ភ្នំពេញៈ​សាខា​កាក​បាទ​ក្រហម​រាជធា​នី​ភ្នំពេញ​ និង​អង្គ​ការ​ចំនួន ២ បាន​ចុះ​អនុស្ស​រណៈ​នៃ​កា​រយោគ​យល់​គ្នា (MoU) ដើម្បី​​រួម​សហ​ការ​លើក​កម្ពស់​សុវត្ថិ​ភាព​ចរា​ចរណ៍​នៅតំបន់​ជាប់​ព្រំប្រ​ទល់​រាជ​ធានី​ភ្នំពេញ ដើ​ម្បី​ឈាន​ទៅ​ កាត់​បន្ថយ​អត្រា​គ្រោះ​ថ្នាក់​ និង​អត្រា​ស្លាប់​បណ្តាល​មកពី​គ្រោះ​ថ្នាក់​ចរាច​រណ៍​ឱ្យ​កាន់​តែមាន​ប្រសិទ្ធ​ភាព​។​


ពិធី​ចុះ​ហត្ថ​លេខា​នេះ​ បាន​រៀបចំ​ឡើង​កាល​ថ្ងៃទី​២៨ ​ខែ ​កុម្ភៈ ឆ្នាំ២០២៤ ​រវាង​លោក ​ជិន ប៊ុនធឿន នា​យក​ប្រតិ​បត្តិ​សាខា​កាក​បាទ​ក្រហម​រាជ​ធានី​ភ្នំពេញ ជាមួយ​លោក​ស្រី  អាគី​កូ សា​សា​គី នាយិ​កា​ប្រតិ​បត្តិ​អង្គ​ការ​សាយ​បាយ​សាយ ​អ៊ិន​ធឺ​ណេ​សិ​នណល (SBSI) និង​លោក​ គង់ សុវណ្ណ ស្ថាប​និក​អង្គការ​ទ្រទ្រង់​សុវត្ថិ​ភាព​កម្ពុជា ​(CAMSAFE)​។​

MoU​ នេះ ​មាន​គោល​បំណង​បង្កើត​ភាព​ជា​ដៃគូ​ក្នុង​ស្រុក ​និង​អន្ត​រជាតិ ​ដើម្បី​អនុវត្ត​គម្រោងឬ​កម្មវិធី​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ខ្ពស់​ឆ្ពោះ​ដល់​ការ​លើក​កម្ពស់​សុវត្ថិ​ភាព​ចរា​ចរណ៍​ ការ​ឆ្លើយ​តប​ក្រោយ​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ និង​សុខភា​ព​សា​ធា​រណៈសម្រាប់​គ្រប់​ប្រជា​ពលរដ្ឋ និង​ភ្ញៀវ​ទេស​ចរ​ នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​ ក៏ដូច​ជា​តំបន់​ជាប់​ព្រំ​ប្រទល់​រាជ​ធានី​ភ្នំពេញ​។ ​អនុ​ស្សរ​ណៈ​លើក​កម្ពស់​សុវត្ថិ​ភាព​ចរាច​រណ៍​នេះនឹង​ចាប់​ផ្តើម​អនុវត្ត​ចាប់​ពី​ខែ​មីនា ​ឆ្នាំ​២០២៤ ​រហូត​ដល់​ខែមីនា ឆ្នាំ​២០២៦ ​ខាង​មុខ​។​នេះ​បើ​យោង​តាម​ហ្វេ​ស​ប៊ុ​ក​របស់​កាក​បាទ​ក្រហម​កម្ពុជា ។​


លោក​ ជិន ​ប៊ុន​ធឿន បាន​ថ្លែង​ថា អនុស្ស​រណៈ​នា​ពេល​នេះ ​គឺ​បានប​ង្ហាញ​ឱ្យ​ឃើញ​ពី​ឆន្ទៈ ​ការប្តេជ្ញា​​ចិត្ត​ឱ្យ​កាន់​តែ​សកម្ម ​ស៊ី​ជម្រៅ​ថែម​ទៀត ក្នុង​ការ​សហ​ការ​ជា​មួយ​អង្គ​ការ​ទាំង​២​​ក្នុង​ការ​អនុវត្ត​សេវាក​ម្ម​មនុស្ស​ធម៌​រួម​មាន ការ​ឆ្លើយ​តប​ ការ​ត្រៀម​បង្ការ​គ្រោះ​មហន្ត​រាយ ​ការ​ការ​ពារ​គ្រោះ​ថ្នាក់​និង​ការ​រង​របួស ​ការថែ​រក្សា​សុខ​ភាព​ និង​ការ​ផ្សព្វ​ផ្សាយ​សម្រាប់​ប្រជា​ពល​រដ្ឋ​ឱ្យ​បាន​កាន់​តែ​ទូលំ​ទូ​លាយ​ថែម​ទៀត​។​

លោក​បាន​បញ្ជាក់​ថា​ កិច្ច​សហ​ការ​រួមគ្នា​នេះ​នឹង​ជា​ផ្នែក​មួយ​ដើម្បី​លើក​កម្ពស់​សុវត្ថិ​ភាព​ចរា​ចរណ៍​និង​ការ​ឆ្លើយ​តប​ការ​សង្គ្រោះ​ក្រោយ​ហេតុ​ការ​ណ៍​គ្រោះ​ថ្នាក់​ចរា​ចរណ៍និង​សុខ​ភាព​សា​ធា​រណៈ​។ 


នា​ឱកាស​នោះ​លោក​ស្រី អាគី​កូ សា​សា​គី បាន​ឱ្យដឹង​ថា អង្គការ​ SBSI​ ជា​អង្គ​ការមិន​រកប្រា​ក់​ចំណេញ​មួយ បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៨៥ ​មាន​ការិ​យាល័​យ​កណ្ដាល​របស់​ខ្លួន​នៅ​ទីក្រុង​តូ​ក្យូ​ប្រទេស​ជប៉ុន​ និង​មាន​បេសក​កម្ម​ក្នុង​ជំនួយ​មនុស្ស​ធម៌​និង​ផ្គត់​ផ្គង់​សម្ភារ​បរិក្ខារ​។​ជា​មួយ​គ្នានេះ​លោក​ស្រី​បាន​ថ្លែង​អំណ​រគុណ​ចំពោះ​កាក​បាទក្រហម​ភ្នំពេញ​ដែល​តែង​តែ​ផ្តល់​នូវ​ការ​សហ​ការ​យ៉ាង​ល្អជា​មួយ​អង្គ​ការ​រហូត​ដល់​រួមគ្នា​ចុះ​ហត្ថ​លេខា​លើ​អនុ​ស្ស​រណៈ​នា​ពេល​នេះ​។​

ទន្ទឹម​គ្នា​នេះ ​លោក ​គង់ សុវណ្ណ ស្ថាប​និក​អង្គ​ការ ​CAMSAFE បាន​ឱ្យដឹងថា​ អង្គ​ការ​លោក គឺជា​អង្គ​ការ​មួយ​ក្នុង​ប្រទេស​កម្ពុជាដែល​មិន​ស្វែង​រក​ប្រាក់​ចំណេញ​មាន​គោល​ដៅ​ដើម្បី​ទប់​ស្កាត់​ការ​ស្លាប់​និង​របួស​ដោយ​គ្រោះ​ថ្នាក់​ចរាច​រណ៍លើ​កក​ម្ពស់​ភាព​ធន់និ​ង​ការប្រែ​ប្រួល​បរិ​ស្ថាន​និង​លើក​កម្ពស់​សុខ​ភាព​សាធា​រណៈ​នៅកម្ពុជា​។

លោកបាន​រំពឹង​ថា​៖ «​តាម​រយៈ​MoU នេះ​ ជឿជាក់​ថា​កុមារ​ យុវ​វ័យ​ និង​ស្ត្រី​គឺជា​​ភ្នាក់​ងារ​មាន​ឥទ្ធិ​ពល​ខ្ពស់​ក្នុង​ការ​ធ្វើឱ្យ​មនុស្ស​ជាតិ​គ្រប់​រូប​ក្នុង​ពិភព​លោក​មាន​សុខ​ភាព​ល្អ​» ។​

គួរ​ជម្រាប​ថា ក្នុង​ឆ្នាំ​២០២៣ ​គ្រោះ​ថ្នាក់​ចរាចរ​ណ៍​កើត​ឡើង​សរុប ​៣ ៣១៧​ លើក ​បណ្តា​លឱ្យ​មនុស្ស​ស្លាប់​ចំនួន​១ ៥​៩០​នាក់ ​និង​របួស​ ៤ ៥​១៥​ នាក់​។ បើ​គិត​ក្នុង​ឆ្នាំ​២០២៣​ ធៀប​នឹង​ឆ្នាំ​២០២២ ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​មាន​ការ​កើន ​៣៤១​ លើក​ស្មើ​ ១១​ ភាគ​រយ ​ប៉ុន្តែចំនួន​អ្នក​ស្លាប់​ថយ​ចុះ ១​១៩​ នាក់​ស្មើ ​៧​ ភាគ​រយ និ​ង​ចំនួន​អ្នក​របួស​កើន ៤៨៩​ នាក់​ ស្មើ​ ១២​ ភាគ​រយ​។​នេះ​បើ​យោង​តាម​របាយ​ការណ៍​អនុ​គណៈក​ម្មការ​ទី​២ នៃ​គណៈ​កម្មាធិ​ការ​ជាតិ​សុវត្ថិ​ភាព​ចរា​ចរណ៍​ផ្លូវ​គោក​ចេញ​ផ្សាយ​កាល​ពី​ខែ​មករា​ ឆ្នាំ​២០២៤៕