​ភ្នំពេញៈ ក្រសួងបរិស្ថាន​បានប្រកាស​ដាក់ចេញ​វិធានការ​សំខាន់ៗ​ចំនួន ​៤ ​ចំណុច ដើម្បី​ទប់​ស្កាត់​ចលនា​ការកាប់​រុករាន​ទន្ទ្រាន​ដីព្រៃ​សហគមន៍ និង​តំបន់ ការពារធម្មជាតិ ខណៈ​កន្លងមក​ក្រសួង​អះអាងថា នៅតែមាន​បុគ្គល​មួយចំនួន​តូច​បាន​ឆ្លៀតឱកាស​ចូល​កាប់​រុករាន​ទន្ទ្រាន​ដី​ទាំងនោះ យកមក​ធ្វើជា​ប្រយោជន៍​ផ្ទាល់ខ្លួន​។​


​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងបរិស្ថាន​ចេញផ្សាយ​ កាលពី​យប់​ថ្ងៃទី ​២៧ ខែកុម្ភៈ ឆ្នាំ ​២០២៤​ បានឱ្យដឹងថា រហូតមកទល់​ពេលនេះ ក្រសួង​បរិស្ថាន​បាន​ពិនិត្យឃើញថា នៅ​​តែមាន​បុគ្គល​ឆ្លៀតឱកាស​មួយចំនួន​តូច​បំផុស​ឱ្យ​ប្រជាពលរដ្ឋ​ចូល​កាប់ រុករាន ទន្ទ្រាន​ដីព្រៃ​សហគមន៍ និង​ដីព្រៃ​ក្នុង​តំបន់ការពារធម្មជាតិ​យកមក​ធ្វើជា​ប្រយោជន៍​ផ្ទាល់ខ្លួន​ក្នុង​រូប​ភាពជា​ដី​អាស្រ័យ​ផល​។

​ក្រសួង​បន្តថា ទង្វើ​បែបនេះ​គឺជា​ការប្រព្រឹត្ត​ខុសច្បាប់​យ៉ាង​ធ្ងន់​​ធ្ង​រ​ផ្ទុយទៅនឹង​មាត្រា​ ២៦ ​នៃ​ច្បាប់​ស្តីពី​តំបន់ការពារធម្មជាតិ​។​ ប្រភព​ដដែល​បាន​បញ្ជាក់ថា​៖ «​សហគមន៍​មូលដ្ឋាន និង​ជន​ជាតិ​ដើម​ភាគតិច​ពុំមាន​សិទ្ធិ​កាប់​គាស់​ឬ​ឈូសឆាយ​ដីព្រៃ​ក្នុង​សហគមន៍​តំបន់ការពារធម្មជាតិ ដែល​បាន​ចុះ​កិច្ចព្រមព្រៀង​ជា​មួយ​រដ្ឋបាល​ការពារ និង​អភិរក្ស​ធម្មជាតិ​នៃ​ក្រសួងបរិស្ថាន និង​បង្វែរ​ធ្វើជា​ដី​កសិកម្ម​ឬ​ធ្វើជា​កម្មសិទ្ធិ​បុគ្គល ឬ​លក់ ប្តូរ ជួល បញ្ចាំ ប្រវាស់ បែងចែក ដោះដូរ​ឬ​ផ្ទេរ​តំបន់​គ្រប់គ្រង​របស់​សហ​គម​ន៍​តំបន់ការពារធម្មជាតិ​ឱ្យទៅជា​រូបវន្តបុគ្គល ឬ​នីតិបុគ្គល ណាមួយ​បានឡើយ​»​។​


​ក្នុងន័យនេះ ដើម្បី​ទប់ស្កាត់​ចលនា​នេះ​ក្រសួងបរិស្ថាន​បានប្រកាស​ដាក់ចេញ​វិធាន​ចំនួន​ ៤​ ចំណុច​សំខាន់ៗ​ដោយ​ជំរុញ​ឱ្យ​គណៈកម្មការ​សហគមន៍​តំបន់ការពារធម្មជាតិ​ត្រូវការពារ​ថែ​​រក្សា​ផ្ទៃដី​ព្រៃ​សហគមន៍​ឱ្យបាន​គង់វង្ស ស្របតាម​ប្រកាស​របស់​ក្រសួងបរិស្ថាន​។​

​ក្នុងករណី​ចាំបាច់​គណៈកម្មការ​សហ​គម​ន៍​តំបន់​ការពារ ធម្ម​ជាតិ​ត្រូវ​ផ្តល់ព័ត៌មាន​ជាបន្ទាន់​ជូន​មន្ទីរ​បរិស្ថាន​ខេត្ត​សាមី​ ដើម្បី​ស្នើសុំ​ការណែនាំ និង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ឱ្យទាន់ពេល​។​ ក្រសួង​ក៏បាន​ណែ​នាំឱ្យ​បុគ្គល​ដែល​ពាក់ព័ន្ធ​ត្រូវ​បញ្ឈប់​ជាបន្ទាន់​រាល់​សកម្មភាព​កាប់ឆ្ការ រុករាន ទន្ទ្រាន ហ៊ុមព័ទ្ធ ដាំ​ដុះ​ដំណាំ​នៅលើ​ដី​សហគមន៍​តំបន់​ការ​ពារ​ធម្មជាតិ​។​


​ក្រសួង​បញ្ជាក់ថា​៖ «​ជាមួយគ្នានេះ​ចំពោះ​បុគ្គល​ណា​ដែល​បាន​កាប់​រុករាន​ទន្ទ្រាន​ដីព្រៃ​សហគមន៍​តំបន់ការពារធម្មជាតិ​ត្រូវ​តែ​ប្រគល់​ដី​នោះ​ឱ្យទៅ​សហ​គម​ន៍​វិញ​ដោយ​ឥត​លក្ខខណ្ឌ និង​ធ្វើ​ការដាំ​ស្តារ​ព្រៃឈើ​នៅលើ​ដី​ដែល​បានកា​ប់រាន​ឡើងវិញ​»​។​

​បន្ថែម​ពីនេះ ក្រសួងបរិស្ថាន​ក៏បាន​ណែ​នាំឱ្យ​មន្ទីរ​បរិស្ថាន​ខេត្ត​ត្រូវ​ដឹកនាំ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស សហ​ការ​ជាមួយ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ អង្គភាព​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ចុះ​អនុវត្ត​ទប់ស្កាត់​រាល់ សកម្មភាព​កាប់ឆ្ការ​ដីព្រៃ​សហ​គម​ន៍​ស្របតាម​ច្បាប់​ជា​ធរមាន​។​

​ជុំវិញ​រឿងនេះ​ដែរ លោកស្រី ផ្លឹ​ក ភី​រុំ អ្នកសម្របសម្រួល​បណ្តា​ញ​ជនជាតិដើម​ភាគតិច ប្រចាំខេត្ត​មណ្ឌលគិរី បាន​គាំទ្រ​ចំពោះ​វិធានការ​របស់​ក្រសួង​​បរិស្ថាន​បែបនេះ ដោយ​ចាត់ទុកថា ជា​រឿង​ល្អ ខណៈ​លោកស្រី​យល់ថា ដើម្បីឱ្យ​កិច្ចការងារ​នេះ​សម្រេចបាន​ជោគជ័យ ក្រសួង​ត្រូវ​ពិភាក្សា​ជាមួយ​សហគមន៍ ព្រោះ​តំបន់​ការពារ​ធនធានធម្មជាតិ​ភាគច្រើន​មាន​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ជា​អ្នកការពារ​។​

​លោកស្រី​បញ្ជាក់ថា​៖ «​ខ្ញុំ​គិតថា ក្រសួងបរិស្ថាន​គួរតែ​ពិគ្រោះ​យោបល់​ជាមួយ​ជនជាតិដើម​ភាគ​តិច​ដែល​កំពុង​ការពារ​នៅ​តំបន់​ធនធានធម្មជាតិ​ទាំងអស់នោះ អ៊ឹ​ចឹ​ង​ខ្ញុំ​ជឿថា ការងារ​អភិវឌ្ឍន៍​ក៏ដូចជា​ការគ្រប់គ្រង​តំបន់​ការពារ​ធនធានធម្មជាតិ​ណាមួយ​នឹង​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់​»​។​

​បើតាម​ក្រសួងបរិស្ថាន គិត​ត្រឹម​ឆ្នាំ ​២០២៤ សហ​មន៍​តំបន់ការពារធម្មជាតិ​នៅ​ទូទាំងប្រទេស​មាន​សរុប​ចំនួន ១៩៣ ​សហ​គម​ន៍ ត្រូវបាន​បង្កើត​ដែលមាន​សមាជិក​សរុប​ចំនួន ៧៣ ១៤៩​ គ្រួសារ​ គ្របដណ្តប់​លើ​ផ្ទៃដី ៣៣២ ១០៨ ​ហិកតា ​(១៥ ​ខេត្ត ១១៥​ ឃុំ ៣៦២​ ភូមិ​)​។ សហ​​គម​ន៍​ចំនួន​ជាង ​៥០​ កន្លែង មាន​សក្តានុពល​ធនធាន​ធម្មជាតិ ដែល​អាចបង្កើត​ទេសចរណ៍ធម្មជាតិ​។​

​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន លោក ខ្វៃ អាទិ​ត្យា នៅ​ថ្ងៃទី​ ២៨ ខែកុម្ភៈ បាន​ស្វាគមន៍ និង​ជំរុញ​ឱ្យ​គ្រប់​អង្គការ​ដៃគូ​រួមចំណែក​ក្នុង​ការងារ​អាទិភាពរ​បស់​ក្រសួង​តាមរយៈ​ការដាំ​ដើមឈើ​ឱ្យបាន​ច្រើនជាង​ការ​លួច​កាប់​ដើម្បី​ជួយ​ពង្រីក​វិសាលភាព​គម្រប​ព្រៃឈើ បង្កើន​ជីវភាព​ប្រជាជន និង​បានរួម​ចំណែក​ដ៏​សំខាន់​ក្នុងការ​ដោះស្រាយ​បញ្ហា​សកល​លើ​ការប្រែប្រួល​អាកាសធាតុ​។​

​លោក​បាន​ថ្លែងថា​៖ «​ខ្ញុំ​សូមឱ្យ​សមត្ថកិច្ច​នៃ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ មន្ទីរ​បរិស្ថាន​ខេត្ត ចូលរួម​សហ​ការបង្ក្រាប និង​ត្រូវ​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ដើម្បី​ឈានទៅ​បញ្ចប់​រាល់​សកម្មភាព​កាប់​រុករាន ទន្ទ្រាន​ដីព្រៃ​សហគមន៍​តំបន់ការពារធម្មជាតិ​ក្នុង​តំបន់ការពារធម្មជាតិ​ឱ្យមាន​ប្រសិទ្ធភាព​»៕