​ភ្នំពេញៈ ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវ​នីតិ​ស​ម្ប​ទា គ្រោង​បង្កើតឱ្យមាន​ក្រុម​ការងារ​ចុះ​សម្របសម្រួល​ដោះ​ស្រាយ​បញ្ហា​ជន​មាន​ពិការភាព និង​ជន​មិនមាន​ពិការភាព​មួយចំនួន​ដែល​ច្រៀង​តាម​ស្តុ​ប នៅតាម​បណ្តា​រាជធានី​-​ខេត្ត ដែលមាន​ភារកិច្ច​ជួយ​ស្ដារ​ជីវភាព​របស់​ជន​មាន​ពិការភាព​ឱ្យ​ប្រ​សើរ​ឡើងវិញ​។​


​លោក ចាប តូ អនុ​រដ្ឋលេខា​​ធិ​ការ​ក្រសួង​សង្គមកិច្ច បាន​ថ្លែង​នៅ​ថ្ងៃទី​​ ២៨ ខែកុម្ភៈ​ថា តាមរយៈ​កិច្ចប្រជុំ​ផ្ទៃក្នុង​ដែលមាន​នាយកដ្ឋាន​ពាក់ព័ន្ធ​ចូល​​រួម គឺ​បាន​ពិភាក្សាគ្នា​ក្នុងការ​រៀបចំ​យន្តការ​ដើម្បី​បង្កើត​ក្រុម​ការងារ​ចុះ​សម្របសម្រួល​ដោះ​ស្រាយ​បញ្ហា​ជន​មាន​ពិការភាព និង​ជន​មិនមាន​ពិការភាព​មួយចំនួន​ដែល​ច្រៀង​តាម​ស្តុ​ប នៅតាម​បណ្តា​រាជធានី​ខេត្ត​។​

​លោក​ថ្លែងថា ចំពោះ​លទ្ធ​​ផល​សម្រេច​យ៉ាងណា​នោះ មកដល់ពេលនេះ​កំពុង​តាក់​តែង​រៀបចំ​សេចក្ដីព្រាង​យន្តការ​ដោះស្រាយ​រួម​ឱ្យបាន​ច្បាស់​លាស់​ជាមុនសិន ខណៈ​កន្លងមក​ក្រសួង តែងតែ​គិតគូរ​ផ្ដល់​ជម្រើស​មុខរបរ​ផ្សេង​ជូន​ជន​មាន​ពិការភាព ក្រៅពី​ការប្រកប​មុខរបរ​ច្រៀង​តាម​ស្ដុ​ប ឬ​តាម​ដងផ្លូវ​។​


​លោក ចាប តូ ថ្លែងថា ក្រុម​ការងារ​ចុះ​សម្របសម្រួល​ដោះ​ស្រាយ​បញ្ហា​ជន​មាន​ពិការភាព និង​ជន​មិនមាន​ពិការភាព​នេះ មាន​សមាសភាព​មកពី​ក្រសួង​សង្គមកិច្ច​ទាំងអស់ មិនមាន​ការចូលរួម​ពី​ក្រសួង ស្ថាប័ន​ណា​ឡើយ​។ បន្ទាប់ពី​បង្កើត​ក្រុមការងារ​របស់​ក្រសួង​ហើយ ក្រុមការងារ​ទាំងនោះ នឹង​ចេញ​ប្រតិបត្តិការ​ទៅ​ជួប​ជាមួយ​អភិ​បាល​រាជធានី​-​ខេត្ត​ទាំងអស់ ដើម្បី​គាំទ្រ​ឱ្យមាន​ការរៀបចំ​គិតគូរ​កន្លែង​ប្រគំ​តន្ត្រី​សម្រាប់​ជន​មាន​ពិការភាព​ឱ្យបាន​សមរម្យ​។​ ​

លោក​បាន​ថ្លែងថា​៖ «​ដូច្នេះ​ក្រុមការងារ​ដែល​យើង​គ្រោង​បង្កើត​នេះ គឺ​យើង​មាន​តួនាទី​ដើរ​សម្របសម្រួល​ជួយ​ស្ដារ​ជីវ​​ភាព​របស់​ពួកគាត់ ក៏ដូចជា​ជួយ​ស្ដារ​លទ្ធភាព​ពលកម្ម​របស់​ពួកគាត់​ឱ្យ​ប្រសើរ​ឡើងវិញ​។ ហើយ​ប្រសិនជា​គាត់​មាន​សមត្ថភាព យើង​នឹង​បញ្ជូន​គាត់​ទៅ​ច្រៀង​តាម​រង្គ​សាល និង​ភោជនីយដ្ឋាន​នានា និង​ពាក់ព័ន្ធ​អ្នក​អត់​សមត្ថភាព យើង​នឹង​ព្យាយាម​បញ្ជូន​គាត់​ទៅ​ទទួល​វគ្គ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ជាដើម​»​។​


​លោក ចាប តូ ថ្លែងថា ចំពោះ​សេចក្ដីព្រាង​តួនាទី​របស់​ក្រុមការងារ​ដែល​គ្រោង​បង្កើត​នេះដែរ គឺ​មិន​មែនមាន​ភារកិច្ច​អនុវត្តន៍​ទៅលើ​ជន​មាន​ពិការភាព​តែមួយ​នោះទេ តែ​ភារកិច្ច​របស់​ក្រុមការងារ​នេះ ក៏ត្រូវ​អនុវត្ត​ទៅលើ​ជន​ដែល​មិនមាន​ពិការភាព​ផងដែរ ព្រោះ​នៅតាម​ដងផ្លូវ ឬ​តាម​ស្ដុ​ប ក៏មាន​ពួកគាត់​ដើរ​សុំ​លុយ​ពី​អ្នកធ្វើដំណើរ​ដែរ​។​

​លោក​បាន​ថ្លែងថា​៖ «​ការ​បង្កើត​ក្រុមការងារ​នេះ គឺ​លឿន​ទេ មិន​ប្រើពេល​យូរ​ឡើយ ដោយសារ​សេចក្ដីព្រាង​មាន​មួយចំនួន​រួចរាល់​ហើយ ដូច្នេះ​យើង​រង់ចាំតែ​ការចុះហត្ថលេខា​ពី​រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច​ប៉ុណ្ណោះ​»​។​

​លោក ឈ ប៉ុណ្ណា​រ័ត្ន មន្ត្រី​កម្មវិធី​អង្គការ​ជនពិការ​កម្ពុជា (CDPO) ថ្លែងថា កន្លងមក​ក្រសួង​ក៏បាន​រៀបចំ​ច្បាប់ ឬ​គោលនយោបាយ​សម្រាប់​ជួយ​ទៅដល់​ជន​មាន​ពិការភាព​ដែល​ច្រៀង​នៅតាម​ទី​សា​ធារ​​ណៈ​ឬ​តាម​ស្ដុ​ប​ដែរ ខណៈ​ឥឡូវនេះ​ក្រសួង​ក៏បាន​រៀបចំ​បង្កើតឱ្យមាន​ក្រុមការងារ​ជួយ​ដោះ​​ស្រាយ​បញ្ហា​ជន​មាន​ពិការភាព​បន្ថែមទៀត វា​ជាការ​ប្រសើរ​ណាស់​។​

​លោក​បាន​ថ្លែងថា​៖ «​ដូច្នេះ​នៅពេល​ដែលមាន​ក្រុមការងារ​ចុះជួយ​ដោះស្រាយ​បញ្ហា​ជន​មាន​ពិការភាព​ច្រៀង​តាម​ស្ដុ​ប​បែបនេះ វា​ជា​រឿង​ល្អ​មួយ ដោយសារ​ពួកគាត់​ប្រកប​មុខ​​របរ​នេះ គឺ​មិន​មានការ​គាំពារ​ពី​ច្បាប់​ឡើយ ហើយ​ប្រសិនជា​អាជ្ញាធរ​មានការ​រឹតបន្តឹង​អ្វីមួយ​នោះ​វា​ជាការ​គំរាមកំហែង​ដល់​មុខរបរ​របស់​ពួកគាត់​»​។​

​លោក ឈ ប៉ុណ្ណា​រ័ត្ន ថ្លែងថា ជន​មាន​ពិការភាព​ដែល​ច្រៀង​តាម​ស្ដុ​ប​ភាគច្រើន គឺ​សុទ្ធតែជា​ជនពិការភ្នែក ហេតុនេះ​ពួក​គាត់​មិន​អាចមាន​ជម្រើស ឬ​មាន​មុខរបរ​អ្វី​ក្រៅពី​ច្រៀង​ឡើយ ដើម្បី​បំពេញ​ការរស់នៅ​របស់​ខ្លួន ដូច្នេះ​សង្ឃឹមថា ក្រុម​ការងារ​ដែល​គ្រោង​បង្កើត​នេះ នឹង​ចុះជួយ​ផ្ដល់​ជំនាញ​វិជ្ជាជីវៈ​ទៅតាម​សមត្ថភាព​របស់​ជន​មាន​ពិការភាព ជាពិសេស​រៀបចំ​ឱ្យមាន​កន្លែង​សម្រាប់​ជន​មាន​ពិការភាព​ដែល​ប្រក​បរបរ​ច្រៀង​តាម​ស្ដុ​ប​ឱ្យបាន​ត្រឹមត្រូវ​៕