មន្ត្រីជាន់ខ្ពស់​អន្តោប្រវេសន៍​នៃ​ក្រសួងមហាផ្ទៃ ណែនាំ​ដល់​កម្លាំង​នគរបាល​ប៉ុស្តិ៍​ច្រកទ្វារ​កំពង់ផែ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ ត្រូវ​យកចិត្តទុកដាក់​ក្នុងការ​បម្រើសេវា​ជូន​ភ្ញៀវទេសចរ​អន្តរជាតិ ដែល​បានធ្វើ​ដំណើរ​តាម​ច្រកទ្វារ​កំពង់ផែ ប្រកបដោយ​វិជ្ជាជីវៈ និង​បំពេញ​តួនាទី​ឱ្យបាន​ត្រឹមត្រូវ​។


លោក សុខ វាសនា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បាន​ណែនាំ​បែបនេះ​ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច និង​តែងតាំង​មុខតំណែង នាយ​បុ​ស្តិ៍​នគរបាល​ច្រកទ្វារ​កំពង់ផែ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​។ ក្នុង​ពិធី​នេះ មាន​អញ្ជើញ​ចូលរួម​ពី​មន្ត្រីខេត្ត ថ្នាក់ដឹកនាំ​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ តំណាង អង្គភាព ស្ថាប័ន ដែល​ពាក់ព័ន្ធ នាយប៉ុស្តិ៍ និង​មន្ត្រី​នៃ​ប៉ុស្តិ៍នគរបាល​ច្រកទ្វារ​កំពង់ផែ​អន្តរជាតិ​ទាំងអស់​ក្នុង​ខេត្ត​ព្រះសីហនុ​។ នេះ​បើតាម​ហ្វេ​ស​ប៊ុ​ក​ក្រសួងមហាផ្ទៃ​នៅ​ថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០២៤​។

នា​ពិធី​នោះ​លោក សុខ វាសនា បាន​ណែនាំ​ដល់​នគរបាល​ប៉ុស្តិ៍​ច្រកទ្វារ​កំពង់ផែ​អន្តរជាតិ​ខេត្ត​នេះ ត្រូវបំពេញ​ភារកិច្ច​ឱ្យមាន​ការរួបរួម​សាម​គី្គ​ភាព​ផ្ទៃក្នុង និង​គោរព​តាម​តួនាទី​ភារកិច្ច​របស់​នគរបាល​អន្តោប្រវេសន៍​ឱ្យបាន​ត្រឹមត្រូវ​។ លោក​បាន​ថ្លែងថា​៖«​មន្ត្រីនគរបាល​អន្តោប្រវេសន៍​ទាំងអស់​ដែល​បាន​ប្រចាំការ​នៅតាម​ប៉ុស្តិ៍នគរបាល​ច្រកទ្វារ​កំពង់ផែ​អន្តរជាតិ សូម​យកចិត្តទុកដាក់​ក្នុងការ​បម្រើសេវា​ជូន​ភ្ញៀវទេសចរ​អន្តរជាតិ​ដែល​បានធ្វើ​ដំណើរ​តាម​ច្រកទ្វារ​កំពង់ផែ ដោយ​វិជ្ជាជីវៈ និង​មានការ​កត់ត្រា​ឱ្យបាន​ច្បាស់លាស់​នូវ​ដំណើរ​ចេញ​-​ចូល​របស់​ភ្ញៀវទេសចរ ទោះបី​ចូលមកក្នុង​រយៈពេល​ខ្លី​ក៏ដោយ​»​។


ជាមួយគ្នានេះដែរ លោក​ក៏បាន​ជំរុញ​ឱ្យ​នគរបាល​អន្តោប្រវេសន៍​ក្នុង​ខេត្ត​ព្រះសីហនុ គ្រប់គ្រង​ឱ្យបាន​នូវ​ចំនួន​ជនបរទេស​ដែល​បាន​ស្នាក់​នៅក្នុង​ខេត្ត និង​ជនបរទេស​អន្តោប្រវេសន៍ ជាពិសេស​ការ​លួច​ឆ្លងដែន ឧក្រិដ្ឋកម្ម និង​ការជួញដូរ​ខុសច្បាប់​តាមផ្លូវ​ទឹក​។

បន្ថែម​ពីនេះ​លោក សុខ វាសនា បាន​ណែនាំ​ឱ្យ​មន្ត្រីនគរបាល​អន្តោប្រវេសន៍​ចូលរួម ផ្សព្វផ្សាយ​ទប់ស្កាត់​ការជួញដូរ​មនុស្ស​ខុសច្បាប់ និង​ការជួញដូរ​គ្រឿងញៀន​ខុសច្បាប់​ផងដែរ​។


សូមជម្រាបថា ច្រកទ្វារ​កំពង់ផែ​អន្តរជាតិ​នៅ​ខេត្ត​ព្រះសីហនុ​រួមមាន ប៉ុស្តិ៍នគរបាល​ច្រកទ្វារ​កំពង់ផែ​អន្តរជាតិ​ឧកញ៉ា​ម៉ុង​,​ប៉ុស្តិ៍នគរបាល​ច្រកទ្វារ​កំពង់ផែ​អន្តរជាតិ​ស្ទឹងហាវ​, ប៉ុស្តិ៍នគរបាល​ច្រកទ្វារ​កំពង់ផែ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ និង​ទីស្នាក់ការ​ត្រៀម​បណ្ដេញចេញ​ប្រចាំ​នៅ​ខេត្ត​ព្រះសីហនុ​៕