លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា ប្រទេសកម្ពុជា និងប្រទេសថៃ តាមរយៈ ថ្នាក់ដឹកនាំក្រសួងបរិស្ថានរបស់កម្ពុជា និងក្រសួងការបរទេសនៃប្រទេសថៃ បានប្តេជ្ញាចិត្តរួមគ្នាទប់ស្កាត់ផ្សែងអ័ព្ទ និងការបំពុលទៅក្នុងបរិយាកាស ដើម្បីការពារសុខុមាលភាពរបស់ប្រជាពលរដ្ឋនៃប្រទេសទាំង ២។
លោក ខ្វៃ អាទិត្យា បានលើកឡើងបែបនេះ តាមរយៈបណ្តាញសង្គមតេឡេក្រាមនៅថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០២៤ នៅក្រោយបញ្ចប់ជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាង លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោក ចាក់កាពុង សុងម៉ានី អនុរដ្ឋមន្ត្រីក្រសួងការបរទេសនៃប្រទេសថៃ តាមទូរស័ព្ទ នៅរសៀលថ្ងៃទី ២ កុម្ភៈ ឆ្នាំ ២០២៤។
លោកបញ្ជាក់ទៀតថា នៅក្នុងជំនួបគ្នានេះ ក៏មានវត្តមានលោក ឈឺតគៀត អាតថាខន (Cherdkiat ATTHAKOR) ឯកអគ្គរាជទូតប្រទេសថៃប្រចាំនៅកម្ពុជា ដែលបានទទួលការអនុញ្ញាត ចូលរួមជួបសម្តែងការគួសមដោយផ្ទាល់ នាទីស្តីការក្រសួងបរិស្ថាន។
នាឱកាសនោះ លោក ឈឺតគៀត អាតថាខន បានថ្លែងនូវការអរគុណចំពោះ លោករដ្ឋមន្ត្រីក្រសួងបរិស្ថានកម្ពុជា ដែលបានអនុញ្ញាតឱ្យ បានចូលជួបសម្តែងការគួរសម ជាពិសេសគឺបានអនុញ្ញាតឱ្យលោក ចាក់កាពុង សុងម៉ានី បានជួបពិភាក្សាការងារ តាមទូរស័ព្ទផងដែរ។
នាឱកាសនោះ លោក ចាក់កាពុង សុងម៉ានី បានលើកឡើងអំពីបញ្ហាផ្សែងអ័ព្ទ ដែលតែងកើតឡើងជារៀងរាល់ឆ្នាំ ហើយបានបង្កផលប៉ះពាល់ដល់សុខភាព របស់ប្រជាពលរដ្ឋ នៃប្រទេសទាំង ២។
លោកបន្តថា ចំពោះបញ្ហានេះប្រទេសថៃ ចាំបាច់ត្រូវការការរួមចំណែកពីប្រទេសកម្ពុជា ដើម្បីឆ្លើយតបនឹងបញ្ហាតំបន់ តាមរយៈកិច្ចសហប្រតិបត្តិការទ្វេភាគី ដោយបង្កើតឱ្យមានក្រុមការងារ ឧបករណ៍បច្ចេកទេស សម្រាប់ត្រួតពិនិត្យ និងដោះស្រាយលើបញ្ហានេះ ព្រមទាំងបង្កើតជាប្រព័ន្ធ Hot-Line ពិសេស រវាងថៃនិងកម្ពុជា។
លោក ចាក់កាពុង សុងម៉ានី បន្តថា កន្លងមក លោកស្រេតដ្ឋា ទវីសិន នាយករដ្ឋមន្ត្រីថៃ ធ្លាប់បានជួបពិភាក្សាចំនួន ២ ដងរួចមកហើយលើបញ្ហា ជាមួយលោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ជាការឆ្លើយតប លោក អ៊ាង សុផល្លែត បានថ្លែងអំណរគុណចំពោះ អនុរដ្ឋមន្ត្រីប្រទេសថៃ ដែលបានយកចិត្តទុកដាក់ខ្លាំង ចំពោះបរិស្ថានក្នុងតំបន់។
លោកបានថ្លែងថា៖ «ជាការពិតបរិស្ថានមិនមានដែនកំណត់ដូចព្រំប្រទល់ នៃប្រទេសនីមួយៗនោះទេ ហើយការណ៍នេះ យើងចាំបាច់ត្រូវរួមគ្នាទប់ស្កាត់ និងសម្អាតប្រទេសយើង ឱ្យស្អាតដូចដែលយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថានឆ្នាំ ២០២៣- ២០២៨ របស់កម្ពុជា បានដាក់ចេញ ដែលក្រសួងបរិស្ថានបានកំពុងអនុវត្តលើគោលដៅអាទិភាព ៣ គឺភាពស្អាត ភាពបៃតង និងចីរភាព»។
ចំពោះក្តីបារម្ភលើផ្សែងអ័ព្ទនេះ លោក អ៊ាង សុផល្លែត បានលើកបង្ហាញ នូវរបាយការណ៍ដែលកម្ពុជាបានតាមដានគុណភាពខ្យល់ជាប្រចាំ តាមរយៈឧបករណ៍ស្វ័យប្រវត្តិ និងស្ថានីយតាមដាន ត្រួតពិនិត្យគុណភាពខ្យល់ ទាំងនៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានា។ ជាលទ្ធផល សន្ទស្សន៍គុណភាពខ្យល់ ត្រូវបានស្រង់និងបង្ហាញស្ថិតក្នុងកម្រិតល្អប្រសើរ ដោយមានការប្រែប្រួលក្នុងកម្រិតតិចតួចប៉ុណ្ណោះ គឺកម្រិតភាគល្អិតនិចល PM2.5 មានជាមធ្យមចន្លោះពី ៩,២១ µg/m3 ទៅ ៣២,៦៨ µg/m3 (កម្រិតស្តង់ដាPM2.5 គឺតូចជាង ៥០ µg/m3)។ កម្រិតសន្ទស្សន៍គុណភាពខ្យល់នៅកម្ពុជា នាពេលកន្លងមកនេះ មិនមានការបង្កហានិភ័យ ដល់សុខភាពប្រជាពលរដ្ឋកម្ពុជាទេ។
លោក អ៊ាង សុផល្លែត បានបញ្ជាក់បន្ថែមថា កម្ពុជាបានត្រៀមខ្លួនរួចជាស្រេច ក្នុងការឆ្លើយតបនឹងការបំពុល ទាំងនៅលើគោក លើអាកាស និងនៅក្នុងទឹក ទើបក្នុងរយៈពេលជាង ១០០ ថ្ងៃកន្លងមកនេះ លោកបានដាក់ចេញ នូវយុទ្ធនាការ ផ្ទៃមេឃពណ៌ខៀវ (blue sky campaign) ដែលស្រដៀងនឹងកម្មវិធី Clear Sky របស់ប្រទេសថៃដែរ។
បើតាម លោក អ៊ាង សុផល្លែត កម្ពុជា និងថៃបានប្តេជ្ញាចិត្តរួមគ្នា ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី តាមរយៈការផ្លាស់ប្តូរបទពិសោធន៍ល្អ ទៅវិញទៅមក ឆ្លើយតបនឹងការទប់ស្កាត់ផ្សែងអ័ព្ទ ការបំពុលដោយសំណល់ និងប្លាស្ទិក នៅក្នុងបរិយាកាស ដើម្បីជំរុញឱ្យប្រទេសជាមិត្ត ក្នុងតំបន់អាស៊ានមានភាពស្អាត គឺស្អាតទាំងបរិយាកាសជុំវិញ ស្អាតចិត្ត និងស្អាតទាំងសុខភាព៕