​ភ្នំពេញៈ លោក សុខ សូកេន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បានប្រកាស​ឱ្យដឹងថា កម្ពុជា​បានទទួល​ពានរង្វាន់​ជា​គោលដៅ​ទេសចរណ៍វប្បធម៌​ឈានមុខ​គេ នៅ​អាស៊ី​ជាថ្មី​ម្តងទៀត​ក្នុង​ឆ្នាំ​ ​២០២៣ ពី​World Travel Awards ខណៈដែល​ពានរង្វាន់​គោលដៅ​ទេសចរណ៍​យុវជន​ឈានមុខ​គេ​របស់​អាស៊ី ២០២៤ ក៏ត្រូវ​បាន World Travel Awards សម្រេច​ប្រគល់ជូន​កម្ពុជា​ផងដែរ​។

​លោក សុខ សូកេន បាន​សរសេរ​លើ​បណ្តាញ​តេ​ឡេ​ក្រាម​របស់លោក​នា​ថ្ងៃទី ​២៧ ខែកុម្ភៈ នេះ​ថា​៖ «​ព្រះរាជាណាចក្រ​កម្ពុជា​បានទទួល​ពានរង្វាន់​ជា​គោលដៅ​ទេសចរណ៍វប្បធម៌​ឈានមុខ​គេ នៅ​អាស៊ី​ជាថ្មី​ម្តងទៀត​ក្នុង​ឆ្នាំ​ ២០២៣​។ សមិទ្ធផល ដ៏​គួរឱ្យកត់សម្គាល់​នេះ បញ្ជាក់​សាជាថ្មី​អំពី​ភាព​ទាក់ទាញ​របស់ យើង ថា​ជា​គោលដៅ​ទេសចរណ៍​ដែល​ដាច់ខាត​ត្រូវតែទៅ​ទស្សនា សម្រាប់​អ្នកមាន​ចំណាប់​អា​​រ​ម្មណ៍​អំពី​វប្បធម៌​»​។​


​ជាមួយគ្នានេះដែរ លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត រួម​នឹង​ស្ថាប័ន​ជាតិ​សំខាន់ៗ​ទៀត បាន​ចូលរួម​អបអរសាទរ​ចំពោះ​ប្រទេស​កម្ពុជា ដែល​បានឈ្នះ​ពានរង្វាន់​នេះ​ផងដែរ​។

​យោងតាម​គេហទំព័រ​របស់ ​World Travel Awards បាន​លើកឡើងថា កម្ពុជា និង​ប្រទេស​ចំនួន ​៦ ​ផ្សេងទៀត​ដូចជា​ប្រទេស​​ឥណ្ឌា ជប៉ុន នេ​ប៉ាល់ ស្រីលង្កា ថៃ និង​ប្រទេស​វៀតណាម ស្ថិតនៅក្នុង​បញ្ជី​ឈ្មោះ​របស់ World Travel Awards ដែល​បានជ្រើសរើស​សម្រាប់​ការ​វាយ​តម្លៃ​ពានរង្វាន់​ជា​គោលដៅ​ទេសចរណ៍វប្បធម៌​ឈានមុខ​គេនៅ​អាស៊ី ឆ្នាំ​ ២០២៣ ហើយ​ជាការ​សម្រេច​ចុងក្រោយ​របស់​ World Travel Awards គឺ​សម្រេច​ប្រគល់​ពានរង្វាន់​នេះ​ដល់​ប្រទេស​កម្ពុជា​។​


​ទន្ទឹមគ្នា​នេះដែរ World Travel Awards ក៏បាន​សម្រេច​ផ្តល់​ពានរង្វាន់​គោលដៅ​ទេសចរណ៍​យុវជន​ឈានមុខ​គេ​របស់​អាស៊ី ២០២៤ ផងដែរ ដែល​កម្ពុជា​ជា​ប្រទេសមួយ​ស្ថិតក្នុង​ចំណោម​ប្រទេស​៣​ផ្សេងទៀត​រួមមាន ឡាវ ថៃ និង​វៀតណាម​។​

​លោក តុ​ប សុភ័ក អ្នកនាំពាក្យ​ក្រសួងទេសចរណ៍ បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​ ២៨ ខែកុម្ភៈ​ថា ចំពោះ​ពានរង្វាន់​គោលដៅ​ទេស​ចរណ៍​វប្បធម៌​ឈានមុខ​គេ​នៅ​អាស៊ី កម្ពុជា​ទទួលបាន​ ២ ​ឆ្នាំ​ជាប់ៗ​គ្នា គឺ​ឆ្នាំ​ ២០២២ និង ​២០២៣) តាមរយៈ​ការបោះ​ឆ្នោត​របស់​អ្នកធ្វើដំណើរ​ជា​ច្រើន​នៅ​ជុំវិញ​ពិភពលោក​។​

​ស្រដៀង​គ្នា​នេះដែរ លោក តាំង សុចិត្រ​គ្រឹ​ស្នា ប្រធាន​មន្ទីរ​​ទេសចរណ៍​ខេត្ត​ព្រះសីហនុ បានឱ្យដឹងថា ការដែល​កម្ពុជា​ទទួល​បាន​ពានរង្វាន់​នេះ ព្រោះ​កម្ពុជា​ទទួលបាន​ការវាយតម្លៃ ពី​អ្នកធ្វើដំណើរ និង​ភ្ញៀវទេសចរ ដែល​បាន​មកលេង​កម្សាន្ត​នៅតាម​គោលដៅ​ទេសចរណ៍​របស់​កម្ពុជា ជាពិសេស​ទីតាំង​គោល​​វប្បធម៌ ដូច​នៅ​ខេត្តសៀមរាប​ជាដើម​។​

​លោក តាំង សុចិត្រ​គ្រឹ​ស្នា បាន​បញ្ជាក់ថា ពានរង្វាន់​ដែល​កម្ពុជាទទួលបាន​នេះ នឹង​ជួយ​បង្កើន​ការផ្សព្វផ្សាយ​ពី​កម្ពុជា និង​ទាក់ទាញ​ភ្ញៀវទេសចរ​កាន់​តែ​ច្រើន​ថែមទៀត​ឱ្យមក​លេង​កម្សាន្ត និង​វិនិយោគ​នៅ​កម្ពុជា ជាពិសេស​នឹងធ្វើ​ឱ្យគេ​ស្គាល់​កម្ពុជា​បាន​មួយកម្រិត​ថែមទៀត​។

​លោក​បាន​ថ្លែងថា​៖ «​ពាន​រង្វាន់​នេះ វា​នឹង​ជួយ​ផ្សព្វផ្សាយ និង​ទាក់ទាញ​ភ្ញៀវទេសចរ និង​វិនិយោគ​ផ្សេងៗ ឱ្យ​ចូលមក​កម្ពុជា​»​។​

​នៅក្នុង​សារលិខិត​របស់លោក​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត នា​ទិវា​ជាតិ​ទីក្រុង​ស្អាត លើក​ទី​១២ ឆ្នាំ​ ២០២៤ កាលពី​ថ្ងៃទី​ ២៧ ខែកុម្ភៈ បាន​លើកឡើងថា ដោយ​មើលឃើញ​ពី​ការរួម​ចំ​ណែ​ក​យ៉ាងសំខាន់​នៃ​វិស័យ​ទេសចរណ៍​ក្នុងការ​អភិវឌ្ឍ​សេដ្ឋ​​កិច្ច សង្គម រាជរដ្ឋាភិបាល​នីតិ​​កាល​ទី៧ បាន​បន្ត​កំណត់​វិស័យ​ទេសចរណ៍​ជា​វិស័យ​អាទិភាព នៅក្នុង​យុទ្ធសាស្ត្រ បញ្ច​កោណ​ដំណាក់កាល​ទី​១​។​

​យោងតាម​ស្ថិតិ​ទេសចរណ៍​នៃ​ក្រសួងទេសចរណ៍​បានឱ្យដឹងថា ក្នុង​ឆ្នាំ ​២០២៣ ព្រះ​​រាជាណាចក្រ​កម្ពុជា​ទទួល​បាន​អ្នកទេសចរ​អន្តរជាតិ​ចំនួន​ជាង ៥​ លាន​ ៤៥ ​ម៉ឺន​នាក់ ដែល​កើន​​ឡើង​ចំនួន​ ១៣៩,៥% ចំណែក​ទេសចរ​ជាតិ​មាន​ចំនួន​ជាង ​១៨​ លាន ​៧៤​ ម៉ឺន​នាក់ បាន​កើន​ឡើង ៣៤,៥%៕