គណៈរដ្ឋមន្ត្រី បានអនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី​ការដឹកជញ្ជូន​តាមផ្លូវ​ទឹក ដើម្បី​ផ្តល់​កាលានុវត្តភាព​វិនិយោគ និង​ការប្រកួតប្រជែង​ប្រកបដោយ​តម្លាភាព និង​ក្នុង​គោលបំណង​រក្សា​សណ្តាប់ធ្នាប់ ធានា​សុវត្ថិភាព សន្តិសុខ​នៃ​ការដឹកជញ្ជូន​តាមផ្លូវ​ទឹក​។


ការអនុម័ត​នេះ ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី នៅ​ទីស្តីការ​នាយករដ្ឋមន្ត្រី (​វិមាន​សន្តិភាព​) កាលពី​ថ្ងៃទី​ ២ ខែកុម្ភៈ ឆ្នាំ​ ២០២៤ ដែល​ដឹកនាំ​កិច្ចប្រជុំ​ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត ដើម្បី​ពិភាក្សា ឆ្លង និង​អនុម័ត​នូវ​របៀបវារៈ​ចំនួន ៥ រួមទាំង​សេចក្តីព្រាងច្បាប់​ស្តីពី​ការដឹកជញ្ជូន​តាមផ្លូវ​ទឹក​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន ស្តីពី​លទ្ធផល​សម័យប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​។

សេចក្តីព្រាងច្បាប់​ស្តីពី​ការដឹកជញ្ជូន​តាមផ្លូវ​ទឹក មាន ១៨​ ជំពូក និង ២៧៥​ មាត្រា ដោយ​កំណត់​អំពី​ការគ្រប់គ្រង​ និង​ការអភិវឌ្ឍ​វិស័យ​ដឹកជញ្ជូន​តាមផ្លូវ​ទឹក និង​កំពង់ផែ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​គោលបំណង​ដើម្បី​រក្សា​សណ្តាប់ធ្នាប់ ធានា​សុវត្ថិភាព សន្តិសុខ​នៃ​ការដឹកជញ្ជូន​តាមផ្លូវ​ទឹក ព្រមទាំង​ការកសាង​និង ថែរក្សា​ការពារ​ហេដ្ឋារចនាសម្ព័ន្ធ​ពាក់ព័ន្ធ និង​រួមចំណែក​ការពារ​បរិស្ថាន ព្រមទាំង​ផ្តល់​កាលានុវត្តភាព​វិនិយោគ និង​ការប្រកួតប្រជែង​ប្រកបដោយ​យុត្តិធម៌ សមធម៌ និង​តម្លាភាព សម្រាប់​បម្រើ​ពាណិជ្ជកម្ម​ជាតិ​និង​អន្តរជាតិ និង ទ្រទ្រង់​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​។


គណៈរដ្ឋមន្ត្រីបានឱ្យដឹង​ទៀតថា៖ «​វិសាលភាព​នៃ​សេចក្តីព្រាងច្បាប់​នេះ គឺ​អនុវត្ត​ចំពោះ​នាវា នាវិក កំពង់ផែ ម្ចាស់ នាវា​ឬ​ម្ចាស់​នាវា​ភារ​វេទ​កិច្ច យានដ្ឋាន​នាវា ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវទឹក និង​សកម្មភាព​ដែល​ពាក់ព័ន្ធ​ផ្សេងទៀត​នៅក្នុង ដែនដី និង​ដែន​យុត្តាធិការ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លើកលែងតែ​នាវា កំពង់ផែ និង​ឋបនីយភណ្ឌ​របស់​កង​កម្លាំង​មាន​សមត្ថកិច្ច​នៃ​ក្រសួងការពារជាតិ និង​ក្រសួងមហាផ្ទៃ ដែល​កំណត់​ក្នុង​លិខិតបទដ្ឋាន​គតិយុត្ត​ដោយ ឡែក​»​។

លោក ស៊ិន ច​ន្ធី ប្រធាន​សមាគម​ភ័ស្តុភារ​កម្ម​កម្ពុជា បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី ​៣ ខែកុម្ភៈ​នេះ​ថា សេចក្តីព្រាងច្បាប់​ស្តីពី​ការដឹកជញ្ជូន​តាមផ្លូវ​ទឹក ពិត​ជាមាន​សារៈសំខាន់​ខ្លាំងណាស់​សម្រាប់​វិស័យ​ដឹកជញ្ជូន​ខាង​ផ្លូវទឹក ខណៈដែល​ប្រទេស​កម្ពុជា មាន​ទីតាំង​ជាប់​នៅ​ផ្លូវទឹក​ច្រើន ដូចជា ទន្លេ សមុទ្រ​ជាដើម​។


លោក​បាន​បញ្ជាក់បន្ថែម​ដូច្នេះ​ថា​៖ «​ដូច​យើង​ដឹង​ស្រាប់​ហើយ រាជរដ្ឋាភិបាល​មាន​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​និង​មធ្យោបាយ​ដឹកជញ្ជូន​តាមផ្លូវ​ទឹក ដូចជា​ការសាងសង់​កំពង់ផែ ព្រែកជីក​ជាដើម ដែល​ទាំងនេះ​សុទ្ធតែ​ត្រូវការ​ច្បាប់ ដើម្បី​គ្រប់គ្រង​។ ក្នុងចំណោម​មធ្យោបាយ​ដឹកជញ្ជូន​ទាំងអស់ ការដឹកជញ្ជូន​តាមផ្លូវ​ទឹក​មានតម្លៃ​សមរម្យ និង​មាន​សក្តានុពល​ជាងគេ​។ ដូច្នេះ​ការរៀបចំ​ឱ្យមាន​ច្បាប់​ស្តីពី ការដឹកជញ្ជូន​តាមផ្លូវ​ទឹក​នាពេលនេះ គឺ​ចំពេល​វេលា​តែម្តង​»​។

លោក ស៊ិន ច​ន្ធី រំពឹង​ដែរ​ថា នៅពេលដែល​សេចក្តីព្រាងច្បាប់​ស្តីពី​ការដឹកជញ្ជូន​តាមផ្លូវ​ទឹក ប្រកាស​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ វា​នឹង​អាច​ជំរុញ​ឱ្យ​វិស័យ​ដឹកជញ្ជូន​តាមផ្លូវ​ទឹក​កាន់តែ​មាន​ភាព​រីកចម្រើន​បន្ថែមទៀត ដែល​អាច​ទាក់ទាញ​ការវិនិយោគ​លើ​វិស័យនេះ កាន់តែច្រើន​។

បើតាម​សេចក្តីប្រកាស​ព័ត៌មាន សេចក្តីព្រាងច្បាប់​នេះ ត្រូវបាន​កំណត់​ជា​ការងារ​អាទិភាព​ក្នុង​យុទ្ធសាស្ត្រ​បញ្ច​កោណ ដំណាក់កាល​ទី​១ បញ្ច​កោណ​ទី​២ មុំ​ទី​២ ត្រង់ចំណុច​ទី​៤ ដែល​បាន​រំលេច​យ៉ាងច្បាស់​ពី​កា​រព​ន្លឿ​ន​ការរៀបចំ​ច្បាប់​ស្តីពី​ការដឹកជញ្ជូន តាមផ្លូវ​ទឹក និង​កំពង់ផែ​៕​