កម្ពុជា​តាមរយៈ​លោក​សុខ ចិន្តា​សោភា រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បានបង្ហាញ​ការប្តេជ្ញាចិត្ត​ពង្រឹង​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​អាស៊ាន​-​សហភាព​អឺរ៉ុប ផ្អែកលើ​ការគោរព យោគយល់ និង​ការផ្តល់​ផលប្រយោជន៍​ដល់​គ្នា​ទៅវិញទៅមក ដើម្បី​ធានា​ឱ្យ​ទំនាក់ទំនង​រវាង​ភាគី​ទាំង​២ ឈានឡើង​បន្ថែមទៀត​។​


ការប្តេជ្ញាចិត្ត​របស់រ​ដ្ឋ​មន្ត្រី​ការបរទេស​ក​ម្ពុ​ជា ធ្វើឡើង​តាមរយៈ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​-​សហភាព​អឺរ៉ុប លើក​ទី​២៤ និង​វេទិកា​ថ្នាក់​រដ្ឋមន្ត្រី​សហភាព​អឺរ៉ុប​-​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក លើក​ទី​៣ នៅ​ទីក្រុង​ប្រ៊ុ​ច​សែ​ល ប្រទេស​បែលហ្ស៊ិក កាលពី​ថ្ងៃទី​១-២ ខែកុម្ភៈ ឆ្នាំ​២០២៤​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​ស្តីពី​លទ្ធផល​នៃ​កិច្ចប្រជុំ នៃ​ក្រសួងការបរទេស​នៅ​ថ្ងៃទី​៤ ខែកុម្ភៈ​។​

​សេចក្តីប្រកាស​ព័ត៌មាន​បានលើកឡើង​ថា លោក​សុខ ចិន្តា​សោភា បានបញ្ជាក់​ពី​ការប្តេជ្ញាចិត្ត​របស់​កម្ពុ​ជា​ទៅលើ​ការពង្រឹង​ទំនាក់ទំនង​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​រវាង​អាស៊ាន​និង​សហភាព​អឺរ៉ុប ក៏ដូចជា​ការបន្ត​ធ្វើកា​រ​ជាមួយ​បណ្តា​សមាជិក​អាស៊ាន និង​សហភាព​អឺរ៉ុប ដើម្បី​ធានា​ការចួលរួម​កម្រិត​ថ្នាក់ដឹកនាំ​ជា​ទៀងទាត់ ដើម្បី​រុញច្រាន​ទំនាក់ទំនង​នៃ​តំបន់​ទាំង​២​។​


​នៅ​ចំពោះ​មុខការ​ប្រណាំងប្រជែង​ភូមិសាស្ត្រ​នយោបាយ និង​សន្តិសុខ​មិន​ប្រពៃណី លោក​ក៏បាន​សង្កត់ធ្ងន់ថា​៖ «​តំបន់​ទាំង​២ ត្រូវមាន​ភាព​ប្រុងប្រយ័ត្ន រហ័សរហួន និង​ភាព​ធន់ តាមរយៈ​ការ​រិះរក​ប្រភពធនធាន​ថ្មីៗ​នៃ​កំណើន ប្រកបដោយ​ចីរភាព​និង​ភាពរឹងមាំ ព្រមទាំង​ការពង្រឹង​កិច្ចខិតខំ​ប្រឹងប្រែង ដើម្បី​រៀបចំ​ក្របខ័ណ្ឌ និង​ប៉ារ៉ាម៉ែត្រ សម្រាប់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​អាស៊ាន​-​សហភាព​អឺរ៉ុប​នាពេល​អនាគត​»​។​

​លោក​រដ្ឋមន្ត្រី​ក៏បាន​ថ្លែងអំណរគុណ​ដល់ សហភាព​អឺរ៉ុប​ដែល​បន្ត​គាំ​ទ្រម​ជ្ឈ​ភាព​អាស៊ាន និង​យន្តការ​ដឹកនាំ​របស់​អា​ស៊ាន ហើយ​លោក​បាន​អំពាវនាវ​ឱ្យ​តំបន់​ទាំង​២ ពង្រឹង​ការតភ្ជាប់ តាមរយៈ​ការអនុវត្ត​ពេញលេញ​នូវ​សេចក្តីប្រកាស​រួម​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​-​សហភាព​អឺរ៉ុប​ស្តីពី​ការតភ្ជាប់​។​


លទ្ធផល​ដដែល​បាន​បញ្ជាក់ថា​៖ «​រដ្ឋមន្ត្រី​ការ​បរ​ទស​អាស៊ាន និង​សហភាព​អឺរ៉ុប បាន​អះអាង​ជាថ្មី​នូវ​គុណ​តម្លៃ​និង​ផលប្រយោជន៍​រួម​ក្នុង​ទំនាក់ទំនង​ដៃគូ​សន្ទនា​អាស៊ាន​-​សហភាព​អឺរ៉ុប ក្នុង​រយៈពេល ៤៧​ឆ្នាំ កន្លងមក និង​បាន​កោតសរសើរ​ចំពោះ​វឌ្ឍនភាព​ដ៏​ល្អ​ក្នុងការ​អនុវត្ត​ផែនការ​សកម្មភាព​អាស៊ាន​-​សហភាព​អឺរ៉ុប​(២០២៣-២០២៧)»​។​​

ប្រមុខ​ការទូត​អាស៊ាន និង​សហភាព​អឺរ៉ុប ទទួលស្គាល់ថា តំបន់​ទាំង​២ ផ្តល់​កាលានុវត្តភាព​នៃ​កំណើន និង​សក្តានុពល​លើ​កិច្ចសហប្រតិបត្តិការ​ក្រោម​សសរស្តម្ភ​សហគមន៍​ទាំង​៣ របស់​អាស៊ាន និង​សហភាព​អឺរ៉ុប ដែលជា​ទំនាក់ទំនង​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​។ 

​ក្រៅពីនេះ ភាគី​ទាំង​២ បាន​ផ្លាស់ប្តូរ​ទស្សនៈ​លើ​បញ្ហា​តំបន់ និង​អន្តរជាតិ ដែលជា​កង្វល់​និង​ផលប្រយោជន៍​រួម ព្រមទាំង​បានអនុម័ត​សេចក្តីប្រកាស​រួម​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​-​សហភាព​អឺរ៉ុប​ផង​។​

​ដោយឡែក នៅក្នុង​វេទិកា​ថ្នាក់​រដ្ឋមន្ត្រី​សហភាព​អឺរ៉ុប​-​ឥណ្ឌូ​ប៉ាស៊ីហ្វិក​លើក​ទី​៣ វិញ ប្រធានបទ​សំខាន់​៣ ត្រូវបាន​លើកឡើង​រួមមាន វិបុលភាព​រួមគ្នា ភាព​ធន់​នៃ​សេដ្ឋកិច្ច​និង​ការវិនិយោគ​អន្តរកាល​បៃតង​-​ភាពជា​ដៃគូ​សម្រាប់​អនាគត​ប្រកបដោយ​ចីរភាព និង​បញ្ហា​ប្រឈម​នៃ​ភូមិសាស្ត្រ​នយោបាយ​និង​សន្តិសុខ​។​

​ជាមួយគ្នានេះ រដ្ឋមន្ត្រីការបរទេស​កម្ពុជា​ក៏បាន​ជំរុញ​ការពង្រឹង​ភាពជា​ដៃគូ និង​កិច្ចសហប្រតិបត្តិការ​រ​វាង​សហភាព​អឺរ៉ុប អាស៊ាន និង​បណ្តា​ប្រទេស​តំបន់​ប៉ាស៊ីហ្វិក ដើម្បី​ឆ្លើយតប​បញ្ហា​ប្រឈម​នានា ដែល​បង្កឡើង​ពី​សង្គ្រាម​រុស្ស៊ី​-​អ៊ុយ​ក្រែ​ន កូ​វីដ​១៩ សង្គ្រាម​នៅ​តំបន់​កា​ហ្សា និង​វិបត្តិ​នៅ​សមុទ្រ​ក្រហម​។​

​លោក​សេង វណ្ណ​លី សាស្ត្រាចារ្យ​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ និង​ជា​អ្នកតាមដាន​នយោបាយ​តំបន់ លើកឡើងថា អាស៊ាន និង​សហភាព​អឺរ៉ុប ជា​តំបន់​២ ដែល​លូតលាស់​បំផុត​នៅក្នុង​ពិភពលោក ដែល​តំបន់​ទាំង​២ នឹងមាន​ការវិវត្ត​ទំនាក់​ទំនងជា​វិជ្ជមាន​ទៅមុខ​។​

​លោក​បន្តថា អាស៊ាន​កំពុងមាន​សក្តានុពល មាន​ស្ថិរភាព​និង​ស្ថានភាព​សន្តិសុខ​ល្អ​ជាង​តំបន់​ផ្សេងៗ​ទៀត ហើយ​អាស៊ាន​ទៀតសោត​ក៏មាន​សក្តានុពល​ខ្លាំង​ណាស់ដែរ​លើ​ផ្នែក​សេដ្ឋកិច្ច ជាទី​សំខាន់​ដែល​សហភាព​អឺរ៉ុប​យកចិត្តទុកដាក់​។​

​លោក​បាន​ថ្លែងថា​៖ «​អាស៊ាន ជា​អង្គការ​តំបន់​ដែល​សហភាព​អឺរ៉ុប​ផ្តល់​សារៈសំខាន់​ខ្លាំង ខណៈ​ប្រទេស​នីមួយៗ​ជា​សមាជិក​អាស៊ាន​សុទ្ធសឹងតែ​ទទួលបាន​ផលប្រយោជន៍​ពី​ទំនាក់ទំនង​នៃ​តំបន់​ទាំង​២ ទាំង​វិស័យសេដ្ឋកិច្ច និង​ការអភិវឌ្ឍ​សង្គម​។ ដោយឡែក​កម្ពុជា​ទទួល​ផលប្រយោជន៍​នានា ក្នុង​វិស័យ​អប់រំ សន្តិសុខ​ប្រព័ន្ធ​អ៊ីនធឺណិត និង​ពាណិជ្ជកម្ម ជាដើម​»​។​

​លោក​យល់ថា ការពង្រឹង​ទំនាក់ទំនង​រវាង​អាស៊ាន និង​សហភាព​អឺរ៉ុប នឹង​ជះ​ផល​ល្អ​ដល់​អាស៊ាន​ខ្លួនឯង​នៅក្នុង​ការបង្កើន​សមត្ថ​ភាព​លើ​វិស័យ​អាទិភាព​របស់ខ្លួន ខណៈ​លោក​មើលឃើញ​ពី​ផ្លូវ​វិជ្ជមាន​នៃ​ទំនាក់ទំនង​នេះ ជាពិសេស​កិច្ចសហប្រតិបត្តិការ​ថ្នាក់​រដ្ឋមន្ត្រី​តាម​វិស័យ​នីមួយៗ​រវាង​តំបន់​ទាំង​២​។

​លោក សេង វណ្ណ​លី បន្ថែមថា សហភាព​អឺរ៉ុប​ជា​ដៃគូ​មិនអាច​ខ្វះ​បាន​របស់​អាស៊ាន ហើយ​សហភាព​អឺរ៉ុប​ជា​តំបន់​គំរូ​សម្រាប់​អាស៊ាន​យក​គំរូ​តាម​លើ​ការធ្វើសមាហរណកម្ម​សេដ្ឋកិច្ច សង្គម និង​នយោបាយ ខណៈ​អាស៊ាន​ក៏​កំពុង​ព្យាយាម​សិក្សា​តាម​ផងដែរ​។​

​សូមជម្រាបថា នៅក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​លើក​ទី​២៤ និង​វេទិកា​ថ្នាក់​រដ្ឋមន្ត្រី​សហភាព​អឺរ៉ុប​-​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក លើក​ទី​៣ នេះដែរ លោក​សុខ ចិន្តា​សោភា បាន​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ​រដ្ឋមន្ត្រីការបរទេស​ឆែក​, ឡេ​តូ​នី​, ហុង​គ្រី​, តំណាង​ជាន់ខ្ពស់​សហភាព​អឺរ៉ុប​ទទួលបន្ទុក​កិច្ចការបរទេស និង​គោលនយោបាយ​សន្តិសុខ ព្រមទាំង​ជា​អនុប្រធាន​គណៈកម្មការ​អឺរ៉ុប​ផង​, ស្នងការ​អឺរ៉ុប​ទទួលបន្ទុក​ភាពជា​ដៃគូ​អន្តរជាតិ​, រដ្ឋមន្ត្រីការបរទេស​បែលហ្ស៊ិក​, បារាំង និង​លុច​សំបួ ព្រមទាំង​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​ប្រទេស​បែលហ្ស៊ិក​ផងដែរ​៕