ភ្នំពេញៈ ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា កំពុង​ជំរុញ​ការអនុវត្ត​កសិកម្ម​កកើតឡើង​វិញ​ឆ្ពោះទៅ​ធ្វើឱ្យ​កសិកម្ម​បញ្ចេញ​កាបូន​ទាប ​ដើម្បី​ផ្តល់​ការយល់ដឹង​នៃ​កសិកម្ម​កកើតឡើង​វិញ​ធ្វើឱ្យ​ការងារ​កសិកម្ម រួមទាំង​ការដាំដុះ​ស្រូវ​មាន​ភាព​ធន់ និង​ប្រកបដោយ​និរន្តរភាព​។​


​នៅក្នុង​កិច្ចប្រជុំ​កំពូល​លើក​ទី​៤ ស្តីពី​កសិកម្ម​ប្រកបដោយ​និរន្តរភាព ក្រោម​ប្រធានបទ «​ការអនុវត្ត​កសិកម្ម​កកើតឡើង​វិញ​ឆ្ពោះទៅ​ធ្វើឱ្យ​កសិកម្ម​បញ្ចេញ​កាបូន​ទាប​» នៅ​ថ្ងៃទី ​២៨ ខែកុម្ភៈ លោក យ៉ង សាំង​កុមារ រដ្ឋលេខាធិការ ក្រសួងកសិកម្មបាន​ថ្លែងថា ការលើក​យក​ប្រធានបទ​នេះ​មក​ពិភាក្សា គឺជា​រឿង​ល្អ និង​សំខាន់​ខ្លាំងណាស់ ដោយ​មិនមែន​សម្រាប់តែ​កម្ពុជា​នោះទេ តែ​សម្រាប់​ពិភពលោក​ផងដែរ​។​

​លោក​បាន​បន្ថែមថា ការអនុវត្ត​កសិកម្ម​កកើតឡើង​វិញ​ឆ្ពោះទៅ​ធ្វើឱ្យ​កសិកម្ម​បញ្ចេញ​កាបូន​ទាប វា​ទាក់ទង​នឹង​ចក្ខុ​​វិស័យ​វែងឆ្ងាយ​របស់​ក្រសួងកសិកម្ម ជុំវិញ​បញ្ហា​រក្សា​សន្តិសុខ​ស្បៀង ប្រកប​ដោយ​និរន្តរភាព​សេដ្ឋកិច្ច និង​និរន្តរ​ភាព​បរិស្ថាន​។​


​លោក​បាន​បញ្ជាក់ថា​៖ «​ផែនការ​របស់​ក្រុមហ៊ុន​អេ​ម​រុ​រ៉ា​យស៍​ (Amru Rice Cambodia) ​ក្នុងការ​សហការ​ជាមួយ​កសិករ​ចំនួន​ ៥ ​ម៉ឺន​គ្រួសារ លើ​ផ្ទៃដី ​១០​ ម៉ឺន​ហិកតា ដែល​យើង​ចង់​បំប្លែង​ផ្ទៃ​ទំហំ​នេះ ជា​ផ្ទៃដី​ដាំ​ដុះ​ស្រូវ​និរន្តរភាព ជា​ដីស្រែ​ដែល​ទប់​ទល់នឹង​ការផ្លាស់ប្តូរ​អាកាសធាតុ ជាពិសេស​ជា​ដីស្រែ​ដែលមាន​កាបូន​ទាប​គឺ​គោលដៅ​ដ៏​ល្អ​មួយ​ដែល​យើង​កំណត់​នៅក្នុង​ឆ្នាំ​ ២០២៣ ​ដើម្បី​អព្យាក្រឹត​កាបូន​»​។​

​លោក​ យ៉ង សាំង​កុមារ បាន​បន្តថា ប្រទេស​កម្ពុជា ជា​ប្រទេសមួយ​ប្រកប​​ដោយ​អំណោយផល​នៃ​ធម្មជាតិ​ជាច្រើន​ទាំង​សណ្ឋាន​ដី អាកាសធាតុ ដោយ​​សារ​សង្គ្រាម​បានធ្វើឱ្យ​កសិករ​កម្ពុជា​ចំនួន​ជាង​ ២៨​ ភាគរយ ​ឬ​ប្រហាក់​ប្រ​ហែល​ ១,០៩ ​លាន​គ្រួសារ មាន​ដីស្រែ​តិចជាង​ ១ ​ហិកតា និង​កសិករ​ចំនួន​ ១១ ​ភាគរយ​ ជាង​ ៤​ សែន ​៥ ​ម៉ឺន​គ្រួសារ ធ្វើស្រែ​ដោយ​ការជួល​ដី​។​


លោក​បាន​បញ្ជាក់ថា​៖ «​កសិករ​ទាំង​ ២ ​ប្រភេទ​នេះ​ជា​ប្រភេទ​កសិករ​ដែល​ងាយ​រងគ្រោះ​ជាងគេ ព្រោះ​ថ្លៃដើម​ផលិត​ខ្ពស់​ដែល​មិនអាច​ផលិត​ស្រូវ​ប្រភេទ​ធម្មតា​យក​បរិមាណ​បានទេ មាន​​តែ​ការជំរុញ​នៃ​ការផលិត​ដោយ​ផ្តោត​យកគុណ​ភាព គុណ​តម្លៃ ដែល​អាច​ផ្តល់​តម្លៃបន្ថែម​លើ​ការលក់​កសិផល​របស់​ខ្លួន​។ កម្មវិធី​ស្តង់ដា​ដំណាំ​ស្រូវ​និរន្តរភាព ស្តង់ដា​ស្រូវ​សរីរាង្គ ស្តង់ដា​ស្រូវ​កសិកម្ម​កកើតឡើង​វិញ​គឺជា​យន្តការ​មួយ​ធ្វើឱ្យមាន​តម្លៃបន្ថែម​ដល់​កសិករ ជាពិសេស​កសិករ​ខ្នាតតូច និង​កសិករ​ដែល​អាស្រ័យ​លើ​ការជួល​ដី​បន្ត​»​។​

​ជាមួយគ្នា​នោះដែរ លោក ចាន់ សុ​ឃាំង ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បាន​លើកឡើងថា កិច្ចប្រជុំ​កំពូល​លើក​ទី៤ ស្ដីពី​កសិកម្ម​ប្រកបដោយ​និរន្តរ​ភាព ដែល​កិច្ចប្រជុំ​នេះ​ត្រូវ​បានរៀបចំ​ចំនួន​ ៣ ​ដង​រួចមកហើយ​នៅក្នុង​ខេត្តសៀមរាប​ដែល​ឆ្នាំនេះ​មាន​លក្ខណ​​ពិសេស​ជាង​បណ្តា​ឆ្នាំកន្លងមក ដោយ​ផ្តោតទៅលើ​ការប្រែប្រួល​អាកាសធាតុ​ដោយ​កំណត់​យក​ប្រធានបទ ​«​ការ​អនុវត្ត​កសិកម្ម​កកើតឡើង​វិញ​ឆ្ពោះទៅ​ធ្វើឱ្យ​កសិកម្ម​បញ្ចេញ​កាបូន​ទាប​»​។​

​លោក​បាន​បន្ថែមថា ការកំណត់​យក​ប្រធានបទ​នេះ​មាន​គោលបំណង​ផ្តល់​ការយល់ដឹង​នៃ​កសិកម្ម​កកើត​ឡើងវិញ ​ដើម្បី​ធ្វើឱ្យ​ការងារ​កសិកម្ម រួមទាំង​ការដាំដុះ​ស្រូវ មាន​ភាព​ធន់ និង​ប្រកប​ដោយ​និរន្តរភាព​ដែលជា​គោលដៅ​នៃ​ការចូលរួម​កាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​កាបូ​និក​ចាប់ពី​ឆ្នាំ​ ២០៣០​។​

​លោក​ ចាន់ សុ​ឃាំង បានបញ្ជាក់​ទៀតថា​៖ «​ការជំរុញឱ្យ​មានការ​អនុវត្ត​ស្តង់ដា​កសិកម្ម​និរន្តរភាព កសិកម្ម​កកើតឡើង​វិញ​ជា​ផ្នែក​មួយ​យ៉ាងសំខាន់​នៃ​ការធ្វើ​ទីផ្សារ​អង្ករ​កម្ពុជា​ឱ្យ​កាន់​តែមាន​ភាព​ទាក់ទាញ​លើ​បច្ចុប្បន្នភាព​នៃ​កេរ្តិ៍ឈ្មោះ​អង្ករ​កម្ពុជា​ដែល​ធ្លាប់​ទទួលបាន​ពានរង្វាន់​អង្ករ​ល្អ​បំផុត​លើ​ពិភពលោក ​៥ ​ដង​នៅ​ឆ្នាំ ​២០១២, ២០១៣, ២០១៤, ២០១៨ និង​ ២០២២ សម្រាប់​ពូជស្រូវ​ផ្ការំដួល និង​ពានរង្វាន់​មាស​ចិន​អាស៊ាន​ឆ្នាំ​ ២០២៣ សម្រាប់​អង្ករ​ពូជស្រូវ​សែន​ក្រអូប​ ០១»​។​

«​យើង​បង្កើន​ចំណេះដឹង​ដល់​សហ​​គម​ន៍ និង​ភាគី​ពាក់ព័ន្ធ​អំពី​គោលដៅ​នៃ​ការអនុវត្ត​ស្តង់ដា​បច្ចេកទេស​កសិក​ម្ម​កកើត​ឡើងវិញ កសិកម្ម​ដំណាំ​ស្រូវ​និរន្តរភាព​ដែលជា​គន្លឹះ​នៃ​ការអភិវឌ្ឍ​កសិកម្ម ជាពិសេស​ស្រូវ​អង្ករ​ឱ្យមាន​ភាព​ធន់ និរន្តរភាព និង​បរិ​យាប​ន្ន តាមរយៈ​គោលការណ៍​ធ្វើឱ្យ​ការបញ្ចេញ​ឧស្ម័ន​កាបូ​និក​ទាប និង​ការទាញយក​អត្ថប្រយោជន៍​ផ្សេងៗ​ពី​គំនិត​ផ្តួចផ្តើម​ថ្មីៗ​លើ​ពិភពលោក​ដូចជា មូលនិធិ និង​ហិរញ្ញប្បទាន​បៃតង​ជាដើម​»​។ នេះ​បើតាម​លោក​ចាន់ សុ​ឃាំង បញ្ជាក់បន្ថែម​។​

​លោក​បាន​បន្តថា កម្មវិធី​ទាំងនេះ​ គឺជា​កូនសោ​គន្លឹះ​មួយ​យ៉ាងសំខាន់​នៃ​ការសម្រេច​ផែនការ​នាំចេញ​អង្ករ​កម្ពុជា​ឱ្យបាន ១​ លាន​តោន​ក្នុង​ឆ្នាំ​ ២០២៥ និង​ធ្វើឱ្យ​បរិយាកាស​ធុរកិច្ច​វិស័យ​ស្រូវ​អង្ករ​ឱ្យ​ល្អប្រសើរ​ប្រកប​ដោយ​ប្រាក់ចំណេញ ភាព​ធន់ និង​បរិ​​យាប​ន្ន​៕