​ភ្នំពេញៈ ​ក្នុង​កិច្ច​សម្ភាស​មួយ​ជាមួយ​ ភ្នំពេញ​ ប៉ុស្តិ៍ ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា លោក Igor Driesmans បាន​ពិភាក្សា​អំពី​សារៈសំខាន់​នៃ​មហោស្រព​ភាពយន្ត​អឺរ៉ុប (EUFF) 2024 នៅ​កម្ពុជា​។ លោក​បាន​សង្កត់ធ្ងន់​ពី​តួនាទី​នៃ​ទំនាក់ទំនង​ការទូត​វប្បធម៌ តាមរយៈ​មហោស្រព​ដើម្បី​បង្ហាញ​ពី​ភាព​ចម្រុះ​របស់​ភាពយន្ត​អឺរ៉ុប និង​ជំរុញ​ការសន្ទនា​រវាង​ទស្សនិកជន​អឺរ៉ុប និង​កម្ពុជា​។ ជាមួយនឹង​មហោស្រព​លើក​ទី​១៥ ដែលមាន​ភាពយន្ដ​មកពី​ ២៣​ ​ប្រទេស លោក​ឯកអគ្គរដ្ឋទូត​បានបង្ហាញ​ក្តីសង្ឃឹម​ថា មហោស្រព​នេះ​នឹង​បម្រើ​ជា​វេទិកា​សម្រាប់​អ្នក​ផលិត​ភាពយន្ត​អឺរ៉ុប​ដើម្បី​ចូលរួម​ជាមួយ​ទស្សនិកជន​ក្នុងស្រុក​តាមរយៈ​ខ្សែភាពយន្ត​។​


​លោក Driesmans ក៏បាន​លើក​ពី​ប្រវត្តិ​របស់ EUFF នៅ​កម្ពុជា​ផងដែរ ដោយបាន​កត់សម្គាល់​ពី​ការចាប់ផ្តើម​ដំបូង​រប​ស់​ខ្លួន​ក្នុង​ឆ្នាំ ​២០០៣ ​និង​បញ្ហា​ប្រឈម​ដែល​នាំ​ដល់​ការផ្អាក​នៅ​ឆ្នាំ ​២០១៥​។ ទោះបី​ជាមាន​ឧបសគ្គ រួមទាំង​ជំងឺ​រាតត្បាត​កូ​វីដ ​១៩ ​ក្ដី ក៏​ម​ហោ​​ស្រព​នេះ​ត្រូវបាន​ចាប់ផ្តើម​ឡើងវិញ​ដោយ​ជោគជ័យ​នៅ​ឆ្នាំ ២០២២​។

ការ​​រៀបចំ​ជាថ្មី​ជា​និមិត្តរូប​នៃ​ការប្តេជ្ញាចិត្ត​ក្នុងការ​ពង្រឹង​ទំនាក់ទំនង​វប្បធម៌​រវាង​អឺរ៉ុប និង​កម្ពុជា​។ ដោយមាន​ភាពយន្ត​ចំនួន​ ២២ ​ដែល​បង្ហាញ​ដោយ​អក្សរ​រត់​ពីក្រោម​ជា​ភាសា​អង់គ្លេស និង​មួយ​ចំនួន​ទៀត​ជា​ភាសា​ខ្មែរ ខ្សែភាពយន្ដ​ទាំងនេះ​ត្រូវ​បានដាក់​បញ្ចាំង​ដោយ​ឥត​​គិតថ្លៃ​នៅ​ទូទាំង​រាជធានី​ភ្នំពេញ​និង​នៅ EUFF​ ក្នុង​គោលបំណង​ប្រែក្លាយ​ទីក្រុង​ឱ្យទៅជា​មជ្ឈមណ្ឌល​វប្បធម៌ ដោយ​អបអរសាទរ​នូវ​ថាមពល​របស់​រោងកុន​ក្នុងការ​បង្រួបបង្រួម​មនុស្ស​នៅ​គ្រប់​មជ្ឈដ្ឋាន​ផ្សេងៗ​គ្នា​។ ជុំវិញ​សារៈ​សំខាន់​នៃ​មហោស្រព​ភាពយន្ត​នេះ លោក Driesmans បានផ្ដល់​កិច្ច​សម្ភាសន៍​តាមរយៈ​សំណួរ​មួយចំនួន​ដូចខាងក្រោម ៖


•​តើ​ភាពយន្ត​ត្រូវបាន​ជ្រើសរើស​សម្រាប់​ម​ហោ​ស្រព​នេះ​ដោយ​របៀប​ណា ហើយ​តើ​ប្រធានបទ​ ឬ​សារ​អ្វីខ្លះ​ ដែល​លោក​មានបំណង​រំលេច​តាមរយៈ​ការជ្រើសរើស​ទាំងនេះ​?


​គណៈប្រតិភូ​សហភាព​អឺរ៉ុប​ជុំវិញ​ពិភពលោក​ទទួលបាន​ប​ញ្ជី​ភាពយន្ត​មិន​សម្រាប់​ពាណិជ្ជកម្ម​ក្នុងការ​ជ្រើស​​រើស​។ ក្រៅពីនោះ ប្រទេស​ជាស​មា​ជិ​ក​សហភាព​អឺរ៉ុប​ក៏​ផ្តល់​ភាពយន្ត​ផងដែរ​។​ ការជ្រើសរើស​ត្រូវបាន​ធ្វើឡើង​នៅក្នុង​ស្រុក​រួមគ្នា​ជាមួយ​វិទ្យាស្ថាន​វប្បធម៌​ទាំង ​៣ ដែល​រៀបចំ​មហោស្រព​រួមគ្នា​ជាមួយ​គណៈប្រតិភូ​សហភាព​អឺរ៉ុប (​វិទ្យាស្ថាន​បារាំង ផ្ទះ​មេ​តា និង​ម​ជ្ឈ​មណ្ឌល​បុប្ផា​ណា​)​ ដោយ​ពិចារណា​លើ​ភាពយន្ត​ដែល​អាច​ទទួល​បានការ​ចាប់អារម្មណ៍​ពី​ទស្សនិកជន​កម្ពុជា​។ បន្ទាប់ពី​ដាក់​ខ្សែភាពយន្ត​ទាំងអស់​នៅលើ​តុ បុគ្គលិក​ក្នុងស្រុក​នៅ​ស្ថាប័ន​ដៃគូ​នីមួយៗ ត្រូវបាន​លើកទឹកចិត្ត​ឱ្យ​បោះឆ្នោត​សម្រាប់​ភាពយន្ត​ល្អ​បំផុត​ ១៥-២០​ រឿង​សម្រាប់​មហោស្រព​។​


​ខ្សែភាពយន្ត​ចំនួន ២២ ​ដែល​ដាក់​បង្ហាញ​នៅ​ឆ្នាំនេះ​គឺ​មកពី​ ២៣​ ប្រទេស​នៅ​ទូទាំង​ទ្វីបអឺរ៉ុប​។​ភាពយន្ត​ទាំងនោះ​គ្របដណ្តប់​គ្រប់​ជ្រុង​នៃ​ទ្វីបអឺរ៉ុប ហើយ​ភាពយន្ត​ភាគច្រើន​ជា​សហ​ផលិត​រវាង​បណ្តា​ប្រទេស​សហភាព​អឺរ៉ុប​មួយចំនួន​។ យើង​ក៏បាន​ព្យាយាម​ជ្រើស​រើស​ភាពយន្ត​ដែល​ពិភាក្សា​អំពី​បញ្ហា​សង្គម​និង​នយោបាយ​នាពេល​បច្ចុប្បន្ន ហើយ​ក្នុងពេល​តែមួយ​មាន​ភាព​កម្សាន្ត និង​រីករាយ​ក្នុងការ​ទស្សនា​។ យើង​នឹងមាន​ទាំង​រឿង​ភាគ​តែមាន​រឿង​ជា​ច្រើនបែប​កំប្លែង​សប្បាយៗ​រួមទាំង​ភាពយន្ត​សម្រាប់​កុមារ​។ មហោស្រព​របស់​យើង​មិនមាន​ប្រធានបទ​ជាក់លាក់​ទេ ដោយ​សារ​ខ្សែភាពយន្ត​ដែល​បានបង្ហាញ​មាន​ភាព​ចម្រុះ​ស្រាប់​។​

•​តើ​មហោស្រព​នេះ​មាន​គោលបំណង​ជំរុញ​ការផ្លាស់ប្តូរ​វប្បធម៌​រវាង​អឺរ៉ុប និង​កម្ពុជា​តាមរបៀប​ណាខ្លះ​?

EUFF​ មាន​គោលបំណង​លើកកម្ពស់​ការផ្លាស់ប្តូរ​វប្បធម៌​រវាង​អឺរ៉ុប​និង​កម្ពុជា តាមរយៈ​ការបង្ហាញ​ភាពយន្ត​អឺរ៉ុប​ជាច្រើន​ប្រភេទ​ដល់​ទស្សនិកជន​កម្ពុជា​។ ភាពយន្ត​អឺរ៉ុប​កម្រ​នឹង​ផលិត​សម្រាប់​ចាក់​បញ្ចាំង​នៅ​រោងកុន​កម្ពុជា​ដែល​ភាគច្រើន​សម្បូរ​តែ​ប្រភេទ​ភាពយន្ត​អាមេរិក និង​ភាពយន្ត​ជប៉ុន ថៃ និង​កូរ៉េ​។​

​ការដាក់​បញ្ចាំងភាពយន្ដ​ដែល EUFF នាំមក​អនុញ្ញាតឱ្យ​ប្រជាជន​កម្ពុជា​ទទួលបាន​បទពិសោធន៍​ពី​ទស្សនៈ​​វប្បធម៌ ប្រពៃណី និង​រចនាប័ទ្ម​និទានរឿង​ផ្សេងៗ​គ្នា​ពី​ទូទាំង​ទ្វីបអឺរ៉ុប​។ លើសពីនេះ មហោស្រព​នេះ​នឹង​ជួយ​សម្រួល​ដល់​ការពិភាក្សា​រវាង​ផលិតករ​ភាព​យន្ត ទស្សនិកជន​នៅ​អឺរ៉ុប និង​កម្ពុជា តាមរយៈ​ព្រឹត្តិការណ៍​ពិសេសៗ​ជាច្រើន ដែល​នាំ​ពួកគេ​ចូលទៅក្នុង​ពិភព​នៃ​ផលិតកម្ម​ភាពយន្ត​កាន់តែ​ស៊ីជម្រៅ​។

នៅក្នុង EUFF ឆ្នាំនេះ នឹងមាន​វគ្គ Q&A ជាមួយ​ផលិតករ​ភាពយន្ត​ដែល​បានជ្រើសរើស​បន្ទាប់ពី​ការ​បញ្ចាំងភាពយន្ត​រប​ស់​ពួកគេ រួមទាំង Arash T. Riahi ជា​អ្នកឈ្នះ​ពានរង្វាន់​ដ៏​មាន​កិត្យានុភាព​នៅឯ​មហោស្រព​ភាពយន្ត​អន្តរជាតិ Chicago និង​ Trømso​។ វគ្គ​បណ្ដុះបណ្ដាល​តែមួយ​ដង​លើ​ការសរសេរ​ប្រកបដោយ​ភាព​ច្នៃប្រឌិត និង​យុទ្ធសាស្ត្រ​ប្រើប្រាស់​ថវិកា​តិចតួច​ក៏​នឹង​ប្រព្រឹត្តទៅ​ផងដែរ ដោយមាន​ភ្ញៀវ​ពិសេស​ជា​អ្នកសរសេរ​អត្ថបទ​ជន​ជាតិ​ឈី​លី និង​អ្នកជំនាញ​ផ្នែក​សោត​ទស្សន៍ Alejandro de la Fuente និង Valerio Caruso មកពី Cineuropa ជា​អ្នកសម្របសម្រួល​។​

•​តើលោក​ជឿថា ភាពយន្ត​អឺរ៉ុប​អាចរួមចំណែក​ដល់​ទិដ្ឋភាព​វប្បធម៌ និង​សិល្បៈ​នៅ​កម្ពុជា​យ៉ាងដូចម្តេច​?

​ភាពយន្ដ​ទាំងនោះ​អាចរួមចំណែក​ដោយ​ការផ្តល់​នូវ​ទស្សនវិស័យ​ចម្រុះ បច្ចេកទេស​និទានរឿង និង​រចនាប័ទ្ម​សិល្បៈ​ដែល​អាច​បំផុសគំនិត​អ្នក​ផលិត​ភាពយន្ត និង​ទស្សនិកជន​ក្នុងស្រុក​។ ភាពយន្ដ​អឺរ៉ុប​ទាំង ​២២ ​រឿង អាច​ណែនាំ​ទស្សនិកជន​កម្ពុជា​អំពី​វប្បធម៌ ប្រវត្តិសាស្ត្រ និង​បញ្ហា​សង្គម​ផ្សេងៗ ដោយ​ជំរុញ​ការយល់ដឹង​កាន់តែ​ទូលំ​ទូលាយ​អំពី​ពិភពលោក​លើសពី​ព្រំដែន​របស់​ពួកគេ​។​

លើសពីនេះ ភាពយន្ត​អឺរ៉ុប អាច​ដើរតួ​ជា​ប្រភព​នៃ​ការ​បំផុសគំនិត​សិល្បៈ ជះឥទ្ធិពល​ដល់​ផលិតករ​ភាពយន្ត​កម្ពុជា​និង​រួមចំណែក​ដល់​ការអភិវឌ្ឍ​ឧស្សាហកម្ម​ភាពយន្ត​ក្នុងស្រុក​។ ការផ្លាស់ប្តូរ​វប្បធម៌​នេះ អាច​បង្កើន​ទិដ្ឋភាព​សិល្បៈ​របស់​ប្រទេស​កម្ពុជា និង​រួមចំណែក​ដល់​កិច្ចសន្ទនា​ជាស​កល​ស្តីពី​វិស័យ​ភាពយន្ត និង​ការ​និទានរឿង​។​

•​តើ​លោក​អាច​ពន្យល់​លម្អិត​អំពី​តួ​នាទី​របស់​សហភាព​អឺរ៉ុប​ក្នុងការ​គាំទ្រ​វិស័យ​សិល្បៈ ​និង​ភាពយន្ត​ទាំង​នៅក្នុង​រដ្ឋ​ជា​សមាជិក​របស់ខ្លួន និង​អន្តរ​ជាតិ​បានទេ​?

​សហភាព​អឺរ៉ុប​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​គាំទ្រ​សិល្បៈ និង​ភាពយន្ត​។ នៅក្នុង​រដ្ឋ​ជា​សមាជិក​របស់ខ្លួន សហភាព​អឺរ៉ុប​ផ្តល់​មូលនិធិ​តាមរយៈ​កម្មវិធី​នានា ដូចជា កម្មវិធី Creative Europe ដែលមាន​គោលបំណង​លើកកម្ពស់​វិស័យ​វប្បធម៌ និង​ច្នៃប្រឌិត​។​ នេះ​រួមបញ្ចូល​ទាំង​ការគាំទ្រ​សម្រាប់​ការផលិត​ភាពយន្ត ការចែក​ចាយ​និង​ការតាំងពិព័រណ៍​ក៏ដូចជា គំនិត​ផ្តួច​ផ្តើម​ក្នុងការ​អភិរក្ស និង​ផ្សព្វផ្សាយ​បេតិកភណ្ឌ​វប្បធម៌​របស់​អឺរ៉ុប រួមទាំង​ភាពយន្ត​ផងដែរ​។​

​ជា​អន្តរជាតិ​សហភាព​អឺរ៉ុប​គាំទ្រ​ការ​​ផ្លាស់ប្តូរ​វប្បធម៌ និង​កិច្ច​សហ​ប្រតិ​ប​ត្តិ​ការ​តាមរយៈ​គំនិត​ផ្តួចផ្តើម និង​ភាពជា​ដៃគូ​ផ្សេងៗ រួមទាំង​តាមរយៈ​ការផ្តល់​មូលនិធិ​សម្រាប់ EUFF ផងដែរ​។ នៅក្នុង​ប្រទេស​កម្ពុជា លើសពី EUFF ​ប្រចាំឆ្នាំ គណៈប្រតិភូ​សហ​​ភាព​អឺរ៉ុប​ក៏បាន​គាំទ្រ​ដល់​មហោស្រព ​The Photo Phnom Penh និង​មហោស្រព​តន្ត្រី​អន្តរជាតិ​ថែមទៀត​។​

•​តើ​មានគំនិត​ផ្តួចផ្តើម​អ្វីខ្លះ​ដែល​ត្រូវបាន​រៀបចំឡើង​ដើម្បី​ធានាថា ទស្សនិកជន​ដ៏​ធំ​ទូលាយ​នៅក្នុង​ប្រទេស​កម្ពុជា​អាច​ចូល​មើល ​និង​ចូលរួម​ជាមួយ​ខ្សែភាពយន្ត​ដែល​បានបង្ហាញ​នៅក្នុង​មហោស្រព​?

​ជាបឋម ការ​បញ្ចាំងភាពយន្ត​ទាំង​អស់ គឺ​មិន​គិតថ្លៃ​ទេ​។ ទី​២-​យើង​បានរៀបចំ​ការចាក់​បញ្ចាំ​ង​នៅតាម​ទីតាំង​ផ្សេងៗ​នៅ​ទូទាំង​រាជធានី​ភ្នំពេញ រួមមាន វិទ្យាស្ថាន​បារាំង ផ្ទះ​មេ​តា និង​មជ្ឈមណ្ឌល​បុប្ផា​ណា​។

នៅ​ឆ្នាំនេះ យើង​ក៏​បន្ថែម​រោងភាពយន្ត Legend ផងដែរ​។ យើង​ជ្រើសរើស​រោងកុន Legend Cinema Noromall ដែលមាន​ទីតាំងនៅ​កណ្តាល​ទីក្រុង​ភ្នំពេញ ដើម្បី​ធ្វើជា​កន្លែង​ចាក់​បញ្ចាំង​របស់​យើង​។ ដើម្បី​ច្នៃប្រឌិត​បន្ថែមទៀត និង​ផ្តល់​ភាពងាយស្រួល​ជាង​មុន នៅ​ឆ្នាំនេះ យើង​ក៏​សហការ​ជាមួយ Coconut Park ដើម្បី​រៀបចំ​រោងកុន​បើក​​ចំហ​នៅ​ចុង​សប្តាហ៍​ទាំង​ ២ ​នៃ​ម​ហោ​ស្រព​នេះ ដើម្បី​ទាក់ទាញ​មនុស្ស​កាន់តែច្រើន​។ ទន្ទឹមនឹងនោះ កន្លែង​នេះ​ក៏​នឹង​រៀបចំ «​ផ្សារ​រាត្រី​» ដែល​អ្នក​ទស្ស​នា​អាច​រីករាយ​នឹង​អាហារ និង​ការ​កម្សាន្ត​។​

​ជាងនេះទៅទៀត ភាពយន្ត​ទាំងអស់​មាន​អក្សរ​រត់​ពីក្រោម​ជា​ភាសា​អង់គ្លេស ខណៈដែល​ភាពយន្ត​ខ្លះ​មាន​អក្សរ​រត់​ពីក្រោម​ជា​ភាសា​ខ្មែរ ដើម្បីឱ្យ​ពួកគេ​ចូល​ទស្សនា​បាន​កាន់តែ​ទូលំទូលាយ​។ ជា​ចុងក្រោយ យើង​បានធ្វើការ​យ៉ាង​ទូលំទូលាយ ​ដើម្បី​ផ្សព្វ​ផ្សាយ​មហោស្រព​តាមរយៈ​បណ្តាញ​ទាំងអស់ រួមទាំង Facebook ដៃគូ និង​ទំព័រ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​របស់​ប្រទេស​សមាជិក​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​។​

•​តើ​លោក​ឯកអគ្គរដ្ឋទូត សង្ឃឹមថា មហោស្រព​នេះ​នឹងមាន​ឥទ្ធិពល​យ៉ាងណា​មកលើ​ទស្សនិកជន​កម្ពុជា​?

​ខ្ញុំ​សង្ឃឹមថា ប្រជាជន​កម្ពុជា​ដែល​មក​ទស្សនា​ភាពយន្ត​ទាំងនេះ​នឹង​ពេញចិត្ត​ចំពោះ​ភាព​ចម្រុះ និង​ភាព​ច្នៃ​ប្រឌិត​របស់​ភាពយន្ត​អឺរ៉ុប ហើយ​ពួកគេ​នឹង​ចាប់អារម្មណ៍​លើ​ភាពយន្ត​អឺរ៉ុប​កាន់តែច្រើន លើសពី​អ្វីដែល​ការ​ជ្រើស​រើស​រោងកុន​ធម្មតា​នៅក្នុង​រាជធានី​​ភ្នំពេញ​។​

•​តើ​មាន​ផែនការ​អ្វីខ្លះ​សម្រាប់​ធានា​និរន្តរភាព​នៃ​មហោស្រព​ភាពយន្ត​​អឺរ៉ុប​នៅ​កម្ពុជា​សម្រាប់​ឆ្នាំ​អនាគត​?

​ជាការ​ពិតណាស់ យើង​នឹង​រក្សា​ភាពជា​ដៃគូ​ដ៏​ល្អ​របស់​យើង​ជាមួយនឹង​វិទ្យាស្ថាន​វប្បធម៌​ទាំង ៣ ដែលជា​ទូទៅ​រៀបចំ​មហោស្រព​នេះ ហើយ​សង្ឃឹមថា យើង​ក៏​អាច​រៀបចំ​ថវិកា​សម្រាប់​វា​នៅក្នុង​ប៉ុន្មាន​ឆ្នាំ​ខាងមុខនេះ​ផងដែរ​។ យើង​បង្កើត​ភាព​ច្នៃប្រឌិត​ជា​រៀងរាល់ឆ្នាំ​ចំពោះ​យុទ្ធសាស្ត្រ​ទីផ្សារ និង​ផ្សព្វផ្សាយ​របស់​យើង ដើម្បី​ទាក់ទាញ​ទស្សនិកជន​ក្នុងស្រុក​កាន់តែច្រើន​។​

•​តើ​មហោស្រព​មាន​គម្រោង​វិ​វ​ឌ្ឍ​ក្នុង​លក្ខខណ្ឌ​ប្រើប្រាស់​ប្រធានបទ​ជាក់លាក់ ការផ្សព្វផ្សាយ និង​ការរីក​ចម្រើន​ផ្នែក​បច្ចេកវិទ្យា​នៅក្នុង​វិស័យ​ភាពយន្ត​យ៉ាងដូចម្តេច​?

​មហោស្រព​ភាពយន្ត​អឺរ៉ុប មាន​គោលបំណង​វិ​វ​ឌ្ឍ​ដោយ​ការ​ស្វែង​យល់​ពី​ភាព​ចម្រុះ​នៃ​ខ្សែភាពយន្ត​ផ្ដោតលើ​ទិដ្ឋភាព​វប្បធម៌ សង្គម និង​នយោបាយ​នៃ​ទ្វីបអឺរ៉ុប​។ នេះ​រួមបញ្ចូល​ទាំង​ការបង្ហាញ​ភាពយន្ត​ដែល​និយាយ​អំពី​បញ្ហា​សហ​សម័យ ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ និង​ការច្នៃប្រឌិត​សិល្បៈ​។ ជា​រៀងរាល់ឆ្នាំ មហោស្រព​ទទួលយក​ភាពជឿនលឿន​ផ្នែក​បច្ចេកវិទ្យា នៅក្នុង​វិស័យ​ភាពយន្ត តាមរយៈ​ការ​បណ្ដុះបណ្ដាល​ធ្វើឡើង​ដោយ​អ្នក​ផលិត​ភាពយន្ត​អឺរ៉ុប​ដែលមាន​ទំនោរ​ចង់បង្ហាញ​ពី​បច្ចេកទេស ជាពិសេស បច្ចេកវិទ្យា​ចុងក្រោយ​បំផុត​។​

•​តើ​លោក​អាច​ពិភាក្សា​អំពី​សារៈ​សំខាន់​នៃ​ព្រឹត្តិការណ៍​វប្បធម៌ ដូចជា មហោស្រព​ភាពយន្ត​អឺរ៉ុប​ក្នុងការ​ពង្រឹង​ទំនាក់ទំនង​រវាង​សហភាព​អឺរ៉ុប និង​កម្ពុជា​បានទេ​?

​ព្រឹត្តិការណ៍​វប្បធម៌ ដូចជា ម​ហោ​ស្រព​ភាពយន្ត​អឺរ៉ុប​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ពង្រឹង​ទំនាក់ទំនង​រវាង​សហភាព​អឺរ៉ុប និង​កម្ពុជា​។ ព្រឹត្តិ​ការណ៍​ទាំងនេះ​ផ្តល់នូវ​វេទិកា​មួយ​សម្រាប់​ការផ្លាស់ប្តូរ​វប្បធម៌ ជំរុញ​ការយល់ដឹង​គ្នា​ទៅវិញទៅមក និង​ការ​​ដឹងគុណ​រវាង​ភាគី​ទាំង​ ២​។ ម​ហោ​ស្រព​ភាពយន្ត​នេះ​គឺជា​ផ្នែក​ដ៏​សំខាន់​នៃ​ការទូត​វប្បធម៌​របស់​យើង​នៅ​កម្ពុជា​។ លើសពីនេះ ព្រឹត្តិការណ៍​បែបនេះ​អាច​បង្កើន​ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន សម្រួល​ដល់​ការសន្ទនា និង​ជំរុញ​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​ផ្សេងៗ រួមទាំង​សិល្បៈ អប់រំ និង​ទេសចរណ៍​៕