​ក្រសួង​អប់រំ យុវជន និង​កីឡា ចេញ​សេចក្ដីបំភ្លឺ ជុំវិញ​ករណី​កៀរគរ​ថវិកា​សប្បុរស​ជន​ ដើម្បី​គាំទ្រ​បន្ថែម​ដល់​ដំណើរការ​សាលារៀន​នៅតាម​គ្រឹះស្ថានសិក្សា​សាធារណៈ ខណៈ​ក្រសួង​បញ្ជាក់​បន្ថែមថា ហាមឃាត់​ដាច់ខាត​ការតម្រូវ​ឱ្យ​ប្រមូល​ថវិកា​ពី​សិស្ស មាតាបិតា អ្នកអាណាព្យាបាល ខុសពី​គោលការណ៍​ណែនាំ​។


ការចេញ​បំភ្លឺ​នេះ បន្ទាប់ពី​មានការ​លើកឡើង​របស់​សារព័ត៌មាន​មួយចំនួន ជុំវិញ​ករណី​ការ​ស្នើឱ្យ​មាតាបិតា អ្នកអាណាព្យាបាល​សិស្ស​ចូលរួម​ថវិកា​សម្រាប់​គាំទ្រ​បន្ថែម​លើ​ដំណើរការ​សាលារៀន នៅតាម​គ្រឹះស្ថានសិក្សា​សាធារណៈ នៅ​រាជធានី​ភ្នំពេញ ដូចជា​ការចូលរួម​បង់ថ្លៃ​ទឹក ភ្លើង សំរាម ក្នុង​មួយឆ្នាំ​សិក្សា​ប្រមាណ​ពី ១​ ម៉ឺន​ទៅ ​៣​ ម៉ឺន​រៀល​។

សេចក្តីបំភ្លឺ​របស់​ក្រសួង​អប់រំ ចុះ​ថ្ងៃទី​ ២ ខែកុម្ភៈ ឆ្នាំ ២០២៤ បានឱ្យដឹងថា កន្លងមក​ដោយមាន​សំណូមពរ​ពី​មាតាបិតា អ្នកអាណាព្យាបាល និង​សិស្សានុសិស្ស​ក្នុងការ​បំពាក់ កង្ហារ បន្ទប់​ម៉ាស៊ីនត្រជាក់ បន្ទប់​កុំព្យូទ័រ បន្ទប់ពិសោធន៍ ការបង្រៀន​បែប​ឌីជីថល ការរៀបចំ​បរិស្ថាន​បៃតង និង​លើកកម្ពស់​អនាម័យ​ផាសុកភាព​នៅ​សាលារៀន ធ្វើឱ្យ​ចំណាយ​លើ​ការបង់ថ្លៃ​អគ្គិសនី ទឹក និង សំរាម មានការ​កើនឡើង ដែលនាំឱ្យ​ថវិកា​ដំណើរការ​សាលារៀន​មិនអាច​ទ្រទ្រង់​ទំហំ​ចំណាយ​នេះ​រួច​ដែលជា​មូលហេតុ​នៃ​ការសម្រេច​របស់​គណៈកម្មកា​រ​គ្រប់គ្រង​សាលារៀន ក្នុងការ​ស្វែងរក​ថវិកា​បន្ថែម​ពី សប្បុរសជន និង​ការចូលរួម​ឧបត្ថម្ភ​ដោយ​ស្ម័គ្រចិត្ត​ពី​មាតាបិតា អ្នកអាណាព្យាបាល​។


យ៉ាងណាមិញ ក្រសួង​អប់រំ បាន​គូសបញ្ជាក់ថា​៖ ​​«​ក្នុងការ​អនុវត្ត​ភាព​ជា​ដៃគូ​រដ្ឋ និង​សហគមន៍​ក្នុង​វិស័យ​អប់រំ មុននឹង​កៀរគរ​ថវិកា​អ្វីមួយ គឺ​តម្រូវឱ្យមាន​ការប្រជុំ ពិភាក្សា ឯកភាព​ពី​គណៈកម្មការ​គ្រប់គ្រង​សាលារៀន មាតាបិតា និង​អ្នកអាណាព្យាបាល សិស្ស​យ៉ាងតិច​សំឡេងគាំទ្រ​ឱ្យបាន​លើសពី ៨០% ទើប​អាច​ចាត់ទុកជា​ផ្លូវការ ដោយមាន​កំណត់ហេតុ​ច្បាស់លាស់​ទុក​ទៅ​ទីចាត់ការ​សាលារៀន​»​។

ក្រសួង​បន្ថែមថា ថវិកា​ទាំងអស់​ដែល​ទទួលបាន​ស្ថិតក្រោម​ការគ្រប់គ្រង និង​ប្រើប្រាស់​ប្រកបដោយ​តម្លាភាព តាមរយៈ​ការសម្រេច​ពី​គណៈកម្មការ​គ្រប់គ្រង​សាលារៀន ក្នុង​គោលដៅ​កែលម្អ​លទ្ធផល​សិស្សានុសិស្ស​។ ចំពោះ​គ្រួសារ​សិស្ស​ដែល​ពុំមាន​លទ្ធភាព​វិញ ត្រូវបាន​លើកលែង​ពី​ការចូលរួម​បដិភាគ​គ្រប់​ប្រភេទ ក្នុងការ​គាំទ្រ​ដល់​ដំណើរការ​កែលម្អ​ការរៀន និង​បង្រៀន​។


សេចក្តីបំភ្លឺ​បន្ថែមថា ក្រសួងបាននិងកំពុង​អនុវត្ត​នូវ​អធិការកិច្ច​នៅតាម​គ្រឹះស្ថានសិក្សា ដើម្បី​ពង្រឹង​ដល់​ដំណើរការ អភិបាលកិច្ច​សាលារៀន និង​លើកកម្ពស់​ប្រសិទ្ធភាព​នៃ​ការប្រើប្រាស់​ថវិកា​ដំណើរ​ការ​សាលា ដែល​រួមមាន​ថវិកា​ទទួលបាន​ពីរ​ដ្ឋ និង​ការចូលរួម​ពី​សប្បុរសជន មាតាបិតា អ្នកអាណាព្យាបាល និង​សហគមន៍ ប្រកបដោយ​តម្លាភាព និង​គណនេយ្យភាព​ឆ្ពោះទៅ​លើកកម្ពស់​លទ្ធផល​សិក្សា​របស់​សិស្ស ការផ្លាស់ប្តូរ វប្បធម៌​សាលារៀន ការពង្រឹង​វិន័យ សីលធម៌ ចរិយា​ធម៌ សុជីវធម៌ គុណធម៌ និង​ឥរិយាបថ​ល្អ​របស់ បុគ្គលិក​អប់រំ និង​សិស្សានុសិស្ស​។

សេចក្តីបំភ្លឺ​ឱ្យដឹងទៀតថា គោរព​តាម​គោលការណ៍​ណែនាំ​ពី​ក្រសួង ទៅ​មន្ទីរអប់រំ យុវជន និង​កីឡា​រាជធានី​ភ្នំពេញ គឺ​បាន​ដាក់ចេញ​នូវ​វិធានការ​យ៉ាង​តឹងរ៉ឹង​ក្នុងការ​ទប់ស្កាត់​បាតុភាព​មិន​ប្រក្រតី នៃ​ការប្រមូល​ថវិកា​ពី​សិស្ស មាតាបិតា អ្នកអាណាព្យាបាល​។

បើតាម​សេចក្តីបំភ្លឺ​ដដែល គ្រឹះស្ថានសិក្សា​សាធារណៈ​ទទួលបាន​មូលនិធិ​ដំណើរការ​សាលារៀន​ប្រចាំឆ្នាំ​ជា​មធ្យម ១៦​លាន​រៀល សម្រាប់​ដំណើរការ​រដ្ឋបាល​សាលារៀន និង​គាំទ្រ​ការរៀន និង​បង្រៀន​។ ជាក់ស្ដែង​ផ្អែក​តាម​សំណូមពរ មាតាបិតា និង​តម្រូវការ​ខាងលើ​ធ្វើឱ្យ​ចំណាយ​ទៅលើ​ថ្លៃ​ទឹក ភ្លើង និង​សំរាម​កើនឡើង​ពី​ ៥ ​ទៅ​ ១០ ​ដង​ នៃ​ទំហំ​ថវិកា​ដែល​សាលារៀន​បានទទួល​ពី​រដ្ឋ​សម្រាប់​ចំណាយ​៕