​ភ្នំពេញៈ ក្រសួងសុខាភិបាល បាន​បើក​វគ្គ​បណ្តុះបណ្តាល​កសាង​សមត្ថភាព​ដល់​មន្ត្រី​ពន្ធនាគារ​ខេត្ត​កែប ដើម្បី​លើក​កម្ពស់​សមត្ថភាព​មន្ត្រី ក្នុងការ​​ធ្វើ​រោគវិនិច្ឆ័យ​បឋម ដែល​អាច​ផ្តល់​អន្តរាគមន៍​បញ្ជូន​អ្នក​ជាប់ឃុំ​ទៅរក​សេវា​ពាក់ព័ន្ធ​ផ្សេងៗ ខណៈ​អត្រា​នៃ​ជំងឺផ្លូវចិត្ត និង​ការប្រើប្រាស់​គ្រឿងញៀន ក្នុង​ពន្ធនាគារ មាន​កម្រិត​ខ្ពស់ជាង​អត្រា​នៃ​ជំងឺ​ផ្សេងៗ​ក្នុងចំណោម​ប្រជាជន​ទូទៅ​។​


​វគ្គ​នេះ​ធ្វើឡើង​នៅ​ខេត្ត​កែប​ពីថ្ងៃ​ទី​ ២៦ ដល់ ថ្ងៃទី ​២៧ ខែកុម្ភៈ ក្រោម​អធិបតីភាព​លោក ឈី ហុង រដ្ឋលេខាធិការ​ក្រសួង​សុខា​ភិ​បាល ទទួលបន្ទុក​ការងារ​សុខ​ភាព​ផ្លូវចិត្ត និង​ថែទាំ​អ្នកញៀន​គ្រឿងញៀន និង​មាន​ការចូល​រួម​ពី​មន្ត្រី​បង្គោល​ផ្នែក​សុខភាព​ផ្លូវចិត្ត និង​ការបំពាន​គ្រឿងញៀន មន្ត្រី​ពន្ធនាគារ និង​មណ្ឌល​អប់រំ​កែប្រែ នៅតាម​រាជធានី​-​ខេត្ត សរុប​ ១២០ ​នាក់​។ នេះ​បើតាម​ហ្វេ​ស​ប៊ុ​ក​ក្រសួងសុខាភិបាល​។​

​លោក ឈី ហុង បាន​ថ្លែងថា​៖​ «​ដូច្នេះ​នេះ​ជាការ​លើកកម្ពស់​សមត្ថ​ភាព​មន្ត្រី​ពន្ធនាគារ ក្នុង​ការវាយតម្លៃ​ស្ថានភាព​ផ្លូវចិត្ត និង​ការប្រើប្រាស់​គ្រឿងញៀន ក៏ដូចជា​ការធ្វើ​រោគវិនិច្ឆ័យ​បឋម ការផ្តល់​អន្តរាគមន៍ និង​ការបញ្ជូន​ទៅកាន់​សេវា​ពាក់​​ព័ន្ធ​ផ្សេងៗ​។ វគ្គ​បណ្តុះបណ្តាល​នេះ​ក៏បាន​ចូលរួមចំណែក​ក្នុងការ​លើកកម្ពស់​សុខុមាល​ភាព​មន្ត្រី​ពន្ធនាគារ ក៏ដូចជា​ជន​​ជាប់ឃុំ ផងដែរ​»​។​


​លោក លឹម សុខា អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ បានស្នើ​ដល់​ក្រសួងសុខាភិបាល បន្ត​ជួយ​បញ្ជ្រាប​ចំណេះដឹង និង​ពង្រឹងសមត្ថភាព​ទាក់ទង​នឹង​សុខភាព​ផ្លូវចិត្ត និង​ថែទាំ​អ្នក​ញៀន​គ្រឿងញៀន​ដល់​មន្ត្រី​​ពន្ធនាគារ​បន្តទៀត​នៅ​ថ្ងៃមុខ​។​

​ក្រសួងសុខាភិបាល​បានប្រកាស​ផ្សព្វផ្សាយ និង​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ផែនការ​យុទ្ធសាស្ត្រ​សុខភាព​ផ្លូវចិត្ត ឆ្នាំ​ ២០២៣-២០៣២៕