​ភ្នំពេញៈ​ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា រួមសហការ​ជាមួយ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​សាជីវកម្ម​សហ​គម​ន៍​កសិកម្ម​កម្ពុជា​បានប្រកាស​ដាក់ឱ្យ​ដំណើរការ​កម្មវិធី​ចំនួន ​​៣ ដ៏​មាន​សារៈសំខាន់​ខ្លាំង​ក្នុងការ​ពង្រឹង​បន្ថែមទៀត​នូវ​ខ្សែ​ច្រ​វាក់​ផ្គត់ផ្គង់ និង​ខ្សែ​ច្រវាក់​តម្លៃ​ក្នុង​វិស័យ​ស្រូវ​អង្ករ​នៅ​កម្ពុជា​។​


 កម្មវិធី​ទាំង ​៣​ នោះ រួមមាន កម្មវិធី​ស្តង់ដា​ផលិតកម្ម​ស្រូវ​និរន្តរភាព​នៅ​កម្ពុជា​ (Sustainable Rice Platform), ​កម្មវិធី​ទិញ​-​លក់​ ស្រូវ​តាម​ទូរស័ព្ទដៃ​ និង​កម្មវិធី​នៃ​ការប្រគល់​ម៉ាស៊ីន​ស្ទូងស្រូវ​ជំនួយ​របស់​ទីភ្នាក់ងារ​អភិវឌ្ឍន៍​ប្រទេស​តួ​ក​គី​ ដល់​សហគមន៍​កសិក​ម្ម​ផលិត​ស្រូវ​។​ ការដាក់ឱ្យ​ដំណើរ​កម្មវិធី​ទាំង​ ៣ ព្រម​គ្នា​នេះ​បាន​ធ្វើឡើង​ កាល​ពី​ល្ងាច​ថ្ងៃទី ​២៧ ខែកុម្ភៈ ឆ្នាំ​ ២០២៤ នៅ​រាជធានី​ភ្នំពេញ​។​


​លោក សុង សារ៉ន ប្រធាន​ក្រុមប្រឹក្សាភិបាល​សហព័ន្ធ​ស្រូវ​-​អង្ករ​កម្ពុជា​បាន​ថ្លែងថា កម្មវិធី​ដំណាំ​ស្រូវ​និរន្តរភាព​ពិភព​លោក​សាខា​កម្ពុជា​ដែលជា​ប្រទេស​ទី​ ១​ នៅក្នុង​តំបន់​អាស៊ាន​ដែល​ចាប់ផ្ដើម​បង្កើត​ក្របខ័ណ្ឌ​អនុវត្តន៍​តាម​ប្រទេស​នីមួយៗ​ដោយ​អនុលោម​តាម​គោល​​ការណ៍​គ្រឹះ​នៃ​កម្មវិធី​ដំណាំ​ស្រូវ​និរន្តរភាព​ពិភពលោក​។​


​ដោយឡែក​ការដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​កម្មវិធី​ទិញ​-​លក់ ​ស្រូវ​តាម​ទូរស័ព្ទដៃ​វិញ គឺជា​ដំណាក់កាល​ទី១ ​ដែលជា​កិច្ច​សហប្រតិបត្តិការ​រវាង​កម្មវិធី​ WAT4CAM និង​សហព័ន្ធ​ស្រូវ​-​អង្ករ​កម្ពុជា ​ដែលជា​ជំនួយ​សហគមន៍​អឺរ៉ុប​តាមរយៈ​ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង (AFD)​ ខណៈដែល​ម៉ាស៊ីន​ស្ទូងស្រូវ និង​សម្ភារ​សម្រាប់​សាប​គ្រាប់ពូជ​ជូន​សហគមន៍​កសិកម្ម​ពី​ទី​ភ្នា​ក់​​ងារ​សម្របសម្រួល និង​កិច្ច​សហប្រតិបត្តិការ​ប្រទេស​តួ​ក​គី នឹង​ជួយ​សម្រួល​ដល់​កសិករ​បាន​កាន់តែច្រើន​ថែមទៀត ។​


​លោក​បាន​បញ្ជាក់ថា​៖ «​កម្ម​​វិធី​នីមួយៗ​ពិតជា​មាន​សារៈសំខាន់​សម្រាប់​វិស័យ​ស្រូវ​អង្ករ​នៅ​កម្ពុជា ជាពិសេស​គឺ​ផ្តោតលើ​ការជួយ​ពង្រឹង​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​និង​ខ្សែ​ច្រវាក់​តម្លៃ​របស់​វិស័យ​ស្រូវ​អង្ករ​ដើម្បី​លើកកម្ពស់​កម្រិតជីវភាព និង​សេដ្ឋកិច្ច​របស់​កសិករ សន្តិសុខ ស្បៀង​ក្នុងប្រទេស​និង​ការនាំចេញ​អង្ករ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​»​។​


​លោក ​ងិន ឆាយ ប្រតិភូ​រាជ​​រដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គ​នាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​នៃ​ក្រសួងកសិកម្ម​បានលើកឡើង​ដែរ​ថា អស់​ពេល​ជិត​ ១០ ​ឆ្នាំ​នៃ​ការរៀបចំ​កម្មវិធី​ដំណាំ​ស្រូវ​និរន្តរភាព​ដែល​កម្មវិធី​នេះ​បាន​បន្ត​រីកចម្រើន​ជា​បន្តបន្ទាប់​រហូតដល់​មានការ​ឯកភាព​លើ​ការរៀបចំ និង​ធ្វើជា​ម្ចាស់ការ​ក្នុង​ការជំរុញ​កម្មវិធី​នេះ​ឱ្យ​កាន់តែ​ប្រសើរឡើង​ដោយ​រៀបចំ​ឱ្យមាន​សាខា​កម្មវិធី​ដំណាំ​ស្រូវ​និរន្តរ​​ភាព​ពិភពលោក​នៅ​កម្ពុជា ដែលមាន​សហប្រធាន​អគ្គនាយក​​ដ្ឋា​ន​កសិកម្ម និង​សហព័ន្ធ​​ស្រូវ​អង្ករ​កម្ពុជា​។​

​លោក​បាន​បញ្ជាក់ថា​៖ «​ការ​​លេច​រូបរាង​ឡើង​នូវ​សាខា​កម្មវិធី​ដំណាំ​ស្រូវ​និរន្តរភាព​ពិភព​​លោក​នៅ​កម្ពុជា ​គឺ​កើតចេញពី​កិច្ចសហប្រតិបត្តិការ​រួម​គ្នា ៣ ​ភាគី គឺ​រដ្ឋាភិបាល ​(​អគ្គនាយក​​ដ្ឋា​ន​កសិកម្ម​)​ វិស័យ​ឯកជន ​(​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​)​ និង​អង្គការ​សង្គម​ស៊ីវិល និង​ដៃគូ​អភិវឌ្ឍន៍​ដែលមាន Wildlife Conservation Society (WCS), Swisscontact, CIRAD…​ដែល​បាន​ចូលរួម​បង្កើត​ឱ្យ​កម្ម​​វិធី​នេះ​ចេញ​រូបរាង​ឡើង និង​បច្ចុប្បន្ន​កម្មវិធី Feed the Future Cambodia Harvest III បាននិងកំពុង​ជួយ​ដល់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ក្នុងការ​ជំរុញ​លើ​ការងារ​ទីផ្សារ​អង្ករ​ដែល​ស្ថិតក្នុង​ស្តង់ដា SRP នេះ​»​។​

​ជាមួយគ្នា​នោះដែរ លោក ចាន់ ពេជ្រ អ្នកគ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន​ស៊ី​កនេ​ត​ឈ័​រ អ​ហ្វ​ អេ​ស៊ា បាន​លើកឡើងថា ការ​អនុវត្ត​ស្តង់ដា​ផលិតកម្ម​ស្រូវ​និរន្តរភាព​នៅ​កម្ពុជា និង​កម្មវិធី​ទិញ​លក់​ស្រូវ​តាម​ទូរស័ព្ទដៃ​របស់​សហព័ន្ធ​នេះ​គឺ​ពិតជា​ផ្តល់​អត្ថប្រយោជន៍​កាន់តែច្រើន​សម្រាប់​វិស័យ​ស្រូវ​អង្ករ​នៅ​កម្ពុជា​។​

​លោក​បាន​បញ្ជាក់ថា​៖ «​តាម​ទស្សនៈ​របស់ខ្ញុំ ខ្ញុំ​គិតថា ស្រូវ​និរន្តរភាព ​(SRP)​ ហ្នឹង​វា​ហាក់​​បី​ជា​ដូចជា​នៅ​ថ្មី​នៅឡើយ​នៅ​ឆាក​អន្តរជាតិ ប៉ុន្តែ​បើ​យើង​មើល​ស្តង់ដា​នេះ គឺ​ឃើញថា​មានការ​គាំទ្រ​ពី​ UN ហើយ​ស្តង់​​ដារ​បស់​ SRP​ នេះ​គឺ​ល្អ​ដែល​វា​ជួយ​ដល់​ការប្រែប្រួល​អាកាស​ធាតុ សុវត្ថិភាព​ចំណីអាហារ និង​គិតគូរ​ដល់​បញ្ហា​បរិស្ថាន​»​។​

​អ្នកស្រី លី ធឿ​ត ប្រធាន​សហគមន៍​ពន្លឺ​ថ្មី​ក្តីសង្ឃឹម​នៃ​កសិករ​នៅ​ស្រុក​បាណន់ ខេត្ត​បាត់ដំបង​បាន​ប្រាប់ថា ក្នុងនាម​ជា​សហគមន៍​ដែល​បាន​សាក​ល្បង​ផលិត​ដំណាំ​ស្រូវ​និរន្តរភាព​នៅ​កម្ពុជា​ពី​ឆ្នាំ​ ២០១៩ ​មក សហគមន៍​បាន​សន្យា​ជាមួយ​រោង​ម៉ាស៊ីនកិនស្រូវ​ចំនួន​ ៣​ ក្នុងការ​ផ្គត់ផ្គង់​ស្រូវ​និរន្តរភាព​។​

​អ្នកស្រី​បានបញ្ជាក់​ថា​៖ «​ឆ្នាំនេះ​យើង​នឹង​ត្រៀម​ធ្វើ​ស្រូវ​និរន្តរ​ភាព ​(SRP)​ បន្តទៀត​ដោយ​​សារ​តែ​ការធ្វើ​ស្រូវ​តាម​ស្តង់ដា​នេះ​វាទ​ទួលបាន​ទិន្នផល​ខ្ពស់ និង​មាន​ផលចំណេញ​ច្រើន​សម្រាប់​ប្រជាកសិករ ប៉ុន្តែ​កសិករ​ត្រូវមាន​ការយកចិត្តទុកដាក់​ថែទាំ​ខ្ពស់​ផងដែរ​»​។​

​ដោយឡែក​ចំពោះ​កម្មវិធី​ទិញ​-​លក់​ស្រូវ​តាម​ទូរស័ព្ទ អ្នកស្រី លី ធឿ​ត លើកឡើងថា វា​នៅមាន​ភាព​ថ្មី​សន្លាង​សម្រាប់​អ្នកស្រី និង​សមាជិក​សហគមន៍​ដទៃទៀត​នៅឡើយ ដោយ​ទាមទារ​ឱ្យមាន​ការបណ្តុះបណ្តាល​ប​ន្ថែ​ម​ពី​សហព័ន្ធ​ស្រូវ​អង្ករ​។​

​បើតាម​លោក សុង សារ៉ន ការនាំចេញ​ស្រូវ​និរន្តរភាព​ទៅកាន់​ទីផ្សារ​អន្តរជាតិ ជា​ពិ​សេស​ទីផ្សារ​អឺរ៉ុប​នឹង​ចាប់ផ្តើម​នៅក្នុង​ឆ្នាំនេះ ពោលគឺ​បន្ទាប់ពី​សហព័ន្ធ​បញ្ជូន​ព័ត៌មាន​នៃ​ការ​ដាក់ឱ្យ​ដំណើរការ​កម្មវិធី​ដំណាំ​ស្រូវ​និរន្តរភាព​ពិភពលោក​នៅ​កម្ពុជា​ទៅកាន់​ស្ថាប័ន SRPGlobal ក្នុងការ​អនុម័ត​។ ការ​ធ្វើបែបនេះ​ដើម្បី​អាចឱ្យ​អង្ករ SRP របស់​កម្ពុជា​អាច​ដាក់លក់​ផ្ទាល់​នៅតាម​ទីផ្សារ​ទាំងនោះ​ដោយ​ពុំ​ចាំបាច់​ត្រូវ​ឆ្លងកាត់ SRPGlobal និង​អាច​ទទួល​​បាន​តម្លៃបន្ថែម​ខ្ពស់ ខណៈ​ការនាំចេញ​អាច​នឹង​ធ្វើឡើង​នៅក្នុង​ខែមេសា ឬ​ឧសភា ឆ្នាំ ២០២៤៕