​ភ្នំពេញៈ​ក្រសួង​បរិ​ស្ថាន​ សហ​ការ​ជា​មួយ​អង្គ​ការ​កម្មវិធី​ផ្លាស់​ប្តូរ​អនុ​ផល​ព្រៃ​ឈើ​អាស៊ី (NTFP-EP Asia)រៀបចំ​សិក្ខា​សាលា​បណ្តុះ​បណ្តាល​ស្ដីពី​ការ​បញ្ជ្រាប​យេ​ឌ័​រដល់​សហ​គមន៍​ព្រៃ​ឈើ​និង​មន្ដ្រី​រដ្ឋ​បាល​ព្រៃ​ឈើ​នៅ​​ខេត្ត​សៀម​រាប​ដើម្បី​ពន្យល់​ពី​តួនាទី​សំខាន់ៗ​របស់​ស្ត្រី​ក្នុង​ការ​​ងារ​អភិ​វឌ្ឍន៍​សហ​គមន៍​ក៏ដូច​ជា​ចូល​រួម​ក្នុង​កិច្ច​ការ​អភិ​រក្ស​ធន​ធាន​ធម្ម​ជាតិ​ប្រកប​ដោយ​និរន្តរ​ភាព​។​


វគ្គ​បណ្តុះ​បណ្តាល​នេះ​ធ្វើ​ឡើង​កាល​ថ្ងៃទី​២៨​ ខែ​កុម្ភៈ ​ឆ្នាំ​២០២៤ ​ ​ដើម្បី​ពន្យល់​ពី​តួនាទី​សំខាន់ៗ​របស់​ស្ត្រី​ ក្នុង​ការ​អភិ​វឌ្ឍ ​ការ​គ្រប់​គ្រង​សហ​គ្រាស ​ក៏ដូច​ជា​ការ​ងារ​អភិវឌ្ឍន៍​សហ​គមន៍​ទាំង​មូល​ និង​ការចូល​រួម​កិច្ចការ​អភិ​រក្ស​ធន​ធាន​ធម្ម​ជាតិ​ផង​ដែរ​។ កម្មវិធី​នេះ​ ក៏​មាន​ការ​ពិពណ៌​នា​អំពី​ស្ថាន​ភាព​យេន​ឌ័រ​ និង​បញ្ហា​ប្រឈម​នៅ​ក្នុង​សហ​គមន៍​មូលដ្ឋា​ន​ក្នុង​ប្រទេស​នីមួយៗ ​ដោយ​ទាម​ទារ​ឱ្យ​ស្ត្រី​ចេះ​ប្រើ​ប្រាស់​ឧបក​រណ៍​ ដែល​មាន​លក្ខ​ណៈសា​មញ្ញ​នៅ​ក្នុង​ការងា​រនិង​ការ​អនុវត្ត​ការគ្រប់​គ្រង​ចិញ្ចឹម​ជីវិត​​ជាដើម​។​នេះ​បើ​តាម​ហ្វេស​ប៊ុក​ក្រសួង​បរិស្ថាន​នៅ​ថ្ងៃទី​២៩ ​ខែកុម្ភៈ​។

​បើ​តាម​ក្រសួង​បរិស្ថាន​ នា​ឱកាស​នោះ​ លោក​ស្រី ​ងិន ​លី​ណា រដ្ឋ​លេខា​ធិ​ការ​ក្រសួង​បរិស្ថាន​ បាន​លើក​ឡើង​ថា ស្ត្រីជា​តួអង្គ​សំខាន់​ក្នុង​ការ​អប់រំ​ណែនាំ​ដល់​កូនៗ​ របស់​ពួក​គេ​តាំង​ពី​តូច​រហូត​ដល់​ធំ​ដឹង​ក្ដីឱ្យ​ចេះ​ស្រឡាញ់​បរិ​ស្ថាន ​និង​ការ​ពារ​ អភិ​រក្ស​ធន​ធាន​ធម្ម​ជាតិ​។ 

លោក​ស្រី​ថា ​ការ​បេ្ត​ជ្ញា​ចិត្ត ​និង​បំពេញ​តួនាទី​របស់​ស្ត្រី​គឺជា​ភាព​ចាំ​បាច់​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​លើក​កម្ពស់​យេនឌ័រ​ បង្កើន​ភាព​ធន់​នឹង​ភ្លើង​ឆេះ​ព្រៃ​និង​ការ​ពង្រឹង​ជីវ​ភាព​រស់​នៅ​របស់​ស​ហគ​មន៍ ​ដែល​ត្រូវ​ចូល​រួម​ដោះ​ស្រាយ​ទាំង​អស់​គ្នា​។​

​លោក​ស្រី​បាន​បញ្ជាក់​​ថា​៖ «ការ​បញ្ជ្រាប​យេន​ឌ័រ​មាន​សារៈ​សំខាន់​លើ​គ្រប់​វិស័យ​ទាំង​អស់​ រួ​មទាំង​ការ​គ្រប់​គ្រង​ធន​ធាន​ធម្ម​ជាតិ ​ហើយ​ការ​ស្វែង​យល់​អំពី​សារៈ​សំខាន់​នៃ​ការ​ធ្វើ​ឱ្យ​តុល្យ​ភាព​អំណាច​រវាង​បុរស​ និង​ស្ត្រី​ដើម្បី​រួម​ចំណែក​ក្នុង​ការ​កែប្រែ​​នូវ​វិសម​ភាព​លើ​ទំនាក់​ទំនង​រវាង​ស្ដ្រី និ​ង​បុរស​នៃ​ការ​គ្រប់​គ្រង ​ចាត់​ចែង​ និង​ការ​ធ្វើ​សេចក្ដី​ស​ម្រេច​ចិត្ត​»​។​


ទន្ទឹម​គ្នា​នេះ​ដែរ​ លោក​ស្រី ​មីក ​ហ្គា ផា​​ឌី​ឡា (Miks Guia Padilla) ប្រធាន​អង្គ​ការ​កម្ម​វិធី​ផ្លាស់​ប្ដូរ​អនុ​ផល​ព្រៃ​ឈើ​អាស៊ីបាន​ថ្លែង​ថា ​សិក្ខា​សា​លា​នេះ​ដើម្បី​ពន្យល់​ពី​តួនាទី​សំខាន់​របស់​ស្ត្រី​ក្នុង​ការ​អភិវឌ្ឍ​សង្គម​ការ​ងារ​ និង​សហ​គមន៍និង​បង្ហាញ​ពី​ស្ថាន​ភាព​យេន​ឌ័រ​ ព្រម​ទាំង​បញ្ហា​នានា​ដែល​កើត​មាន​នៅ​កម្ពុជា​និង​បណ្ដា​ប្រទេស​ផ្សេងៗ​ក្នុង​តំបន់​ជា​ដើម​។​


​លោក​ស្រី​បាន​បង្ហាញ​ក្តី​រំពឹង​ថា​៖« តាម​រយៈ​ការ​បណ្តុះប​ណ្តាល​នេះ ក៏​នឹង​បង្ហាញ​ឱ្យ​ពួក​គាត់​ចេះ​ដក​បទ​ពិសោធន៍​ពីគ្នា​ទៅ​វិញ​ទៅ​មក​ដើម្បី​ធ្វើ​ឱ្យ​ពួក​គាត់​​ចេះ​សម្រប​សម្រួល​ជា​មួយ​ដៃគូ​និង​របៀប​កែ​លម្អ​យេន​ឌ័រ​នៅ​ក្នុង​សហ​គមន៍​ព្រៃ​ឈើ​របស់​ពួក​គាត់​ឱ្យ​កាន់​តែ​ប្រសើរ​ផង​ដែរ​»​។​

​ជា​មួយ​គ្នា​នេះ​ដែរ​ លោក​ស្រី ​ផ្លឹ​ក ភី​រុំ អ្នក​សម្រប​សម្រួល​បណ្តា​ញ​ជន​ជាតិ​ដើម​ភាគ​តិច​ប្រចាំ​ខេត្ត​មណ្ឌល​គី​រី បាន​ថ្លែង​គាំទ្រ​ចំពោះ​ការ​រៀប​ចំ​ឱ្យ​មាន​វគ្គ​បណ្តុះ​បណ្តាល​នេះ​ដោយ​លោក​ស្រី​បន្ថែម​ថា ​ស្ត្រី​គឺជា​កម្លាំង​មួយ​ដ៏​ខ្លាំង​ក្លា​ស​ម្រាប់​ជំរុញ​ឱ្យ​កិច្ច​ការ​ពារ​ធន​ធាន​ធម្ម​ជាតិ​មាន​និរន្តរ​ភាព​។​

​លោក​ស្រី​បន្ត​ថា​៖«​នៅ​ពេលដែ​ល​ស្ត្រី​បាន​ចូល​រួម​ជា​មួយ​បុរស​ក្នុង​កិច្ច​ការ​ពារ​ធន​ធាន​ធម្មជាតិគឺ​ពិត​ជា​មាន​និរន្តរ​ភាព​ ហេតុ​នេះ​ខ្ញុំ​សូម​ឱ្យ​ស្ថា​ប័ន​ពាក់​ព័ន្ធ​ ពិសេស​ក្រសួង​បរិស្ថាន ​ត្រូវតែ​ជំរុញនិង​លើក​ទឹក​ចិត្ត​ស្ត្រី​ឱ្យ​ចូល​រួម​រាល់​កិច្ច​ការ​អភិរក្ស​សហ​គម​ន៍​ព្រៃ​ឈើ ​ពិសេស​គាំទ្រ​ស្ត្រី​ដែល​ជា​ជន​ជាតិ​ដើម​ភាគ​តិច​ដែល​កំពុង​ធ្វើ​សកម្ម​ភាព​ការពារ​ធន​ធាន​ធម្ម​ជាតិ​របស់​ពួក​គាត់​បន្ថែម​ទៀត​»​។​

​ក្រសួង​បរិស្ថាន​បាន​ឱ្យដឹង​ថា ​គិត​នៅ​ឆ្នាំ​២០២០ ​ក្រសួង​បរិស្ថាន​មាន​ស្ត្រី​ជា​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ចំនួន​៤៤​រូប ​ដែល​ពួក​គាត់​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ការពារ​ដែន​ជម្រក​សត្វ​ព្រៃ ​ឧទ្យាន​ជាតិ​ និង​តំបន់​ការពា​រធម្មជាតិ​នា​នា​ក្នុង​ប្រទេស​កម្ពុជា​ហើយ​កំពុង​ប្រយុទ្ធ​ប្រឆាំង​ទៅ​នឹង​ការ​ទន្ទ្រាន​យក​ដី​និង​បរ​បាញ់​សត្វ​ព្រៃ ។
 
​ទន្ទឹម​គ្នានេះ​ ក្នុ​ងចំណោម​សហ​គមន៍​តំបន់​ការ​ពារ​ធម្ម​ជាតិ​ចំនួន ​១៦៨​ ក៏មាន​ស្ត្រី​ចំនួន​ ៣​ នាក់ បាន​ក្លាយ​ជា​ប្រធាន​សហ​គមន៍ ​ដែលក្នុង​នោះ​ ក៏មាន​ស្ត្រី​ចំនួន ២​៩៩ ​នាក់​ ទៀត ​ជា​សមា​ជិក​គណៈ​កម្មកា​រ​សហ​គមន៍​តំបន់​ការពា​រធម្ម​ជាតិដែល​ពួកគេ​មាន​តួនាទី​ជា​អ្នក​គ្រប់​គ្រង​និង​ប្រើ​ប្រាស់​ធន​ធាន​ធម្ម​ជាតិ​ប្រកប​ដោយ​និរន្តរ​ភាព​ក៏ដូច​ជា​ការការ​ពារ​បេតិក​ភណ្ឌ​វប្ប​ធម៌និង​ធម្ម​ជាតិ​នៅ​ក្នុង​តំបន់​ការ​ពារ​ធម្ម​ជាតិ​របស់​ពួក​គេ​៕