សៀមរាប/​កំពង់​ឆ្នាំងៈ ​គម្រោង​សាង​សង់​អគារ​សារ​មន្ទីរ​តេ​ជោ​សន្តិ​ភាព​នៅ​ខេត្ត​សៀម​រាប​ និង​អគារ​ហ្វឹក​ហ្វឺន​នៅ​វិទ្យា​ស្ថាន​បច្ចេក​ទេស​សកម្ម​ភាព​កំចាត់​មីន​នៅ​ខេត្ត​កំពង់​ឆ្នាំង​ ក្រោម​ជំនួយ​របស់​រដ្ឋាភិ​បាល​ជប៉ុន​ដល់កម្ពុជា​ក្នុង​ទំហំ​ទឹក​ប្រាក់​ប្រមាណ ១៤​ លាន​ដុល្លារ បានចាប់​ផ្តើម​សាង​សង់​ចាប់​ពី​ចុងខែ​កុម្ភៈ​​ដោយ​គ្រោង​បញ្ចប់​នៅ​ឆ្នាំ ​២០២៥។​ នេះ​បើ​តាម​លោក​ ហេង ​រតនា ​អគ្គ​នាយក​មជ្ឈ​មណ្ឌល​សកម្ម​ភាព​កំចាត់​មីន​កម្ពុជា ​(​ស៊ីម៉ាក់​) បាន​ប្រាប់​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​ ២៩ ​ខែ​កុម្ភៈ​។​


​គួរ​ជម្រាប​ថា កាល​ពី​ថ្ងៃទី​ ២៨​ ខែកុម្ភៈ​ ឆ្នាំ​ ២០២៤​ នៅ​ទី​បញ្ជា​ការ​ដ្ឋាន​ស៊ី​ម៉ាក់​ភ្នំពេញ ​លោក​ ហេង ​រតនា​បាន​ទទួល​ជួប​ពិភាក្សា​ការ​ងារ​ជា​មួយ​លោក ​HEIMA HIROSHI ប្រធាន​ក្រុម​ហ៊ុន​ SATO KOGYO Co.Ltd ដែល​ក្រុម​ហ៊ុន​នេះ​មាន​ស្នាក់​ការ​នៅ​ក្រុង​តូ​ក្យូ​។ ក្រុម​ហ៊ុន​ SATO KOGYO ​នេះ​បានទ​ទួល​កិច្ច​សន្យា​ក្នុង​ការ​សាង​សង់​អគារ​សារ​មន្ទីរ​តេ​ជោ​សន្តិ​ភាព​និង​អគារ​សិក្សា​សម្រាប់​អង្គ​ភាព​ស៊ី​ម៉ាក់​។​

​លោក​ ហេង ​រតនា បាន​បញ្ជាក់​ថា​៖«នេះ​ជាកា​រ​អនុ​វត្ត​គម្រោង​ជំនួយ​របស់​រដ្ឋាភិ​បាល​ជប៉ុន​ផ្តល់​ជូន​រាជ​រដ្ឋាភិ​បាល ដើម្បី​គាំទ្រ​សកម្ម​ភាព​របស់​អង្គ​ភាព​ស៊ីម៉ាក់​ក្នុង​ការ​ពង្រឹង​សមត្ថ​ភាព​ហ្វឹក​ហ្វឺន​អន្តរ​ជាតិ​ និង​ផ្សព្វ​ផ្សាយ​ពី​វិនាស​កម្ម​នៃ​សង្គ្រាម​» ។​


​លោក​បាន​ឱ្យ​ដឹង​ថា អគារ​ទាំង ២ ​នេះ​ នឹង​ត្រូវ​ចាប់​ផ្ដើម​សាង​សង់​ដោយ​ប្រើ​រយៈ​ពេល​ ១៨ ​ខែ ​ចាប់​ពី​ចុង​ខែ​កុម្ភៈ ឆ្នាំ​ ២០២៤ ​នេះ ​រហូត​ដល់​ខែ​សីហា ​ឆ្នាំ​ ២០២៥​ ក្នុង​ទំហំ​ទឹក​ប្រាក់​ប្រមាណ​ជិត ​១៤​ លាន​ដុល្លារ ដែល​ជា​ជំនួយ​ហិរញ្ញ​ប្ប​ទាន​ឥត​សំណង​របស់​រដ្ឋាភិ​បាល​ជប៉ុន​ផ្ដល់​ជូន​រាជ​រដ្ឋាភិ​បាល​កម្ពុជាដើម្បី​គាំទ្រ​អង្គ​ភាព​ស៊ីម៉ាក់ធ្វើការ​សាង​សង់​សំណង់​អគារ​ទាំង​នោះ​។​

​លោក​បានបញ្ជាក់​ថា​៖ «​គោល​ដៅ​សំខាន់​នៃ​ការ​សាង់​សង់​អគារ​ទាំង​នេះ ​គឺ​យើង​នឹង​មាន​ថ្នាក់​រៀន សាល​ប្រជុំ ដើម្បី​ទទួល​ការ​ហ្វឹ​ង​ហ្វឺ​ន​ជា​លក្ខណៈ​អន្តរ​ជាតិ​សម្រាប់​អ្នក​ដែល​មកពី​ប្រទេស​ផ្សេងៗ​ ដូច​ជា ​អាហ្វ្រិក ​និង​អ៊ុយ​ក្រែ​ន​ជាដើម​។ ដោយ​ឡែក​សារ​មន្ទីរ​សន្តិភា​ព​វិញ គឺ​យើង​សាង​សង់​ដើម្បី​មាន​កន្លែង​ផ្សព្វ​ផ្សាយ​អំពី​វិបត្តិ​នៃ​សង្គ្រាម ក៏​ដូច​ជា​លើក​កម្ពស់​នយោ​បាយ​សន្ដិ​ភាព​ទាំង​កម្ពុជា និង​ប្រទេស​ក្នុង​សកល​លោក​ដែរ​»​។

​បើ​តាម​លោក​ហេង ​រតនា តាម​ផែន​ការ​អគារ​សិក្សា​របស់​អង្គ​ភាព​ស៊ីម៉ាក់​ក្នុង​ខេត្ត​កំពង់​ឆ្នាំង​ដែលត្រូវ​សាង​សង់​រួម​មាន ​អគារ​សាល​ប្រជុំ​ចំនួន​១​ខ្នង​ ដែល​អាច​ផ្ទុក​មនុស្ស​បាន ​៤០០ ​នាក់ ​អគា​រសិក្សា​ចំនួន​ ១​ ខ្នង​ មាន​ ១០​ បន្ទប់ អគារ​អន្ដេវា​សិក​ដ្ឋាន​មាន ​២ ​ខ្នង សម្រាប់​សិក្ខា​កាម​ស្នាក់​នៅ​បាន​ចំនួន​ ១២០ ​នាក់​ និង​អគារ​អា​ហា​រដ្ឋា​ន​ចំនួន​ ១ ​ខ្នង​។


ចំពោះ​អគារ​សារ​មន្ទីរ​តេ​ជោ​សន្ដិភា​ព​ស្ថិត​នៅ​ខេត្ត​សៀម​រាប​វិញ ជា​អគារ​សំណង់​មាន​រាង​ការ៉េ​ខាង​ក្រោម​មាន​ទំហំ​ ១០៨ ​ម៉ែត្រ​គុណ​ ១០៨ ​​ម៉ែត្រ​ និង​ខាង​លើ​រាង​មូល​មាន​អង្កត់​ផ្ចិត​ ៥២​ ម៉ែត្រ​មាន​ ២​ ជាន់​ កម្ពស់​ ១៧ ​ម៉ែត្រ មាន​ទំហំ​ជាង​ ១៥ ​០០០​ ម៉ែត្រ​ការ៉េ​ ហើយ​អាច​ក្លាយ​ជា​អគារ​មាន​រាង​គ្រាប់​មីន​ប្រឆាំង​មនុស្ស​ធំជាង​គេ​នៅក្នុង​ពិភព​លោក​។ 

​លោក​បាន​បន្ថែម​ថា​៖ «​ការ​អនុវត្ត​ជំនួយ​នេះ​សម្រាប់​យើង​ជា​ផល​ប្រយោជន៍​ធំធេង​ណាស់​ពីព្រោះ​បាន​បម្រើ​ដល់​ការ​ពង្រឹង​ធន​ធាន​មនុស្ស​សម្រាប់​កិច្ច​សហ​ប្រតិ​បត្តិការ​អន្ត​រជាតិ​ក៏ដូចជា​​ ផ្សព្វ​ផ្សាយ​ពី​វិនាស​កម្ម​នៃ​សង្គ្រាម​ផង​ដែរ​»៕    ​