​ភ្នំពេញៈ ​ក្រសួងយុត្តិធម៌​បានសម្រេច​បង្កើត​ក្រុមការងារ​ដឹកនាំ​ការត្រួតពិនិត្យ​ផ្នែក​ទោស​ប្បញ្ញត្តិ​នៃ​សេចក្តីព្រាងច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​នានា ដើម្បី​ពិនិត្យ​ផ្តល់យោបល់ និង​កែតម្រូវ​ផ្នែក​ទាំងនេះ​ទៅតាម​សំណើ​របស់​ក្រសួង ស្ថាប័ន​សាមី​។​


​ការបង្កើត​ក្រុមការងារ​នេះ​ធ្វើឡើង​តាមរយៈ​សេចក្ដីសម្រេច​ចុះហត្ថលេខា​ដោយ​លោក កើត រិ​ទ្ធ រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​កាលពី​ថ្ងៃទី​​ ២៦ ខែកុម្ភៈ ឆ្នាំ​ ២០២៤​។ ក្រុមការងារ​ដែល​បង្កើត​នេះ មាន​សមាសភាព​ដឹកនាំ​ដោយ​លោក កេង សុ​ម៉ា​រិ​ទ្ធ រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌ ជា​ប្រធាន និង​មាន​អនុប្រធាន​ចំនួន ៣ ​រូប សមាជិក​ចំនួន ១៨ ​រូប និង​លេខាធិការ​ចំនួន ៥ ​រូប​។​

​នៅក្នុង​សេចក្តីសម្រេច​នេះ លោក កើត រិ​ទ្ធ បាន​លើកឡើងថា ក្រុមការងារ​ដឹកនាំ​ការត្រួតពិនិត្យ​ផ្នែក​ទោស​ប្បញ្ញត្តិ​នៃ​សេចក្តីព្រាងច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​នានា​មាន​តួនាទី និង​ភារកិច្ច ដឹកនាំ​កិច្ចប្រជុំ​ជាមួយ​ក្រសួង​-​ស្ថាប័ន​សាមី ដើម្បី​ពិនិត្យ​ផ្ដល់យោបល់ និង​កែតម្រូវ​លើ​ផ្នែក​ទោស​ប្បញ្ញត្តិ​នៃ​សេចក្តីព្រាងច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​នានា​។ ត្រូវ​រៀបចំសេចក្តី​ព្រាង​លិខិត​ឆ្លើយតប​ទៅ​ក្រសួង​-​ស្ថាប័ន​សាមី អំពី​យោបល់​របស់​ក្រសួង​​យុត្តិធម៌​លើ​ផ្នែក​ទោស​ប្បញ្ញត្តិ​នៃ​សេចក្តីព្រាងច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​នានា​។​


​លោក​បាន​បញ្ជាក់ថា​៖ «​ក្រុម​ការ​ងារ​នេះ មាន​តួនាទី​ពិនិត្យ ផ្តល់យោបល់ និង​កែតម្រូវ​លើ​ផ្នែក​ទោស​ប្បញ្ញត្តិ​នៃ​សេចក្តីព្រាងច្បាប់ និង​លិខិត​បទ​ដ្ឋា​ន​គតិយុត្ត​នានា តាម​ការប្រគល់​ភារកិច្ច​ពី​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ សំដៅ​ធានា​សង្គតិភាព និង​អនុលោមភាព​នៃ​ការរៀបចំ​ខ្លឹមសារ​ផ្នែក​ទោស​ប្បញ្ញត្តិ​នៃ​សេចក្តីព្រាងច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​នានា​»​។​

​ទន្ទឹមនឹងនេះ ក្រុមការងារ​នេះ​ក៏មាន​ភារកិច្ច និង​តួនាទី ត្រូវ​រៀបចំ​ផែន​​ការងារ​អាទិភាព​ឱ្យបាន​ច្បាស់លាស់​ដើម្បី​ពិនិត្យ និង​ផ្ដល់យោបល់​លើ​ផ្នែក​ទោស​ប្បញ្ញត្តិ​នៃ​សេចក្តីព្រាងច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​នានា​។ ក្រៅពីនេះ ក៏មាន​តួនាទី​ស្រាវជ្រាវ​រៀបចំសេចក្ដី​ព្រាង​គោលការណ៍​ណែនាំ​ស្ដីពី​កា​រៀបចំតាក់តែង​ផ្នែក​ទោស​ប្បញ្ញត្តិ​នៃ​សេចក្តីព្រាងច្បាប់ និង​លិខិត​បទ​​ដ្ឋា​ន​គតិយុត្ត​នានា​។​


​ក្រុមការងារ​ដឹកនាំ​ការត្រួតពិនិត្យ​ផ្នែក​ទោស​ប្បញ្ញត្តិ​នៃ​សេចក្តីព្រាងច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​នានា នឹងត្រូវ​ប្រើប្រាស់​ថវិកា​របស់​នាយ​ក​ដ្ឋា​ន​កិច្ចការ​ច្បាប់ព្រហ្មទណ្ឌ​ដើម្បី​បំពេញការងារ​របស់ខ្លួន​ឱ្យមាន​ប្រសិទ្ធភាព​។​

​ទាក់ទង​នឹង​ការបង្កើត​ក្រុមការងារ​នេះ លោក អំ សំអាត នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ បាន​ថ្លែងថា ក្រុម​ការងារ​នេះ ជា​ផ្នែក​មួយ​ក្នុង​ការរួម​ចំណែក​ត្រួតពិនិត្យ​ឱ្យបាន​ច្បាស់លាស់​ទៅលើ​ការដាក់ទោស​ប្បញ្ញត្តិ​ឱ្យ​សម​​ស្របទៅនឹង​បទល្មើស​ផ្សេងៗ ជាពិសេស​វា​ក៏​ជួយ​ព​ន្លឿ​ន​ក្នុងការ​ពិនិត្យមើល​ទៅលើ​ទោស​ប្បញ្ញត្តិ​នានា​ក្នុង​សេចក្ដីព្រាងច្បាប់​ផ្សេងៗ​ដែល​បាន​តាក់តែងឡើង​។​

​លោក​បាន​បញ្ជាក់ថា​៖ «​ដូច្នេះ​ក្រុម​ការងារ​ហ្នឹង គ្រាន់តែ​ជា​ផ្នែក​មួយ​ជួយ​ព​ន្លឿ​ន​សេចក្ដីព្រាងច្បាប់​ទាក់ទង​នឹង​ទោស​ប្បញ្ញត្តិ​ទេ តែ​ទោះបីជា​យ៉ាង​ណា ច្បាប់​មួយ​ដែល​អាច​ល្អ​ទៅបាន​​គឺមាន​ការបញ្ចូល​ធាតុ​ផ្សំ​ច្រើន ក្រៅពី​សេចក្ដីព្រាងច្បាប់​ដែល​ព្រាង​ហើយ ក៏មាន​ធាតុ​ផ្សំ​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ដើម្បីឱ្យ​ច្បាប់​ហ្នឹង​មាន​ភាពល្អប្រសើរ ក៏ដូចជា​ពេល​អនុវត្ត​ទៅ​វា​មិនមាន​ភាពចម្រូងចម្រាស​»​។​

​លោក ​អំ សំអាត បាន​បញ្ជាក់ថា ការពិនិត្យ និង​ផ្ដល់យោបល់​លើ​ផ្នែក​ទោស​ប្បញ្ញត្តិ​នៃ​សេចក្ដីព្រាងច្បាប់​ផ្សេងៗ គឺមាន​សារៈសំខាន់​ណាស់ ព្រោះ​វា​ធ្វើឱ្យ​ដំណើរការ​ដាក់ទោស​ដល់​ជនល្មើស មាន​ភាព​សមាមាត្រ​រវាង​ទង្វើ​ដែល​បានធ្វើ​ក៏ដូចជា​ហេតុការណ៍​ដែល​បានកើត​ឡើង និង​ទំហំ​នៃ​ទោស​ជាដើម​៕