បុរស​ជនជាតិ​វៀតណាម​ម្នាក់ ​ត្រូវ​សមត្ថកិច្ច​ក្រុង​តាខ្មៅ​បញ្ជូនទៅ​តុលាការ​នៅ​រសៀល​ថ្ងៃទី​ ២៦ កុម្ភៈ បន្ទាប់ពី​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​រសៀល​ថ្ងៃទី​ ២៤ ខែកុម្ភៈ បណ្តាលឱ្យ​មនុស្ស​របួសធ្ងន់​ស្រាល ​២៩​ នាក់ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​ ២១​ ស្ថិតក្នុង​សង្កាត់​រកា​ខ្ពស់ ក្រុង​តាខ្មៅ ខេត្តកណ្តាល​។​


លោក ភឿង វ៉ាត អធិការរង​ទទួល​ផែន​ចរាចរណ៍​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​តាខ្មៅ​ប្រាប់​នៅ​ថ្ងៃទី ​២៦ កុម្ភៈ​ថា ជនសង្ស័យ​ម្នាក់​នោះ​អាយុ​ ៣៩​ ឆ្នាំ​ត្រូវ​សមត្ថកិច្ច​ជំនាញ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ខេត្តកណ្តាល​នៅ​រសៀល​ថ្ងៃទី​ ២៦ កុម្ភៈ​។​ដោយសារតែ​គាត់​ជា​ជនជាតិ​វៀតណាម ហើយ​មិនចេះ​ភាសា​ខ្មែរ​ផង​នោះ​ហេតុ​ដូច្នេះហើយ សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​កំពុង​តែ​ដំណើរការ​នីតិវិធី​ស្រាវជ្រាវ​បន្តទៀត​។​

​លោក​ថ្លែងថា​៖ «​បុរស​សង្ស័យ​មិនមាន​ជាតិ​អាល់កុល​ក្នុង​ឈាម​ទេ រីឯ​រថយន្ត​ក៏​មិនទាន់​ដឹងថា ​ជា​កម្មសិទ្ធិ​របស់គាត់​ឬក៏​គាត់​ខ្ចី​គេ​ដែរ ខ្ញុំ​កំពុង​ស្រាវជ្រាវ​បន្តទៀត​។ ជនសង្ស័យ​ត្រូវ​បញ្ជូនទៅ​តុលាការ​នៅ​រសៀល​ថ្ងៃនេះ ​(​ថ្ងៃទី​ ២៦ កុម្ភៈ​) ហើយ​»​។​


​លោក ឃុន ណា​រិ​ទ្ធ នាយ​នគរបាល​ប៉ុស្តិ៍​រកា​ខ្ពស់ ក្រុង​តាខ្មៅ​ឱ្យ​ ភ្នំពេញ ​ប៉ុស្តិ៍​ ដឹងថា កាលពី វេលា​ម៉ោងជាង ​៤​ រសៀល​ថ្ងៃទី​ ២៤ ខែកុម្ភៈ មាន​រថយន្ត​១​គ្រឿង​ម៉ាក​ហ្វ​ត​ពណ៌​ក្រហម​ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ​ 2-1862​ បើកបរ​ពី​ទិស​ត្បូង​ទៅ​ទិស​ខាងជើង​។​លុះ​បើក​មកដល់​ចំណុចកើតហេតុ​តាម​បណ្តា​យ​ផ្លូវជាតិ​លេខ​ ២១ ​ក្នុងភូមិ​សាស្ត្រ​សង្កាត់​រកា​ខ្ពស់ ក៏បាន​បុក​រះ​រ៉ឺម៉ក​ម៉ូតូ​ ១ ​គ្រឿង ​ស្រប​ទិស​គ្នា​បណ្តាលឱ្យ ស្ត្រី​ជិះ​លើ​រ៉ឺម៉ក​ចំនួន​ ២២​ នាក់​ទៀត​ប៉ើង​ធ្លាក់​ពី​រ៉ឺម៉ក​ក្នុងនោះ​មាន​ ៣​ នាក់​បាក់ដៃ និង​បាក់ជើង​ក្រៅពីនោះ​របួសស្រាលៗ​ទេ​។ បន្ទាប់មក​រថយន្ត​ក៏បាន​ជ្រុល​ទៅបុក​ផាស​អាប់​ ១ ​គ្រឿង ​និង​ម៉ូតូ ​១ ​គ្រឿង​ទៀត​ បណ្តាលឱ្យ​មនុស្ស​ប្រុស​ស្រី​៧​នាក់​ទៀត​របួសស្រាល​។​

លោក​បន្តថា ក្រោយ​ហេតុការណ៍ ​គឺ​បុរស​អ្នកបើករថយន្ត​មិនបាន​បើករថយន្ត​គេច​ឡើយ ហើយ​ភ្លាមៗ​នោះ​កម្លាំង​សមត្ថកិច្ច​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​និង​បាន​ឃាត់​ជនសង្ស័យ​។​ពេលនោះ​សមត្ថកិច្ច​បាន​ពិនិត្យ​ជាតិ​អាល់កុល​នៅក្នុង​ឈាម​របស់​ជនបង្ក​តែ​មិនឃើញ​មាន​ជាតិ​អាល់កុល​ទេ​។​ប៉ុន្តែ​មូលហេតុ​មកពី​ពេល​កំពុងបើក​រថយន្ត​គឺ​គាត់​ងងុយដេក ងោក​។​



​លោក​ថ្លែងថា​៖ «​ជំហាន​ដំបូង​កម្លាំង​យើង​សង្ស័យថា គាត់​ស្រវឹង​តែ​ពេល​ពិនិត្យ​មើលទៅ​អត់​មាន​ជាតិ​អាល់កុល​ទេ​។​គាត់​អត់​ស្រវឹង​ទេ​ហើយ​ប្រាប់​គេ​នៅ​កន្លែងកើតហេតុ​ថា គាត់​អត់ងងុយ​ពី​យប់​»​។​

កាលពី​ថ្ងៃទី​ ២២ ខែកុម្ភៈ ឆ្នាំ​ ២០២៤ ករណី​ដូចគ្នានេះដែរ​ដោយមាន​បុរស​ជនជាតិ​ចិន​ម្នាក់​បាន​បើករថយន្ត ម៉ាក​ឡិច​ស៊ី​ស​ពណ៌​ខ្មៅ​ ១​ គ្រឿង​ ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ​ 2-4572​ បាន​បើក​គេច​ពី​នគរបាល​ចរាចរណ៍​ក្នុង​ក្រុង​ព្រះសីហនុ​​ ខេត្ត​ព្រះសីហនុ​។​ បន្ទាប់មក​សមត្ថកិច្ច​បាន​តាម​ស្រាវជ្រាវ​រកឃើញ​រថយន្ត​នោះ​ប្លុង​ចោល​ក្នុង​បរិវេណ​អតីត​សាលាខេត្ត​ព្រះ​សីហនុ​​ចាស់​។​

​ជុំវិញ​ជនរ​បរទេស​ប្រើប្រាស់​រថយន្ត​ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ​នេះ ​ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ២៦ ខែកុម្ភៈ បាន​ទូរស័ព្ទ​ទំនាក់​ទំនង​លោក​ឈុំ សុជាត អ្នកនាំពាក្យ​ក្រសួងការពារជាតិ​ដើម្បី​សុំ​ការពន្យល់​តែ​ទូរស័ព្ទ​របស់លោក​គ្មាន​អ្នកទទួល​ឡើយ​៕