ភ្នំពេញៈ លោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ បានលើកឡើងថា កងយោធពលខេមរភូមិន្ទកម្ពុជា នឹងធ្វើកិច្ចសហប្រតិបត្តិការជាមួយបណ្តាកងទ័ពនានាទាំងអស់នៅលើពិភពលោកក្នុងបំណងលើកកម្ពស់សមត្ថភាពកងទ័ព ធ្វើទំនើបកម្មកងទ័ពខ្លួន ដើម្បីការពារសន្តិសុខ សន្តិភាព និងអធិបតេយ្យជាតិ។
លោកបានបន្តថា កម្ពុជាគ្មានបំណងរំលោភបំពានប្រទេសជិតខាងឬជ្រៀតជ្រែកប្រទេសនានាឡើយ តែដើម្បីបុព្វហេតុសន្តិភាពពិភពលោក តួយ៉ាងការចូលរួមបេសកកម្មរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិជាដើម។
ការបញ្ជាក់របស់ប្រមុខក្រសួងការពារជាតិកម្ពុជា បែបនេះធ្វើឡើងក្នុងពិធីទទួលដំណើរមាតុភូមិនិវត្តន៍កងអនុសេនាធំវិស្វកម្មពហុជំនាញនិងកងកម្ទេចគ្រឿងផ្ទុះ ដែលបានបញ្ចប់បេសកកម្មរក្សាសន្តិភាព នៅឯប្រទេសសាធារណរដ្ឋលីបង់ និងសាធារណរដ្ឋអាហ្វ្រិកកណ្តាល នៅទីស្តីការក្រសួងការពារជាតិ នាថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២៤។
ពិធីនេះក៏មានការចូលរួមជាអធិបតីផងដែរពីសំណាក់លោក ចូសិប ស៊ូអើរ អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា។ នេះបើយោងតាមគេហទំព័រក្រសួងការពារជាតិនៅថ្ងៃទី ២៨ ខែកុម្ភៈ។
លោក ទៀ សីហា បានបញ្ជាក់ថា៖ «កងទ័ពកម្ពុជានឹងសហការជាមួយរាល់បណ្តាកងទ័ពគ្រប់ប្រទេសទាំងអស់ ដើម្បីបង្កើនសមត្ថភាពកងទ័ពខ្លួនក្នុងបុព្វហេតុសន្តិភាព និងការពារអធិបតេយ្យភាពជាតិដែលគ្មានបំណងបំពានឬជ្រៀតជ្រែកប្រទេសដទៃឡើយ»។
លោកបានបន្តថា៖ «រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧នៃរដ្ឋសភាក្រោមការដឹកនាំរបស់សម្តេចបវរធិបតី បានដាក់ចេញនូវកម្មវិធីនយោបាយជាអាទិភាពក្នុងការបន្តបំពេញបេសកកម្មរក្សាសន្តិភាពនៅក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិដើម្បីរួមចំណែកជាមួយសហគមន៍អន្តរជាតិស្វែងរកសន្តិភាពជូនប្រទេសដទៃនៅលើពិភពលោក និងប្រជាជនដែលកំពុងទទួលរងគ្រោះ និងទុក្ខលំបាកដោយសារសង្គ្រាម»។
លើសពីនេះលោកបានបន្ថែមថា កងកម្លាំងនេះបានដឹកនាំបញ្ជាដោយនាយទាហានជាស្ត្រីដែលបង្ហាញញពីគុណតម្លៃស្ត្រីក្នុងយុគសម័យថ្មីដែលបានចូលរួមរក្សាសន្តិភាពនិងជាស្ពានសម្រេចគោលដៅរដ្ឋាភិបាលក្នុងការបង្កើនកិច្ចការរបស់ស្ត្រីនៅគ្រប់តំបន់បេសកកម្មអង្គការសហប្រជាជាតិផងដែរ។
លោក សែម សុវណ្ណនី អនុប្រធានទី១ គណៈកម្មាធិការជាតិនិងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពបានលើកឡើងថា រយៈពេល១៨ឆ្នាំមកនេះក្នុងកិច្ចការរក្សាសន្តិភាពមួកខៀវក្រោមឆត្រអង្គការសហប្រជាជាតិ កម្ពុជាបានបញ្ជូនកងកម្លាំងសរុបចំនួន ៩ ៥៦៣ នាក់ ក្នុងនោះមានស្ត្រីចំនួន៨១៦ នាក់ ក្នុងគោលដៅ ១០ ប្រទេស រួមមាន សាធារណរដ្ឋស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ លីបង់ ស៊ីប ស៊ីរី អាហ្វ្រិកកណ្តាល ម៉ាលី យេម៉ែន និងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។
លោកបានបន្តថា បច្ចុប្បន្នកងកម្លាំងកម្ពុជាចំនួន ៦៤០ នាក់ (ស្ត្រី ១២៤ នាក់) កំពុងបំពេញបេសកកម្មនៅគោលដៅប្រទេសចំនួន ៥ រួមមាន ស៊ូដង់ខាងត្បូង លីបង់ ម៉ាលី អាហ្វ្រិកកណ្តាលនិងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។
ជាមួយគ្នានេះ លោក ចូសិប ស៊ូអើរ អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជាក៏បានកោតសរសើរចំពោះការលះបង់របស់កងទ័ពមួកខៀវកម្ពុជា ជាពិសេសកងអនុសេនាធំវិស្វកម្មពហុជំនាញ និងកងកម្ទេចគ្រឿងផ្ទុះដែលបានបញ្ចប់បេសកកម្មរបស់អង្គការសហប្រជាជាតិ។
លោកបានបញ្ជាក់ថា៖ «ទាំងនេះ បង្ហាញពីការតាំងចិត្តនិងការប្តេជ្ញាយ៉ាងមុតមាំរបស់កម្ពុជាចំពោះការប្រកាន់ខ្ជាប់នូវស្មារតីនៃរដ្ឋធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ និងការចូលរួមនៅក្នុងសមាគមនៃបណ្តាជាតិសាសន៍រួមគ្នា ដើម្បីសន្តិភាពនិងអនាគតដ៏ប្រសើរទាំងអស់គ្នា»។
លោកសង្ឃឹមថា តាមរយៈបទពិសោធន៍នេះកងទ័ពនៃកងយោធពលខេមរភូមិន្ទនឹងយកទស្សនៈការយល់ដឹងថ្មីៗ ចែកជូនដល់យុទ្ធមិត្តខ្លួនដើម្បីបុព្វហេតុសន្តិភាព។
លោក យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជាបានសាទរចំពោះការលើកឡើងរបស់រដ្ឋមន្ត្រីការពារជាតិស្របតាមរដ្ឋធម្មនុញ្ញកម្ពុជាមាត្រា ៥៣ ដែលមិនប្រកាន់ថា កម្ពុជាត្រូវសហការជាមួយប្រទេសណាមួយឡើយពោល គឺកម្ពុជាអាចសហការជាមួយរាល់ប្រទេសទាំងអស់នៅចំពោះមុខភាពចាំបាច់ក្នុងការពង្រឹងសមត្ថភាពកងទ័ពនិងធ្វើទំនើបកម្មយោធា។
លោកបានបញ្ជាក់ថា៖ «វិស័យការពារជាតិដើរតួនាទីសំខាន់ដែលមិនត្រឹមការពារដែនបូរណភាពទឹកដីខ្លួននោះទេ គឺអាចចូលរួមរក្សាសន្តិភាពជាសកលដែលសព្វថ្ងៃប្រទេសមួយចំនួនកំពុងជួបវិបត្តិសង្គ្រាម ហើយកម្ពុជាកាលពីអំឡុងរងគ្រោះបញ្ហាសង្គ្រាមក៏ធ្លាប់ទទួលជំនួយទ័ពមួកខៀវក្របខ័ណ្ឌអង្គការសហប្រជាជាតិផងដែរ។ កម្ពុជាធ្លាប់ទទួលការជ្រោមជ្រែងនេះ ហើយពេលនេះកម្ពុជាដល់ពេលត្រូវចូលរួមបេសកកម្មនេះម្តងក្នុងនាមជាប្រទេសមានសន្តិភាពមួយ»។
លោកបានបញ្ជាក់ដែរថា កម្ពុជាត្រូវតែទទួលស្គាល់នូវកម្រិតសមត្ថភាពយោធានិងផ្នែកការពារជាតិរបស់ខ្លួនដែលនៅមានភាពទន់ខ្សោយជាងប្រទេសជិតខាងនិងបណ្តាប្រទេសក្នុងតំបន់អាស៊ានដែលកម្ពុជាត្រូវតែពង្រឹងសមត្ថភាពធនធានមនុស្សក្នុងកងកម្លាំងខ្លួន ផ្នែកសម្ភារយុទ្ធភណ្ឌ និងហេដ្ឋារចនាសម្ព័ន្ធយោធាជាដើម៕