់ និង​ក្តៅ​ ៣៥​ គ្រឿង​ឈិ​ប​យន្ត​ ៤ ​គ្រឿង​អួន​ហ៊ុម ៩ ​វង់ របាំង​សាច់​អួន​ និង​របាំង​ស្បៃ​មុង​ ៤០១ ៩៥១ ​ម៉ែត្រ​លូ និង​លប ​១ ៨៣៣ ​មាត់ បង្គោល​ចម្រឹង​ ៩៥ ៤២៤​ ដើម ឈ្នក់​រួមផ្សំ​ភ្លើង​ ៧៧ ​វង់ កាណូត ​៥៣ ​គ្រឿង​ម៉ាស៊ីន​ ១៩ ​គ្រឿង​។ ក្នុង​បទល្មើស​ទាំង​នោះដែរ សមត្ថកិច្ច​បាន​បញ្ជូន​ជនសង្ស័យ​ទៅ​តុលាការ ២២ ​ករណី​ដោយបាន​ឃុំខ្លួន​បណ្តោះអាសន្ន​ ១៤ ​នាក់​និង​ចេញ​ដីកា​កោះហៅ ​៦ ​នាក់​។ 

​របាយការណ៍​ដដែល​ប​ន្ត​ថា ចំពោះ​ខេត្តបាត់ដំបង បង្ក្រាបបាន​ឧបករណ៍​នេសាទ​ល្មើស​ម៉ាញ់​ ១ ​វង់ ឧបករណ៍​ឆក់​ក្តៅ​និង​ត្រជាក់​ ៦៨៦ ​គ្រឿង រ​បាំងសាច់​អួន​និង​ស្បៃ​មុង​ ២៣៤ ២៥០​ ម៉ែត្រ​លូ និង​លប​ចំនួន​ ២៦២​ មាត់​បង្គោល​ចម្រឹង​ ៨៥ ៦១០​ ដើម​កាណូត​ ២ ​គ្រឿង​ម៉ាស៊ីន ​២​ គ្រឿង និង​បាន​បញ្ជូន​ជនសង្ស័យ​ទៅ​តុលាការ​ចំនួន ៣ ​ករណី​។

​រីឯ​ខេត្តសៀមរាប បង្ក្រាបបាន​ឧបករណ៍​នេសាទ​ល្មើស អួន​អូស​ទឹកសាប​ ២៧​ វង់ ម៉ាញ់​ ១២​ វង់​ ឆក់​ត្រជាក់​ និង​ក្តៅ​ ១០០ ​គ្រឿង​ ឈិ​ប​យន្ត​ ១៩​ គ្រឿង​អួន​ហ៊ុម​ ១៧ ​វង់ របាំង​ស្បៃ​មុង ​និង​សាច់​អួន​ ៣៦០ ៣៦៦​ ម៉ែត្រ​លូ និង​លប ​៨៨៧ ​មាត់​បង្គោល​ចម្រឹង ​១៦៧ ០៥៣​ ដើម​ឈ្នក់​រួមផ្សំ​ភ្លើង ​៤៩ ​វង់​កាណូត​ ៥៥ ​គ្រឿង​ម៉ាស៊ីន​ ២២​ គ្រឿង​។ ជនសង្ស័យ ​២៦ ​ករណី ​ត្រូវបាន​បញ្ជូនទៅ​តុលាការ ក្នុងនោះ​ឃុំខ្លួន​បណ្តោះអាសន្ន​ ១១​ នាក់ និង​ចេញ​ដីកា​កោះហៅ​ ១០​ នាក់​។​

​ចំណែក​ខេត្តកំពង់ធំ បង្ក្រាបបាន​ឧបករណ៍​នេសាទ​ល្មើស អួន​អូស​ទឹកសាប​ ១៤ ​វង់ ម៉ាញ់ ១ ​វង់​ ឆក់​ត្រជាក់ និង​ក្តៅ ​៥៤ ​គ្រឿង អួន​ហ៊ុម​ ៧ ​វង់ របាំង​ស្បៃ​មុង និង​សាច់​អួន​ ៤៤៨ ៥៣៨ ​ម៉ែត្រ​លូ ​​និង​លប​ ៧ ៩២៤​ មាត់ បង្គោល​ចម្រឹង​ ៣១០ ៩៣០ ដើម ឈ្នក់​រួមផ្សំ​ភ្លើង​ ២ ​វង់ កាណូត​ ៥៣ ​គ្រឿង ម៉ាស៊ីន​ ៣៧​ គ្រឿង​។ ក្នុង​បទល្មើស​ទាំងនោះ​ដែរ សមត្ថកិច្ច​បាន​បញ្ជូន​ជនសង្ស័យ​ទៅ​តុលាការ​ ១១​ ករណី ក្នុងនោះ​ឃុំខ្លួន​បណ្តោះអាសន្ន​ចំនួន ៣ ​នាក់ និង​ចេញ​ដីកា​កោះហៅ​ ២ ​នាក់​។​

​ដោយឡែក​ខេត្ត​បន្ទាយ​មាន​​ជ័យ​វិញ​សមត្ថកិច្ច​បង្ក្រាបបាន​ឧបករណ៍​នេសាទ​ល្មើស ឆក់​ក្តៅ ​៧​ គ្រឿង របាំង​ស្បៃ​មុង​និង​សាច់​អួន​ ៥ ៧១០​ ម៉ែត្រ​លូ និង​លប ​៣៨៥ ​មាត់​បង្គោល​ចម្រឹង ​១ ៤៤៩​ ដើម​កាណូត ​២ ​គ្រឿង​និង​ម៉ាស៊ីន ​១​ គ្រឿង​។ បើតាម​របាយការណ៍រ​បស់​ក្រសួងកសិកម្ម​ដដែល ក្នុង​រយៈពេល​ជិត ២​ ឆ្នាំនេះ លេខា​​ធិ​ការដ្ឋាន​បានទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​និង​អ្នកសារព័ត៌មាន ១៥ ​លើក ពាក់ព័ន្ធ​នឹង​បទល្មើស​ជលផល​។ រាល់​ការទទួលបាន​ព័ត៌មាន​លេខាធិការដ្ឋាន​តែងតែ​ធ្វើការ​បកស្រាយ​បំភ្លឺ និង​យក​ព័ត៌មាន​ទាំងនោះ ទៅឱ្យ​ក្រុម​ប្រតិបត្តិ​ការធ្វើការ​ស្រាវជ្រាវ​ទប់​ស្កាត់​និង​បង្ក្រាប​ជា​បន្តបន្ទាប់​។​

​លោក​ សឿ​ម ប៊ុន​រិ​ទ្ធិ អភិបាល​​រង​ខេត្តបាត់ដំបង បានឱ្យដឹងថា ពាក់ព័ន្ធ​នឹង​ការបង្ក្រាប​បទល្មើស​នេសាទ​នៅក្នុង​ខេត្តបាត់ដំបង គឺ​អាជ្ញាធរ​តែងតែ​ចុះបង្ក្រាប​ជាប្រចាំ និង​ធ្វើជា​យូរ​មកហើយ ដោយ​មិនមែន​ទើប​ចុះបង្ក្រាប​នាពេល​ថ្មីៗ​នេះឡើយ​។

លោក​ថា ទោះបីជា​អាជ្ញាធរ​បាន​ចុះបង្ក្រាប​ជាប្រចាំ​ក៏ដោយ ប៉ុន្តែ​នៅមាន​បទល្មើស​នេសាទ​ខ្លះ គឺ​បានធ្វើ​សកម្មភាព​ប្រើប្រាស់​ឧបករណ៍​ឆក់ និង​ឧបករណ៍​នេសាទ​ផ្សេងៗ​ទៀត នៅពេល​យប់ ខណៈ​កម្លាំង​មន្ត្រី​ពាក់ព័ន្ធ ក៏​មិនអាច​បង្ក្រាបបាន​ទាំងស្រុង​ផងដែរ​។​

​លោក​បញ្ជាក់ថា​៖ «​សព្វថ្ងៃនេះ​យើង​បាន​កំពុង​អនុវត្ត​វិធានការ​អប់រំ​ផ្សព្វផ្សាយ​ឱ្យ​បងប្អូន​ភ្ញាក់រឭក​ប្រគល់​ឧបករណ៍​មិន​ស្របតាម​ច្បាប់​របស់​ក្រសួងកសិកម្ម​។ មួយវិញទៀត​យើង​ក៏បាន​អនុវត្ត​វិធាន​ការ​រដ្ឋបាល ដោយ​ធ្វើ​ការដកហូត​នៅតាម​ខ្នង​ផ្ទះ ជាពិសេស​នៅពេល​យើង​រកឃើញ​ហើយ ប៉ុន្តែ​នៅតែ​លាក់ទុក យើង​នឹង​អនុវត្តតាម​ផ្លូវច្បាប់​»​។

លោក ​ប៊ុន​រិ​ទ្ធិ​ បានឱ្យដឹង​ទៀតថា ជាមួយគ្នានេះ អាជ្ញាធរខេត្ត​បាត់ដំបង ក៏​ធ្លាប់មាន​វិធានការ​ជាមួយ​អាជីវករ ដែលជា​អ្នកលក់​របាំង​ស្បៃ​មុង និង​គ្រឿង​ឧបករណ៍​នេសាទ​ទាំង​អស់ ដែល​លក់​ឧបករណ៍​នេសាទ​ខុសពី​គោលការណ៍​ច្បាប់​កំណត់ដោយ​ក្រសួងកសិកម្ម​ផងដែរ​ដោយ​អាជីវករ​ទាំងនោះ​នឹងត្រូវ​មានទោស​ដូច​អ្នកប្រព្រឹត្ត​បទ​ល្មើស​នេសាទ​ដែរ​៕