​ក្រុមការងារ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​លែង​កូន​ក្តាមសេះ អាយុ​ ២០ ​ថ្ងៃ ចំនួន ​៥០ ​ម៉ឺន​កូន ចូលក្នុង​តំបន់​ដែន​នេសាទ​សហគមន៍​ទំនប់រលក ឃុំ​ទំនប់រលក ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ ដើម្បី​បង្កើន​ផល​ស្តុក​ក្ដាមសេះ​ក្នុង​ជម្រក​ធម្មជាតិ និង​ជា​ផ្នែក​មួយ​ក្នុង​ការចូលរួម​អភិរក្ស​ផងដែរ​។


ពិធី​លែង​កូន​ក្តាមសេះ បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​ ២ ខែកុម្ភៈ ឆ្នាំ​ ២០២៤ ដោយមាន​ការចូលរួម​ពី​អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ គឺ​លោក ឡោ រស្មី និង​លោកស្រី ហ៊ូ សុពណ៌ និង​មានការ​ចូលរួម​ពី អភិបាលរង មេឃុំ​ទាំង ​៣ នៅក្នុង​ស្រុក​ស្ទឹងហាវ មន្ត្រី​ជំនាញ​រដ្ឋបាល​ជលផល​ខេត្ត​ព្រះសីហនុ តំណាង​សហគមន៍​វារីវប្បកម្ម និង​តំណាង​អង្គការ​សម្ព័ន្ធ​សត្វព្រៃ និង​ធម្មជាតិ​(WEA) ផងដែរ​។ នេះ​បើតាម​ហ្វេ​ស​ប៊ុ​ករ​បស់​ក្រសួងកសិកម្ម​។

ពិធី​លែង​កូន​ក្តាមសេះ​នេះ រៀបចំឡើង​ដោយ មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​វារីវប្បកម្ម​សមុទ្រ សហការ​ជាមួយ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្ត​ព្រះសីហនុ ក្នុង​គោលបំណង ដើម្បី​ចូលរួមចំណែក​ក្នុងការ​អភិរក្ស និង​បង្កើន​ផល​ស្តុក​ក្ដាមសេះ​ក្នុង​ជម្រក​ធម្មជាតិ​។


បើតាម​ក្រសួងកសិកម្ម ក្តាមសេះ​ដែល​ត្រូវបាន​លែង​ទាំងនោះ គឺ​បន្ទាប់ពី​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​វារីវប្បកម្ម​សមុទ្រ នៃ​រដ្ឋបាល​ជលផល បាន​យក​ក្តាមសេះ​ញី​ដែលមាន​ពង​ខាងក្រៅ មក​ថែរក្សា និង​ភ្ញាស់ រួច​បំប៉ន​ឱ្យក្លាយ​ជា​កូន​ក្តាមសេះ​។​

លោក ជា ផល្លី​ន ប្រធាន​ប្រតិបត្តិ អង្គការ​សម្ព័ន្ធ​សត្វព្រៃ និង​ធម្មជាតិ (WEA)​បាន​ប្រាប់ឱ្យដឹង​បន្ថែមថា ក្តាម គឺជា​ប្រភព​ចំណូល​យ៉ាងសំខាន់​សម្រាប់​ប្រជា​នេសាទ​តាម​តំបន់ឆ្នេរ ដូច្នេះ​ការលែង​ក្តាម​មាន​ពង​ក្រៅ​ស្នូក​នេះ នឹងចូលរួម​ធានា​ផល​ស្តុក​ក្តាម​ឱ្យមាន​ស្ថិរភាព​។


លោក​បាន​បញ្ជាក់ថា​៖ «​ភាគី​ពាក់ព័ន្ធ រៀបចំ​កម្មវិធី​នេះ​ឡើង ដើម្បី​លើកទឹកចិត្ត​ឱ្យ​ប្រជាពលរដ្ឋ​រួមគ្នា ក្នុងការ​បង្កើន​ផល​ស្តុក​ក្តាម​ធម្មជាតិ​ឡើងវិញ និង​ដើម្បី​និរន្តរភាព​នៃ​ការផ្គត់ផ្គង់​ក្តាម​ពី​ធម្មជាតិ នៅក្នុង​ប្រទេស​យើង​។​សូម​ប្រជាពលរដ្ឋ​ទាំងអស់ ចូលរួម​ទាំងអស់គ្នា ដើម្បី​ជួយ​ធានា​ផល​ស្ដុក​ក្តាម​ក្នុងប្រទេស​យើង ដោយ​ការចូលរួម​គឺ​ត្រូវអនុវត្ត​ ៤ ​កុំ ចំពោះ​ក្តាម​ដែលមាន​ពង​ក្រៅ​ស្នូក ពោល កុំ​ចាប់ កុំ​ទិញ កុំ​លក់ កុំ​បរិភោគ និង ​៤ ត្រូវ គឺ ត្រូវគោរព​ច្បាប់ ត្រូវ​លែង ត្រូវ​ចូលរួម និង​ត្រូវ​ធ្វើជា​គំរូ​»៕